អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

កីឡាអូឡាំពិក ៖ តើ​ប៉ារីស និង Los Angeles ​មានចំណុច​ខ្លាំង​និង​ខ្សោយ​ខុស​គ្នា​យ៉ាងណាខ្លះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

គណៈប្រតិភូ​នៃ​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ​កំពុង​បំពេញ​ទស្សនកិច្ច នៅ​ក្នុង​ទីក្រុង​ប៉ារីស ដើម្បី​ត្រួតពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធកីឡា និង​ធ្វើការ​វាយតម្លៃ​លើ​បេក្ខភាព​របស់​ក្រុង​ប៉ារីស ដែល​ចង់​ធ្វើជា​ម្ចាស់ផ្ទះ រៀបចំ​ការ​ប្រកួតកីឡាអូឡាំពិក នៅ​ឆ្នាំ២០២៤។ គណៈប្រតិភូអូឡាំពិក​ក៏​ត្រូវ​បាន​ទទួល​ស្វាគមន៍ ដោយ​លោក​ប្រធានាធិបតី​ម៉ាក្រុង នៅ​វិមាន​អេលីសេ នៅថ្ងៃ​អង្គារ​នេះ។ គួរបញ្ជាក់ថា នៅ​ក្នុងការ​រៀបចំ​ការប្រកួតកីឡា​អូឡាំពិច​ឆ្នាំ២០២៤​នេះ ប៉ារីស​ត្រូវ​ប្រកួតប្រជែង​ជាមួយ​នឹង​ទីក្រុង Los Angeles របស់​អាមេរិក។

កីឡាអូឡាំពិក ប៉ារីស ២០១៤
កីឡាអូឡាំពិក ប៉ារីស ២០១៤ Dr
ផ្សាយពាណិជ្ជកម្ម

បន្ទាប់​ពី​បាន​បំពេញ​ទស្សនកិច្ច​ប្រកប​ដោយ​ជោគជ័យ​នៅ​ទីក្រុងLos Angeles មក ប្រតិភូ​គណៈកម្មាធិការអូឡាំពិក បាន​អញ្ជើញ​មក​​ក្រុង​ប៉ារីសម្តង។ ​ទស្សនកិច្ច​ប្រព្រឹត្តទៅ​ដោយ​រលូន ហើយ​ប៉ារីស​ក៏​បាន​ទទួល​ការ​សរសើរ​ជា​ច្រើន​ពី​គណៈកម្មាធិការ ប៉ុន្តែ​ដរាប​ណា​មិន​ទាន់​មានការ​​បោះឆ្នោត​សម្រេច​ទេ ទាំងប៉ារីស ក៏ដូច​Los Angeles មិន​អាចស្រែក​ជ័យឃោស​បាន​ឡើយ។ ព្រោះ​ថា​ក្រុង​ទាំង​ពីរ សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង និង​ចំណុច​ខ្សោយ​ប្រហាក់​ប្រហែល​គ្នា។

នៅ​ប៉ារីស ៩៥%​នៃហេដ្ឋារចនា​សម្ព័ន្ធ​កីឡា​មានស្រាប់​រួច​ទៅ​ហើយ ដោយ​ត្រូវ​សាង​សង់​តែ​ភូមិអូឡាំពិក​សម្រាប់កីឡាករសម្រាក​ ដែល​ក្រោយ​មក​នឹង​ក្លាយ​ទៅជាលំនៅដ្ឋានសម្រាប់​​ពលរដ្ឋ​យ៉ាង​ហោច​​៣៥០០គ្រួសារ។​ ចំពោះ​ទីតាំងប្រកួត​​មាន​​សុទ្ធ​តែ​មាន​ឈ្មោះ​​ល្បីៗ ដូច​ជា​កីឡា​ប្រណាំង​សេះ​នៅ​រាជរាំងVersailles ប្រកួតវិញ្ញាសា​ ក្រោម​ជើង​Tour Eiffel នៅ​ក្នុង​អាង​ធម្មជាតិ​ទន្លេ​សែន​ ​... តើ​កីឡាករ កីឡាការិនី​ណា​មិន​ស្រមៃរូបភាព​ដ៏​ល្អប្រណិត​នេះ​ ម្យ៉ាង​ទៀត​ទីតាំង​នីមួយៗ​សុទ្ធ​តែ​នៅជិតគ្នា ដោយ​ចំណាយ​ពេល​ធ្វើ​ដំណើរ​តិច​ជាង​៤៥​នាទី។ ចំណែក​Los Angeles  ក៏​មាន​រចនា​សម្ព័ន្ធ​កីឡាស្រេច​ហើយ​ដែរ និង​មាន​ផ្លាក​ហូលីវូត មួយ​ដ៏​ទាក់ទាញ​ទៀត។ Los Angeles មិនត្រូវ​ការ​​សាង​សង់​អ្វី​ទាំង​អស់ ក្រុង​នឹង​​ប្រែក្លាយ​សកលវិទ្យាល័យ​មួយ​ទៅ​ជា​ភូមិ​អូឡាំពិក​តែ​ម្តង។
​​​ដូច្នេះ​បទ​ពិសោធ​ន៍​មិន​ល្អ ភូមិដ្ឋាន​កីឡា ដែល​ចំណាយ​សាង​សង់​អស់​រាប់​លាន​ត្រូវ​បោះបង់​ចោលក្រោយព្រឹត្តិការណ៍​កីឡា​...​ ​មិន​អាច​កើត​ឡើង​បាន​ទេ  ​Los Angeles ​និងប៉ារីស។

ចំពោះ​ការ​ចំណាយ ខាង​Los Angeles មាន​ប្រៀប​ជាង​ប៉ារីស​បន្តិច ព្រោះ​មាន​គម្រោង​ចំណាយ​ត្រឹម​តែ ៥,៣​ពាន់​លាន​ដុល្លារ​ ទល់​នឹង​ប៉ារីស ៦,២​ពាន់​លាន​អឺរ៉ូ ក្នុង​នោះ បីពាន់​លាន​សម្រាប់​សាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ និង​ជាង​បីពាន់​លាន​ទៀត​សម្រាប់​រៀប​ចំ​កម្មវិធី តែ​អស់​តិច​ជាង​ចំណាយអូឡាំពិក​នៅ​ប៉េកាំង​ដល់​ទៅ ៥ដង​ឯណោះ។

​បើ​និយាយ​អំពី​មធ្យោបាយ​ធ្វើ​ដំណើរ​វិញ ប៉ារីស​មាន​គុណសម្បត្តិ​នាំ​មុខ​ខ្លាំងណាស់ ! ដោយសារ​តែ​ទីតាំង​ប្រកួត​កីឡា​ នៅ​ផ្តុំ​ជិតៗ​គ្នា​និងប្រព័ន្ធ​ដឹកជញ្ជូនប្រទាក់ក្រឡា និង​​ជឿនលឿន​ស្រាប់ ប៉ារីស​នឹងក្លាយ​ជា​រដ្ឋធានី​កីឡា​គោរព​បរិស្ថាន​ជាងគេ​បំផុត​ក្នុង​ប្រវត្តិអូឡាំពិក។ ប៉ារីស​នឹងក្លាយ​ជា​ក្រុង​គ្មានរថយន្ត មធ្យោបាយ​ធ្វើ​ដំណើរ​រួម​ឥតគិត​ថ្លៃ និង​មិន​បញ្ចេញ​ផ្សែង​ពុល​ ខុស​ពី​Los Angeles ដែលក្រុង​ធំ ក្រុង​ទ្រវែង​តាម​មាត់​សមុទ្ទ​មាន​អាកាសធាតុ​ល្អ តែ​មាន​បណ្តោយ​វែង ផ្លូវឆ្ងាយ ​ត្រូវ​ប្រើ​រថយន្ត​ធម្មតា ប្រឈម​នឹង​ការ​ស្ទះ​ចរាចរណ៍​រាល់​ថ្ងៃ។ ប៉ុន្តែ​គូប្រជែង​អាមេរិក​សន្យា​ថា​នឹង​ជួសជុល​សាង​សង់ ពង្រីក​​បណ្តាញ​ដឹកជញ្ជូន​សាធារណៈរថភ្លើង​ក្រោម​ដី ​ឱ្យ​ដល់​គ្រប់​ទីតាំង​ប្រកួត​កីឡា ក្នុង​រយៈ​ពេល​២០នាទី។

ប៉ារីស​ក្រុង​ទេសចរណ៍មាន​សមត្ថភាព​ធំធេង​ណាស់ នឹង​ទទួល​ភ្ញៀវ​ទាំង​បរិមាណ​និង​គុណភាព ប៉ុន្តែ​ ប៉ារីសទំនង​ជា​មាន​ចំណុច​ខ្សោយ​ខ្លាំង​មួយ គឺ​បញ្ហា​សន្តិសុខ។ ប៉ារីស​ដែល​រងការ​វាយប្រហារ​ភេរវកម្ម​ជា​ច្រើន​លើក​នា​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ត្រូវ​យក​ឈ្នះ​ចិត្ត​គណៈកម្មាធិការ​អូឡាំពិក​ឱ្យ​បាន​ ថាប៉ារីស​មាន​សមត្ថភាព​គ្រប់គ្រាន់​នឹង​ការពារ​សុវត្ថិភាព​ទេសចរ​ដែល​មកតាមដាន​​ការ​ប្រកួត​កីឡា​ពេល​នោះ។ អតីត​ប្រធានាធិបតី​បារាំង លោក ហ្វ្រង់ស័រ ហូឡង់ ធ្លាប់​បាន​ព្រមាន​រួច​ហើយ ថា​គ្មាន​ប្រទេសណា រដ្ឋធានីណា មាន​ការការពារបាន​ដូច​ចាក់​ថ្នាំ​បង្ការ​ទេ។ បារាំង​ធ្លាប់​រៀប​ចំ​កម្មវិធីកីឡា​ថ្នាក់​អន្តរជាតិ​ជា​ច្រើន​រួច​មក​ហើយ​ប្រកប​ដោយ​ជោគជ័យ​នា​ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ។

ទាំង​ប៉ារីស ទាំង Los Angeles សុទ្ធ​តែបានទទួល​ការ​គាំទ្រ​ខ្លាំង​ពី​ពលរដ្ឋ ពី​ពិភពលោក​កីឡា និង​ពី​ថ្នាក់​ដឹកនាំ​នយោបាយ។ ខាង​បារាំង លោក ម៉ាក្រុង ដែលទើប​ចូល​កាន់​តំណែង​ជា​ប្រធានាធិបតី​​ថ្មីថ្មោង បាន​ចំណាយ​ពេលវេលា​ទទួល​ស្វាគមន៍​ប្រតិភូ​នៃ​គណៈកម្មាធិការ​អូឡាំពិក​នៅ​វិមាន​អេលីហ្សេ​ព្រឹក​ថ្ងៃ​អង្គារ​ទី ១៦​ឧសភា ដែល​ជា​សារ​បញ្ជាក់​ថា​បារាំង​ពិត​ជា​មាន​ឆន្ទៈពិត​ប្រាកដ​ចង់​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំ​កីឡា​អូឡាំពិក​ពិតៗ។ Los Angeles ក៏​មិន​អន់​ ! ចំនួនពលរដ្ឋ​គាំទ្រ​អូឡាំពិក​ មាន​កំរិតខ្ពស់​ដល់​ទៅ ៨៨%​។ តែ​លើ​ផ្នែក​នយោបាយ បេក្ខភាព​Los Angeles អាច​ស្រអាប់​ជាង​ប៉ារីស ដោយ​ហេតុ​តែ​មាន​លោក ដូណាល់ ត្រាំ ជា​ប្រធានាធិបតី ជា​អ្នក​ប្រឆាំង​នឹង​អន្តោប្រវេសន៍ ដែល​ផ្ទុយ​ស្រលះ​នឹង​តម្លៃ​នៃ​អូឡាំពិក។

ក្រៅ​អំពី​​​ឆ្លើយ​តប​បាន​ទៅ​នឹង​លក្ខខណ្ឌតម្រូវ​​របស់គណៈកម្មាធិការ​អូឡាំពិក ប៉ារីស និង​Los Angeles មាន​គុណ​សម្បត្តិ​បន្ថែម​មួយ​ទៀត គឺ​អូឡាំពិក ២០២៤ ត្រូវ​ជា​ខួប​១០០​ឆ្នាំ​គត់ ដែល​ប៉ារីស​បាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀប​ចំ​កីឡា​នេះ​។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា Los Angeles ក៏​មាន​ប្រវត្តិ​ល្អ អាច​រំពឹង​លើ​​វត្តមាន​ក្រុមហ៊ុន​​​អ៊ីនធ័រនែត​ទំនើបៗ យក​បច្ចេកវិទ្យា​ចុងក្រោយ​មក​បំរើ​កីឡា ទាក់ទាញ​​ទស្សនិកជន និង​គណៈកម្មាធិការអូឡាំពិក។ ហេតុដូច្នេះ​ហើយ​បាន​ជា​គណៈកម្មាធិការ​ ចង់​ពិចារណា​ រក​ដំណោះស្រាយ​មួយ គឺឈ្នះឈ្នះ។ ​​ឈ្នះ ​មួយ​​ អូឡាំពិក​ ២០២៤ និង​ ឈ្នះពីរ គឺ​អូឡាំពិក​២០២៨។ តើ​ប៉ារីស ក៏​Los Angeles ជា​អ្នក​ទទួល​រៀប​ចំ​អូឡាំពិក ២០២៤ ? ចម្លើយ​នឹង​បាន​ដឹង​នៅ​ថ្ងៃ​ទី ១៣​កញ្ញា ២០១៧៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ