អានតួអត្ថបទ
បារាំង

បារាំង​បោះឆ្នោត​ប្រធានាធិបតី​ជុំ​ទី២

បារាំង​រៀបចំ​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​ថ្ងៃ​អាទិត្យ​ទី ៧​ឧសភា។ ជា​ការបោះឆ្នោត​ដែល​គេ​តាមដាន​យ៉ាង​យកចិត្តទុក បន្ទាប់​ពី​ការបោះឆ្នោត​ប្រធានាធិបតី​នៅ​អាមេរិក និង​ការបោះឆ្នោត​ប្រជាមតិ ដែល​ធ្វើ​ឲ្យ​អង់គ្លេស​ដើរ​ចេញ​ពី សហភាព​អឺរ៉ុប។ នៅ​ថ្ងៃ​អាទិត្យ​ការិយាល័យ​បោះឆ្នោត​ជាង ៦ម៉ឺន បាន​បើកទ្វារ​ដើម្បី រង់ចាំ​ទទួល​អ្នកបោះឆ្នោត​បារាំង ​ប្រមាណ ៤៧​លាន​នាក់ ដែល​ត្រូវ​ជ្រើសរើស​រវាង​បេក្ខជន​កណ្តាលនិយម អេម៉ានុយអែល ម៉ាក្រុង និង​ម៉ារីន ឡឺប៉ែន បេក្ខជន​ស្តាំ​និយមជ្រុល​បារាំង។

ផ្សាយពាណិជ្ជកម្ម

នៅ​ក្នុង​ការបោះឆ្នោត​ជុំ​ទី២ នៅ​ថ្ងៃ​អាទិត្យ​នេះ មាន​តែ​បេក្ខជន​ពីររូប នៅ​តទល់​គ្នា បន្ទាប់​ពី​បេក្ខជន​៩នាក់​ផ្សេងទៀត​ត្រូវ​គេ​ជម្រុះ​ចោល​នៅ​ជុំ​ទី១។ ការបោះឆ្នោត​ប្រធានាធិបតី​បារាំង សំខាន់ ដែល​គេ​ត្រូវ​ផ្តោត​ការចាប់​អារម្មណ៍​ខ្លាំង​ព្រោះ​ថា វា​ជា​សៃង្វៀន តទល់​គ្នា រវាង​បេក្ខជន មក​ពី​គណបក្សបារាំង ដែល​មិន​ធ្លាប់​ឈ្នះឆ្នោត ដឹកនាំ​បារាំង សោះ​តាំង​ពីមុនមក។ ក្នុង​រយៈពេល​៦០ឆ្នាំ នេះ​ជា​លើក​ទី ១ ដែល​គណបក្ស​កាន់អំណាច បាន​ខ្ទាត ត្រូវ​គេ​ទាត់​ជម្រុះ​ចោល តាំង​ពី​នៅ​ជុំ​ទី១។

 
ការបោះឆ្នោត​ប្រធានាធិបតី​បារាំង​លើកនេះ នឹងអាច​ឲ្យ​ដឹង​ពី​ជោគវាសនា ផ្លូវដើរ​ទៅមុខ​របស់​បារាំង នៅ​អឺរ៉ុប។ បើសិន​ប្រជាជន​បារាំង​បោះឆ្នោត ជ្រើសរើស​លោក​អេម៉ានុយអែល ម៉ាក្រុង នោះ នយោបាយ ក្នុង និងក្រៅប្រទេស​របស់​បារាំង នឹងមិន​ប្រែប្រួល​ខ្លាំងទេ។ លោក​អេម៉ានុយអែល ម៉ាក្រុង​ជា​បេក្ខជន​ដែល​បាន​ប្តេជ្ញា​បន្ត ពង្រឹង​វត្តមាន​បារាំង នៅក្នុង​សហភាព​អឺរ៉ុប។ មាន​បទ​ពិសោធន៍​ជា​អ្នកសេដ្ឋកិច្ច លោក​អេម៉ានុយអែល ម៉ាក្រុង​ចង់​ដឹកនាំ​បារាំង ឲ្យ​វិវឌ្ឍ​ខ្លួន នៅក្នុង​មហាសាគរ​នៃ​សកលភាវូបនីយកម្ម ពោល​គឺ​មិន​បិទខ្ទប់​បារាំង ឲ្យ​នៅ​តែ​ម្នាក់ឯង ដូច​ដែល​គូប្រជែង​របស់លោក​ចង់​ធ្វើ​នោះទេ។

លោកស្រី​ម៉ារីន ឡឺប៉ែន មក​ពី​គណបក្ស​រណរិស្ស​ជាតិ គណបក្ស​ស្តាំ​និយមជ្រុល បារាំង សន្យា​ធ្វើ​នយោបាយ​ដើម្បី ប្រយោជន៍​របស់​ប្រជាជន​បារាំង ដំបូង​គេ។ លោកស្រី​ម៉ារីន ឡឺប៉ែន​ត្រូវ​មនុស្ស​មួយចំនួន​ចាត់ទុក​ជា​លោក​ដូណាល់ ត្រាំ នៅ​ប្រទេស​បារាំង ពោល​គឺ​ប្រធានាធិបតី​ដែល​គិត តែពី​ប្រយោជន៍​បារាំង និង​បង្កើត​ព្រំដែន​បារាំង​ឡើងវិញ ដើម្បី រារាំង​កុំ​ឲ្យ​មាន​ជនបរទេស​ចូល​ខុសច្បាប់​ក្នុង​ទឹកដី​បារាំង។ លោកស្រី​ម៉ារីន ឡឺប៉ែន បាន​និយាយ​ហើយ​ថា បើលោកស្រី​ឈ្នះឆ្នោត ធ្វើ​ជា​ប្រធានាធិបតី លោកស្រី​នឹងស្វាគម​ជនភៀសខ្លួន ជនអន្តោប្រវេសន៍។ លោកស្រី​នឹង​ចរចាដើម្បី​ដក​បារាំង​ចេញ​ពី​អឺរ៉ុប និង​ឈប់​ឲ្យ​ប្រជាជន​បារាំង ចាយប្រាក់​អឺរ៉ូ។ បើសិន​លោកស្រី​ម៉ារីន ឡឺប៉ែន ឈ្នះឆ្នោត​មែន គឺ​វីវរ​ខ្លាំង​ណាស់ ទាំង​សម្រាប់​សេដ្ឋកិច្ច និង​សង្គម​​បារាំង។ លើស​ពីនោះទៀត ជ័យជំនះ​របស់​លោកស្រី ម៉ារីន ឡឺប៉ែន គឺ​ជា​ការគំរាមកំហែង ធ្វើ​ឲ្យ​រង្គោះរង្គើ​សហភាព​អឺរ៉ុប​ទាំងមូល ព្រោះថា បារាំង ជាមួយ​អាល្លឺម៉ង់ គឺ​ជា​ស្ថាបនិក សរសរ​គ្រឹះ សំខាន់​របស់​អឺរ៉ុប។
 
អេម៉ានុយអែល ម៉ាក្រុង បេក្ខជន​ចំណូលចិត្ត​របស់​បារាំង
ការស្ទង់​មតិ​បាន​បង្ហាញ​ថា លោក​អេម៉ានុយអែល ម៉ាក្រុង អ្នកសេដ្ឋកិច្ច សេរីនិយម បាន​ទទួល​សំឡេង​គាំទ្រ ដល់​ទៅ​ជាង ៦០ភាគរយ គឺ​ច្រើន​ជាង​លោកស្រី​ម៉ារីន ឡឺប៉ែនដែល​មាន​តែ ៣០ភាគរយ។ ប៉ុន្តែ ក្រុមអ្នកគាំទ្រ​លោក​ម៉ាក្រុង ក៏​កុំ​ទាន់​ត្រូវ​អរ​នឹង​តួលេខ​នេះដែរ។ តើ​អ្នកណា​ដែល​គេ​គិត​ថា លោក​ដូណាល់ ត្រាំ ដែល​សំបូរ​ដោយ​រឿងអាស្រូវ ចម្រូងចម្រាស មិន​សូវ​យល់​ច្បាស់លាស់​ពី​នយោបាយ​ក្រៅប្រទេស​នោះ បាន​ឈ្នះឆ្នោត ក្លាយ​ជា​ប្រធានាធិបតី​អាមេរិក? តើ​អ្នកណា​ដែល​គិត​ដល់​ថា លោកស្រី ហ៊ីឡារី គ្លីនតុន ដែល​នាំមុខ​លោក​ដូណាល់ ត្រាំ នៅក្នុង​ការស្ទង់​មតិ​បាន​ចាញ់ឆ្នោត យ៉ាង​អាម៉ាស់​មុខ?

សូមចុចមើលត្រង់នេះ៖ ចោរ​អ៊ីនធ័រនែត​កំពុង​លូកដៃ​ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី​បារាំង?

តាំង​ពី​មាន​មេរៀន​នៅ​អាមេរិក​មក គេ​ប្រយ័ត្នប្រយែងណាស់ មិន​ទាន់​ហ៊ាន​សន្មត់ថា អ្នក​ដែល​ទទួល​សំឡេង​គាំទ្រ​នាំមុខ នៅក្នុង​ការស្ទង់​មតិ នោះ អាច​ឈ្នះ​ឆ្នោត​នោះទេ។ នៅ​ក្នុង​ការបោះឆ្នោត​កន្លងមក ដូចជា​នៅ​ឆ្នាំ ២០០២ នៅពេល​ដែល Jean Marie Lepen​ដែល​ជា​ឪពុក​លោកស្រី​ម៉ារីន ឡឺប៉ែន ឈ្នះ​ឆ្នោត ចូល​ដល់​ជុំ​ទី២ គ្រប់​គណបក្ស​ចាញ់ឆ្នោត​ដទៃទៀត មិន​ថា បក្ស​ប្រឆាំង​ដ៏ធំជាងគេ ឬ​ក្រុមសហជីពទេ គឺ​បាន​អំពាវនាវ ធ្វើ​បាតុកម្ម តាម​ថ្នល់ ដើម្បី ស្រែក​ឲ្យ​គេ​ទៅ​បោះឆ្នោត ដើម្បី​រារាំង​កុំ​ឲ្យ​គណបក្ស​រណរិស្ស​ជាតិ ដែល​ជា​គណបក្ស​ស្តាំ​និយមជ្រុល​ឈ្នះឆ្នោត។

 
ប៉ុន្តែ បរិយាកាស​បោះឆ្នោត​លើកនេះ គឺ​មាន​លក្ខណៈ​ខុស​ពី​លើក​មុន។ គណបក្ស​ស្តាំ​និយមជ្រុល​បារាំង ដឹកនាំ​ដោយ​លោកស្រី​ម៉ារីន ឡឺប៉ែន ជា​កូនស្រី បាន​ទទួល​សំឡេង​គាំទ្រ ​ជិត ៨លាន​នាក់ នៅ​ជុំ ទី១ គឺច្រើន បើ​ប្រៀបធៀប​នឹង​ឪពុក។ ប្រជាជន​បារាំង​បាន​បែកខ្ញែក គ្មាន​មូលមតិ​គ្នា ដូចមុន ដើម្បី​បោះឆ្នោត ប្រឆាំង​លោកស្រី​ឡឺប៉ែន។

នៅក្នុង​យុទ្ធនាការ​ឃោសនា​កន្លងមក លោកស្រី​ឡឺប៉ែន​បាន​ព្យាយាម​ទាក់ទាញ អ្នកដែល​រារែក ដែល​ធ្លាប់​បោះឆ្នោត ឲ្យ​គណបក្ស​ផ្សេងទៀត ដែល​ត្រូវ​គេ​ជម្រុះ​ចោល​នៅជុំទី១។ នេះ​គេ​នៅ​មិនទាន់​និយាយ​ពី​ចំនួន​អ្នកដែល​មិន​ទៅ​បោះឆ្នោត ឬ​អ្នកដែល​បោះឆ្នោត​អនុប្បវាទ​ផង។ គឺ​អវត្តមាន​របស់​អ្នកទៅ​បោះឆ្នោត ឬ​ក៏​ការប្តូរចិត្ត​គាំទ្រ​គណបក្ស​ស្តាំ​និយមជ្រុល​របស់​លោកស្រីឡឺប៉ែន ដែល​អាច​ធ្វើ​លទ្ធផល​ឆ្នោត ការគន់គូរ​គិតទុកមុន មាន​ការផ្លាស់ប្តូរ នោះ​បើទោះបី​ជា​លោក​អេម៉ានុយអែល ម៉ាក្រុង​ត្រូវ​គេ​មើល​ឃើញថា នឹង​អាច​ឈ្នះឆ្នោត​លើកនេះ​ក៏ដោយ។
 
ចំនួន​អ្នក​មិន​ទៅ​បោះឆ្នោត​ច្រើន ជា​ចំណុច​គន្លឹះ នៅក្នុង​ការបោះឆ្នោត
វិទ្យាស្ថាន​ស្ថិតិ​ប៉ាន់ប្រមាណថា អត្រា​អ្នកដែល​នឹង​មិន​ទៅបោះឆ្នោត នៅ​ជុំ​ទី ២ នឹង​កើនឡើង​ដល់​២៥% គឺច្រើន​ជាង​ជុំ​ទី១​ដែល​មាន​ប្រមាណ ២២%។ រឿងនេះ​មិនធ្លាប់កើត​មាន​ទេ ពីមុនមក ព្រោះថា តាម​ធម្មតា ប្រជាជន​បារាំង​តែងតែ​ចេញ​ទៅ​បោះឆ្នោត​ច្រើន​នៅ​ជុំ​ទី ២។ ប្រជាជន​បារាំង​ដែល​នៅ​រារែក មិន​ចង់​ទៅ​បោះឆ្នោត ព្រោះ​តែ​ពួកគេ​មិនពេញចិត្ត​នឹង​បេក្ខជន​ទាំង​ពីរ​ទាល់​តែសោះ។ អ្នកឆ្វេងនិយម ដែល​មាន​និន្នាការ​ផ្តល់​តម្លៃ​ដល់​ការចែករំលែក ប្រយោជន៍​សង្គម សាធារណៈ មិន​ចូលចិត្ត​លោកស្រី​ម៉ារីន ឡឺប៉ែន​ដែល​ធ្វើនយោបាយ​ផ្តាច់ការ គិត​តែ​ប្រយោជន៍​ប្រជាជន​បារាំង ស្អប់​ជនបរទេស​នោះទេ។

អ្នកឆ្វេងនិយម​ទាំងនោះ​ក៏​មិន​ចង់​បាន​ធនាគារិក ដូចជា​លោក​អេម៉ានុយអែល ម៉ាក្រុង​មកធ្វើ​ជា​ប្រធានាធិបតី ព្រោះថា លោក​ម៉ាក្រុង​ជាអ្នកសេដ្ឋកិច្ច គិតប្រយោជន៍​តែ​ក្រុមនាយទុន គឺ​គ្មាន​គិតគូរ​ដល់​ប្រយោជន៍​កម្មករ អ្នកធ្វើការ​តូចតាច​នោះទេ។ អ្នកខ្លះ​នៅ​គិត​ទៀតថា លោកម៉ាក្រុង​នេះ តាមពិត​នឹង​ក្លាយ​ជា​អាយ៉ង បន្ត​នយោបាយ​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន គឺ​ដើរតាម​ការតម្រង់ទិស​របស់​អាល្លឺម៉ង់ ដែល​ជា​ក្បាលម៉ាស៊ីន​ដឹកនាំ​អឺរ៉ុប។

លោក​ម៉ាក្រុង​នេះ​ធ្លាប់​ធ្វើ​ជា​រដ្ឋមន្រ្តី​សេដ្ឋកិច្ច​របស់​រដ្ឋាភិបាល បច្ចុប្បន្ន មុន​នឹង​លាលែង​ចេញ​ពី​តំណែង ទៅ​បង្កើត​គណបក្ស​En Marche។ សមាជិក​ជាន់ខ្ពស់​របស់​បក្ស​មួយចំនួន​ធំ ធ្លាប់​ជា​មន្រ្តី​រដ្ឋាភិបាល​បច្ចុប្បន្ន​ទៀតផង។ គេ​យល់​ថា បោះឆ្នោត​ឲ្យ​លោក​ម៉ាក្រុង គឺ​ស្មើ​នឹង​បោះឆ្នោត​ឲ្យ​គណបក្ស​កាន់អំណាច​ឲ្យ​បន្ត​នយោបាយ​អប្រជាប្រិយភាព​របស់​រដ្ឋាភិបាល​បច្ចុប្បន្ន។

ក្រៅ​ពី​អ្នកដែល​មិន​ទៅ​បោះឆ្នោត នៅ​មាន​អ្នកដែល​អាច​ទៅ​បោះឆ្នោត ដែរ ប៉ុន្តែ បោះឆ្នោត​អនុប្បវាទ ពោល​គឺ​មិន​ជ្រើសរើស​បេក្ខជន​ណាទាំងអស់ នៅ​ក្នុង​បន្ទប់​បោះឆ្នោត។ កត្តានេះ​ក៏ ​សំខាន់​ណាស់​ដែរ នៅក្នុង​ការបោះឆ្នោត​ជុំ​ទី២​នេះ។ គេ​វាយតម្លៃ​ថា បើ​ចំនួន​អ្នកមិន​ទៅបោះឆ្នោត​មាន​ច្រើន ហើយ​អ្នកដែល​ទៅ​បោះ​ហើយ ប៉ុន្តែ បោះ​អនុប្បវាទ នោះ ឱកាស​ដែល​លោកស្រី ម៉ារីន ឡឺប៉ែន ឈ្នះឆ្នោត​គឺ​មាន​កាន់តែ​ច្រើន ដែរ ព្រោះ​ថា អ្នកដែល​ច្បាស់​ក្នុង​ចិត្ត​ទៅ​បោះឆ្នោត​ឲ្យ​លោកស្រី​ឡឺប៉ែន នៅ​តែ​មាន​ចំនួន​មិនប្រែប្រួល និង​មាន​តែ​កើនឡើង ផ្ទុយទៅវិញ លោក​ម៉ាក្រុង ដែលមាន​សំឡេង​គាំទ្រ​ច្រើន​នៅ​មុន​ថ្ងៃ​បោះឆ្នោត ប៉ុន្តែ នឹង​អាច​ខ្វះសំឡេង​ទៅវិញ រហូត​ដល់​ឆ្នោត ក៏​អាច​ថាបាន ដោយសារ​តែ​មាន​មនុស្ស​ច្រើន ​មិន​ទៅបោះឆ្នោត ប្រឆាំង​លោកស្រី​ម៉ារីន ឡឺប៉ែន៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ