អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​ការ​វាយប្រហារ​អ៊ីនធ័រនែត​កំរិត​ពិភពលោកទ្រង់ទ្រាយ​ធំ​មិន​ធ្លាប់​មាន

ចុះផ្សាយ​នៅ​ថ្ងៃ៖

អង់គ្លេស រុស្ស៊ី អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង ម៉ិចស៊ិក ... នៅ​ថ្ងៃសុក្រ​ទី ១២ ឧសភា ម្សិលមិញ កុំព្យូទ័រ​រាប់​សិបពាន់​គ្រឿង ក្នុង​ប្រទេស​ប្រមាណ​យ៉ាងហោច​​៩៩​ប្រទេស​ បាន​រង​ការ​វាយប្រហារ​អ៊ីនធ័រនែត បញ្ចូល​មេរោគ​ទៅ​បិទ​ខ្ទប់​ម៉ាស៊ីនកុំព្យូទ័រ​ ដោយ​ប្រើ​កម្មវិធី​ចាប់ជំរិត​​។ នេះ​ជា​ការ​វាយប្រហារ​ក្នុង​ទ្រង់ទ្រាយ​ធំ​ សឹង​មិនធ្លាប់ដែល​​មានពី​មុន​មក​សោះ។ អាជ្ញាធរ​អាមេរិក​ក៏​ដូច​ជា​អង់គ្លេស បាន​ណែនាំ​ឱ្យ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​ កុំ​បង់​ប្រាក់​លួស ទៅ​ឱ្យ​ពួកចោរ​អ៊ីនធ័រនែត​នោះ​។

មាន​យ៉ាងហោច​៩៩​ប្រទេស រង​ការ​វាយប្រហារ​អ៊ីនធ័រនែត​ដោយ​កម្មវិធី​ជំរិត
មាន​យ៉ាងហោច​៩៩​ប្រទេស រង​ការ​វាយប្រហារ​អ៊ីនធ័រនែត​ដោយ​កម្មវិធី​ជំរិត Oliver Nicolaas Ponder / EyeEm
ផ្សាយពាណិជ្ជកម្ម

អង្គការ​ ស្ថាប័នសាធារណៈ ក្រុមហ៊ុន​តូច​ធំ ធនាគារ ... នៅ​អេស្ប៉ាញ នៅ​អូស្ត្រាលី នៅ​ប៊ែលហ្សិក នៅ​បារាំង អាល្លឺម៉ង់ អ៊ីតាលី ឬ​ម៉ិចស៊ិក ... ​បាន​រងគ្រោះ​ពីការ​វាយប្រហារ​​អ៊ីនធ័រនែត ទៅ​បិទ​ខ្ទប់​កុំព្យូទ័រ​មិន​ឱ្យ​ប្រើ​កើត។ នៅ​សហរដ្ឋ​អាមេរិក​ ក្រុមហ៊ុនយក្ស​ផ្នែក​សេវា​​ដឹកជញ្ជូន​បញ្ជើ​FedEx ក៏​រងគ្រោះ។ ក្រសួង​មហាផ្ទៃ​រុស្ស៊ី ក៏​បាន​ប្រកាស​ថា​មាន​មេរោគ​ចូល​វាយ​លុក​ប្រព័ន្ធព័ត៌មានវិទ្យា​ក្រសួងដែរ តែ​មិន​បាន​បញ្ជាក់​ថា​ជា​ការ​វាយប្រហារ​ប្រភេទ​ដូច​គ្នា​នឹង​បណ្តា​ប្រទេស​ទៀត​ដែរ​ឬ​អត់​ទេ។

នៅ​អេស្ប៉ាញ​ កុំព្យូរទ័រ​របស់​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ ក្រុមហ៊ុនសហគ្រាស​មួយ​ចំនួន​ធំ ការិយាល័យ​មួយរបស់​ភ្នាក់ងារ​ស៊ើបការណ៍​ ជា​ច្រើន​គ្រឿង​ត្រូវ​គាំង នៅ​បារាំង​ការ​វាយប្រហារ​បែប​នេះ បាន​ប៉ះពាល់​ដល់​ក្រុមហ៊ុន​ផលិត​រថយន្ត​Renault តែ​គឺ​នៅ​ប្រទេស​អង់គ្លេស ដែល​ការ​រង​គ្រោះហាក់​​មាន​ទ្រង់ទ្រាយ​ធំជាងគេ ដោយ​ពួក​ចោរ​បាន​ទៅ​វាយ​ប្រហារ​​លើ​ប្រព័ន្ធ​សុខភាពសាធារណៈ ជា​ហេតុ​ធ្វើ​ឱ្យ​ការពិនិត្យជំងឺ​​ត្រូវ​អាក់ខាន ឬលុប​ចោល និង​រអាក់រអួល​យ៉ាង​ខ្លាំង  ... ទំនាក់ទំនង​តាមទូរស័ព្ទ​ក៏​មិន​កើត ចង់​ស្វែងរក​ទិន្នន័យ​សុខភាពរបស់​អ្នក​ជំងឺ​​ក៏​មិន​បាន សេវាសុខភាព​ជាតិ​អង់គ្លេសទាំង​មូល មន្ទីរពេទ្យ ការិយាល័យ​ពិគ្រោះ​សុខភាព ឱសថស្ថាន មួយ​ចំនួន ពេញ​ផ្ទៃ​ប្រទេស មិន​អាច​ដំណើរ​ការ​បាន​ដូច​ប្រក្រតី។ ​​កុំព្យូទ័រ​ត្រូវ​គាំង​ ដោយ​ការ​វាយប្រហារ​ជំរិត ​តាមអ៊ីនធ័រនែត តាម​រយៈ​​សារទាមទារ​ឱ្យ​បង់​ប្រាក់ ៣០០​ដុល្លារ ប្រសិនបើ​ចង់​បើក​កុំព្យូរទ័រ និង​ចង់​ប្រមូល​យក​ទិន្នន័យ​ដើមមក​​វិញ។

អាជ្ញាធរ​អង់គ្លេស​មិន​បាន​បញ្ជាក់​ទេ​ថា ​វីរ៉ុស​បាន​ជ្រៀត​ចូល​ជ្រៅ​ អាច​ចាប់​ទិន្នន័យ​ទាក់ទង​នឹង​សំណុំឯកសារ​​អ្នក​ជំងឺ​បាន ឬ​អត់។ ប៉ុន្តែ​ភាព​ធ្ងន់​ធ្ងរ​​ បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ឡុងដ៍​ បើកផែនការប្រឆាំង​​គ្រោះថ្នាក់​​ថ្នាក់​ជាតិ​តែ​ម្តង។ លោកស្រី​នាយករដ្ឋមន្ត្រី​ បាន​ចេញ​ថ្លែងការណ៍​ធានារ៉ាប់រង​ថា “ជាការ​វាយប្រហារ​អន្តរជាតិ សេវាសុខភាព​ជាតិ​អង់គ្លេស​ មិន​មែនជា​ស៊ីប​តែ​មួយ​របស់​ពួក​ចោរ​ឡើយ”។

​ក្នុង​ករណី​ជាក់ស្តែង​ពេល​នេះ អាជ្ញាធរ​អាមេរិក អង់គ្លេស សុទ្ធ​តែ​បាន​ប្រកាស​ណែនាំ​និង​លើក​ទឹក​ចិត្ត​ មិន​ឱ្យ​បុគ្គល​ឯកជន ឬ​អង្គការ ស្ថាប័ន​រងគ្រោះ​ បង់​ប្រាក់​ថ្នូរទេ ព្រោះ​វា​មិន​ប្រាកដ​ថា​នឹង​អាច​ប្រមូល​យក​ទិន្នន័យ​ដើម​មក​វិញ​បាន​ឡើយ​។

កម្មវិធី​ចាប់​ជំរិត​ម៉ាស៊ីន​កុំព្យូទ័រ ​

ការវាយប្រហារ​អ៊ីនធ័រនែតនេះ ប្រើ​វិធី​ចាស់ដោយ​ប្រើកម្មវិធី​ចាប់​ជំរិត​ម៉ាស៊ីន​កុំព្យូទ័រ ​ តែ​មាន​ប្រសិទ្ធិភាព​ខ្ពស់ ! បញ្ចូល​មេរោគ​ តាម​អ៊ីមែល​ ក្នុង​ឯកសារភ្ជាប់ រួច​ចូល​រាតត្បាត វាយប្រហារ​លើ​ប្រព័ន្ធ​Windows រហូត​ដល់គាំង​​កុំព្យូទ័រ ហើយ​ក៏​ចេញ​សារ​​​ទា​រ​ជា​លុយ ប្រសិន​បើ​ចង់​បាន​​ទិន្នន័យ​ដើម​មក​វិញ។ សារនោ​បាន​ទុក​ពេល​កំណត់ឱ្យ​​​បី​ថ្ងៃ។

បើ​តាម​សារព័ត៌មាន​អាមេរិក New York Times​ ឬ Financial Times កម្មវិធី​​ជំរិត​នេះ គឺ​ជា​កម្មវិធី​ដែល​ពួក​ចោរអ៊ីនធ័រនែតមួយ​ក្រុម​ឈ្មោះ​ថា Shadown Brokers ​​លួច​បាន​ពី​ភ្នាក់ងារ​សន្តិសុខ​អាមេរិក NSA។ កាលពី​ពីរ​បី​ខែ​មុន ក្រុម​ចោរ​នេះ បាន​ប្រកាស​​រកឃើញ​ចំណុច​ខ្សោយព័ត៌មាន​វិទ្យា​របស់​NSA និង​ប្រកាស​ឱ្យ​ដឹង​អំពី​សកម្មភាព​លួច​កម្មវិធី​វាយប្រហារ​អ៊ីនធ័រនែត​ជា​ច្រើន​ ពី​ភ្នាក់ងារ​យក្ស​ផ្នែក​សន្តិសុខ​របស់​អាមេរិ​ក​ទៀត។ ​​​ភ្នាក់ងារ​បាន​ដឹង និង​ក៏​បាន​ប្រាប់​Microsoft ឱ្យ​​កែ​រួច​ហើយ ប៉ុន្តែ​កុំព្យូទ័រណា​ដែល​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​ទេ សុទ្ធ​តែ​ងាយ​រង​គ្រោះ​ទាំង​អស់ ជា​ពិសេស​ពពួក​កុំព្យូរទ័រ​ដែល​បំពាក់​ប្រព័ន្ធ​​​ Windows XP ប្រព័ន្ធ​ចាស់ ដែល​Microsoft លែង​ធ្វើ​បច្ចុប្បន្នភាព។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា អេវ៉ា ស្នូដិន ក៏​ដូច​ជា​អ្នក​ជំនាញ​សន្តិសុខ​អ៊ីនធ័រនែត បាន​បន្ទោស​NSA ថា​មាន​ចំណែក​ទទួល​ខុស​ត្រូវ​មួយ​ផ្នែក នៃ​ការ​វាយប្រហារ​ដោយ​ចាប់​ជំរិត​នេះ ព្រោះ​ភ្នាក់ងារ​បាន​ដឹង​ថា​មាន​ចំណុច​ខ្សោយ​ផ្នែក​ការពារ​សន្តិសុខ​​ហើយ​មិន​ព្រម​ប្រាប់​ មិន​ព្រម​កែ ទុក​បណ្តោយ​ឱ្យ​ចោរ​លួច​បាននិង ឱ្យ​មាន​ការ​​​វាយប្រហារ​កើត​ឡើង​បាន។

ឧក្រិដ្ឋជនអ៊ីនធ័រនែត

កម្មវិធី​ជំរិត​កុំព្យូរទ័រ ​មាន​ការ​លូត​លាស់​ខ្លាំង នា​រយៈ​ពេល​បី​ឆ្នាំ​ចុងក្រោយ​នេះ និង​ ​ជាទូទៅ​ ​ច្រើន​តែបង្កើត​ឡើង​ដោយ​ពួក​ ឬ​បណ្តាញ​ឧក្រិដ្ឋជន​ព័ត៌មាន​វិទ្យា ដើម្បី​វាយប្រហារ​ច្របាច់ក​យក​លុយ​ពី​​ក្រុមហ៊ុន​ខ្នាត​តូច​និ​ងមធ្យម។ ពេល​ខ្លះ​ជន​រងគ្រោះនេះ​ មិន​ទាំង​ប្តឹង​ផ្តល់​ សុខចិត្ត​បង់​ប្រាក់​ថ្នូរ​ ព្រោះ​អស់​តិច​ជាង​ទៅ​រក​អ្នក​ជំនាញ​មក​រំដោះ ខាត​ពេល​ក៏​តិច រូបភាព​ក្រុមហ៊ុន​ក៏​រក្សា​បាន។

​ពុំទាន់​មាន​ភស្តុតាង អាចភ្ជាប់​បាន​ការ​វាយប្រហារ​ដោយ​កម្មវិធី​ជំរិត ទៅ​​ប្រទេស​ណា​មួយ មាន​ត្រឹម​តែ​សម្មតិកម្ម​ថា​ជា​ស្នាដៃ​របស់​ពួក​ឧក្រិដ្ឋជន​ ដឹកនាំ​ដោយ​ក្រុម​ចោរ Shadow Brokers អ្នក​ឯកទេស​ បាន​ត្រឹម​​​បង្កើន​ការ​ព្រួយ​បាម្ភ​ខ្លាំង​ណាស់ ប្រឈម​មុខ​នឹង​ការ​វាយប្រហារថ្នាក់​ពិភពលោក និង​ដ៏​លឿន​រហ័ស។ ប្រទេស​ដែល​ពាក់ព័ន្ធ​គ្មាន​អ្វី​ក្រៅ​អំពី​ត្រូវ​ប្រឹង​ចាត់​វិធានការ​ពង្រឹង​សន្តិសុខ​ប្រព័ន្ធ​ព័ត៌មាន​វិទ្យា​របស់​ខ្លួន ដើម្បី​វិភាគ​ឱ្យ​ដឹង​ថា​ ថា​កម្មវិធី​វាយប្រហារ​ដោយ​ជំរិត​នេះ គ្មាន​រដ្ឋ​ណា​មួយ​នៅក្រោយ និង​មិន​ដៅ​លើ​ស្ថាប័នណា​មួយ​ ជា​​ពិសេស ឬ​គ្រាន់​តែ​ការលួច​តាម​​ឱកាសហុច​ឱ្យ​។

យ៉ាងណា​ក៏​ដោយ​ ក៏​​​​ក្រុម​រដ្ឋមន្ត្រី​នៃ​ប្រទេស​មហាអំណាច​ឧស្សហកម្ម ប្រទេ​សមាន​សេដ្ឋកិច្ច​លូត​លាស់​ខ្លាំង​ជាង​គេ ​២០​ដំបូង ឬ​G ២០ ដែល​កំពុង​ជួប​ប្រជុំ​គ្នា​ នៅ​ប្រទេស​អ៊ីតាលី បាន​អំពាវនាវ​ឱ្យ​មាន​សកម្មភាព​រួម​ ចំណាត់ការ​ប្រទាក់​គ្នា​ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​វាយប្រហារ​អ៊ីនធ័រនែតនេះ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ