អានតួអត្ថបទ

បារាំង​ស្នើ​ឱ្យ​មាន​ “ការតាមដាន​អន្តរជាតិ” តំបន់​សុវត្ថិភាព​ស៊ីរី

បារាំង​បាន​ទទួល​កត់​ត្រា​ព័ត៌មាន​ដែល​រុស្ស៊ី​ អ៊ីរ៉ង់ តួកគី និង​ស៊ីរី ចុះ​កិច្ចព្រមព្រៀង​បង្កើត​តំបន់​សុវត្ថិភាព​ នៅ​លើ​ទឹកដី​ស៊ីរី។ ប៉ុន្តែ​សម្រាប់​បារាំង ដើម្បី​ឱ្យ​ផែនការដែល​មាន​ទិសដៅ​​ស្តារ​បទ​ឈប់បាញ់ មាន​ប្រសិទ្ធភាព​យូរអង្វែង​បាន​ គេ​ត្រូវ​​តែ​មាន​ការ​តាមដាន​អន្តរជាតិ។ ព្រោះ​ថា​នេះ​មិនដឹង​ជាប៉ុន្មាន​លើក​ប៉ុន្មាន​សា​ហើយ​ទេ ដែល​គេ​ផ្តួច​ផ្តើម​ឱ្យ​មាន​បទ​ឈប់​បាញ់​ជា​និរន្ត​មួយ​សម្រាប់បិទ​បញ្ចប់​សង្គ្រាម​​ស៊ីរីតាំង​ពី​ឆ្នាំ​២០១១មក។

ឆ្វេងទៅស្តាំ ៖ អ្នក​ចរចា​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់-​កាហ្សាក់ស្ថាន និង​អន្តរការី​អង្គការ​សហប្រជាជាតិ លោក  de Mistura នៅ​ក្រុង​Astana ថ្ងៃទី ៤ ឧសភា ២០១៧
ឆ្វេងទៅស្តាំ ៖ អ្នក​ចរចា​រុស្ស៊ី រដ្ឋមន្ត្រីការបរទេស​អ៊ីរ៉ង់-​កាហ្សាក់ស្ថាន និង​អន្តរការី​អង្គការ​សហប្រជាជាតិ លោក de Mistura នៅ​ក្រុង​Astana ថ្ងៃទី ៤ ឧសភា ២០១៧ REUTERS/Mukhtar Kholdorbekov
ផ្សាយពាណិជ្ជកម្ម

រុស្ស៊ី និង​អ៊ីរ៉ង់ សម្ព័ន្ធមិត្ត​របស់​ប្រធានាធិបតី​ស៊ីរី លោក អាសាដ និងតួកគី ដែល​គាំទ្រ​ពួកឧទ្ទាម​នៅ​ស៊ីរី បាន​អនុម័ត នៅ​​ថ្ងៃព្រហស្បតិ៍​ ទទួល​យក​ផែនការរបស់​​រុស្ស៊ីដែល​ស្នើបង្កើត​តំបន់​សុវត្ថិភាព​​ ជា​ច្រើន​កន្លែងនៅ​ក្នុង​ទឹកដី​ស៊ីរី សម្រាប់​រយៈ​ពេល​ដំបូង​៦​ខែហើយ​​អាចពន្យារ​​បន្ត​បាន។

តាមគំនិត ​រុស្ស៊ី​ចង់ឱ្យ​មាន​បទ​ឈប់​បាញ់តាម​​តំបន់ ដែល​​យន្តហោះ​​រុស្ស៊ី​និង​ស៊ីរីលែង​អាច​ហោះ​ហើរ​ឆ្លង​កាត់​បាន។​ តំបន់សុវត្ថិភាព​​នោះ​ត្រូវ​ ​ស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​ពួកឧទ្ទាម​​ប្រឆាំង​មិនសូវ​តឹង​តែង។ ឯចំណែក​តំបន់​មាន​ការ​ប្រយុទ្ធ​គ្នា ពួកឧទ្ទាម​ប្រឆាំង​ត្រូវ​សហការ​ជួយ​​កងកម្លាំង​រដ្ឋាភិបាល​និង​សម្ព័ន្ធមិត្ត វាយ​ប្រឆាំង​នឹង​ពួក​ជីហាត​រដ្ឋ​អ៊ីស្លាម។ ភាគី​​នីមួយៗ​​ត្រូវ​គ្រប់គ្រង​តំបន់ ​ដោយ​ដាច់​និង​​ឯករាជ្យ។

តំបន់​សុវត្ថិភាព​នឹងត្រូវ​កំណត់​នៅ​៥​ថ្ងៃ​ទៀត ហើយ​ការ​គូសវាស​ផែនទី​បញ្ជាក់​ទីតាំង​ភូមិសាស្ត្រ នឹង​ត្រូវ​សម្រេច​នៅ​រវាង​ថ្ងៃទី ២២​ឧសភា។​ ប៉ុន្តែ​ជា​គោលការណ៍​តំបន់​សុវត្ថិភាព​ទាំង​៤​នោះរាយ​នៅ​ភាគ​ពាយ័ព្យ​ប្រទេស ខាង​ជើង​ខេត្ត​ហ៊ូម មូលដ្ឋាន​របស់​ពួក​ឧទ្ទាម​នៅ​ខាង​កើត​ក្រុង​ដាម៉ាស និង​នៅ​ភាគ​ខាង​ត្បូង​ប្រទេស​ ក្នុង​ខេត្ត Deraa។

​ផែនការ​រុស្ស៊ី​ ដែល​បាន​ទទួល​ការ​ព្រមព្រៀង​ពី​អ៊ីរ៉ង់ និង​តួកគី ​ ​ក៏​ជា​ចម្លើយ​តប​ទៅ​នឹង​សេចក្តី​ទាមទារ​​​​បង្កើត​តំ​បន់​ហោះហើរ​ឃាត់ របស់​តួកគី​ផង និង​របស់លោក​ដូណាល់ ត្រាំផង។ ហេតុដូច្នេះ​ហើយ​បាន​ជា​វ៉ាស៊ីនតោន ក៏​លួច​អបអរ​​​កិច្ចព្រមព្រៀង​នេះ។

បន្ទាប់​ពី​មាន​ប្រតិកម្ម​លើក​ទឹក​ចិត្ត​របស់​អង្គការ​សហប្រជាជាតិ ប្រទេស​បារាំង​បាន​បង្ហាញ​ក្តី​សង្ឃឹម​ថា​ពាក្យ​សន្យា​លើ​ក្រដាស​នឹង​ក្លាយ​ជា​សកម្មភាព​ ដើម្បី​ឱ្យ​ក្រុម​មនុស្សធម៌​អាច​ចេញ​ចូល​ដោយ​សេរី​ជួយ​ជនស៊ីវិល។ ប៉ុន្តែ​សម្រាប់​បារាំង​ បទ​ឈប់​បាញ់​នេះ​ត្រូវតែ​មាន​ការ​តាមដាន​ពី​អន្តរជាតិ ហើយ​របប​ក្រុង​ដាម៉ាស និង​ក្រុម​ប្រឆាំង​ស៊ីរី​ទាំង​អស់ត្រូវ​តែ​វិល​ចូល​តុ​ចរចា​ ក្រោម​ម្លប់​អង្គការ​សហប្រជាជាតិ ទើប​អាច​បញ្ចៀស​អំពើ​ហិង្សា​មិន​ឱ្យ​ផ្ទុះ​ឡើង​វិញ​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ