អានតួអត្ថបទ

តើ​លោក អេម៉ានុយអែល ម៉ាក្រុង ជា​នរណា ?

មាន​វ័យ​ក្មេង​អាយុ​ទើប​តែ​៣៩​ឆ្នាំ ! គ្មាន​នរណា​ស្គាល់​សោះ​ក្នុង​ពិភព​នយោបាយ​បារាំង មុន​ឆ្នាំ​២០១៣ និងមុន​ពេល​ដែល​លោក​បាន​ក្លាយ​ជា​រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ លោក អេម៉ានុយអែល ម៉ាក្រុង បាន​ឈ្នះ​ឆ្នោត​នៅ​ជុំ​ទី​មួយ​​ និង​បាន​ឡើង​ទៅ​ប្រកួត​នៅ​ជុំទីពីរ ជាមួយ​លោកស្រី ម៉ារីន ឡឺប៉ែន។ ជាមួយ​នឹង​ប្រជាប្រិយភាព​ខ្ពស់ លោក អេម៉ានុយអែល ម៉ាក្រុង អាច​ក្លាយ​ជា​ប្រធានាធិបតី​បារាំង ដែល​មាន​វ័យ​ក្មេង​គេ​បំផុត ក្នុង​ប្រវត្តិសាស្ត្រ​បារាំង ដោយចាស់​ជាង​អធិរាជណាប៉ូឡេអុង​ម្នាក់​គត់។ តើ​លោក​ម៉ាក្រុង មាន​ជីវប្រវត្តិ​យ៉ាងណា ?

លោក Emmanuel Macron និង​ភរិយា Brigitte Trogneux រូបថត​ថ្ងៃទី២២មេសា ២០១៧
លោក Emmanuel Macron និង​ភរិយា Brigitte Trogneux រូបថត​ថ្ងៃទី២២មេសា ២០១៧ REUTERS/Benoit Tessie
ផ្សាយពាណិជ្ជកម្ម

កើត​នៅ​ថ្ងៃទី ២១ ធ្នូ ឆ្នាំ ១៩៧៧ លោក អេម៉ានុយអែល ម៉ាក្រុង ជា​កូន​ច្បង​ក្នុង​គ្រួសារ​ដែល​មាន​កូន​បី​នាក់ ​ឪពុក​ជា​គ្រូពេទ្យេឯកទេស​ប្រព័ន្ធ​ប្រសាទ ម្តាយ​ជា​ពេទ្យ​កុមារ។ លោក បាន​ឆ្លង​កាត់​កុមារភាព​ជាមួយ​ជីដូន មុន​នឹង​មក​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាល័យ Henri IV ដ៏​ល្បីល្បាញ នៅ​ប៉ារីស។

ក្រោយ​បញ្ចប់​ការ​សិក្សា​នៅ​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​នយោបាយ លោក​បាន​ត្រលប់​មក​បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យណង់ទែរ និង​បាន​សរសេរ​និក្ខេបទ​ថ្នាក់​អនុបណ្ឌិត ផ្នែក​ទស្សនវិជ្ជា ស្តីអំពី ប្រយោជន៍​សាធារណៈ។ នៅ​ឆ្នាំ​២០០២ លោក​ម៉ាក្រុង​ បាន​តម្រង់​ទិស​ឆ្ពោះ​ទៅ​រៀន​សាលា​រដ្ឋបាល​ជាន់​ខ្ពស់ ENA ហើយ​​បាន​ទទួល​សញ្ញាប័ត្រ​នៅ​ឆ្នាំ​២០០៤។

លោក​បាន​ផ្តើម​ជីវិត​ការងារ​ នៅ​ខែ​មេសា ឆ្នាំ​២០០៤ ក្នុងនាម​ជា​អធិការរង​នៃ​ការិយាល័យ​អធិការកិច្ចហិរញ្ញវត្ថុ។ មួយឆ្នាំ​ក្រោយ​លោក​បាន​ឡើង​តួនាទី​ជា​អធិការ។ នៅ​ឆ្នាំ​២០០៨ ក្នុង​វ័យ​៣០​ឆ្នាំ លោក ម៉ាក្រុង បាន​ប្តូរ​ផ្លាស់​ចិត្ត​ទាំង​ស្រុង​បោះបង់​ការងាររដ្ឋការ ទៅបំរើ​​​ឱ្យ​ធនាគារ Roth­schild ដ៏​ល្បីល្បាញ និង​បាន​ឡើង​កូដ​យ៉ាង​លឿន​រហ័ស រហូត​បានក្លាយ​ជាម្ចាស់​ភាគហ៊ុនមួយ​ផ្នែក​​ ក្នុង​ធនាគារ​នេះ​ទៀត នៅ​ឆ្នាំ​២០១០។

នៅ​ខែ​ឧសភា ២០១២ លោក ម៉ាក្រុង បាន​លោត​ចេញ​ពី​​ធនាគារ ដោយ​ព្រម​បាន​ទទួល​យកតួនាទី ជា​​អគ្គ​លេខារង​របស់​ប្រធានាធិបតីតាម​សំណើ​របស់​លោក​ហ្វ្រង់ស័រ ហូឡង់ ដែល​បាន​ជួប​ស្គាល់​គ្នា​តាំ​ងពី​ឆ្នាំ​២០០៦ (ឆ្នាំ​ក្លាយ​ជា​សមាជិក​បក្ស​សង្គមនិយម)។ នៅ​ថ្ងៃទី ២៦​សីហា ២០១៤ លោកត្រូវ​បាន​តែង​តាំង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​បាន​បញ្ចេញ​ស្នាដៃ​បង្កើត​ច្បាប់​ម៉ាក្រុង នៅ​ឆ្នាំ​២០១៥ ​ធ្វើ​កំណែទម្រង់បើក​ទូលាយ​ទីផ្សារ ដោយ​បង្កើត​ច្បាប់អនុញ្ញាត​ឱ្យ​​ធ្វើ​ការ​ថ្ងៃអាទិត្យ។

នៅ​ខែ​មេសា ២០១៦ លោក​បាន​បង្កើត​ចលនានយោបាយ​ថ្មី ដោយ​ដាក់​ឈ្មោះ​ថា ​En Marche ក្នុង​បំណង​ចង់​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី តែ​មិន​បញ្ចេញ។ នៅ​ថ្ងៃ​ទី ៣០ សីហា ២០១៦ លោក​ក៏​បាន​លាលែង​ចេញ​ពី​តំណែងរដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​ ហើយ​ពីរបី​ខែ​ក្រោយ​ក៏​បាន​ប្រកាស​​ជា​ផ្លូវការ​ឈរ​ឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី ក្នុង​នាម​ជា​អ្នក​កណ្តាល​និយម តំណាង​ឱ្យ​ចលនា​នយោបាយ​ថ្មី​ និង​បាន​ទទួល​ជោគជ័យ​នាំ​មុខ​គេ នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទីមួយ ថ្ងៃទី ២៣​មេសា ក្នុង​សំឡេង​គាំទ្រ ២៤%។

ចំពោះជីវិត​ឯកជន​វិញ លោក អេម៉ានុយអែល ម៉ាក្រុង បា​ន​រៀប​ការ​នៅ​ខែ​តុលា​ឆ្នាំ​២០០៧ ជា​មួយ​អ្នក​ស្រី Brigitte Trogneux ដែល​ជា​អតីត​គ្រូបង្រៀនរបស់​​លោក និង​ដែល​បាន​ជាប់​ចិត្ត​ប្រតិព័ទ្ធតាំង​ពី​​កាលនៅ​ថ្នាក់​វិទ្យាល័យ ឆ្នាំ​១៩៩៣។ មាន​វ័យ​បង​លោក ម៉ាក្រុង​ដល់​ទៅ​២៤​ឆ្នាំ អ្នក​ស្រី​មាន​កូនជាមួយ​ប្តី​មុន​បី​នាក់ (កូនបង​បង្អស់អាយុ​៤២​ឆ្នាំ) និង​ចៅ​៧​នាក់៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ