អានតួអត្ថបទ
បារាំង

ពន្យល់​សង្ខេប​​ពី​​ដំណើរការ​​បោះឆ្នោត​​ប្រធានាធិបតី​​បារាំង​

បេក្ខជន, កាលបរិច្ឆេទ, ប្រព័ន្ធបោះឆ្នោត, ម៉ោងបើក​និង​បិទ​ការិយាល័យ​បោះឆ្នោត... ខាងក្រោម​នេះ គឺ​ជា​ការពន្យល់​សង្ខេប​ពី​ដំណើរការ​បោះឆ្នោត ដើម្បី​ជ្រើសរើស​អ្នក​ដែល​នឹង​ត្រូវ​ឡើង​មក​កាន់តំណែង​ជា​ប្រធានាធិបតី​បារាំង ជំនួស​លោក​ហ្វ្រង់ស័រ ហូឡង់ សម្រាប់​អាណត្តិ ៥ឆ្នាំ​ខាងមុខ។ 

ហិបឆ្នោតបារាំង
ហិបឆ្នោតបារាំង REUTERS/Eric Gaillard
ផ្សាយពាណិជ្ជកម្ម

តើ​ក្នុង​ចំណោម​បេក្ខជន​ទាំង១១រូប នរណា​ដែល​នឹង​ត្រូវ​ក្លាយ​ជា​ប្រធានាធិបតី​បារាំង សម្រាប់​រយៈពេល ៥ឆ្នាំ​ខាងមុខ? តើ​លោក​អេម៉ានុយអែល ម៉ាក្រុង អាច​នឹង​ក្លាយ​ជា​ប្រធានាធិបតី​វ័យក្មេងបំផុតក្នុង​ប្រវត្តិសាស្រ្ត​បារាំង​ដែរឬទេ? តើ​លោកស្រី​ម៉ារីន ឡឺប៉ែន អាច​ប្រែក្លាយ​មុខមាត់ ពី​​អ្នក​នយោបាយ​​​ស្តាំនិយមជ្រុល​ដែល​គេ​មិន​ចង់​រាប់រក ទៅ​ជា​ប្រមុខរដ្ឋ​នៃ​មហាអំណាចនុយក្លេអ៊ែរ​ដែរឬទេ? តើ​បារាំង​នឹង​ជ្រើសរើស​យក​ប្រធានាធិបតី ដែល​មាន​គោលនយោបាយ​បែបកុម្មុយនិស្ត ដូចជា​លោក​ហ្សង់លុច ម៉េឡង់ស្ហុង ឬ​ក៏​យ៉ាងណា? ចំណែក​ឯ​លោក​ហ្វ្រង់ស័រ ហ្វីយ៉ុងវិញ ដែល​មាន​រឿង​អាស្រូវ​រួបរឹត​ពេញ​ក្នុង​អំឡុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត អាច​នឹង​ជម្នះ​ឧបសគ្គ​នេះបានដែរឬទេ? ចម្លើយ​នឹង​សំណួរអស់ទាំងនេះ​នឹង​ត្រូវ​ធ្វើឡើង ជា​ពីរ​ដំណាក់កាល គឺ​ទីមួយ នៅថ្ងៃ​អាទិត្យ ២៣មេសា និង​មួយទៀត នៅថ្ងៃ​អាទិត្យ ៧ឧសភា។

ប្រព័ន្ធ​បោះឆ្នោត
ប្រធានាធិបតី​បារាំង​ត្រូវ​ជ្រើសរើស​តាមរយៈការ​បោះឆ្នោត​ដោយ​ផ្ទាល់ និង​ជាសកល តាមប្រព័ន្ធ​ឯកត្តនាម យក​តាម​សំឡេង​ភាគច្រើន តែ​មាន​ពីរជុំ។ សម្រាប់​ការ​បោះឆ្នោត​នៅ​ឆ្នាំ២០១៧​នេះ ជុំទីមួយ នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃអាទិត្យ​ទី២៣​មេសា។ នៅ​ក្នុង​ជុំទីមួយ​នេះ ប្រសិនបើ​មាន​បេក្ខជន​ណាមួយ​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាត (៥០ភាគរយបូក១) បេក្ខជន​នោះ​នឹង​ត្រូវ​ជាប់ឆ្នោត​ជា​ប្រធានាធិបតី​ ដោយ​មិន​ចាំបាច់​ឆ្លងកាត់​ការបោះឆ្នោត​ជុំទីពីរ។ ផ្ទុយ​ទៅវិញ ប្រសិន​បើ​មិនមាន​បេក្ខជន​ណាមួយ​ទទួល​បាន​សំឡេង​ភាគច្រើន​ដាច់ខាតទេនោះ បេក្ខជន​ចំនួន២រូប ដែល​ទទួល​បាន​សំឡេង​ច្រើន​ជាងគេ នឹង​ត្រូវ​ធ្វើការ​ប្រកួតប្រជែងគ្នា​នៅ​ក្នុងការ​បោះឆ្នោត​ជុំទីពីរ ដែល​នឹង​ប្រព្រឹត្ត​ទៅ នៅថ្ងៃ​អាទិត្យ ទី៧ឧសភា។

ការិយាល័យបោះឆ្នោត
អ្នក​ដែល​អាច​បោះឆ្នោត​បាន គឺ​រាល់​ពលរដ្ឋ​បារាំង ដែល​មាន​អាយុ​ចាប់ពី ១៨ឆ្នាំឡើងទៅ ហើយ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត។ ការបោះឆ្នោត​ត្រូវ​ធ្វើឡើង នៅ​តាមការិយាល័យ​បោះឆ្នោត ក្នុង​ឃុំសង្កាត់​ដែល​ខ្លួន​រស់នៅ។ សម្រាប់​ពលរដ្ឋ​បារាំង​ដែល​រស់នៅ​បរទេស ហើយ​ដែល​បាន​ចុះឈ្មោះ​ក្នុង​បញ្ជីឈ្មោះ​បោះឆ្នោត​សម្រាប់​ពលរដ្ឋ​នៅ​បរទេស អាច​ទៅ​បោះឆ្នោត​ នៅ​ឯ​ស្ថានទូត ឬ​ស្ថានកុងស៊ុល​បារាំង​​នៅ​ក្នុង​ប្រទេស​ដែល​ខ្លួន​កំពុងរស់នៅ​។

ការិយាល័យ​បោះឆ្នោត​នៅ​ទូទាំង​ប្រទេស​បារាំង​ចាប់ផ្តើម​បើក​ទ្វារ នៅម៉ោង ៨ព្រឹក។ ការិយាល័យបោះឆ្នោត​​ភាគច្រើន​ត្រូវ​បិទទ្វារ​ នៅម៉ោង ៧ល្ងាច (ខុសការបោះឆ្នោត​លើកមុនៗ​ ដែល​បិទទ្វារ​នៅម៉ោង ៦ល្ងាច) លើកលែង​តែ​នៅ​តាម​បណ្តា​ក្រុង​ធំៗ​ដែល​មាន​ប្រជាជន​ច្រើន ដែល​ការិយាល័យ​បោះឆ្នោត​ត្រូវ​បិទទ្វារ នៅម៉ោង ៨ល្ងាច។ លទ្ធផល​បណ្តោះអាសន្នអាច​​នឹង​ត្រូវ​ប្រកាស​ឲ្យដឹង ចាប់ពី​ម៉ោង ៨ល្ងាច (ឬ​ក៏​រហូតដល់​ម៉ោង ៩ល្ងាច ដោយសារ​តែការិយាល័យ​បោះឆ្នោត​បិទទ្វារ​យឺតជាង​មុនៗ​១ម៉ោង)។

ស្ថាប័ន​ទទួលបន្ទុក​រៀបចំ​ការបោះឆ្នោត
ខុសពី​នៅ​ប្រទេស​កម្ពុជា ដែល​ការបោះឆ្នោត​ត្រូវ​រៀបចំ​ដោយ​ស្ថាប័ន​ដាច់ដោយឡែក (គណៈកម្មាធិការជាតិ​រៀបចំ​ការបោះឆ្នោត) ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​បារាំងត្រូវ​ចាត់ចែង​ដោយ​ក្រសួង​មហាផ្ទៃ (ការចាត់ចែង​ផ្នែក​បច្ចេកទេស​និង​រដ្ឋបាល) ក៏ប៉ុន្តែ ដំណើរការ​បោះឆ្នោត​នេះ​ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ (ផ្តល់សុពលភាព​ដល់​បេក្ខជន, ត្រួតពិនិត្យដំណើរការ​នៅថ្ងៃ​បោះឆ្នោត, ​ដោះស្រាយ​វិវាទ​បោះឆ្នោត)។ ក្រៅពីនេះ ស្ថាប័ន​ឯករាជ្យ​មួយ​ចំនួន​ទៀត​ក៏​មាន​តួនាទី​សំខាន់​នៅ​ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ផងដែរ រួមមាន​ដូចជា គណៈកម្មការ​ទទួលបន្ទុក​ត្រួតពិនិត្យ​ការ​ស្ទាបស្ទង់មតិ, គណៈកម្មការ​ត្រួតពិនិត្យ​ការ​ចំណាយ​ក្នុង​ការ​បោះឆ្នោត និង​ឧត្តមក្រុមប្រឹក្សា​សោតទស្សន៍ ដែល​ត្រួតពិនិត្យប្រព័ន្ធផ្សព្វផ្សាយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ