អានតួអត្ថបទ

បារាំង​មាន​នាយក​រដ្ឋមន្ត្រីថ្មី​​ជា​អ្នក​ស្តាំ​និយម ឈ្មោះលោក អេដ័រ ហ្វីលីព

មុន​នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​ នៅ​ប្រទេស​អាល្លឺម៉ង់ ជា​លើក​ដំបូង​ ក្នុងឋានៈ​ជា​ប្រមុខ​រដ្ឋ និង​ក្នុង​ន័យ​ផ្តល់​សន្ទុះ​ដល់​អឺរ៉ុប និង​ដល់​ទំនាក់ទំនង​បារាំង-អាល្លឺម៉ង់ លោក អេម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតី​បារាំង​ថ្មី បាន​ប្រកាស​តែ​ង​តាំង​នាយក​រដ្ឋមន្ត្រី នៅ​ថ្ងៃ​ចន្ទ​នេះ។ តួនាទី​ដ៏​សំខាន់ និង​ជា​យុទ្ធសាស្ត្រ​បំផុតនេះ ត្រូវ​បាន​ប្រគល់​ទៅ លោក អេដ័រ ហ្វីលីព Edouard Philippe។

លោក Edouard Philippe នាយក​រដ្ឋមន្ត្រី​បារាំង​ថ្មី
លោក Edouard Philippe នាយក​រដ្ឋមន្ត្រី​បារាំង​ថ្មី AFP/CHARLY TRIBALLEAU
ផ្សាយពាណិជ្ជកម្ម

មាន​អាយុ​ ៤៦ ឆ្នាំ អេដ័រ ហ្វីលីព ទំនង​ជា​ឆ្លើយ​តប​បាន​គ្រប់​យ៉ាង​នឹង​លក្ខខណ្ឌ​តម្រូវ​ ទើប​​អាច​ក្លាយ​ជា​នាយក​រដ្ឋមន្ត្រីរបស់​លោក​ម៉ាក្រុង។ មាន​បទ​ពិសោធន៍​ច្រើនយ៉ាង ទាំង​ក្នុង​វិស័យ​សាធារណៈ និង​ឯកជន លោក​ក៏​ជា​ចៅហ្វាយ​ស្រុក អាវ (កំពង់ផែអាវ) ជា​អ្នក​ស្តាំកណ្តាល​​និយម​នៃ​បក្ស​សាធារណរដ្ឋ ស្និទ្ធ​ខ្លាំង​នឹង​លោក អាឡាំង ហ្ស៊ូប៉េ (គូប្រជែង​របស់​លោក​ហ្វីយ៉ុងនិង​ជា​បេក្ខជន​ចាញ់​ឆ្នោត​​ក្នុង​សម័យ​បោះឆ្នោត​ជ្រើសរើស​បេក្ខជន​ប្រធានាធិបតី​ប្រចាំ​បក្សសាធារណរដ្ឋ)​។

ជម្រើស​នេះ​ ត្រូវ​បាន​គេ​សំឡឹង​ឃើញ​ជា​​យុទ្ធសាស្ត្រ​ដ៏​ខ្ពស់ របស់​លោក​ប្រធានាធិបតី​ ម៉ាក្រុង ព្រោះ​អាច​នឹងធ្វើ​ឱ្យ​​អ្នក​សាធារណរដ្ឋ​ផ្សេង​ងាក​មក​ចូល​រួម​ក្នុង​បក្ស​របស់​លោក។ ពោល​គឺ​ជា​យុទ្ធសាស្ត្រ​ទាក់ទាញ​​​បំបែក​សំឡេង​បក្ស​ធំៗ ស្តាំនិយម​ ឬ​ឆ្វេង​និយម ដើម្បី​មាន​សំណាង​ខ្ពស់​បានឈ្នះ​ឆ្នោត​​​សភា នា​ខែ​មិថុនា​ខាង​មុខ។

សូម​បញ្ជាក់​ថា​ លោក​ ម៉ាក្រុង ជា​ប្រធានាធិបតី​ប្រសូត​ចេញ​ពី​ចលនា​ En Marche ដែល​ពេល​នេះ​បាន​ក្លាយ​ជា​បក្សនយោបាយ​មួយ​ហើយ មាន​ឈ្មោះ​ថា​សាធារណរដ្ឋ​En Marche។ ជា​មួយ​នឹង​ចលនា​នយោបាយ​ថ្មី​ថ្មោង និង​ជា​អ្នក​កណ្តាល​និយម ហានិភ័យ​ដ៏​ធំធេង​មួយ​ដែល​លោក​ត្រូ​វជំនះ​ឱ្យ​បាន គឺ​ប្រមូល​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ឱ្យ​បាន​ នៅ​ក្នុង​ការ​បោះឆ្នោត​សភា​ខែ​មិថុនា​ខាង​មុខ។ បើបរាជ័យ​មាន​ន័យ​ថា​លោក​ម៉ាក្រុង ត្រូវ​ដឹកនាំ​ប្រទេស​ដោយ​មាន​រដ្ឋាភិបាល​ចម្រុះ និង​ដោយ​មាន​នាយករដ្ឋមន្ត្រីអាច​​ជា​ឥស្សរជន​មក​ពី​ប្រឆាំង។ គឺ​ជា​សេណារីយោ​ដែល​លោក​ម៉ាក្រុង ចង់​បញ្ចៀស​ឱ្យ​បាន ដើម្បី​អាច​មាន​អំណាច​គ្រប់គ្រាន់​ក្នុង​ការ​ដឹកនាំ​ប្រទេស​ធ្វើ​កំណែទម្រង់​ផ្សេង​ តាម​ដែល​លោក​ចង់​បាន៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ