អានតួអត្ថបទ

បោះឆ្នោត​ប្រធានាធិបតី​បារាំង ៖ លោកស្រី ឡឺប៉ែន​ ប្រឹង​ចុះ​មូលដ្ឋាន លោកម៉ាក្រុង​ប្រឹង​លើក​តម្លៃ​បារាំង

ការ​បោះឆ្នោត​ជុំ​ទីពីរ ​កាន់​តែ​ខិត​មក​ដល់ បេក្ខជន​ជា​គូប្រជែង​ផ្តាច់ព្រ័ត្រ​ កំពុង​សម្រុក​ចុះ​ធ្វើ​យុទ្ធនាការ​ឃោសនា​កាន់​តែ​ខ្លាំង។ លោកស្រី​ម៉ារីន ឡឺប៉ែន Marine Le Pen នៃ​បក្ស​រណសិរ្ស​ស្តាំ​ជ្រុល​និយម​ ប្រឹង​ចុះ​តាម​មូលដ្ឋាន ដើម្បី​បញ្ចុះ​បញ្ចូល​ពលរដ្ឋ​នៅ​ស្ទាក់ស្ទើរ ឱ្យ​ងាក​មក​គាំទ្រ​លោកស្រី យក​ឈ្នះ​បេក្ខជន​កណ្តាល​និយម លោក អេម៉ានុយអែល ម៉ាក្រុង​ Emmanuel Macron ដែល​ចង់​តស៊ូ​មតិឃោសនា​ដោយ​ផ្តោត​លើ​​តម្លៃ​នៃ​ប្រទេស​​បារាំង។

លោកស្រី Marine Le Pen និង​លោក Emmanuel Macron បេក្ខជន​ប្រធានាធិបតី​បារាំង ផ្តាច់ព្រ័ត្រ
លោកស្រី Marine Le Pen និង​លោក Emmanuel Macron បេក្ខជន​ប្រធានាធិបតី​បារាំង ផ្តាច់ព្រ័ត្រ REUTERS/Charles Platiau & BORIS HORVAT / AFP - Montage RFI
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​ចុះ​ទៅ​ឃោសនា​ផ្ទាល់​ដល់​រោងចក្រ​សហគ្រាស​មាន​វិបត្តិ​ប្រុង​បិទ​ទ្វារ និង​ការ​ប្រកាស​ចង​សម្ព័ន្ធមេត្រី​ជាមួយ​បក្ស​អធិបតេយ្យជាតិ​និយម​ លោកស្រី​បេក្ខនារី​ប្រធានាធិបតី​ បាន​ជ្រើសរើស​ផ្តោត​ប្រធានបទ​នៃ​ការ​ឃោសនា​ទៅ​លើ​វិស័យ​បរិស្ថាន នៅ​ចុះ​ទៅ​ភាគ​ខាង​ត្បូង ក្នុង​តំបន់​សមុទ្ទ​មេឌីទែរ៉ាណេ ក្នុង​ទស្សនៈ​វិស័យ​ការពារ​​បរិស្ថាន គោរព​សុខភាព​ និង​ការពារ​ការងារ។

មិន​តែ​ប៉ុណ្ណោះ លោកស្រី បាន​ធ្វើ​សេចក្តី​ប្រកាស​ដ៏​ភ្ញាក់ផ្អើល ​បែបបញ្ច្រាស​​ស្រកីនឹង​ជំហរ​ប្រឆាំង​អឺរ៉ុប​ចង់​ដើរ​ចេញ​ពី​អឺរ៉ុប​​ពី​មុន ថា​នឹង​រក្សា​ទុក​ប្រាក់អឺរ៉ូ​ជា​លុយ​ជាតិ​ដដែល​ ដើម្បី​សេដ្ឋកិច្ច។ លោកស្រី ដែល​តាំង​ខ្លួន​ជា​អ្នក​ស្នេហាជាតិ​និយម (មិន​មែន​ជា​អ្នក​ជ្រុលនិយម) ​បាន​ពង្រីក​យុទ្ធនាការ​តាម​មូលដ្ឋាន ដោយ​សង្ឃឹម​អាច​អូសទាញ​សំឡេង​ពលរដ្ឋ​ឱ្យ​ងាក​មក​គាំទ្រ​លោកស្រី និង​សង្ឃឹម​ថា​អាច​ក្រឡាប់​ការ​ស្ទង់​មតិ​ដែលទស្សទាយ​ថា​លោកស្រី​នឹង​ចាញ់​ឆ្នោត​នៅ​ថ្ងៃទី ៧​ឧសភា។

 

ចំណែក​បេក្ខជន​វ័យក្មេង​ អ្នក​កណ្តាល និង​អឺរ៉ុប​និយម​ អេម៉ានុយអែល ម៉ាក្រុង​ វិញ បន្ទាប់​ពី​បាន​អញ្ជើញ​ទៅ​ភូមិ​រងគ្រោះ​ខ្លាំង​សង្គ្រាម​លោក​លើក​ទីពីរ ដើម្បី​រំលឹក​កុំ​ឱ្យ​ភ្លេច​ទំព័រខ្មៅ​នៃ​​ប្រវត្តិសាស្ត្រ​បារាំង​មក លោក​មាន​កម្មវិធី​ចុះ​ទៅ​​ទស្សនា​ស្តូប​វិញ្ញាណក្ខន្ត​Shoah នៅ​ប៉ារីស ព្រោះ​ថ្ងៃអាទិត្យ​ទី ៣០​មេសា ជា​ទិវាជាតិ​រំលឹក​​ដល់​ជន​រងគ្រោះសង្គ្រាម​​ទៀត។ លោក​ម៉ាក្រុង បាន​ទទួល​ការ​គាំទ្រ​ កាន់​តែ​ច្រើន​ឡើងៗ ពី​​សំណាក់​អ្នក​នយោបាយ​ សិល្បករ សមាគមន៍​នានា​ ដែល​អំពាវនាវ​ឱ្យ​ម្ចាស់​ឆ្នោត​កុំ​នៅ​ស្ងៀម​ ត្រូវ​តែ​ទៅ​បោះឆ្នោត​ជូន​លោក​ម៉ាក្រុង ដើម្បី​រក្សា​តម្លៃ​នៃ​របប​សាធារណរដ្ឋ។ បើ លោកស្រី ឡឺប៉ែន ជាប់​ឆ្នោត នោះ​ជីវិត​នយោបាយ​បារាំង​មាន​តែ​សញ្ញា​អវិជ្ជមាន។

ប៉ុន្តែ​យ៉ាងណា​ក៏​ដោយ ​ក៏គំលាត​គាំទ្រ​រវាង​បេក្ខជន​អ្នកកណ្តាលនិយម អេម៉ាណុយអែល ម៉ាក្រុង​ និង​​បេក្ខនារី ម៉ារីន ឡឺប៉ែន មាន​កាន់​តែ​តិចទៅៗ ពោល​គឺ ៥៩%​សម្រាប់​លោក​ ម៉ាក្រុង និង​៤១% សម្រាប់​លោកស្រី ម៉ារីន ឡឺប៉ែន។ នេះ​បើ​តាម​ការ​ស្ទង់​មតិ​ចុងក្រោយ​។ ជាង​នេះ​ទៅ​ទៀត លោកស្រី ទើប​ទទួល​បាន​ការ​គាំទ្រពី​គណបក្ស​អធិបតេយ្យជាតិ​និយម​ France Debout ដែល​មាន​សំឡេង​គាំទ្រ​ប្រមាណ ៤,៧% ក្នុង​សម័យ​បោះឆ្នោត​ជុំ​ទីមួយ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ