ការវាយប្រហារអ៊ីនធ័រនែតកំរិតពិភពលោកទ្រង់ទ្រាយធំមិនធ្លាប់មាន
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:២៩
អង់គ្លេស រុស្ស៊ី អេស្ប៉ាញ ព័រទុយហ្កាល់ បារាំង ម៉ិចស៊ិក ... នៅថ្ងៃសុក្រទី ១២ ឧសភា ម្សិលមិញ កុំព្យូទ័ររាប់សិបពាន់គ្រឿង ក្នុងប្រទេសប្រមាណយ៉ាងហោច៩៩ប្រទេស បានរងការវាយប្រហារអ៊ីនធ័រនែត បញ្ចូលមេរោគទៅបិទខ្ទប់ម៉ាស៊ីនកុំព្យូទ័រ ដោយប្រើកម្មវិធីចាប់ជំរិត។ នេះជាការវាយប្រហារក្នុងទ្រង់ទ្រាយធំ សឹងមិនធ្លាប់ដែលមានពីមុនមកសោះ។ អាជ្ញាធរអាមេរិកក៏ដូចជាអង់គ្លេស បានណែនាំឱ្យអ្នកប្រើប្រាស់កុំព្យូទ័រ កុំបង់ប្រាក់លួស ទៅឱ្យពួកចោរអ៊ីនធ័រនែតនោះ។
អង្គការ ស្ថាប័នសាធារណៈ ក្រុមហ៊ុនតូចធំ ធនាគារ ... នៅអេស្ប៉ាញ នៅអូស្ត្រាលី នៅប៊ែលហ្សិក នៅបារាំង អាល្លឺម៉ង់ អ៊ីតាលី ឬម៉ិចស៊ិក ... បានរងគ្រោះពីការវាយប្រហារអ៊ីនធ័រនែត ទៅបិទខ្ទប់កុំព្យូទ័រមិនឱ្យប្រើកើត។ នៅសហរដ្ឋអាមេរិក ក្រុមហ៊ុនយក្សផ្នែកសេវាដឹកជញ្ជូនបញ្ជើFedEx ក៏រងគ្រោះ។ ក្រសួងមហាផ្ទៃរុស្ស៊ី ក៏បានប្រកាសថាមានមេរោគចូលវាយលុកប្រព័ន្ធព័ត៌មានវិទ្យាក្រសួងដែរ តែមិនបានបញ្ជាក់ថាជាការវាយប្រហារប្រភេទដូចគ្នានឹងបណ្តាប្រទេសទៀតដែរឬអត់ទេ។
នៅអេស្ប៉ាញ កុំព្យូរទ័ររបស់ក្រុមហ៊ុនទូរគមនាគមន៍ ក្រុមហ៊ុនសហគ្រាសមួយចំនួនធំ ការិយាល័យមួយរបស់ភ្នាក់ងារស៊ើបការណ៍ ជាច្រើនគ្រឿងត្រូវគាំង នៅបារាំងការវាយប្រហារបែបនេះ បានប៉ះពាល់ដល់ក្រុមហ៊ុនផលិតរថយន្តRenault តែគឺនៅប្រទេសអង់គ្លេស ដែលការរងគ្រោះហាក់មានទ្រង់ទ្រាយធំជាងគេ ដោយពួកចោរបានទៅវាយប្រហារលើប្រព័ន្ធសុខភាពសាធារណៈ ជាហេតុធ្វើឱ្យការពិនិត្យជំងឺត្រូវអាក់ខាន ឬលុបចោល និងរអាក់រអួលយ៉ាងខ្លាំង ... ទំនាក់ទំនងតាមទូរស័ព្ទក៏មិនកើត ចង់ស្វែងរកទិន្នន័យសុខភាពរបស់អ្នកជំងឺក៏មិនបាន សេវាសុខភាពជាតិអង់គ្លេសទាំងមូល មន្ទីរពេទ្យ ការិយាល័យពិគ្រោះសុខភាព ឱសថស្ថាន មួយចំនួន ពេញផ្ទៃប្រទេស មិនអាចដំណើរការបានដូចប្រក្រតី។ កុំព្យូទ័រត្រូវគាំង ដោយការវាយប្រហារជំរិត តាមអ៊ីនធ័រនែត តាមរយៈសារទាមទារឱ្យបង់ប្រាក់ ៣០០ដុល្លារ ប្រសិនបើចង់បើកកុំព្យូរទ័រ និងចង់ប្រមូលយកទិន្នន័យដើមមកវិញ។
អាជ្ញាធរអង់គ្លេសមិនបានបញ្ជាក់ទេថា វីរ៉ុសបានជ្រៀតចូលជ្រៅ អាចចាប់ទិន្នន័យទាក់ទងនឹងសំណុំឯកសារអ្នកជំងឺបាន ឬអត់។ ប៉ុន្តែភាពធ្ងន់ធ្ងរ បានជំរុញឱ្យរដ្ឋាភិបាលក្រុងឡុងដ៍ បើកផែនការប្រឆាំងគ្រោះថ្នាក់ថ្នាក់ជាតិតែម្តង។ លោកស្រីនាយករដ្ឋមន្ត្រី បានចេញថ្លែងការណ៍ធានារ៉ាប់រងថា “ជាការវាយប្រហារអន្តរជាតិ សេវាសុខភាពជាតិអង់គ្លេស មិនមែនជាស៊ីបតែមួយរបស់ពួកចោរឡើយ”។
ក្នុងករណីជាក់ស្តែងពេលនេះ អាជ្ញាធរអាមេរិក អង់គ្លេស សុទ្ធតែបានប្រកាសណែនាំនិងលើកទឹកចិត្ត មិនឱ្យបុគ្គលឯកជន ឬអង្គការ ស្ថាប័នរងគ្រោះ បង់ប្រាក់ថ្នូរទេ ព្រោះវាមិនប្រាកដថានឹងអាចប្រមូលយកទិន្នន័យដើមមកវិញបានឡើយ។
កម្មវិធីចាប់ជំរិតម៉ាស៊ីនកុំព្យូទ័រ
ការវាយប្រហារអ៊ីនធ័រនែតនេះ ប្រើវិធីចាស់ដោយប្រើកម្មវិធីចាប់ជំរិតម៉ាស៊ីនកុំព្យូទ័រ តែមានប្រសិទ្ធិភាពខ្ពស់ ! បញ្ចូលមេរោគ តាមអ៊ីមែល ក្នុងឯកសារភ្ជាប់ រួចចូលរាតត្បាត វាយប្រហារលើប្រព័ន្ធWindows រហូតដល់គាំងកុំព្យូទ័រ ហើយក៏ចេញសារទារជាលុយ ប្រសិនបើចង់បានទិន្នន័យដើមមកវិញ។ សារនោបានទុកពេលកំណត់ឱ្យបីថ្ងៃ។
បើតាមសារព័ត៌មានអាមេរិក New York Times ឬ Financial Times កម្មវិធីជំរិតនេះ គឺជាកម្មវិធីដែលពួកចោរអ៊ីនធ័រនែតមួយក្រុមឈ្មោះថា Shadown Brokers លួចបានពីភ្នាក់ងារសន្តិសុខអាមេរិក NSA។ កាលពីពីរបីខែមុន ក្រុមចោរនេះ បានប្រកាសរកឃើញចំណុចខ្សោយព័ត៌មានវិទ្យារបស់NSA និងប្រកាសឱ្យដឹងអំពីសកម្មភាពលួចកម្មវិធីវាយប្រហារអ៊ីនធ័រនែតជាច្រើន ពីភ្នាក់ងារយក្សផ្នែកសន្តិសុខរបស់អាមេរិកទៀត។ ភ្នាក់ងារបានដឹង និងក៏បានប្រាប់Microsoft ឱ្យកែរួចហើយ ប៉ុន្តែកុំព្យូទ័រណាដែលមិនបានធ្វើបច្ចុប្បន្នភាពទេ សុទ្ធតែងាយរងគ្រោះទាំងអស់ ជាពិសេសពពួកកុំព្យូរទ័រដែលបំពាក់ប្រព័ន្ធ Windows XP ប្រព័ន្ធចាស់ ដែលMicrosoft លែងធ្វើបច្ចុប្បន្នភាព។
ហេតុដូច្នេះហើយបានជា អេវ៉ា ស្នូដិន ក៏ដូចជាអ្នកជំនាញសន្តិសុខអ៊ីនធ័រនែត បានបន្ទោសNSA ថាមានចំណែកទទួលខុសត្រូវមួយផ្នែក នៃការវាយប្រហារដោយចាប់ជំរិតនេះ ព្រោះភ្នាក់ងារបានដឹងថាមានចំណុចខ្សោយផ្នែកការពារសន្តិសុខហើយមិនព្រមប្រាប់ មិនព្រមកែ ទុកបណ្តោយឱ្យចោរលួចបាននិង ឱ្យមានការវាយប្រហារកើតឡើងបាន។
ឧក្រិដ្ឋជនអ៊ីនធ័រនែត
កម្មវិធីជំរិតកុំព្យូរទ័រ មានការលូតលាស់ខ្លាំង នារយៈពេលបីឆ្នាំចុងក្រោយនេះ និង ជាទូទៅ ច្រើនតែបង្កើតឡើងដោយពួក ឬបណ្តាញឧក្រិដ្ឋជនព័ត៌មានវិទ្យា ដើម្បីវាយប្រហារច្របាច់កយកលុយពីក្រុមហ៊ុនខ្នាតតូចនិងមធ្យម។ ពេលខ្លះជនរងគ្រោះនេះ មិនទាំងប្តឹងផ្តល់ សុខចិត្តបង់ប្រាក់ថ្នូរ ព្រោះអស់តិចជាងទៅរកអ្នកជំនាញមករំដោះ ខាតពេលក៏តិច រូបភាពក្រុមហ៊ុនក៏រក្សាបាន។
ពុំទាន់មានភស្តុតាង អាចភ្ជាប់បានការវាយប្រហារដោយកម្មវិធីជំរិត ទៅប្រទេសណាមួយ មានត្រឹមតែសម្មតិកម្មថាជាស្នាដៃរបស់ពួកឧក្រិដ្ឋជន ដឹកនាំដោយក្រុមចោរ Shadow Brokers អ្នកឯកទេស បានត្រឹមបង្កើនការព្រួយបាម្ភខ្លាំងណាស់ ប្រឈមមុខនឹងការវាយប្រហារថ្នាក់ពិភពលោក និងដ៏លឿនរហ័ស។ ប្រទេសដែលពាក់ព័ន្ធគ្មានអ្វីក្រៅអំពីត្រូវប្រឹងចាត់វិធានការពង្រឹងសន្តិសុខប្រព័ន្ធព័ត៌មានវិទ្យារបស់ខ្លួន ដើម្បីវិភាគឱ្យដឹងថា ថាកម្មវិធីវាយប្រហារដោយជំរិតនេះ គ្មានរដ្ឋណាមួយនៅក្រោយ និងមិនដៅលើស្ថាប័នណាមួយ ជាពិសេស ឬគ្រាន់តែការលួចតាមឱកាសហុចឱ្យ។
យ៉ាងណាក៏ដោយ ក៏ក្រុមរដ្ឋមន្ត្រីនៃប្រទេសមហាអំណាចឧស្សហកម្ម ប្រទេសមានសេដ្ឋកិច្ចលូតលាស់ខ្លាំងជាងគេ ២០ដំបូង ឬG ២០ ដែលកំពុងជួបប្រជុំគ្នា នៅប្រទេសអ៊ីតាលី បានអំពាវនាវឱ្យមានសកម្មភាពរួម ចំណាត់ការប្រទាក់គ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងការវាយប្រហារអ៊ីនធ័រនែតនេះ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ