អានតួអត្ថបទ
បារាំង

រឿង​ខ្មោច​អ៊ីស្មាអែល​បើកឆាក​មហោស្រព​ភាពយន្ត​កាន

មហោស្រព​អន្តរជាតិ​កាន នៅយប់​ថ្ងៃ​ពុធ​ទី​១៧​ឧសភា ​បាន​បើក​សម្ពោធ​យ៉ាង​ឱឡារិក​ជាមួយ​នឹង​វត្តមាន​របស់​តារាភាពយន្តហូលីវូដ តារា​​ចម្រុះ​ជាតិសាសន៍ ​នៅ​លើ​កម្រាល​ព្រំក្រហម ក្រោម​ពន្លឺ​ភ្លើង​ឆ្វេចឆ្វាច​របស់​កាមារ៉ារាប់រយ​​របស់​អ្នកថតរូប​។​

ក្រុម​តារា​ភាពយន្ត​បារាំង​និង​សមិទ្ធិក​រឿង​ខ្មោច​អ៊ីស្មាអែល​
ក្រុម​តារា​ភាពយន្ត​បារាំង​និង​សមិទ្ធិក​រឿង​ខ្មោច​អ៊ីស្មាអែល​
ផ្សាយពាណិជ្ជកម្ម

មហោស្រព​កាន​នៅ​តែ​រក្សា​ក្បួន​​​ប្រពៃណី​ចាស់របស់ខ្លួន ដោយ​ផ្តល់​តម្លៃ​ទៅលើ​ពេល​វេលា​ថតរូប​​តារាភាពយន្ត អ្នកចម្រៀង ឥស្សរៈជន​ល្បីៗ ដែលតែង​​បង្អួត​បង្ហាញ​ម៉ូដ​ខោអាវ និង​គ្រឿង​អលង្កា​​របស់ខ្លួន នៅ​លើ​កម្រាល​ព្រំក្រហម។ នៅក្រោយ​ចប់​ពិធី​ដើរ​ឡើង​ជណ្តើ​ក្រាល​ដោយ​កម្រាលព្រំក្រហម គឺ​ពិធី​បើកប្រកាស​​ជា​ផ្លូវការ​មហោស្រព​ដែល​សម្របសម្រួល​ដោយ​តារាអ៊ីតាលី លោកស្រី ម៉ូនីកា បេលុចឈី។ “អត្តសញ្ញាណ​របស់​ភាពយន្ត​គឺ​គ្មាន​ភេទ ទង់ជាតិ និង​ព្រំដែន” នេះ​ជា​សារ​របស់តារា​អ៊ីតាលី ក្នុង​ពេល​ដែល​ប្រធាន​គណៈមេប្រយោគ លោក​Pedro Almodovar សមិទ្ធិករ​ល្បីឈ្មោះ​របស់​អេស្ប៉ាញ​បាន​សន្យា​ថា លោកនឹង​ធ្វើការ​ឲ្យ​អស់ពី​​កម្លាំងចិត្ត ដើម្បី​ដាក់​ពិន្ទុ​ឲ្យ​សុក្រិត​បំផុត​លើ​ភាពយន្ត​ចំនួន ១៩ ដែល​ក្រុមមេប្រយោគ​ទាំង​៨នាក់​របស់លោក​ រួម​មាន​ទាំង​តារា​អាមេរិកាំង វីល ស្មីត​ផង ត្រូវ​ជ្រើសរើស​សម្រាប់​ពាន​រង្វាន់​តាល់ប័ត្រ​មាស។

 
នៅ​យប់​ថ្ងៃ​ពុធ ខ្សែភាពយន្ត​បារាំង រឿង​ខ្មោច​របស់​អ៊ីស្មាអែល​របស់​សមិទ្ធិករ​Arnaud Desplechin​ត្រូវ​បាន​ជ្រើសរើស​សម្រាប់​បើក​ឆាក​ដំបូង​ក្នុង​មហោស្រព។ រឿង​ខ្មោចរបស់​អ៊ីស្មាអែល​ចូលរួម​សំដែង​ដោយ​តារាស្រី​ល្បី​ៗឈ្មោះ​​របស់​បារាំង មាន​ដូចជា Marion Cotillard Charlotte Gainsbourg។

រឿង​ខ្មោច​របស់​អ៊ីស្មាអែល​ មានរយៈពេល​១១០នាទី ជាខ្សែភាពយន្ត​ខ្នាតវែង​ ដែល​និយាយ​ពី​ជីវិត វិលវល់​របស់​អ្នកដឹកនាំរឿង​បារាំង។ ជីវិត​វិលវល់ ចិត្ត​មិន​ដាច់​ស្រលះ​នេះ​ជា​ទម្លាប់​ ចារិក​របស់​ជនជាតិ​បារាំង ដែល​ពេលខ្លះ គេ​មិនអាច​យល់​ជ្រៅ​ពី​គំនិត​ដ៏​អរូបិយ​របស់​ពួកគេ​បាន។ នៅក្នុង​រឿងនេះ សមិទ្ធិករ​បារាំង លោក​​ Arnaud Desplechinលើកនិយាយ​ពី​អ្នកដឹកនាំ​រឿង​មា្នក់​បាន​រៀបការ​ប្រពន្ធ​ថ្មី បន្ទាប់​ពី​ប្រពន្ធ​ដើម​របស់គាត់​បាត់ខ្លួនយ៉ាង​អាថ៌កំបាំង និងត្រូវ​បាន​គេ​​ប្រកាស​ថា បាន​ស្លាប់​បាត់​ជីវិត។ ប៉ុន្តែ នៅក្រោយ​បាត់ខ្លួន​២០ឆ្នាំ ប្រពន្ធ​ដើម​របស់​អ៊ីស្មាអែល​បាន​លេច​ខ្លួន​ត្រដែត នៅ​មុខ​ប្រពន្ធ​ទី​២​របស់​អ៊ីស្មាអែល ដែល​សំដែង​ដោយ​តារាភាពយន្ត Charlotte Gainsbourg។

ខ្មោច​របស់​អ៊ីស្មាអែល ប៉ុន្តែ និយាយ​ពី​ប្រពន្ធ​របស់​អ៊ីស្មាអែល​ដែលលេច​ខ្លួន​ដូច​ខ្មោច​ទៅវិញ។ សមិទ្ធិករ​បារាំង​កំពុង​ចង់​ឲ្យ​អ្នកមើល​វិលវល់​ដែរ​ឬ​យ៉ាងណា? គេ​សង្ឃឹមថា ខ្សែភាពយន្ត​ទាំង​១៩​ដែល​ចូលរួម​ប្រកួតដណ្តើម​រង្វាន់​តាល់ប័ត្រ​មាស​នឹង​អាច​សាមញ្ញ​ ងាយយល់​ជាង​រឿង​អ៊ីស្មាអែល​។​
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ