ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 19/11 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 19/11 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 19/11 12h00 GMT

ទំនាក់ទំនងរវាង ម៉ូស្គូ និង ប៉ារីស ក្រោមអំណាចថ្មីនៅបារាំង

ទំនាក់ទំនងរវាង ម៉ូស្គូ និង ប៉ារីស ក្រោមអំណាចថ្មីនៅបារាំង
 
លោក​ពូទីន ត្រៀម​ធ្វើការ​ជាមួយ​ប្រធានាធិបតី​បារាំង​ តែ​យល់​ថាលោក​ម៉ាក្រុង​លើក​ខ្លួន​ខ្ពស់​បន្តិច​ហើយ © Reuters

ប្រាំថ្ងៃហើយ ដែល​បេក្ខជន​ឈ្នះឆ្នោត លោក អេម៉ានុយអែល ម៉ាក្រុង បាន​ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​ពេញសិទ្ធិ​ទី ៨ នៃ​សាធារណរដ្ឋ​បារាំង​ទី​៥ គិត​តាំងពី​ឆ្នាំ ១៩៥៩ មក។ មិនតែ ប៉ុណ្ណោះ​រូប​នាយក​រដ្ឋមន្ត្រី ដែល​គាត់​បាន​តែងតាំង​នៅ​ថ្ងៃ​បន្ទាប់មក ម្សិលម៉្ងៃ ថែម​ទាំង​បាន​ប្រកាស សមាសភាព​រដ្ឋាភិបាល​ថ្មី ទៅផង។ ដូច្នេះ ប្រទេសបារាំង មាន​អំណាច​នីតិប្រតិបត្តិ​ថ្មី ពេញ​រូប​ពេញ​រាង ទៅហើយ។ នៅចាំតែ​ការលេច​ចេញ​មក នៃ​អំណាច​នីតិប្រតិបត្តិ​ថ្មី យោង​តាម​លទ្ធផល​នៃ​ការបោះឆ្នោត សភា​ក្នុង​ខែ​មិថុនា​ខាងមុខ។ ព្រឹត្តិការណ៍នេះ ស្ថិត​នៅក្រោម​ក្រសែភ្នែក របស់​ក្រុង​ម៉ូស្គូ ដែល​ចងចាំ​មិនភ្លេច ពាក្យ​កម្លា​បន្លឺ​ឡើង​ដោយ​លោក​ម៉ាក្រុង ដែល​ថា​គាត់​នឹង​ចេះ “បង្ខំ​មេដឹកនាំ​រុស្ស៊ី​លោក​ពូទីន​ឲ្យ​គោរព​គាត់”។

ពិតជា​កូន​ឃ្លា​នេះ​ឯង ដែល​ត្រូវ​បាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​រុស្ស៊ី លើក​យក​មក​និយាយ ក្នុង​សម័យ​ឃោសនា​បោះឆ្នោត​របស់​លោក​ម៉ាក្រុង។ តាមសំដី លោកម៉ាក្រុង គាត់អាច​សម្រេច​បាន​ដូច​ចិត្ត ក្នុង​ការធ្វើ​យ៉ាងណា ដើម្បី​ឲ្យ​ពូទីន ”ប្រកាន់​អាកប្បកិរិយា​គោរព​គាត់” ពីព្រោះ​គាត់ ”ឥត​ជំពាក់​អ្វី​ប្រទេស​រុស្ស៊ី”ឡើយ។ គាត់​ឆ្លៀត​បន្ថែម​ទៅ​ផង​ថា ក្នុង​ដំណើរ​ប្រព្រឹត្ត​ទៅ​នៃ​ការឃោសនា​បោះឆ្នោត មាន​សង្កេត​ឃើញ ករណី​ជ្រៀតជ្រែក ដែល​មិន​អាច​ទទួល​យក​បាន​ពី​ខាង​រុស្ស៊ី។

ព្រមជាមួយនេះ លោកម៉ាក្រុង ប្តេជ្ញាថ្លែង​យ៉ាង​មាំ​ទៅ​លោក​ពូទីន​ថា គាត់​ត្រៀម​ចរចា​ជាមួយ​លោក​ពូទីន ដើម្បី​ដោះស្រាយ​ជម្លោះ​នៅស៊ីរី និង អ៊ុយក្រែន។ តាមសំដីគាត់ លុះណា​តែ “រុស្ស៊ី​បំពេញ​កាតព្វកិច្ចខ្លួន” តាម​កិច្ចព្រមព្រៀង​ក្រុង​មិនស្ក៍ ទើប​គាត់​រួម​ជាមួយ​នឹង​ថ្នាក់​ដឹកនាំ​អាល្លឺម៉ង់ អាច​លុប​ទៅ​វិញ​បន្តិច​ម្តងៗ ទណ្ឌកម្ម​សេដ្ឋកិច្ច​ប្រឆាំង​រុស្ស៊ី ហើយ​ពង្រីកភាព​ជា​ដៃ​គូ​នយោបាយ​និង​សេដ្ឋកិច្ច​សហភាព​អឺរ៉ុប - រុស្ស៊ី។
 
គាតក៏កត់សម្គាល់ដែរថា “ រុស្ស៊ី ជាប្រទេស​ដែល​មាន​ប្រជាជន វប្បធម៏ និង ប្រវត្តិសាស្ត្រ ដ៏មហិមា” ទាំង​រំលឹក​ថា ប៉ារីស និង ម៉ូស្គូ ធ្លាប់​បាន​ដើរតួ​មិន​តិច​ដង​ទេ ជា​សម្ព័ន្ធមិត្ត​នឹង​គ្នា ប៉ុន្តែ​ទោះយ៉ាង​ណា​ក្តី ក៏​បារាំង​មិន​ឃើញ​មាន​លេស​អ្វី​ណា បណ្តោយ​ឲ្យ​រុស្ស៊ី រំលោភបំពាន​លើច្បាប់​អន្តរជាតិ​ឡើយ។
 
លោកប្រមុខរដ្ឋ​រុស្ស៊ី វ៉្លាឌីមៀរ ពូទីន ដោយប្រកាស​ថា រុស្ស៊ី សូម​គោរព​ចំពោះ ជម្រើស​ធ្វើ​ដោយ​ប្រជាជន​បារាំង ក្នុង​សារ​ទូរលេខ​អបអរ​សរសើរ​ផ្ញើ​ជូន​លោក អេម៉ានុយអែល ម៉ាក្រុង ដែល​បាន​ឈ្នះ​ឆ្នោត​យ៉ាង​ត្រចះត្រចង់ បាន​បញ្ជាក់​ពី​ភាព​ត្រៀម​ខ្លួន​របស់​ម៉ូស្គូ “ធ្វើ​ការងារ​ស្ថាបនា” ជាមួយ​ក្រុង​ប៉ារីស ទាំង​ជុំវិញ​បញ្ហា នៃ​ទំនាក់ទំនង​ទ្វេ​ភាគី រុស្ស៊ី-បារាំង , ទាំង​ជុំ​វិញ បញ្ហា​តំបន់ និង បញ្ហា​ពិភពលោក “ដោយជឿ​ជាក់​ថា ការ​នេះ​ឆ្លើយ​ស្រប​នឹង​ផលប្រយោជន៍​ជា​គ្រឹះ​គន្លឹះ-របស់​ប្រជាជន​ប្រទេស​រុស្ស៊ី និង ប្រទេសបារាំង” សេចក្តី​នេះ ប្រកាស​ដោយ​វិមាន​ក្រេមឡាំង។
 
មេដឹកនាំរុស្ស៊ី ក្នុងសារ​នោះ គូស​បញ្ជាក់​ថា ៖ គឺ​ការកើនឡើង​នៃ​ការគម្រាម​ភេរវនិយម និង ជ្រុលនិយម ដែល​តែង​ហែហម​ទៅ​ដោយ​ការឆេះ​រាល​ដាល​នៃ​ភ្នក់​ជម្លោះ ហើយ​ពាំនាំ​អស្ថិរភាព​ដល់​តំបន់​ទាំងមូលៗ។
ម៉្លោះហើយ បានជា​ក្នុង​លក្ខណៈ​នេះ សំខាន់​ពិសេស ត្រូវ​ពុះពារ​ជំនះ​លើការ​មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅមក ហើយ​ស្រាក់​កម្លាំង​គ្នា​ធានា​ឲ្យ​មាន​ស្ថិរភាព និង សន្តិសុខ​អន្តរជាតិ។
 
ជាការកត់សម្គាល់ ម៉ូស្គូ ក្នុងទំនាក់ទំនងខ្លួន ជាមួយ​រដ្ឋ​បរទេស ដូច​ដែល​ថ្នាក់​ដឹកនាំ​រុស្ស៊ី រំលឹក​ហើយ​រំលឹក​ទៀត តែង​ឈរ​ឥត​ល្អៀង លើ​គោលការណ៍​ដូច​តទៅ ៖ គោរព​អធិបតេយ្យភាព​ម្ខាងៗ  មិន​លូក​ដៃ​ចូល​កិច្ចការ​ផ្ទៃក្នុង​ម្ខាងៗ  ទទួល​ស្គាល់​ផលប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក តាំង​នឹង​គ្នា​ភាព​ជាដៃ​គូ​ស្មើសិទ្ធិ​គ្នា។
បើគិតពី​គោលការណ៍​ស្មើ​សិទ្ធិគ្នា ពាក្យ​កម្លា​របស់​លោកម៉ាក្រុង ដែល​ថា​គាត់​នឹង​ចេះ​បង្ខំ​ពូទីន ឲ្យ​គោរពគាត់​មុខ​ជា​ពិបាក​ទំពា ដោយ​ម៉ូស្គូ ដ្បិត​ដោយ​សំដី​នេះ ចៅហ្វាយ​ថ្មី​នៃ​វិមាន Elysée លើក​ខ្លួន​ឯង ឲ្យនៅ​ខ្ពស់​ ជាង​ចៅហ្វាយ​វិមាន Kremlin ជាមុនស្រេច។
 
គួរនិយាយថា ពាក្យចោទ​ប្រកាន់​ពី​ខាង ក្រុម លោកម៉ាក្រុង ដែល​ថា​រុស្ស៊ី​ជា​ចោរ​វិទ្យាព័ត៌មាន លុក​ចូល​ស្អី​ណា ទៅ​ក្នុង​បណ្តាញ​អ៊ិនធ័រនែត​របស់​គេ ត្រូវ​បាន​អ្នកនាំពាក្យ​វិមាន​ក្រេមឡាំង​ច្រានចោល​ដាច់​អហង្ការ ព្រោះវា​គ្មាន​តឹកតាង​អ្វី​ជា​សំអាង​ឡើយ។
 
ប៉ុន្តែម៉ូស្គូ​ មិនរំលងឡើយ ពីចំណងជើងព័ត៌មាន លើកឡើង ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អង់គ្លេស BBC ដែល​ហៅ ​លោក​ម៉ាក្រុង ថាជា “អូបាម៉ា​អាមេរិកាំង” ក្រោយពី​អតីត​ប្រធានាធិបតី​អាមេរិកាំង​នេះ បាន​ថ្លែងគាំទ្រ​ក្តែងៗ ដល់​បេក្ខជន​ម៉ាក្រុង​មុន​ជុំ​ទី​២។ ទោះបី Equipe លោកម៉ាក្រុង ខំបដិសេធថា នេះ មិនមែន​ជាការ​ជួយ​ឃោសនា​ឲ្យ​លោក​ម៉ាក្រុង​ក្តី ក៏​ម៉ូស្គូ​នៅ​តែ​យល់​ថា វា​ជា​ការលូកដៃ​ត្រង់ៗ ចូលក្នុង​ការបោះឆ្នោត​នៅ​បារាំង។ ពិតជា អូបាម៉ា ដែល​ល្បី​ខាង​ពពាយ​នាយ​ឲ្យ​ប្រឆាំង​រុស្ស៊ី តែង​បាន​ចេញ​មុខ​ជ្រោង​លើក​ឡើង ពាក្យ​ស្លោកខ្លួន ឲ្យ​បង្ខាំង​ប្រទេស​រុស្ស៊ី ក្នុង​ភាព​ឯកោ​លើ​ឆាក​អន្តរជាតិ​ទៅ។
 
ទូរទស្សន៍រុស្ស៊ី ដោយផ្សាយ​បទយកការណ៍ យប់​ថ្ងៃ​៧​ឧសភា ពី​អង្គ​មីទ្ទិញ​យ៉ាង​គគ្រឹកគគ្រេង​នៃ​បក្សពួក លោក​ម៉ាក្រុង នៅ​លើ​ទីលាន​មុខ​សារមន្ទីរ Louvre ដែល​បាន​រួម​ប្រជុំ​ភ្លាម​ភ្លែត ក្រោយពី​ឮ​លទ្ធផល ស្តីអំពី​ជ័យជំនះ​ផ្តាច់ព្រ័ត្រ​របស់​គាត់​ក្នុង​ជុំ​ទី២ បាន​ឆ្លៀត​កត់​សម្គាល់​ថា ភ្លេង​ដែល​គេ​ប្រគំ​ក្នុង​មីទ្ទិញនេះ មិនមែន​ជា​ចម្រៀង​ស្នេហា​ជាតិ ដែល​ក្លាយជា ​ភ្លេង​ជាតិ​បារាំង Marseillaise  តែគឺ បទភ្លេង​របស់​សហភាពអឺរ៉ុប ស្នាដៃ​លោក  Ludvig Beethoven អ្នកនិពន្ធ​បទភ្លេង​អាល្លឺម៉ង់​នៃ​សតវត្សរ៍​ទី ១៨-១៩។ អ្នកឆ្លើយឆ្លង នៃ​កាណាល់​ទូរទស្សន៍​រុស្ស៊ី ក៍​ឆ្លៀត​ចោទ ជា​សំនួរ តើ​ក្នុង​តំណែង​កំពូល​របស់​ខ្លួន​នៅ​បារាំង លោកម៉ាក្រុង នឹង​ម្ចាស់ការណ៍​ខ្លួន​ឯង​ត្រឹម​កម្រិត​ណាដែរ ឬ​មួយ គ្រាន់​តែជា​តុក្កតា ប៉ុណ្ណោះ ? តាមការវិភាគ​របស់​ពួកនយោបាយវិទូ​រុស្ស៊ី លោកម៉ាក្រុង លើក​ផលប្រយោជន៍​អឺរ៉ុប​ខ្ពស់​ជាង​ផល​ប្រយោជន៍​បារាំង​ផ្ទាល់។
 
បើនិយាយពី លោកពូទីន នោះគាត់ ជាអ្នកនយោបាយ​ចាស់​ឆ្នាំ​ម្នាក់ ចិត្ត​ធ្ងន់ ហើយ​ប៉ិនអំណត់ មិនងាយ​បណ្តោយ ឲ្យ​គូ​សន្ទនា កាច់បំបាក់​ឆន្ទៈ​ខ្លួន​ឡើយ។ ប៉ុន្តែ​នរណា ដែល​ខ្វះ​ពិសោធន៍ ខ្វះ​អំណត់ ចិត្តស្រាល ឆាប់ច្រឡោត គឺ អាចថ្លោះការ ដើរ​ខុស​ក្រឡា។ ចំណុច​នេះ ថែម​ទាំងត្រូវ​បាន​ទទួល​ស្គាល់​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​បស្ចិមលោក​ទៅផង៕

 

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ