អានតួអត្ថបទ
បារាំង

អេម៉ានុយអែល ​ម៉ាក្រុង​​ អាយុ​ត្រឹម​​​៣៩ឆ្នាំ​ ហេតុអ្វី​​រាសី​​ខ្ពស់​ ​​ជាប់ឆ្នោត​​ជា​​ប្រធានាធិបតី​​បារាំង?​

 លោក​អេម៉ានុយអែល ម៉ាក្រុង ជា​ប្រធានាធិបតី​បារាំង​​ទើប​ជាប់ឆ្នោត​ថ្មី ​មាន​អាយុ​ត្រឹម​តែ​៣៩ឆ្នាំ​ប៉ុណ្ណោះ។ លោក​​​មិនដែល​ធ្វើជា​​តំណាងរាស្ត្រ​ម្តងណា​ទេ ហេតុអ្វី​ក៏លោក​អាច​ឡើង​កូដ​រហ័ស ធ្វើអោយ​ពលរដ្ឋ​បារាំង​ជ្រើសរើស​លោក​​អោយ​ដឺកនាំប្រទេស?​ 

ប្រធានាធិបតី​បារាំង​ថ្មី លោក​អេម៉ានុយអែល ម៉ាក្រុង និង​ប្រធានាធិបតីផុតអាណត្តិ លោក​ហូឡង់
ប្រធានាធិបតី​បារាំង​ថ្មី លោក​អេម៉ានុយអែល ម៉ាក្រុង និង​ប្រធានាធិបតីផុតអាណត្តិ លោក​ហូឡង់ Reuters
ផ្សាយពាណិជ្ជកម្ម

លោក​​អេម៉ានុយអែល ម៉ាក្រុង ​មាន​វ័យ​ត្រឹមតែ​​៣៩ឆ្នាំ​ ជា​​ប្រធានាធិបតី​បារាំង ​និង​​ជា​ប្រធានាធិបតី​វ័យក្មេង​បំផុត នៅ​បារាំង។ គេមើលឃើញ​ថា លោក​ម៉ាក្រុង​បានជាប់ឆ្នោត​ម្សិលមិញ​ ​ដោយសារ​ពលរដ្ឋ​បារាំង​ពេញចិត្ត​​​​ផែនការ​នយោបាយរបស់លោក​ ​ដោយសារ​លោក​បាន​យល់​​ស៊ីជម្រៅ​ពី​ការបារម្ភ​​ពិតប្រាកដ​របស់​ប្រជាជន​។ ​

អេម៉ានុយអែល ​ម៉ាក្រុង ​​មិនដែល​ធ្វើ​​តំណាងរាស្ត្រ​ម្តងណា​ទេ ហើយ​​ក៏​ទើប​ប្រឡូក​នយោបាយ​​​​តែ​៥ឆ្នាំ​ដែរ មុន​​ជាប់ឆ្នោត​ជា​ប្រធានាធិបតី ខុសពីបេក្ខជន​ផ្សេងទៀត ដែល​មានបទពិសោធន៍​​​រាប់​ទស្សវត្ស។ ​​ហេតុអ្វី​​លោក​ម៉ាក្រុង​​រាសី​ខ្ពស់​ម្ល៉េះ ? នេះ​​ដោយសារ​​លោក​​​មាន​ខ្សែ​រយៈ​ច្រើន ទើប​លោក​អាច​មាន​ថ្ងៃ​នេះរឺ? យើង​មិនអាចសន្និដ្ឋាន​ដូច្នេះ​ទេ។ ​បើ​​​មើល​លោក​ម៉ាក្រុង​​ច្បាស់​ជាងនេះ​បន្តិច ​ទើប​​ដឺងថា លោក​​​​​មា​នសមត្ថភាព​ខ្ពស់ ​​​​ត្រិះរិះជ្រៅជ្រះ មាន​ឆន្ទៈ​ខ្ពស់។ សូមរំលឹក​ថា​ លោក​ម៉ាក្រុង ជាប់​​បាក់​ឌុប​ដោយ​ទទួល​បាន​និទ្ទេស​ល្អណាស់។ លោក​បាន​​ឆ្លងកាត់​ការសិក្សា​ជ្រៅជ្រះ នៅសាលា​​វិទ្យាសាស្ត្រ​នយោបាយ និងខាង​​ផ្នែក​ទស្សនវិជ្ជា​។

​​ពេល​លោក​ធ្វើជា​អធិការរង​នៅ​ការិយាល័យ​អធិការកិច្ច​ហិរញ្ញវត្ថុ កំឡុង​ឆ្នាំ២០០៤ អ្នកនយោបាយ​ខាង​អតីត​​ប្រធានាធិបតី​សាកូហ្ស៊ី ​ធ្លាប់​ចាប់អារម្មណ៍​​សមត្ថភាព​លោក ចង់អោយ​លោក​ធ្វើការ​អោយ​​ដែរ។ តែ​​លោក​ម៉ាក្រុង​បដិសេធ​ ព្រោះ​មិនពេញចិត្ត​ចរឹត​របស់​លោក​សាកូហ្ស៊ី។ អ្នកធ្លាប់​ស្គាល់​អេម៉ានុយអែល​​​​ ម៉ាក្រុង ប្រាប់ថា ​​ម៉ាក្រុង​មិនមែន​​​ងាយ​អោយគេ​​​​គ្រប់គ្រង រឺ​​រុញអោយ​ចូល​ក្រោល​ដូច​សត្វពាហនៈ​ទេ។ ប្រហែល​ដូច្នេះហើយ ទើបគេ​ឃើញថា លោក​គ្មា​នមិត្ត​ភក្តិ​ជិត​ដិតច្រើន​​ ក្រៅ​​ពីភរិយា​របស់​លោក ដែល​លោក​ជាប់ចិត្ត​ តាំងពី​នៅ​វិទ្យាល័យ។ ​

ក្រោយមក ​លោកបាន​​បោះបង់​ការងារហរិញ្ញវត្ថុ​​រដ្ឋ ទៅ​ធ្វើ​នៅធនាគារ​ល្បី Rothschild ​វិញម្តង។ ​ឆ្នាំ២០១២ លោក​ទទួលបាន​​កម្រៃជើងការ​​ ២លាន​អឺរ៉ូ ​ពេល​ក្រុមហ៊ុន​Nestlé ​ទិញយក​សាខា​ក្រុមហ៊ុន​​អាហារូបត្ថម្ភកុមារ របស់​អាមេរិក ​Pfizer។ ​បន្ទាប់​មកទៀត ​ពេល​បម្រើការ​អោយ​ធនាគារ​ លោកម៉ាក្រុង​​ក៏​ឆ្លៀត​ធ្វើការ​​​អោយ​បក្ស​សង្គមនិយម​ដែល​កំពុង​រៀបចំ​​នយោបាយ ដើម្បី​​ដណ្តើម​ជោគជ័យ​​ការបោះឆ្នោត​ប្រធានាធិបតីឆ្នាំ​២០១២ដែរ។ ​លោកម៉ាក្រុង​​​​ស្គាល់និង​អាច​ចូល​ធ្វើការ​នៅ​​ធនាគារ​ល្បី និងនៅ​​ក្រុមការងារ​បក្ស​សង្គមនិយម​​ បាន​ដោយសារ​​​​​​​អ្នកនយោបាយ​​​ម្នាក់​ឈ្មោះ ហ្សង់ ប៉ូល ហ្ស៊ូយេ ជាអ្នក​ណែនាំ​ជ្រោម។ ក្រោយ​បក្ស​សង្គមនិយម​ឈ្នះឆ្នោត ​លោក​​​​ម៉ាក្រុង​ធ្វើ​​ជា​​ទីប្រឹក្សា​របស់​​​ប្រធានាធិបតី​​ហូឡង់។

លោក​ហូឡង់​ពេញចិត្ត​​​សមត្ថភាព​លោកអេម៉ានុយអែល ​​​ម៉ាក្រុង រហូត​អួត​ប្រាប់​អ្នកកាសែត​ថា អេម៉ានុយអែល គឺ​ខ្ញុំ​ហ្នឹងហើយ។ ​ក្រោយ​មក ស្ថានការណ៍​​ប្រែប្រួល មនុស្ស​​​គ្មានការ​ធ្វើច្រើន សេដ្ឋកិច្ច​មិនសូវល្អ ធ្វើអោយ​​​បក្ស​កាន់អំណាច​​ចាប់​ធ្លាក់​ប្រជាប្រិយភាព រហូត​ចាញ់ឆ្នោត​ឃុំ-សង្កាត់ ឆ្នាំ២០១៤។ ពេល​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ថ្មី បក្ស​សង្គមនិយម​បាន​ប្រគល់​តំណែងរដ្ឋមន្ត្រី​សេដ្ឋកិច្ច​អោយ​លោក​ម៉ាក្រុង។ ​ក្រោយមក​ ​លោក​វ៉ាល់ស៍ ជា​នាយករដ្ឋមន្ត្រី​បារាំង​បាន​​ប្រើ​​​​​មាត្រាច្បាប់​​៤៩ កថា​ខណ្ឌ៣ អនុម័ត​ច្បាប់​ជំរុញកំនើន​របស់​លោក​ម៉ាក្រុង ​ដោយ​មិនបាន​ឆ្លងកាត់​ការបោះឆ្នោត​របស់​តំណាងរាស្ត្រ។ ​​ការ​អនុម័តច្បាប់​​ដោយ​បង្ខំ​ដូច្នេះ​ ធ្វើអោយ​បក្សសង្គមនិយម​​​កាន់តែ​ធ្លាក់ប្រជាប្រិយភាព។

ពី​ពេលនោះមក ​លោក​ម៉ាក្រុង ​ប្រហែល​​យល់​ថា លោកមិនអាច​​​បន្តនៅ​​​​បក្ស​កាន់អំណាច​សង្គមនិយម​ទៀតទេ។ លោក​ប្រាប់ថា លោក​មិនពេញចិត្ត​បក្ស​សង្គមនិយម លោក​​ចាប់ផ្តើម​បង្ហាញ​ទំនោរ​ស្តាំវិញ​ម្តង។ ឆ្នាំ២០១៦ លោក​​​​​​លាតំណែង​រដ្ឋមន្ត្រី​សេដ្ឋកិច្ច និង​ប្រកាស​ឈរឈ្មោះ​ជាបេក្ខជន​ប្រធានាធិបតី​ និន្នាការ​កណ្តាល។ រឿងអាស្រូវបេក្ខជន​​​​ហ្វ៊ីយ៉ុងនៅ​បក្ស​ស្តាំ​និយម​ ​ការ​បារម្ភ​របស់​ប្រជាជន​មិនចង់​អោយ​បារាំង​ដើរចេញ​ពីអឺរ៉ុប ជាចំណែក​ធំធេង ជួយ​​បក្ស​ En Marche  របស់​លោក​ម៉ាក្រុង​ អោយ​​ទទួល​ជោគជ័យ ជួយ​លោក​​​ម៉ាក្រុង​ជាប់ឆ្នោត​ជា​ប្រធានាធិបតីបារាំង​ថ្មី​ ឈ្នះ​លោកស្រី​ឡែប៉ែន មកពី​បក្ស​ស្តាំនិយមជ្រុល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ