អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​បេក្ខជន​ប្រធានាធិបតី​បារាំង មាន​កម្មវិធី​នយោបាយ​ការបរទេស​ ខុស​គ្នា​ដូច​ម្តេច​ខ្លះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

តើ​បារាំង​ដែល​ជា​មហាអំណាច​ពិភពលោក​លំដាប់​ទី៥ -ជា​សមាជិក​អចិន្ត្រៃយ៍​នៃ​ក្រុមប្រឹក្សា​សន្តិសុខ​​ អង្គការ​សហប្រជាជាតិ នឹង​មាន​នយោបាយ​ការបរទេស​យ៉ាងណា ក្រោយ​ការ​បោះឆ្នោត​ប្រធានាធិបតី​ឆ្នាំ​២០១៧​រួច ? លោកស្រី ម៉ារីន ឡឺប៉ែន និងលោក​អេម៉ានុយអែល ម៉ាក្រុង ដែល​ត្រូវ​​ប្រកួត​ប្រជែង​គ្នា​ផ្តាច់​ព្រ័ត្រ នៅ​ថ្ងៃទី ៧ ឧសភា ​យក​តំណែង​ប្រធានាធិបតីបារាំង ​មាន​កម្មវិធី​នយោបាយ​ការ​បរទេស​ និង​ទស្សនៈ​វិស័យ​ការទូត​ ផ្សេង​គ្នា​ស្រលះ។

បេក្ខជន​ប្រធានាធិបតី​បារាំង​ពីរ​រូប​ ទស្សនៈ​នយោបាយ​ការបរទេសពីរ​​ប្រឆាំង​គ្នា​
បេក្ខជន​ប្រធានាធិបតី​បារាំង​ពីរ​រូប​ ទស្សនៈ​នយោបាយ​ការបរទេសពីរ​​ប្រឆាំង​គ្នា​ Philippe LOPEZ / AFP
ផ្សាយពាណិជ្ជកម្ម

ក្នុងបរិបទ​​ដែល​​​ពិភពលោកមាន​ស្ថានភាព​​​តាន​តឹង​ខ្លាំង ដោយ​ហេតុ​តែ​អស្ថិរភាព​នៃ​ភូមិសាស្ត្រ​នយោបាយ​ (នៅ​អាហ្វហ្កានីស្ថាន កូរ៉េខាង​ជើង អ៊ីរ៉ាក់ លីប៊ី ស៊ីរី តួកគី ...) និង​ដោយ​​​ចរន្ត​ពិភពលោកភាវូបនីកម្ម​  ដោយការ​គំរាមកំហែង​ភេរវកម្ម​ ... ប្រធានបទ​រសើបៗ​មាន​ច្រើន ឯ​ពលរដ្ឋ​បារាំង​ត្រូវ​ធ្វើ​ការ​ជ្រើសរើស​​​ប្រធានាធិបតី​ ក្នុង​ចំណោម​បេក្ខជន​ពីរ​រូប​ដែល​មាន​ទំនោរ​នយោបាយ​ការទូត​ស្ទើរ​ផ្ទុយ​គ្នា​ស្រលះ។

សម្រាប់​បេក្ខជន​ អេម៉ានុយអែល ម៉ាក្រុង នៃ​ចលនា​En Marche ! ដែល​​ប្រកាន់​​ប្រពៃណីជា​អ្នក​សាធារណរដ្ឋ​បែប​ De Gaulle មាន​ ​នយោបាយការបរទេស​ឈរ​លើ​ទិសដៅ​បី “បន្ថែមនិង​ដាច់ពី​​គ្នា” គឺ ឯករាជ្យ មនុស្សធម៌និយម និង​ អឺរ៉ុប។

ចំណែក​បេក្ខនារី ម៉ារីន ឡឺប៉ែន នៃ​បក្ស​រណសិរ្យ​ស្តាំ​និយ​មជ្រុល​វិញ នឹង​សាង​នយោបាយ​ការ​ទូត ​ដោយ​ឈរ​លើ​គោលការណ៍ “ប្រាកដនិយម” ដើម្បី​ឱ្យ​បារាំង​បាន​បំពេញ​តួនាទី​ជា "មហាអំណាច រក្សាស្ថិរភាព និង​លំនឹង” ឱ្យ​ពិភពលោក​ពហុប៉ូល។

នេះ​ជា​គម្រោង​គោល ! ប៉ុន្តែ​នៅ​មាន​សំណុំ​ឯកសារ​នយោបាយ​ការទូត​ធំៗ​ផ្សេង​ទៀត ដែល​បញ្ជាក់​ពី​ភាព​ខុស​គ្នា​រវាង​បេក្ខជន​ទាំង​ពីរ។

សហភាពអឺរ៉ុប និង​ភាព​ជា​ដៃគូ​ដឹកនាំ​បារាំង-អាល្លឺម៉ង់
ប្រធានបទ​អឺរ៉ុប បាន​ហែក​ជា​ទស្សនៈ​វិស័យ​បារាំង​ជា​ពីរ​ដាច់​គ្នា​តែ​ម្តង សឹង​ចាត់​ទុក​បាន​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​ថ្ងៃទី ៧​ឧសភា ជា​ថ្ងៃ​បោះឆ្នោត​ប្រជាមតិ​ស្តីពី​បេក្ខភាព​បារាំង​ក្នុង​សហភាព​អឺរ៉ុប​ផង។ ​

លោក​ស្រី​ម៉ារីន ឡឺប៉ែន ប្រឆាំង​ដាច់​ខាត​អឺរ៉ុប ! អឺរ៉ុប​ជា ពន្ធនាគារ  ជា​ស្ថាប័ន​សប្បនិម្មិត្ត កម្មវិធីនយោបាយ​លោក​ស្រី​ផ្តោត​ខ្លាំង​លើ​សមាជិកភាព​បារាំង​ក្នុង​សហភាព ដោយ​លោកស្រី​ចង់​ចរចា​ឡើង​វិញ​ ដើម្បី​ទាមទារ​សុំ​អធិបតេយ្យភាព​ជាតិ​មក​វិញ​។ លោកស្រី​បាន​សន្យា​នាំ​បារាំង​ដើរ​ចេញ​ពី​សហភាព​អឺរ៉ុប​ ដូច​អង់គ្លេស​តាម​រយៈ​ប្រជាមតិ។

ស្រលាញ់​និង​គាំទ្រ​អឺរ៉ុប តែ​ក៏​រិះគន់ព្រោះ​ដឹង​ថា​បារាំង​បាន​បាត់​អំណាច​ច្រើន​នៅ​ក្នុង​សហភាព លោក អេម៉ានុយអែល ម៉ាក្រុង មាន​គម្រោង​ចង់​ជ្រោង​អឺរ៉ុប​ឱ្យ​កាន់​តែ​ខ្លាំង ចង់​ធ្វើ​ប្រជាធិបតេយ្យ​ និង​ស្ថាបនាមូលដ្ឋាន​គ្រឹះ​អឺរ៉ុប​ឡើង​វិញ។ បារាំង​របស់​លោក ម៉ាក្រុង គ្រោង​បង្កើត​រដ្ឋាភិបាល​សេដ្ឋកិច្ចអឺរ៉ុប សភា និង​កញ្ចប់ថវិកា​សម្រាប់​តំបន់​អឺរ៉ូ ព្រមទាំង​បង្កើត​មូលនិធិ​អឺរ៉ុបសម្រាប់​វិស័យ​ការពារ​ជាតិ ដោយ​ត្រូវ​មាន​ហិរញ្ញវត្ថុ​និង​សព្វាវុធ​រួម​ ផ្ទុយ​ពី​លោកស្រី​ឡឺប៉ែន ដែល​ចង់​លើកស្ទួយ​និង​ពង្រឹង​អំណាច​យោធា​បារាំង។

នៅ​ក្នុង​អំឡុង​ពេល​ឃោសនា​តាំង​ពី​ដើម​មក លោក ម៉ាក្រុង បាន​តាំង​ខ្លួន​ជា​អ្នក​ការពារ​អឺរ៉ុប​ជាងគេ និង​ចង់​រឹង​ចំណង​ដៃគូ​​បារាំង-​អាល្លឺម៉ង់ ដែល​ជា​ក្បាល​ម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប ដោយ​សន្យា​ទៅ​ជួប​លោកស្រី​មែរកិល​មុន​គេ នៅ​ពេល​ជាប់​ឆ្នោត​ភ្លាម។ ចំណែក​​លោកស្រី ឡឺប៉ែន បាន​បដិសេធ​យ៉ាង​ដាច់​អហង្ការ​ថា​មិ​ន​ធ្វើជា​អនុប្រធាន​របស់​លោកស្រី​មែរកិល​ទេ ! និង​បាន​បន្ទោស​ប្រមុខ​ដឹកនាំ​បារាំង​មុនៗ សុទ្ធ​តែ​បាន​ទៅ​សួរ​ចិត្ត​​ពី​ប៊ែរ​ឡាំងសិន​មុន​នឹង​សម្រេចការ​អ្វីមួយ។

អូតង់

ចង់​ចេញ​ពី​អឺរ៉ុប​ហើយ បារាំង​របស់​លោកស្រី​ឡឺប៉ែន ក៏​នឹង​ចង់​ចាក​ចេញ​ពី​អង្គការ​អូតង់​ដែរ ព្រោះ​អង្គការ​នេះ​បាន​នាំ​បារាំង​ឱ្យ​លុង​តែ​ក្នុង​សង្គ្រាម។ ខុស​ពី​បារាំង​របស់​លោក ម៉ាក្រុង ដែល​រក្សា​សមាជិកភាព​បារាំង​ក្នុង​អូតង់ ដោយ​គ្រាន់​តែ​ប្រុង​ប្រយ័ត្ន​មិន​ចេញ​ធ្វើ​អន្តរាគមន៍​ ក្រៅ​តំបន់​គ្មាន​នាំ​ប្រយោជន៍​ដល់​ប្រទេស។
ស៊ីរី
ចំពោះ​សំណុំ​រឿង​ដ៏​ក្តៅ​គគុក​ស៊ីរី​វិញ បេក្ខជន​ទាំង​ពីរ​មាន​ជំហរ​ខ្វែង​គ្នា​ខ្លាំង​ដែរ។ ដំបូង​ឡើយ បេក្ខជន​ម៉ាក្រុង ប្រឆាំង​នឹង​ការយក​ការ​​ចាក​ចេញ​ពី​តំណែង​លោក​អាសាដ ជា​លក្ខខណ្ឌ​ ដោះស្រាយ​វិបត្តិ តែ​ក្រោយ​មក​ក្រោយ​មាន​ការ​វាយប្រហារ​អាវុធគីមី លោក ម៉ាក្រុង​ថា លោក​អាសាដ​ត្រូវ​ប្រឈម​នឹង​តុលាការ​អន្តរជាតិ​ពី​បទ​ឧក្រិដ្ឋកម្ម​ តែ​បាន​ផ្តល់​អាទិភាព​ពីរ​លើសំណុំ​រឿង​ស៊ីរី គឺ​កម្ចាត់​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម និង​ចលនា​ភេរវនិយម​អ៊ីស្លាម​ផ្សេងៗ​សិន បន្ទាប់​មក​ទើប​គូសវាស​ផែនទី​ចង្អុល​ផ្លូវ​ការទូត​និង​នយោបាយ​តាមក្រោយ។

ឯ​លោកស្រីម៉ារីន ឡឺប៉ែន ចាត់​ទុក លោក អាសាដ ជា​តំណាង​ដំណោះស្រាយ​​គួរ​ដ៏ស្ថិតស្ថេរ ប្រឆាំង​​នឹង​ពួក​អ៊ីស្លាម​ជ្រុលនិយម​។ សម្រាប់​លោកស្រី គេ​ត្រូវ​បន្ត​ចរចា​ជាមួយ​ប្រធានាធិបតី​ស៊ីរី ដរាប​ណា​គ្មាន​មនុស្ស​ផ្សេង​គួរ​ឱ្យ​ទុកចិត្ត។

ទំនាក់ទំនង​ជាមួយ​រុស្ស៊ីនិង​សហរដ្ឋ​អាមេរិក

អនាគត​ប្រធានាធិបតី​បារាំង ក៏​គិត​គូរ​អំពី​ទំនាក់ទំនង​ជាមួយ​រុស្ស៊ី​របស់​លោក ពូទីន និង​សហរដ្ឋ​អាមេរិក​របស់​លោក​ត្រាំ។ លោកស្រី ឡឺប៉ែន​ ជា​អ្នក​នយោបាយ​បារាំង​តែ​ម្នាក់​គត់ ដែល​អបអរ​ជ័យ​ជំនះ​របស់​លោក​ត្រាំ ជា​ប្រធានាធិបតី​អាមេរិក​ ព្រោះ​យល់​ថា​លោក​ត្រាំ​បាន​អនុវត្ត​កម្មវិធី​ដឹកនាំ​ប្រទេស​តាម​អ្វី​ដែល​លោកស្រី​បាន​ស្នើ​តាំង​ពី​យូរ​ឆ្នាំ​មក​ហើយ។ ជាមួយ​រុស្ស៊ី​វិញ លោកស្រី​ឡឺប៉ែន ទាមទារ​ជាយូរ​​មក​ហើយ​ដែរ​ឱ្យ​អឺរ៉ុប​ខិត​ចូល​រុស្ស៊ី​ ដែល​ជា​យុទ្ធសាស្ត្រ​មួយ​សម្រាប់​ប្រយុទ្ធ​ប្រឆាំង​ពួកអ៊ីស្លាម​ជ្រុលនិយម។ ទង្វើ​រុស្ស៊ី​​​ក្រសោប​យក​ទឹក​ដី​គ្រីមេរបស់​អ៊ុយក្រែន មិន​មែន​ខុស​ច្បាប់​ទេ​សម្រាប់​ក្រសែភ្នែក​លោកស្រី​ឡឺប៉ែន ហេតុដូច្នេះ​ហើយ​លោកស្រី​ចង់​ដក​ទណ្ឌកម្ម​អឺរ៉ុប​ចេញ​ពី​រុស្ស៊ី។ លោកស្រី​ជា​បេក្ខជន​ប្រធានាធិបតី​បារាំង​ដំបូង​ដែល​បាន​ទទួល​ជួប​ដោយ​លោក​ពូទីន​ កាលពី​ខែ​មុន។

ចំណែក​លោក ម៉ាក្រុង អ្នក​ការពារ​អឺរ៉ុប​បំផុត​វិញ ក៏​យល់​ថា អឺរ៉ុប​គួរ​តែ​ត្រូវ​រ៉ូវ​ជាមួយ​រុស្ស៊ី និង​ផ្សារ​ភ្ជាប់​ទំនងទំនង​ជាធម្មតា​ឡើង​វិញ ប៉ុន្តែ​មិន​អាច​លើក​ទណ្ឌកម្ម​ចេញ​បាន​ឡើយ បើ​កាលណា​រុស្ស៊ី​មិន​គោរព​កិច្ចព្រមព្រៀង​ស្តី​ពី​វិបត្តិ​អ៊ុយក្រែន​ទេ។ លោក​បាន​រិះគន់​នយោបាយ​ការបរទេស​របស់​ពូទីន ថា​ជា​គ្រោះ​ថ្នាក់ និង​រាល់​ការ​ពិភាក្សា​ជាមួយ​ម៉ូស្គូ​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​គោរព​សិទ្ធិមនុស្ស។ ជាមួយ​អាមេរិក​ ក៏​ដូច​គ្នា លោក ម៉ាក្រុង​បាន​រិះគន់​​លោក​ត្រាំថា​មាន​នយោបាយ​ការ​ទូត​ឯកោ បង្កបង្កើត​ភាព​សង្ស័យ តែ​​បើក​ចំហ​ផង​​ដោយអំពាវនាវ​ថា​បារាំង​ត្រូវ​ការ​សម្ព័ន្ធមិត្ត​និង​សហប្រតិបត្តិការ​ល្អ​ជាមួយ​វ៉ាស៊ីនតោន។

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ