អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​ភរិយា​របស់អនាគត​ប្រធានាធិបតីបារាំង​ជា​នរណា ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​បារាំង​អាណត្តិ​មុន លះលែង​និង​រៀប​ការ​ជាថ្មី ពេល​កំពុងកាន់​តំណែង​ជា​ប្រមុខ​រដ្ឋ។ ប្រធានាធិបតី​ផុត​អាណត្តិ គ្មាន​ភរិយា ​មាន​តែ​កូននិងស្រី​កំណាន់ចិត្ត​ជា​ផ្លូវការ​និង​ក្រៅ​ផ្លូវការ។ ឯ​អនាគត​ប្រធានាធិបតី​ថ្មីដែល​នឹង​ត្រូវ​ចូល​កាន់​តំណែង​នៅ​សប្តាហ៍​ក្រោយវិញ​មាន​ភរិយា​​រៀប​ការ​ត្រឹម​ត្រូវ​ តែជាគូស្វាមីភរិយា នៃ​ស្នេហ៍​​បរិសុទ្ធ​បែប​កម្របំផុត ! មិន​ត្រឹម​តែ​ប្លែក​ពី​គេ​ ភរិយាមាន​អាយុ​បង​ស្វាមី​ដ៏​ច្រើន​ឆ្នាំ​នោះ​ទេ។ ក្រោយ​ពី​បាន​ជំនះ​ពាក្យ​អាស្រូវ និង​បង្ហាញ​សេចក្តីក្លាហាន​ជ្រើសរើស​បុរស​វ័យ​ស្មើ​កូន ជា​ស្វាមី​មក​​ ​លោកស្រី ប្រ៊ីហ្ស៊ីត ម៉ាក្រុង បាន​ធ្វើ​ខ្លួន​ជាដៃគូ​ដ៏​ល្អ​ឥតខ្ចោះ​នាំ​ស្វាមី​ឱ្យ​បាន​ឡើង​កាន់អំណាច​កំពូល​រដ្ឋ។

លោកស្រី Brigitte និង​លោក Emmanuel Macron
លោកស្រី Brigitte និង​លោក Emmanuel Macron © REUTERS/Eric Feferberg
ផ្សាយពាណិជ្ជកម្ម

លោក អេម៉ានុយអែល ម៉ាក្រុង ជា​ប្រធានាធិបតី​បារាំង​ទើប​ជាប់​ឆ្នោ​តថ្មី ដែល​មាន​វ័យ​ជាងគេ​បំផុត ឯភរិយា​វិញនឹង​ក្លាយ​ជា​លោកជំទាវទីមួយ​ដែល​មាន​វ័យ​ចំណាស់​ជាងគេ​បំផុតដែរ​ ក្នុង​ប្រវត្តិសាធារណរដ្ឋ​ទី​៥​របស់​បារាំង។ លោក​ម៉ាក្រុង​ មាន​វ័យ​ ២៤​ឆ្នាំ​ប្អូន​ភរិយា ដូចគម្លាត​រវាង​​លោក​ត្រាំ​និង​​ភរិយាដែរ គ្រាន់​តែ​បញ្ច្រាសភេទ​ប៉ុណ្ណោះ។

មនុស្ស​ប្រុស​ចេះ​យក​ប្រពន្ធ​ក្មេង​បាន ហេតុអ្វី​ស្ត្រី​យក​ប្តី​ក្មេង​មិន​បាន​ ?! តែ​យ៉ាង​ណា​ក៏​ដោយ​ ក៏​មនុស្ស​ជា​ច្រើន​នៅ​តែ​មាន​ការ​ភ្ញាក់ផ្អើល​ ជាពិសេស​នៅ​ពេល​គេបាន​ដឹង​អំពី​ប្រវត្តិស្នេហ៍​ដ៏​បរិសុទ្ធ​ ស្រលាញ់​គ្នា​ស្អិត​។

ពេញ​វ័យ​មាន​ស្នេហ៍ ជា​រឿង​ធម្មតា​របស់​មនុស្ស​លោក ! តើ​មាន​ក្មេង​ជំទង់​ប៉ុន្មាន​នាក់​ដែលមាន​​គំនួច​លួច​ស្នេហ៍​អ្នកគ្រូ ឬ​លោកគ្រូ ? គ្រាន់​តែ​គំនួច​ស្នេហ៍​បែប​នេះ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ឡើយ ដោយ​ហេតុ​តែ​សម្ពាធ​វប្បធម៌ ប្រពៃណី ច្បាប់ សីលធម៌ និង​សង្គម ... ហើយ​បើ​ជំនះ​បាន​នោះ​រឿង​ស្នេហ៍​នឹង​ត្រូវ​បញ្ចប់​ជា​ទូទៅ ដោយ​ទុក្ខសោក។
 

លោក Emmanuel Macron ហាត់​ថ្លែង​សុន្ទរកថា​ជាមួយ​ភរិយា​និង​ក្រុមការងារ
លោក Emmanuel Macron ហាត់​ថ្លែង​សុន្ទរកថា​ជាមួយ​ភរិយា​និង​ក្រុមការងារ Eric FEFERBERG / AFP

ដោយ​សារ​តែ​ជំនឿ​បែប​នេះ​ឯង ទើប​​ម្តាយ​ឪពុក​របស់​​លោក អេម៉ានុយអែល ម៉ាក្រុង បាន​ប្រឹង​ធ្វើ​រនាំ​ង និង​សាកល្បង​​ ជា​ច្រើន​លើក​ច្រើន​សា ​ផ្តាច់​ទំនាក់ទំនង​ស្នេហ៍​របស់​កូន​ប្រុស​អាយុ​១៦​ឆ្នាំ​ងុប​ស្រលាញ់​គ្រូ​អាយុ​៤០​ឆ្នាំ។ ដំបូង​ឡើយ​លោក​ទាំង​ពីរ​ស្មាន​តែ​កូនប្រុស​ជាប់​ស្នេហ៍​នឹង​កូនស្រី​អ្នកគ្រូ ដែល​រៀន​ក្នុង​ថា្នក់​ជាមួយ​គ្នា និង​កើត​ក្នុង​ឆ្នាំ​១៩៧៧​ដូចគ្នា។

នៅ​ពេលធ្លាយ​​ការពិត ទំនាក់ទំនង​កូន​សិស្ស​អេម៉ានុយអែល ម៉ាក្រុង ស្រលាញ់​គ្រូ​ ប្រ៊ីហ្ស៊ីត ត្រូញឺ បានក្លាយ​ជា​រឿង​អាស្រូវ​ពេញ​ស្រុក ! ស្វាមី​អ្នក​គ្រូ ប្រ៊ីហ្ស៊ីត​ ជា​វិស្វករ​ ខ្មាសគេ បាន​ចាក​ចេញ​ពី​ស្រុក​មុនគេ។ លោក​ម៉ាក្រុង ក៏​ត្រូវ​បាន​ម្តាយ​ឪពុក​បណ្តោះ​ចេញ​ពី​ផ្ទះ​ឱ្យ​ទៅ​បញ្ចប់​ការ​សិក្សា​នៅក្រុង​ប៉ារីស តែ​លោកស្រី ប៊្រីហ្ស៊ីត ត្រូញឺ ក៏​បាន​រត់​ទៅ​តាម​ដែរ ដោយ​លោកស្រី​បាន​សុំ​ផ្ទេរ​ទៅ​បង្រៀន​នៅ​រដ្ឋធានី​ និង​បន្ត​លួច​លាក់​ជួប​គ្នា​រហូត។

ពេល​វេលា​កន្លង​ទៅ​​​ជាង​២០​ឆ្នាំ​ហើយ​ ! ហើយ​ក៏​គ្មាន​អ្វី​ឈ្នះ​កម្លាំង​ស្នេហ៍ដែរ ! នៅ​ឆ្នាំ​២០០៦​ លោកស្រី​បាន​សម្រេចសុំលះលែង​ជាផ្លូវការ​ពី​ប្តី​ចាស់​ដែល​បាន​ផ្តល់​កូន​បី​នាក់ ដើម្បី​អាច​មាន​សិទ្ធិ​រៀបការ​ពេញ​លេញ​ជាមួយ​លោក អេម៉ានុយអែល ម៉ាក្រុង នៅ​ឆ្នាំ​២០០៧។
យើង​អាចស្រម៉ៃ​អំពី​ឧបសគ្គ​ជា​ច្រើន​ដែល​លោកស្រី​ត្រូវ​ជំនះ​ដើម្បី​ជីវិត​ស្នេហ៍​ឆ្លង​ជំនាន់​នេះ។ ប៉ុន្តែ​សម្រាប់​កូន​ស្រី​ពៅ​របស់​លោកស្រី​ប្រ៊ីហ្ស៊ីត ម៉ាក្រុង ដែល​មាន​កូន​មួយ​ដែរ​ទៅ​ហើយ ពួក​គេមិន​ចាប់​អារម្មណ៍​នឹង​អាយុ​ទេ ! ពួកគេ​គឺ​ជា​គ្រួសារ​ធម្មតា​ដូច​គ្រួសារ​បារាំង​រាប់​លាន​នាក់​ផ្សេង​ទៀត​ដែល​ឪពុកម្តាយ​លែង​លះ​ ហើយ​រៀប​ការ​ថ្មី​ -ជា​បន្សំ​​គ្រួសារ​ថ្មី ! គ្រាន់​តែ​ពេល​នេះ​ បន្សំ​គ្រួសារ​ធម្មតា ត្រូវ​រស់​ជាមួយ​ភាព​ល្បី​រន្ទឺ ! ជា​គ្រួសារ​តំណាង​ប្រទេស ជា​គ្រួសារ​ប្រធានាធិបតី មក​ស្នាក់​នៅ​វិមាន​អេលីហ្សេ។

គ្មាន​បទ​ពិសោធ​នយោបាយ​មែន ប៉ុន្តែ​លោក និង​លោកស្រី ម៉ាក្រុង​មាន​ជីវិត​គូ​ពិតៗ។ ហើយ​តាម​រយៈការ​ឆ្លង​កាត់​តំណែង​​ជា​អគ្គលេខាធិការ​រង​របស់​វិមាន​ប្រធានាធិបតី លោក​ម៉ាក្រុង បាន​យល់​ច្បាស់​អំពី​តួនាទី​របស់​ភរិយាប្រធានាធិបតី។ នៅក្នុង​ពេលឃោសនា​ លោក ម៉ាក្រុង បាន​អះអាង​ នឹង​លាត​ត្រលាង​កំណត់​តួនាទីលោកជំទាវ​ទី​មួយ​ឱ្យ​បាន​ច្បាស់​លាស់ ! ភរិយា​លោក​នឹង​តាម​លោក​គ្រប់​នាទី ភរិយា​លោក​ជា​ចំណែក​មួយ​នៃ​ជីវិត​លោក ​យោបល់​លោកស្រី​សំខាន់​ណាស់​សម្រាប់​លោក។ លោកស្រី​មិន​ដែល​ស៊ីប្រាក់​ខែ​ជា​ប្រពន្ធ​រដ្ឋមន្ត្រី ហើយ​ក៏​មិន​ស៊ីប្រាក់​ខែ​ជា​ប្រពន្ធ​ប្រធានាធិបតី​ដែរ។

កើត​នៅ​ថ្ងៃ​ទី ១៣ មេសា​១៩៥៣ លោកស្រី​ប្រ៊ីហ្ស៊ីត ម៉ាក្រុង មាន​សញ្ញាប័ត្រ​ជា​​គ្រូ​អក្សរសាស្ត្រ។ លោកស្រី ទើប​បញ្ឈប់​ការងារ​ជា​គ្រូបង្រៀន​ នៅ​​ឆ្នាំ​២០១៥ ឆ្នាំ​ដែល​លោកស្រីដល់​អាយុ​ចូលនិវត្តន៍។ សិស្ស​ជា​ច្រើន​បាន​រក្សាទុក​នូវ​អនុស្សាវរីយ៍​ល្អ​របស់​អ្នក​គ្រូ ថា​មានការ​យក​ចិត្ត​ទុកដាក់ មាន​និស្ស័យ​ជាមនុស្ស​សុទិដ្ឋនិយម​។

លោក ម៉ាក្រុង កាន់​ដៃ​ភរិយា ឡើង​វេទិកា​ក្រោយ​ការ​ប្រកាស​លទ្ធផល​ថា​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង ថ្ងៃទី ៧ ឧសភា ២០១៧
លោក ម៉ាក្រុង កាន់​ដៃ​ភរិយា ឡើង​វេទិកា​ក្រោយ​ការ​ប្រកាស​លទ្ធផល​ថា​លោក​ជាប់​ឆ្នោត​ជា​ប្រធានាធិបតី​បារាំង ថ្ងៃទី ៧ ឧសភា ២០១៧ REUTERS/Benoit Tessier

 
លោកស្រី​ទើប​ទម្លាប់​ខ្លួន​​នឹង​ជីវិត​ដូច​តារា​ នៅ​ពេលស្វាមី​បាន​បញ្ជាក់​មហិច្ឆតា​ចង់​ក្លាយ​ជា​ប្រធានាធិបតី​ប៉ុណ្ណោះ។ ញញឹម​រួសរាយ គួរ​ឱ្យ​ស្រលាញ់ ទទួល​ស្តាប់​ ជួន​ក៏​ឆើតឆាយ​​ជួន​ក៏​អត់ តែ​បាន​ធ្វើ​ខ្លួន​យ៉ាង​សក្តិសម​ក្នុង​អំឡុង​ពេល​ឃោសនា ដើរ​តួនាទី​ជា​ប្រពន្ធ នៅ​ជួរ​មុខ ជាប់​ស្វាមីដែល​ក៏​ត្រូវ​ការ​ឱ្យ​ភរិយា​នៅ​ក្បែរ​រហូត​ដែរ។ ជីវិត​នយោបាយ​ជា​ជីវិត​ដ៏​ហិង្សា​ណាស់​​សម្រាប់​ក្រុមគ្រួសារ ! ​លោកស្រី​ត្រូវហាត់​ខ្លួន​​ប្រឈម​ឱ្យ​បាន។

លោកស្រី​​​ម៉ាក្រុង ទំនង​ជា​នឹង​ដើរ​តួនាទី​ជា​ជំទាវ​ទី​មួយ​ដ៏​សកម្ម មាន​ព្រំដែនកំណត់ តែមិន​ជ្រុលហួស​សមរភូមិ​នយោបាយ​ទេ។ លោកស្រី បាន​អះអាង​ប្រាប់​សារព័ត៌មាន កាលពីថ្ងៃទី ២​ឧសភា ថា “ពួកគាត់​មាន​ដំណើរ​ជីវិត​ជា​គូ​ដែល​មាន​អ្នក​​ឆ្ងល់ចង់ដឹង​ច្រើន​។ អេម៉ានុយអែល​និងខ្ញុំ​ មាន​គោលការណ៍​ដូច​គ្នា គឺ​ធ្វើ​អ្វី​ពីរ​នាក់​ទើប​ប្រសើរ ហើយ​បើ​មាន​ការ​លំបាក​ ត្រូវ​ចែករំលែក​គ្នា”។ ជា​ការ​ពិត​ លោកស្រី​ប្រ៊ីហ្ស៊ីត ម៉ាក្រុង បាន​ទម្លាប់​រស់​ជាមួយ​ពាក្យ​​មនុស្ស​យំសើច​ តាំង​ពី​ជា​យូរ​ឆ្នាំ​មក​ហើយ ! ដូច្នេះពេលនេះ​​ចង់​នរណា​ថា​អ្វី​ក៏​លោកស្រី​លែង​ខ្វល់​ដែរ។ លោកស្រី គឺ​ភរិយា​របស់​ប្រធានាធិបតី​បារាំង- ជា​បេះដូង (​នៃ​វិមាន​) ប្រធានាធិបតី ! ចាប់​ពី​ថ្ងៃទី ១៤​ឧសភា ២០១៧៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ