អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ក្រុមហ៊ុន​សំណង់​បារាំង​ ផ្តល់​ហិរញ្ញវត្ថុ​ដោយ​ប្រយោល​ដល់​ក្រុមប្រដាប់​អាវុធ​ស៊ីរី យ៉ាង​ដូចម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្រុមហ៊ុន​បារាំង បាន​ជាប់​សង្ស័យ​ថា​បាន​ផ្តល់​ហិរញ្ញវត្ថុ​ “ដោយ​ប្រយោល” ដល់ក្រុម​អង្គការ​រដ្ឋអ៊ីស្លាម នៅ​ស៊ីរី ដើម្បី​សុវត្ថិភាព​រោងចក្រ​សំណង់នៅ​ទីនោះ។ ក្រុមហ៊ុន​បាន​ទទួលស្គាល់​ កាលពី​ថ្ងៃព្រហស្បតិ៍​ទី ២មិនា ថា​ ជា​ទង្វើ​ដែល​មិន​អាច​ទទួល​យក​បាន​ឡើយ។ អគ្គនាយក​ក្រុមហ៊ុន​ក៏​បាន​ប្រកាស​លាលែង​ចេញ​ពី​តំណែង​កាលពី​ថ្ងៃចន្ទ​ទី ២៤​មេសា ដើម្បី​សម្រួល​សំណុំ​រឿងនៅ​ស៊ីរី​នេះ តែ​ក្រុមហ៊ុន​អះអាង​ជានិច្ច​ថា​លោក​គ្មាន​កំហុស​ក្នុង​រឿង​នេះ​ឡើយ។

បុគ្គលិក​ក្រុមហ៊ុន​សំណង់​Lafarge នៅ​រោងចក្រ​មួយ​នា​ក្រុង​ប៉ារីស រូបថត​ថ្ងៃទី​ ៧ មករា​២០១៤
បុគ្គលិក​ក្រុមហ៊ុន​សំណង់​Lafarge នៅ​រោងចក្រ​មួយ​នា​ក្រុង​ប៉ារីស រូបថត​ថ្ងៃទី​ ៧ មករា​២០១៤ AFP/ FRANCK FIFE
ផ្សាយពាណិជ្ជកម្ម

ការ​សង្ស័យ​លើ​សកម្មភាព​របស់​រោងចក្រ​ស៊ីម៉ង់ Lafarge នៅ​ប្រទេស លេច​រូប​រាង​កាន់​ច្បាស់​ហើយ។ ក្រុមហ៊ុន​ឧស្សាហកម្ម​បារាំង​ដ៏​ធំមួយ​នេះ ត្រូវ​ជាប់​សង្ស័យ​ថា​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាមនៅស៊ីរី “ដោយ​ប្រយោល”។ រឿង​រ៉ាវ​បាន​កើត​ឡើង​ នៅ​រវាង​ពី​ឆ្នាំ​២០១៣ និង​២០១៤។ សាខាក្រុមហ៊ុន​ស៊ីម៉ង់​បារាំងនៅ​ស៊ីរី​​នេះ បាន​ស្វែង​រក​ព្រមព្រៀង​​ជា​មួយ​ក្រុម​ប្រដាប់​អាវុធ​នៅ​ស៊ីរី ដែល​ខ្លះ​ជា​ក្រុម​ជាប់​ទណ្ឌកម្ម​អន្តរជាតិផង តាម​រយៈ​មេខ្យល់។

ក្នុង​ពេល​ដែល​ស្ថានភាព​នយោបាយ​ស៊ីរី​កំពុង​ច្របូក​ច្របល់ ម្ខាង​កាន់កាប់​ដោយ​រដ្ឋាភិបាល​ក្រុង​ដាម៉ា ម្ខាង​ដោយ​ពួក​ឧទ្ទាម​បះបោរ​ប្រឆាំង​រដ្ឋាភិបាល ម្ខាង​ធ្លាក់ក្នុង​កណ្តាប់​ដៃ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម គ្រប់​ច្រក​ផ្លូវ​តែ​ង​មាន​កង​ប្រដាប់​អាវុធ​ចាំ​ស្ទាក់ ចាំ​វាយ​ ចាំកាក់ឆែរឆេរ ក្រុមហ៊ុន​បារាំង​បាន​ចាត់​មនុស្ស​ឱ្យ​ទៅ​ដោះស្រាយ​ជាមួយ​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​ផ្តល់​ជា​លុយ​កាក់​ជា​ថ្នូរ​នឹង​ត្រា​បើក​ផ្លូវ​ឱ្យ​ឡាន​កាមីញ៉ុង​អាច​បន្ត​ចេញ​ចូល​ដឹក​សម្ភារៈ​ស៊ីម៉ង់​ និង​សម្ភារៈ​សម្រាប់ផ្គង់ផ្គង់​ដំណើរការ​រោង​ចក្រ។ មុន​នឹង​ត្រូវ​បិទ​ទាំង​ស្រុង​នៅ​ខែ​កញ្ញា​ឆ្នាំ​២០១៤ ពេល​ពួក​អង្គការ​រដ្ឋអ៊ីស្លាម​គ្រប់គ្រង់​តំបន់​ភាគ​ឦសាន​ក្រុង​អាឡិប ​ ពួកជីហាត​រដ្ឋ​អ៊ីស្លាម​មាន​បញ្ជី​ឈ្មោះ​អ្នក​ធ្វើការ​នៅ​ក្នុង​រោង​ចក្រ​ស៊ីម៉ង់ Jalabiya ​ចុះ​ហត្ថលេខា​ដោយ​អ្នក​មេការផង ! អ្នក​​គ្មាន​ឈ្មោះ​ នឹង​ត្រូវ​ពួក​គេ​ចាប់​ភ្លាម។ នេះបើ​តាម​សំដី​​អតីត​បុគ្គលិក​ឱ្យ​ក្រុមហ៊ុនLafarge នៅ​ស៊ីរី​។

ក្រុមហ៊ុន​ក៏​បាន​ទទួល​ស្គាល់​ថា​មាន​ការ​ផ្តល់មូលនិធិ​​ដល់​ក្រុម​ប្រដាប់​អាវុធ​ទាំង​អស់​នោះ​មែន ប៉ុន្តែ​មិន​បាន​បញ្ជាក់​ថា​ក្នុង​ទម្រង់​យ៉ាងណា​ទេ។​​​ ការ​អង្កេត​ផ្ទៃ​ក្នុង​ ក៏​មិន​រក​ឃើញ​ចំណងថា​លុយ​នោះ​ធ្លាក់​ដល់​ដៃ​ជន​ឬ​ក្រុម​ប្រាកដដែរ គឺ​ដឹង​ត្រឹម​ថា​បញ្ជូន​ទៅ​ឱ្យ​អ្នក​ទី​បី។ ក្នុង​ស្ថានភាព​នយោបាយ​​ដ៏​ដុនដាប ការ​គំរាម​កំហែង​សុវត្ថិភាព​បុគ្គលិក សកម្មភាព​រោងចក្រ និង​ការ​ផ្គត់ផ្គង់​ខ្លាំង​ពេក ទើប​សាខា​ក្រុមហ៊ុន​នៅ​ផ្ទាល់​កន្លែង​សម្រេច​ចិត្ត ត្រឹម​ថ្នាក់​មូលដ្ឋាន​និង​ថ្នាក់​តំបន់ ​​ប្រើ​លុយ​ជួល​មនុស្ស​ឱ្យ​ចរចា​សុំ​សុខ ដោយ​ស្មាន​ថា​ជា​អំពើ​ល្អ​ផ្តល់​ប្រយោជន៍​ក្រុមហ៊ុន។ នេះ​ជា​ចម្លើយ​បំភ្លឺ​​របស់​ក្រុមហ៊ុន​មេ ដោយចាត់​ទុក​ចំណាត់ការ​របស់​សាខា​ថា​មិន​អាច​ទទួល​យក​បាន​ និង​ជា​កំហុស​ការងារ​របស់​សាខា​ក្រុមហ៊ុន​នៅ​ស៊ីរី។

​សម្រាប់​អង្គការ​ក្រៅ​រដ្ឋាភិបាល នាំ​មុខ​ដោយ​អង្គការ Shepar ដែល​បាន​ផ្តួច​ផ្តើម​ធ្វើ​អង្កេត​និង​ប្តឹង​ផ្តល់​ប្រឆាំង​ក្រុមហ៊ុន​Lafarge ជាមួយ​ក្រសួង​សេដ្ឋកិច្ច​បារាំង ក្រុមហ៊ុន​មេ ទទួល​ស្គាល់មាន​ទង្វើ​ខុស​ឆ្គង​​ផ្តល់​ថវិកា​ដោយ​ប្រយោល​ដល់​ក្រុម​ភេរវនិយម ប៉ុន្តែបែរ​ជា​ទម្លាក់បន្ទុក​លើ​សាខា​នៅ​ស៊ីរីតែ​ឯង​ទៅ​វិញ។  រាល់ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ​ពួក​ភេរវជន​ ក្រុមហ៊ុន​នៅស៊ីរី​ជា​សាខា ពិត​ជាមិន​ហ៊ាន​រំលង​មិនឆ្លង​កាត់​យោបល់​ក្រុមហ៊ុន​មេបានឡើយ​។ បើ​តាម​ប្រធាន​អង្គការ​Shepar ក្រុមហ៊ុន​មេLafarge​ គ្រប់គ្រង​សាខានៅ​ស៊ីរី ក្នុង​កំរិត៩៨,៧% មាន​ន័យ​ថា​ក្រុមហ៊ុន​មេ​ជា​អ្នក​សម្រេច​លើ​គ្រប់​កិច្ចការ​ទាំង​អស់។ ការអង្កេត​ផ្ទៃក្នុង​រក​​ឃើញ​កំរិត​​ទំនួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ក្នុង​សំណុំរឿង​ផ្តល់​ថវិកា​ដល់​ពួក​ប្រដាប់​អាវុធ ត្រឹម​កំរិត​មូលដ្ឋាន​និង​តំបន់ ​ពិត​ជា​មិនសមហេតុផល​ឡើយ។ នេះជា​ឆន្ទៈ​បដិសេធ​របស់​ក្រុមហ៊ុន​!

នៅក្នុង​ក្របខ័ណ្ឌ​នៃ​ការ​អង្កេត​បឋម​ ក្រោយ​ពី​មាន​បណ្តឹង​របស់​ក្រសួង​សេដ្ឋកិច្ច​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល កាលពី​ខែ​តុលាមក ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន​ជា​ច្រើន​នាក់​ ត្រូវ​បាន​ប៉ូលិសកោះ​ហៅ​ទៅ​សួរ​ចម្លើយ ក្នុង​នោះ​ក៏​មាន​រូប​លោក អេរិក អូសិន​ម្នាក់ដែរ។ លោក អគ្គនាយក​ក្រុមហ៊ុន ដែល​អាច​ចាត់​ទុក​ថា​គ្មាន​ទោស គ្មាន​ទំនួល​ខុស​ត្រូវ​ក្នុង​សំណុំរឿង​សាខា​នៅស៊ីរី​នេះ ព្រោះ​នៅពេល​កើត​ហេតុ​ លោក​មាន​តួនាទី​ត្រឹម​តែ​អ្នក​ប្រធាន​គ្រប់គ្រង​ធនធាន​មនុស្ស មិន​មែន​កាន់​តំណែង​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុនទេ។ ហេតុដូច្នេះ​ហើយ​បាន​ជា​​ប្រធាន​អង្គការ​Shepar បាន​សម្តែង​ការ​រីករាយ នៅពេល​ទទួល​ដំណឹង​លាលែង​ចេញ​ពី​តំណែង​របស់​លោក អូសិន ដោយ​ចាត់​ទុក​ថា​នេះ​ជា​កាយវិការ​គួរ​កត់​សម្គាល់​ដំបូង​របស់​ក្រុមហ៊ុន មុន​នឹង​ឈាន​ដល់​ទទួល​ស្គាល់​ទំនួល​ខុស​ត្រូវ។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ