អានតួអត្ថបទ
បារាំង-ពិភពលោក

ថ្នាក់​ដឹកនាំ​​ពិភពលោក​បាន​ប្រតិកម្ម​គាំទ្រ​ចំពោះ​ជ័យជំនះ​របស់​លោក​ ​Macron ​​​​​

ថ្នាក់ដឹកនាំ​អឺរ៉ុប​​បានប្រតិកម្ម​​គាំទ្រ​​និង​​សាទរ​​មុនគេ​បង្អស់​​ចំពោះ​ជ័យជំនះ​​របស់​​លោក​ម៉ាក្រុង​ ស្ថាបនិក​ចលនា​នយោបាយ​កណ្តាល​និយម​បារាំង​ឈ្មោះ ​ En Marche ​​ដែល​ទើប​ជាប់​ឆ្នោត​​ជា​ប្រធានាធិបតីបារាំង​ថ្មី​ ដោយបានវាយតម្លៃថា ជា​ជ័យជំនះមួយ​សម្រាប់អ៊ឺរ៉ុប​។ 

Emmanuel Macron ប្រធានាធិបតី​ថ្មី​នៃប្រទេស​បារាំង​
Emmanuel Macron ប្រធានាធិបតី​ថ្មី​នៃប្រទេស​បារាំង​ Fuente: Ministerio del Interior francés
ផ្សាយពាណិជ្ជកម្ម

ប្រធាន​គណកម្មការ​អឺរ៉ុប​លោក Jean-Claude Junker​ បាន​ថ្លែង​អបអរ​សាទរ​ចំពោះ​ជ័យជំនះ​របស់​លោក ម៉ាក្រុង​នៅ​ក្នុង​ការ​បោះឆ្នោត​ប្រធានាធិបតី​បារាំង​កាលពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ ​ដោយ​បាន​គូស​បញ្ជាក់​ថា​ ប្រជាជន​បារាំង បាន​ធ្វើ​ជម្រើស​មួយ​យ៉ាងសំខាន់​ដោយ​គិត​”បញ្ហា​អានាគតអឺរ៉ុប​ជា​ធំ”។


ចំណែក​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk វិញ បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេចចិត្ត​របស់​ពលរដ្ឋ​បារាំង​នៅ​ក្នុង​ការ​គាំទ្រ​ ”​សេរីភាព សមភាព និង​ភាតរភាព”។

រីឯ ប្រធាន​សភា​អឺរ៉ុប​លោក Antonio Tajani ​វិញ បាន​ប្រតិកម្ម​តាម​ប្រព័ន្ធ Tweeter បានថ្លែង​ថា​​”យើងពឹង​ផ្អែក​លើ​ប្រទេស​បារាំង​មួយ​ដែល​ស្ថិត​នៅ​ក្នុង​​បេះដូង​នៃ​ទ្វីប​អឺរ៉ុប ដើម្បី​ការ​ផ្លាស់​ប្តូរ​​សហភាព​​រួមគ្នា​និង​ស្ថិតនៅជិត​ជាមួយ​ពលរដ្ឋ។​

ចំណែក​នាយករដ្ឋមន្ត្រីអង់គ្លេស​វិញ​ ក៏​បាន​អបអរ​សាទរ​យ៉ាង​កក់ក្តៅ​ដែរ​ចំពោះ​ជ័យជំនះ​របស់​លោក ម៉ាក្រុង​ដោយ​​រំលឹក​ប្រាប់​​ថា អង់គ្លេស មាន​បំណង​ធ្វើ​ជា​ដៃគូ​ដ៏​ខ្លាំងក្លា​ជាមួយ​សហភាព​អឺរ៉ុប​មួយ​ដែល​មាន​សុវត្ថិភាព​និង​វិបុលភាព។

​នាយករដ្ឋមន្ត្រីអាល្លឺម៉ង់​វិញ អះអាងថា​ ជ័យជំនះ​របស់​លោក​ម៉ាក្រុង គឺ​ជា​ជ័យជំនះ​របស់​អឺរ៉ុប​មួយ​​​ដ៏​ខ្លាំងក្លា​​និងមានការ​​រួបរួមគ្នា។​​

នៅ​អាមេរិក លោកប្រធានាធិបតី​ Donal Trump តាម​សារ Tweeter របស់​លោក បាន​សំដែង​ការ​​អបអរ​សាទរ​ជ័យ​ជំនះ​​របស់​លោក Macron ​ដោយ​គូស​បញ្ជាក់​ផងដែរ​ថា​លោក​មាន​​ក្តី​​អន្ទះ​អន្ទែង​ចង់​ធ្វើការ​ឆាប់ៗ​ជាមួយ​ប្រធានាធិបតី​​ថ្មី​នៃ​ប្រទេស​បារាំង។​

រីឯលោកស្រី​Hillary Clinton​ដែល​ជា​គូបដិបក្ស​របស់​លោក Trump​ក្នុង​ការបោះ​ឆ្នោត​ប្រធានាធិបតី​អាមេរិក​ឆ្នាំ​២០១៦ បានប្រតិកម្មតាម Tweeter ថា​គឺ​"ជា​ជ័យជំនះ​មួយ​របស់​លោក​​ Macron និង​​របស់​​​បារាំង ក៏ព្រមទាំង​សហភាពអឺរ៉ុប​និង​ពិភពលោក​ទាំង​មូល​” ។

ចំពោះ​សកម្មជនអាមេរិកខាងសិទ្ធមូលដ្ឋាន​ដ៏ល្បី គឺបុព្វជិត  Jesse Jackson លោកបាន​​ថ្លែងសរសើរ​ចំពោះ​ពលរដ្ឋ​​បារាំង​ដែល​បាន​បោះឆ្នោត​ដើម្បី​ការរួបរួមគ្នា​ប្រឆាំង​ទល់​នឹង​ការ​បែង​ចែក និង​សេចក្តី​សង្ឃឹម​ជាជាង​ការភ័យខ្លាច។

ចំណែកប្រធានាធិតបី​រុស្ស៊ី​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​ជម្រុញ​អោយ​ប្រធានាធិបតី​បារាំង​ជាប់​ឆ្នោត​ថ្មី ​យក​ឈ្នះ​នៅ​លើ​ការ​មិន​ទុកចិត្តគ្នា​រវាងទីក្រុង​ប៉ារីស​និង​ម៉ូស្គូ ដើម្បី​ប្រយុទ្ធ​រួមគ្នាដើម្បី​ប្រឆាំង​ការគំរាម​ភេរវនិយម​និង​ពួក​អ៊ីស្លាមជ្រុល​និយម​ដែល​កាន់តែ​កើន​ឡើង​និង​ដ៏​សាហាវ។​​

ក្រៅពី​អ្នកដឹកនាំ​នៅ​អឺរ៉ុប​និង​នៅ​អាមេរិក ក៏​មាន​​ថ្នាក់ដឹកនាំ​ប្រទេស​នានា​ផ្សេងៗ​ទៀត​​នៅ​ក្នុង​ពិភពលោក ​បាន​ផ្ញើសារ​អបអរសាទរ​ចំពោះ​​ប្រធានាធតិបតី​ជាប់​ឆ្នោត​ថ្មី​របស់​បារាំង​ដែរ​ដែលក្នុងនោះ​មាន ប្រេស៊ីល បែលហ្ស៊ីក ​អេស្បាញ​ ក្រិក ​អ៊ុយក្រែន ​កាណាដា​ ហូឡង់ ​​អ៊ីស្រាអែល​ ម៉ារ៉ុក ​ទុយនីស៊ី​ ជប៉ុន ​ចិន ​លនិងល៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ