អានតួអត្ថបទ

បារាំង​និង​អាល្លឺម៉ង់ ជំទាស់​ការ​ពង្រីក​តួនាទី​អូតង់​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​រដ្ឋអ៊ីស្លាម

បារាំង​និ​ងអាល្លឺម៉ង់ មិន​យល់​ព្រម​តាម​គម្រោង​អាមេរិក​ដែល​ចង់​ពង្រីក​តួនាទី​អូតង់​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹង​អង្គការ​​រដ្ឋ​អ៊ីស្លាម​ នៅ​អ៊ីរ៉ាក់ និង​ស៊ីរី​ទេ។ នេះ​បើ​តាម​ប្រភព​ការទូត​អឺរ៉ុប ក្នុង​ខណៈ​ដែល​ប្រធាន​អង្គការ​អូតង់​អំពាវនាវ​ឱ្យ​ប្រទេស​ជា​សមាជិក​អូតង់​ ចូល​សហការ​ជាផ្លូវការ​ជាមួយ​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម ព្រោះ​សារ​​គាំទ្រ នយោបាយ មិន​មែន​មាន​ន័យ​ថា សមាជិក​នោះ​ត្រូវ​តែ​ចូល​រួម​ធ្វើ​ប្រតិបត្តិការ​ប្រយុទ្ធ​ក្នុង​សមរភូមិ​ទេ។

លោក Donald Trump  និង​ប្រធាន​អង្គការ​អូតង់​ លោក Jens Stoltenberg នៅ​សេតវិមាន ១២ មេសា ២០១៧
លោក Donald Trump និង​ប្រធាន​អង្គការ​អូតង់​ លោក Jens Stoltenberg នៅ​សេតវិមាន ១២ មេសា ២០១៧ REUTERS/Jonathan Ernst
ផ្សាយពាណិជ្ជកម្ម

សមាជិក​ដែល​ចង់​ ត្រូវ​ដឹង​ថា​ការ​​ចូល​​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​ប្រឆាំង​ពួក​អង្គការ​រដ្ឋអ៊ីស្លាមបាន ​ជា​សារ​នយោបាយ​មួយ​គាំទ្រ​​អូតង់ផង និង​ដើម្បី​​កិច្ច​សហប្រតិបត្តិការ​ល្អ​រវាង​អូតង់​និង​សម្ព័ន្ធ​អន្តរជាតិ​ផង។ តែ​អូតង់ គ្មាន​ហេតុ​ផង​អ្វីត្រូវ​ចូល​រួម​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ឡើយ។ នេះ​ជា​ប្រសាសន៍​របស់​លោក​ប្រធាន​អង្គការ​អូតង់ នៅ​ចំពោះ​មុខ​អង្គ​ប្រជុំ​​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​អឺរ៉ុប នៅ​ទីក្រុង​ព្រុចសែល​ថ្ងៃ​នេះ។

ប៉ុន្តែ​សហរដ្ឋ​អាមេរិក​ដែល​ជា​អ្នក​ដឹកនាំការ​វាយប្រហារ​ផ្លូវ​អាកាស​ ក្នុង​ក្របខ័ណ្ឌ​​សម្ព័ន្ធ​អន្តរជាតិ​ តាំង​ពី​ឆ្នាំ​២០១៤ ​ លើ​ពួក​អង្គការ​រដ្ឋ​អ៊ីស្លាម​នៅ​ស៊ីរី និង​នៅ​អ៊ីរ៉ាក់ បាន​ទទូច​ជាង​មួយ​ឆ្នាំ​ហើយ​ឱ្យ​អូតង់​​​ចូល​រួម​ជា​មួយ។ លោក ដូណាល់ ត្រាំ តាំងពី​ឡើង​កាន់​អំណាច​មក តែង​ទាមទារ​ឱ្យ​សម្ព័ន្ធមិត្ត​អូតង់​ទាំង​អស់​ប្រឹង​បន្ថែម​ទៀត​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ភេរវនិយម​ និង​ចង់​ឱ្យ​អូតង់​ដើរ​តួ​សកម្ម​ជាង​មុន​ក្នុង​ប្រតិបត្តិការ​ប្រយុទ្ធ​ប្រឆាំង​នឹងពួក​អង្គការ​រដ្ឋ​អ៊ីស្លាម នៅ​អ៊ីរ៉ង់ និង​ស៊ីរី ដូច​ជា​​តាមដាន​សន្តិសុខ​ផ្លូវអាកាស​ ដឹកនាំធ្វើ​ប្រតិប្តតិការ​ ឬ ​ផ្គត់ផ្គង់​ប្រេង​ពេល​ហោះហើរ។ ផែនការ​នេះ នឹង​ត្រូវ​បង្ហើប​បង្ហាញ​ជា​ផ្លូវការ​នៅ​សប្តាហ៍​ក្រោយ​ក្នុង​ជំនួប​អូតង់​ ដែល​លោក​ត្រាំ​ត្រូវ​ចូល​រួម​និង​ជួប​សមាភាគី​អឺរ៉ុបជា​លើក​ទី​មួយ។

​រហូត​មក​ទល់​ពេល​នេះ សមាជិក​អូតង់​ជា​ច្រើន មិន​យល់​ព្រមឱ្យ​អូតង់​មាន​ចំណែក​មួយ​ភាគ​ដាច់​ក្នុង​សម្ព័ន្ធ​អន្តរជាតិ​​ទេ ! បើ​តាម​ប្រភព​ការ​ទូត អ៊ីតាលី ឬ​បារាំងនិង​អាល្លឺម៉ង់ ​ បាន​ជំទាស់​នឹង​គំនិតចង់​ពង្រីក​តួនាទី​អូតង់​ ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​ពួក​អង្គកា​ររដ្ឋ​អ៊ីស្លាម​នៅ​អ៊ីរ៉ាក់ និង​ស៊ីរី ព្រោះ​ខ្លាច​អូតង់​លុង​ខ្លួន ជួប​ស្ថានការណ៍​ដូច​នៅអាហ្វហ្កានីស្ថាន ដោយ​​ចំណាយ​អស់​ច្រើនជ្រុល​ និង​ជួប​ស្ថានការណ៍​ដូច​នៅ​លីប៊ី​ឆ្នាំ​២០១១​ដែល​បន្សល់​ទុក​នូវ​អនុស្សាវរីយ៍​អាក្រក់​​ក្នុង​អារម្មណ៍​​បណ្តា​ប្រជាជាតិ​អារ៉ាប​ និង​អាច​បង្ក​ឱ្យ​មាន​ភាព​ប្រឈម​បន្ថែម​ទៀត​​ជាមួយ​រុស្ស៊ី​ទៀត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ