អានតួអត្ថបទ
រុស្ស៊ី-អាមេរិក

ម៉ូស្គូ​ ចង់​បាន​ការ​គាំទ្រ​ពី​វ៉ាស៊ីតោន​ចំពោះ​គម្រោង​រុស្ស៊ី​សំដៅ​បន្ថយ​អំពើ​ហិង្សា​នៅ​ស៊ីរី​

 ថ្ងៃ​ពុធ​នេះ ​លោក​ប្រធានាធិបតី​ សរអា ​ដូណាល់ ត្រាំ​ នឹង​ទទួល​ជួប​លោក​ប្រមុខការទូត​ រុស្ស៊ី​ ស៊ែរហ្គៃ ឡាវ្រ៉ូវ​ ដែល​បាន​ទៅដល់​ក្រុងវ៉ាស៊ីតោន ​ដើម្បី​ស្វែងរក​ ការ​គាំទ្រ​ពី​ខាង​សេតវិមាន​ ចំពោះ ​គម្រោង​រុស្ស៊ី ​រួម​ជាមួយ ​តួកគី​ និង​ អ៊ីរ៉ង់​ បង្កើត​ជា “ ៤ ​តំបន់​សន្តិសុខ “​ នៅ​ស៊ីរី​ សំដៅ​ទៅ​បន្ទាប​អំពើ​ហិង្សា​ ក្នុង​ប្រទេស​នោះ ​ដែល​ក្នុង​៦​ឆ្នាំ​កន្លង​​ទៅ ​បាន​ផ្តាច់​ជីវិត​អ្នកស្រុក​ អស់​ដល់​ទៅ​ជាង ​៣​សែន​២​ម៉ឺន​នាក់​ ហើយ​គម្រោង​នេះ​ឯង​ ត្រូវ​បាន​ម៉ូស្គូ​ ដាក់ជូន​ក្រុម​ប្រឹក្សា​សន្តិសុខ​អ.ស.ប.កាលពីថ្ងៃចន្ទ ៨ ឧសភា  សម្រាប់ ទទួល​ការ​ពិភាក្សា​ក្នុង​សប្តាហ៏​នេះ​តែ​ម្តង។​   

Serguei Lavrov​ ប្រមុខការទូតរុស្ស៊ី​
Serguei Lavrov​ ប្រមុខការទូតរុស្ស៊ី​ REUTERS/Maxim Shemetov
ផ្សាយពាណិជ្ជកម្ម

 

កិច្ចសន្ទនាលោកឡាវ្រ៉ូវ ជាមួយលោក ត្រាំ ក្នុងការិយាល័យរាងពងក្រពើនៃសេតវិមាន នឹង​ចាប់ ​ផ្តើម នៅម៉ោង ១៨-៣០នាទីម៉ោងម៉ូស្គូ ត្រូវនឹងម៉ោង ២២-៣០នាទី ម៉ោងនៅភ្នំពេញ។ នេះជាលើកទី១ ដែលចៅហ្វាយថ្មីនៃសេតវិមានទទួលជួប អ្នកមុខអ្នកការជាន់ខ្ពស់រុស្ស៊ី ខណៈ​ដែលទំនាក់ទំនង រវាង មហាអំណាចទាំងពីរ ធ្លាក់ដល់ស្ថានភាពអាក្រក់មែនទែន។

ប៉ុន្តែមុនដំបូង លោកឡាវ្រ៉ូវ ត្រូវទទួលជួបដោយ សមភាគិអាមេរិកាំង លោក Rex Tillerson គឺមួយថ្ងៃ ក្រោយពី នាយក FBI លោក James Comey ត្រូវបានទំលាក់ពីតំណែង ពាក់​ព័ន្ធ​នឹង​រឿងរ៉ាវ ថា ក្រុមជំនិត របស់លោកត្រាំ បានមានទំនាក់ទំនង ជាមួយរុស្ស៊ី ក្នុងសម័យ​ឃោសនា​បោះឆ្នោតនៅអាមេរិក ឆ្នាំ២០១៦។

រដ្ឋមន្ត្រីការបរទេសរុស្ស៊ី ដែលធ្លាប់បានជួបលោក Tillerson ពីរដងទៅហើយ ៖ ម្តងនៅប្រទេសអាល្លឺម៉ង់ ម្តងទៀត នៅម៉ូស្គូផ្ទាល់ មិនដែលបានទៅកាន់ក្រុងវ៉ាស៊ីនតោនទេ តាំងពី​ខែសីហាឆ្នាំ២០១៣មក។ សម័យ នោះ គាត់ឧស្សាហ៏ជួប សមភាគី​អាមេរិកាំង​របស់​គាត់ ​គឺលោក ចន ឃេរី  ខិតខំរកមធ្យោបាយ បញ្ឈប់ សង្គ្រាមនៅស៊ីរី។

គឺថ្ងៃព្រហស្បត៏ទី៤ ឧសភា ដែលក្នុងក្រុង អាស្តាណា រដ្ឋធានី កាហ្សាក់ស្ថាន ៣​ប្រទេស​ដែល​ជា អ្នកធានា ដល់ការឈប់បាញ់នៅស៊ីរី ពោលគឺ រុស្ស៊ី តួកគី អ៊ីរ៉ង់ បាន​ចុះ​ហត្ថលេខា​លើ​ គម្រោង​សំដៅបន្ថយអំពើហិង្សា នៅស៊ីរី។ ចូលជាធរមានថ្ងៃសៅរ៏ ៦ ឧសភា គម្រោង​នោះ ​ប្រមើល​បង្កើតឡើងជា “ ៤តំបន់សន្តិសុខ “
ហែហម​ ទៅ​ដោយ ប៉ុស្តកុងត្រូល និង មជ្ឈមណ្ឌលត្រួតពិនិត្យ ដែលឈរ​ជើង​ដោយ​កង​កម្លាំង​ ៣ប្រទេស នោះ។

សហរដ្ឋអាមេរិក ដែលបានវត្តមាននៅក្រុង អាស្តាណា តែក្នុងឋានៈ ជាអ្នកសង្កេតការណ៍ បាន​សាទរ គម្រោងនោះ ទាំងប្រយ័ត្នប្រយែង ពីព្រោះលោករដ្ឋមន្ត្រីការពារជាតិអាមេរិកាំង James Mattis បានថ្លែង ម្សិលម៉្ងៃថា ប្រទេសគាត់នឹងតាមដានមើល តើគម្រោងនោះ នឹង​ដំណើរ​ការ​យ៉ាងណាដែរ។

ក្នុង៦ឆ្នាំកន្លងទៅ ម៉ូស្គូនិងវ៉ាស៊ីនតោន តែងខ្វែងគំនិតគ្នា ក្នុង​ការ​រក​ដំណោះ​ស្រាយ​ឲ្យ​ជម្លោះ​នៅ​ស៊ីរី ដែល ឧបសគ្គបឋមទី១ គឺ ពាក់ព័ន្ធនឹងវាសនា លោកប្រធានាធិបតី បាស្ហា អាល់ អាសាដ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ