អានតួអត្ថបទ

​ក្រុមហ៊ុន​​សំណង់​​បារាំង ជាប់​​រឿង​អាស្រូវ​​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​ឱ្យ​អង្គការ​រដ្ឋអ៊ីស្លាម​នៅ​ស៊ីរី

លោក អេរិក អូលសិន Eric Olsen ថៅកែ​ក្រុមហ៊ុន​គ្រឿង​សំណង់​បារាំង បាន​ប្រកាស​សុំ​លាលែង​ចេញ​ពី​តំណែង ចាប់ថ្ងៃទី ១៥​កក្កដា​២០១៧​ទៅ ដោយ​សង្ឃឹម​ថា​នឹង​អាចបិទ​បញ្ចប់​រឿង​អាស្រូវ​​ទាក់ទង​នឹង​សកម្ម​របស់​​ក្រុមហ៊ុន​​នៅ​ស៊ីរី។ ក្រុមហ៊ុន​បាន​ជាប់​ចោទ​ថា​បាន​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​ដល់​ក្រុមប្រដាប់​អាវុធ​​នៅក្នុង​ប្រទេស​ រាប់​ទាំង​​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមផង។ ប៉ុន្តែ​សម្រាប់​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បារាំង ​អ្នក​ទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​នេះ ត្រូវ​រង​ការ​កាត់​ទោស​ពី​តុលាការ​​ តាម​ច្បាប់។

ក្រុមហ៊ុន​សំណង់​បារាំង Lafarge ជាប់​សង្ស័យ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​ឱ្យពួក​ប្រដាប់​អាវុធ​នៅស៊ីរី
ក្រុមហ៊ុន​សំណង់​បារាំង Lafarge ជាប់​សង្ស័យ​ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​ឱ្យពួក​ប្រដាប់​អាវុធ​នៅស៊ីរី Reuters/ Benoit Tessier
ផ្សាយពាណិជ្ជកម្ម

រឿងអាស្រូវរបស់​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​បំផុត​មួយ​របស់​បារាំង ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​​ដល់​ក្រុមប្រដាប់​អាវុធនៅ​ស៊ីរី បាន​ផ្ទុះ​ឡើង​កាល​ពី​ខែ​​មិថុនា​ឆ្នាំ ២០១៦។ សារព័ត៌មាន​ ឡឺម៉ុង បាន​ធ្វើ​អង្កេត​មួយ​រក​ឃើញ​ថា ក្រុមហ៊ុន Lafarge បាន​ជួល​អន្តរការី​ម្នាក់​​ទៅ​និយាយ​ដោយ​ស្ងាត់ៗ​ជាមួយ​នឹង​អង្គការ​រដ្ឋអ៊ីស្លាម​ ដើម្បី​ឱ្យ​ពួក​ប្រដាប់​អាវុធ​ជីហាត​ដែល​នៅ​ចាំ​កាក់​តាម​ច្រក​ចេញ​ចូល បើក​ផ្លូវ​ឱ្យបុគ្គលិក​ក្រុមហ៊ុន​​ចេញ​ចូល​ ទៅ​កាន់រោងចក្រ​ផង ​ និង​ធានា​សុវត្ថិភាព​ដល់​បុគ្គលិក​ក្រុមហ៊ុននៅ​ទី​នោះ​ផង ហើយ​អាច​បន្ត​ធ្វើ​ជំនួញ​ទៀត។​​

ប៉ុន្តែ​រដ្ឋាភិបាល​បារាំង និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ​មិន​ទទួល​យក​បាន​ឡើយ ! ទង្វើ​ព្រមព្រៀង​​ជាមួយ​ពួក​ភេរវជនដោយ​ប្រើ​​លុយ​ ! ​ជា​ការ​ផ្តល់​ហិរញ្ញវត្ថុជួយ​ក្រុម​នោះ​។ ដូច្នេះ​អ្នក​ទទួល​ខុស​ត្រូវ​ក្រុមហ៊ុន​ ត្រូវ​តែ​ទទួល​ទោស​ទៅ​តាម​ច្បាប់។ រដ្ឋាភិបាល​បារាំង​បាន​ដាក់​ដាក់​ពាក្យ​បណ្តឹង​មួយ​ទៅ​តុលាការ កាលពី​ខែ​តុលា​ឆ្នាំ​២០១៦ តុលាការ​បារាំង​បាន​បើក​អង្កេត​បឋម​មួយ។

ក្រោម​សម្ពាធ​ក្រុមហ៊ុន​បាន​ទទួល​ស្គាល់​ កាលពី​ខែ​មីនា ២០១៧​ថា​ សាខា​នៅស៊ីរី ដែល​ជា​អ្នក​ប្រឈម​នឹង​ស្ថានភាព​ហិង្សា​ជាក់​ស្តែង​ ពិត​ជា​បាន​បញ្ចេញ​សកម្មភាព​​ផ្ទុយ​ពី​វិធាន​របស់​ក្រុមហ៊ុន​មេ​មែន។ ប៉ុន្តែ​បើ​តាម​​​​​អង្កេត​ផ្ទៃក្នុង​ លោក អេរិច អូលសិន គ្មាន​ទំនួល​ខុស​ត្រូវពាក់​ព័ន្ធ​នឹងសំណុំ​​​រឿង​រកស៊ី​នៅ​ស៊ីរី​ទេ។ ក្រុមប្រឹក្សា​រដ្ឋបាល​​របស់​ក្រុមហ៊ុន​បាន​ព្រមព្រៀង​ឱ្យ​ថៅ​កែ​លាលែង​ចេញ​ពី​តំណែង​ តាម​សំណើ​សុំ​ហើយ ! ដោយ​សង្ឃឹម​ថា​សេចក្តី​សម្រេចចិត្ត​នេះ​នឹង​ធ្វើ​សម្ពាធ​ដែល​ដាក់​បន្ទុក​លើ​ក្រុមហ៊ុន​រយៈ​ពេល​ប៉ុន្មាន​ខែ​កន្លងមក​ បាន​ធូរ​ស្បើយ​ខ្លះ។

សូម​បញ្ជាក់​ថា ក្រុមហ៊ុន​សំណង់​បារាំង Lafarge បាន​ទិញ​​រោងចក្រ​ស៊ីម៉ង់​​ស៊ីរី នៅ​ឆ្នាំ​២០០៧ នៅ​Jalabiya ចម្ងាយ​ប្រមាណ​១៥០គីឡូម៉ែត្រ​ពី​ក្រុង​អាឡិប និង​បាន​ចំណាយ​ជួលជុល​ឡើង​វិញ​ ក្នុង​តម្លៃ​៦៨០​លាន​ដុល្លារ មុន​នឹង​អាច​ចាប់​ដំណើរការ​បាន​នៅ​ឆ្នាំ​២០១០។​ ប៉ុន្តែ​មិន​បាន​ប៉ុន្មាន​ផង ប្រទេស​ក៏ធ្លាក់​ក្នុង​សង្គ្រាម​ ហើយ​រោងចក្រ​នេះ​ស្ថិត​ក្នុង​តំបន់​គ្រប់គ្រង​ដោយ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​ទាំង​ស្រុង តាំង​ពី​ឆ្នាំ​២០១៤​មក៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ