ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 23/05 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/05 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 22/05 12h00 GMT
អឺរ៉ុប

រឿង Okja របស់​Netflix អាច​នឹង​មិន​ទទួល​រង្វាន់​តាល់ប័ត្រ​មាស ​​

media  
រឿង​អ៊ុកចា របស់​អ្នកដឹកនាំ​រឿង​កូរ៉េ​របស់លោក​បង ជូនហូ មាន​សំដែង​ដោយ​តារា​អាមេរិកាំង Tilda Swinton

រឿង​អ៊ុកចា​ត្រូវ​ចាក់​បញ្ចាំង​ជា​ផ្លូវការ​នៅ​ថ្ងៃសុក្រ​ទី ១៩​នេះ នៅក្រោម​សំលេង​ទះដៃ និង​សំឡេង​រិះគន់​នៅ​ក្នុង​មហោស្រព។ អ៊ុកចា ផលិត​ដោយ​ក្រុមហ៊ុន​អាមេរិកាំង Netflix ត្រូវ​បាន​ជ្រើសរើស​​​សម្រាប់​ការប្រកួត​ប្រជែង​ដណ្តើម​ពានរង្វាន់​​តាល់បត្រ័មាស នៅក្នុង​មហោស្រព​កាន។ នៅ​ក្នុង​សន្និសីទ​កាសែត​​​នៅ​ថ្ងៃ​បើក​សម្ពោធ​មហោស្រព​កាល​ពី​ថ្ងៃ​ពុធ លោក​ពេដ្រូ អាល់ម៉ូដូវ៉ា ប្រធាន​គណៈមេប្រយោគ​ដាក់​ពិន្ទុ​លើខ្សែភាពយន្ត​ បាន​ពន្លយ​ឲ្យ​ដឹងថា ខ្សែ​ភាពយន្ត​​ដែល​មិន​ត្រូវ​ដាក់​បញ្ចាំង​លើ​អេក្រង់​ធំ ​តាម​រោងកុន មិនគួរ​នឹង​បាន​រង្វាន់​តាល់ប័ត្រមាស​នោះ​ទេ។

ពិភព​​មហោស្រពភាពយន្ត​កាន នៅ​ថ្ងៃនេះ​ចាប់អង្រួន​​ដោយ​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត រឿង​អ៊ុកចា របស់​សមិទ្ធិករកូរ៉េខាងត្បូង លោក​បង ជូនហូ។ រឿង​អុកចា​ ឧបត្ថម្ភ​ផលិត​​ដោយ​ក្រុមហ៊ុន​បណ្តាញ​ទូរទស្សន៍​អ៊ីនធ័រនែតNetflix​ បាន​ធ្វើ​ឲ្យ​គេ​ចាប់អារម្មណ៍ តាំង​ពី​មិន​ទាន់​ត្រូវគេ​​ចាក់​បញ្ចាំង​​នៅក្នុងការប្រកួតប្រជែង​ម្ល៉េះ។

 

ក្រុមហ៊ុន​អាមេរិកាំង​បាន​បដិសេធ មិន​ចាក់​បញ្ចាំង​រឿង​អ៊ុកចា នៅ​រោងកុន​ក្នុង​ប្រទេស​បារាំង ទៅតាម​​ការចង់​បាន​របស់​ អ្នករៀបចំ​មហោស្រព។ ទៅតាម​ក្បួន​ច្បាប់​របស់​មហោស្រព រាល់ខ្សែភាពយន្ត​ដែល​ត្រូវ​ដាក់​ឲ្យ​ប្រកួតប្រជែង នៅ​ក្នុង​មហោស្រព ត្រូវតម្រូវ​ឲ្យ​ចាក់​បញ្ចាំង​នៅតាម​រោងកុន ក្នុង​ប្រទេស​បារាំង មុន​នឹង​ត្រូវ​ចែកចាយ ដាក់​ឲ្យ​គេ​ជាវ​មើល​នៅ តាម​អ៊ីនធ័រនែត។ ប៉ុន្តែ Netflixវិញ​ បានប្រកាស​​​ប្រាប់​ទៅ​អ្នកជាវ​របស់​ខ្លួន​ថា ពួកគេ​នឹង​អាច​មើលរឿង​អ៊ុកចា ចាប់​ពី​​ថ្ងៃទី ២៨មិថុនា​ ខែក្រោយ។

 
ជំហរ​​របស់​ Netflix​​ត្រូវ​បាន​គេ​ចោទ​សួរ​រួចហើយ នៅក្នុង​សន្និសីទ​កាសែត​របស់​គណៈ​មេប្រយោគ​ដែល​ត្រូវ​ដាក់​ពិន្ទុ ជ្រើសរើស​ខ្សែភាពយន្ត​ដែល​ល្អដាច់​គេ​នៅក្នុង​មហោស្រព។ លោក​ពេត្រូ អាល់ម៉ូដូវ៉ា​ សមិទ្ធិករ​អេស្ប៉ាញ និង​ជា​ប្រធាន​គណៈមេប្រយោគ​ហាក់មិនយល់​ស្រប​នឹង​គំនិត​របស់​ក្រុមហ៊ុន​ Netflix​​នោះទេ។ ក្នុង​នាម​ជាអ្នកដឹកនាំ​រឿង​មួយរូប លោក​មិនចង់​ឲ្យ​គេ​មើល​ខ្សែភាពយន្ត តែ​នៅ​លើ​អេក្រង់​តូចៗ ជាង​កៅអី​អង្គុយនោះទេ។​គេ​គួរ​តែ​មើលស្នាដៃកុន ​នៅ​លើ​អេក្រង់ធំ ក្នុង​រោង ដូច្នេះតាម​យោបល់​របស់​លោក រឿង​ភាពយន្ត​ដែល​ត្រូវ​ដាក់​បញ្ចាំង​នៅ​តាម​រោងកុន​ នោះ​មិនគួរ​នឹង​ទទួល​បាន​រង្វាន់​តាល់​ប័ត្រ​មាស​នោះទេ។
 
នៅក្នុង​សន្និសីទ​កាសែត កាលពី​ប៉ុន្មានម៉ោងមុននេះ សមិទ្ធិករ​កូរ៉េខាងត្បូង លោក​បង ជូនហូ បានបន្ធូរ​ភាពតានតឹង​មកវិញ ដោយ​និយាយ​ថា លោក​មិន​អន់ចិត្តទេ ពីរឿង​រង្វាន់ សំខាន់ គឺ​ឲ្យ​តែ​បាន​គណៈមេប្រយោគ​បានមើល​​ស្នាដៃ​កុន របស់គាត់ គឺ​គ្រប់គ្រាន់។ សម្រាប់​លោក​ បង់ ជូនហូ ​ក្រុមហ៊ុន​ Netflix​​បាន​ដើរ​តួនាទី​សំខាន់​ បាន​​ជួយ​ឲ្យ​លោក​អាច​ផលិត​កុន​មួយ ដោយ​សេរីភាព​។ ម្យ៉ាងទៀត ទៅតាម​កិច្ចសន្យា​ជាមួយ Netflix​​ គឺ​រឿង​អ៊ុកចា​ ចាក់​បញ្ចាំង​នៅ​តាម​រោងកុន​នៅ កូរ៉េ និង​នៅលើ​បណ្តាញទូរទស្សន៍​អ៊ីនធ័រនែត​របស់​ Netflix​​ដែល​មានអ្នកជាវ​១០០​លាន​នាក់ នៅក្នុង​ពិភពលោក៕
 

 

ទាក់ទង​នឹង​ប្រធានបទ​នេះ
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ