ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 18/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 18/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 18/11 12h00 GMT
អឺរ៉ុប

មហោស្រព​ភាពយន្ត​កានលើក​ទី ៧០​ចាប់ផ្តើម​បើក​ទ្វារ​ដោយ​គ្មាន​ខ្សែភាពយន្ត​ខ្មែរ​

media ពាន​រង្វាន់​តាល់ប័ត្រ​មាសនៅ​ឆ្នាំ​២០១៧​មាន​ដាំ​ដោយ​គ្រាប់​ពេជ្រ​ខុស​ប្លែក​ពី​ពេល​មុនៗ

មហោស្រពភាពយន្តអន្តរជាតិ​កាន​លើក​ទី​៧០ចាប់ផ្តើម​បើក​សម្ពោធ​នៅ​ថ្ងៃ​ពុធទី​១៧​ឧសភា​នេះ នៅ​ទីក្រុង​កាន ប៉ែកខាងត្បូង​ប្រទេស​បារាំង។ ដូចជារៀងរាល់​ឆ្នាំ ក្នុង​មហោស្រព​ភាពយន្ត​​ដែល​​ប្រព្រឹត្ត​ទៅ​រហូត​ដល់​ថ្ងៃ​ទី ២៨​ឧសភា ខ្សែភាព​យន្តចំនួន​១៩​មក​ពី​ប្រទេស​ចំនួន ១២​នឹង​ដាក់​ឲ្យ​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​តាល់ប័ត្រ​មាស ដែល​ជា​ពាន​រង្វាន់​ដ៏ល្បីល្បាញ​ក្នុង​វិស័យ​ភាពយន្ត​។

នៅក្នុង​ឱកាស​ប្រារព្ធខួប​លើក​ទី​៧០ មហោស្រព​ភាពយន្ត​កាន​ចង់​អបអរ លើក​ស្ទួយ​វិស័យ​ភាពយន្ត​ឲ្យ​ដល់​កម្រិត​កំពូល​មួយ។ នៅ​ឆ្នាំនេះ ចំនួន​ខ្សែភាពយន្ត​ចូលរួម​មាន​កាន់តែ​ច្រើន​ជាងមុន។ នៅក្នុង​ចំណោម​ខ្សែភាពយន្ត​ជិត​២០០០​មក​ពី​គ្រប់ទិសទី ក្នុង​ពិភពលោក មាន​តែ​ខ្សែភាពយន្ត​តែ​ប្រមាណ ៦០​មក​ពី​៣៦​ប្រទេស​ប៉ុណ្ណោះ ដែល​ត្រូវ​បាន​ជ្រើសរើស សម្រិតសម្រាំងបំផុត សម្រាប់​ការដាក់​បញ្ចាំង​ ក៏​ដូចជា​ការចូលរួម​ប្រកួតប្រជែង​យក​ពានរង្វាន់ តាល់ប័ត្រ​មាស La Palme d’or។

 
នៅ​ឆ្នាំនេះ ខ្សែភាពយន្ត​ខ្នាតវែង​ចំនួន​១៩​ នឹង​ប្រកួតប្រជែង​គ្នា​ដើម្បី​ដណ្តើម​តាល់ប័ត្រ​មាស ក្នុង​នាម​ជា​ខ្សែភាពយន្ត​ល្អដាច់គេ​។ ខ្សែភាពយន្ត​ដែល​ត្រូវដាក់​ឲ្យ​​ប្រកួតប្រជែង​ជា​ស្នាដៃ​ផលិតឡើង​ដោយ​​សមិទ្ធិករមកពី​ប្រទេស​ចំនួន ១២ ដូចជា​​បារាំង អាមេរិកាំង ជប៉ុន កូរ៉េខាងត្បូង រុស្ស៊ី អ៊ុយក្រែន ក្រិក ហុងគ្រី ស៊ុយអែត អង់គ្លេស អាល្លឺម៉ង់ អូទ្រីស​​ជាដើម។ ចំណែក​ខ្សែភាពយន្ត​ចំនួន​១៨​ផ្សេងទៀត​នឹង​ត្រូវដាក់​ឲ្យ​ប្រកួតប្រជែង​សម្រាប់​រង្វាន់​ Certain regard ដែល​សមិទ្ធិករ​ខ្មែរ​លោក​ប៉ាន់ រិទ្ធី​ធ្លាប់​បាន​ទទួល​នៅក្នុង​មហោស្រព​ភាពយន្ត​កាន នៅ​ឆ្នាំ២០១៣ សម្រាប់​ខ្សែភាពយន្ត ឯកសារ​ ​​​របស់លោក រឿង​កង្វះ​រូបភាព។ ក្នុង​​រយៈពេល​១០​ឆ្នាំ​ចុងក្រោយនេះ នេះជាលើក​ទី​១ ដែល​គ្មាន​ខ្សែ​ភាពយន្ត​ខ្មែរ​របស់​លោក​ប៉ាន់ រិទ្ធី ឬ​ជូ ដាវី​ចូលរួម បង្ហាញ​មុខ​នឹងគេ​នៅក្នុង​មហោស្រពកាន។
 
ក្រៅតែ​ពី​ការប្រកួតប្រជែង​ដណ្តើម​រង្វាន់​តាល់ប័ត្រ​មាស ហើយ​និង​Certain regard ខ្សែភាពយន្ត​បរទេស​ផ្សេងទៀតៗ​នឹង​ត្រូវ​ដាក់​បញ្ចាំង​ផងដែរ នៅក្នុង​ព្រឹត្តិការណ៍​ដទៃ​ទៀត ដូចជា ការចាក់​បញ្ចាំង​ពិសេស ការចាក់​បញ្ចាំង​កុន​ចាស់ៗ។ នេះ​គេនៅ​មិនទាន់​រៀបរាប់​ពី​កុន​បរទេស​ផ្សេងទៀត ដែល​ដាក់​ខ្លួន​ចូល​ប្រកួត ​នៅក្នុង​មហោស្រព​តូចៗ​ដែល​រៀបចំ អម​ដង្ហែរ​ជាមួយ​មហោស្រពអន្តរជាតិ​កាន ដូចជា​មហោស្រព​la quinzaines des réalisateurs ឬ la semaine de la critique ជាដើម។
 
នៅក្នុង​ឱកាស​ប្រារព្ធខួបលើក​ទី​​៧០ ​​គណៈមេប្រយោគ​ដែលជា​អ្នកដាក់​ពិន្ទុ​ឲ្យ​គុណតម្លៃ គុណភាព​រូបភាព ឬ​ខ្លឹមសារ​រឿង​នឹង​ស្ថិតនៅក្រោម​ការកាច់​ចង្កូត​ដឹកនាំ​របស់​សមិទ្ធិករ​អេស្ប៉ាញ​ដ៏ល្បីឈ្មោះ គឺ​លោក​pedro almodovar។ ចំណែក​តារា​ស្រី​អ៊ីតាលី​ដ៏ល្បីល្បាញ Monica Bellucci មាន​តួនាទី​ជា​ពិធីការនី នៅថ្ងៃ​បើក​សម្ពោធថ្ងៃ​ពុធទី ១៧​ឧសភា និង​នៅពេល​ប្រគល់​រង្វាន់​នៅ​ថ្ងៃ​បិទបញ្ចប់កម្មវិធី​​មហោស្រព​ភាពយន្តកាន នៅថ្ងៃទី ២៨​ឧសភា​ខាងមុខ។

 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ