អានតួអត្ថបទ
រុស្ស៊ី-អ៊ុយក្រែន

អ៊ុយក្រែន​​បន្ត​​ច្បាំង​​ទល់​​នឹង​​ភាសា​​រុស្ស៊ី​​

រដ្ឋសភា​អ៊ុយក្រែន​ថ្ងៃ​អង្គារ ២៣​ឧសភា បាន​អនុម័ត​ច្បាប់​ដែល​ប្រមើល​ថា​កម្មវិធី​ទូរទស្សន៍ ក្នុង​ទំហំ​យ៉ាងហោច​ណាស់ ៧៥% ត្រូវ​ផ្សាយ​ជា​ភាសា​អ៊ុយក្រែន។ ច្បាប់​នេះ មាន​ន័យ​ជា​វិធានការ​ថ្មី​តម្រង់​ទៅ​បន្ថយ​ការ​ប្រើ​ភាសា​រុស្ស៊ី​នៅ​អ៊ុយក្រែន។ មុនពេលនេះ រឿងកុន​រុស្ស៊ី ត្រូវ​បាន​ដក​ចេញ​ឈប់​ឲ្យ​បញ្ចាំង​តាម​ទូរទស្សន៍​អ៊ុយក្រែន​ទៅ​ហើយ។ មិនតែប៉ុណ្ណោះ ក្រុងគៀវ​ក៏​ហាម​មិន​ឲ្យ​នាំ​ចូល​សៀវភៅ​រុស្ស៊ី ជាច្រើន​បែប​សម្រាប់​លក់​នៅ​អ៊ុយក្រែន។ តាម​មតិ​តំណាងរាស្ត្រ​រុស្ស៊ី​ម្នាក់​អាជ្ញាធរ​អ៊ុយក្រែន ដោយ​អនុម័ត​ច្បាប់​ថ្មី ទើប​រក​ឃើញ​ខ្មាំង​មួយ​ទៀត​សម្រាប់​ខ្លួន - ខ្មាំង​នេះ​គឺ​បណ្តាជន​ដែល​និយម​ប្រើ​ភាសា​រុស្ស៊ី។ 

ប្រធានាធិបតី​អ៊ុយក្រែន​(ស្តាំ) និង​សមភាគី​កាហ្សាក់ស្ថាន នៅទីក្រុង​គៀវ ថ្ងៃ ២២ ធ្នូ ២០១៤
ប្រធានាធិបតី​អ៊ុយក្រែន​(ស្តាំ) និង​សមភាគី​កាហ្សាក់ស្ថាន នៅទីក្រុង​គៀវ ថ្ងៃ ២២ ធ្នូ ២០១៤ © Reuters
ផ្សាយពាណិជ្ជកម្ម

ច្បាប់​ស្តី​អំពី​កូតា​ភាសា​ផ្សាយ​តាម​ទូរទស្សន៍ ត្រូវបាន​តំណាងរាស្ត្រ​អ៊ុយក្រែន គាំទ្រ​ដោយ​សម្លេង​ដល់​ទៅ២៦៩ , រីឯ​ជំទាស់​គឺ​តែ ១៥ សម្លេង​ហើយ​អនុបវាទ​គឺ​១០​សម្លេង។ ស្របនឹង​ច្បាប់​នេះ​កាណាល់​ទូរទស្សន៍​ជាតិ​មាន​កាតព្វកិច្ច​ត្រូវ​ផ្សាយកម្មវិធី​ខ្លួន​ជាភាសា​អ៊ុយក្រែន​ក្នុង​កូតា​កុំឲ្យ​តិច​ជាង ៧៥%។ ចំណែក​ទូរទស្សន៍​នៅ​តាម​ខេត្ត​ត្រូវ​ផ្សាយ​ជា​ភាសា​អ៊ុយក្រែន​គឺ​ក្នុង​កូតា​កុំ​ឲ្យ​តិច​ជាង ៥០%។ 

ដោយសាទរ​ចំពោះ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នោះ លោក​ប្រធាន​រដ្ឋសភា​អ៊ុយក្រែន Andrii Paroubiiបានថ្លែង​ថា ៖ ជាថ្មីម្តងទៀត រដ្ឋសភាជាតិ​បានបង្ហាញ​ឲ្យ​ឃើញ​ថា ខ្លួនជា​ជាតិ​អ៊ុយក្រែន​មែន​ពិត ដែល​កំពុង​ព្យាយាម​លុបចោល​ស្នាមដាន​សល់ពី​អតីតកាល​សូវៀត​ចក្រពត្រ។  

ច្បាប់​ថ្មី​នឹងចូល​ជាធរមាន​ក្នុង​រយៈពេល​មួយ​ខែ​រួច​ប្រកាស​ឲ្យ​ប្រើប្រាស់​លុះ​ក្រោយ​ពី​វា​ទទួល​ការ​ចុះ ហត្ថលេខា​ដោយ​លោក​ប្រធានាធិបតី Petro Poroshenkoសិន។ 
អ្នកស្រុក​អ៊ុយក្រែន​ជាទូទៅ​និយាយពីរ​ភាសា​គឺ​ភាសា​អ៊ុយក្រែន​និង​ភាសា​រុស្ស៊ី។ ប៉ុន្តែ​ភាសា​រុស្ស៊ី​ត្រូវ​គេ ប្រើ​ញឹកញយ​ជាង​គឺ​នៅ​តំបន់​ខាង​កើត​រីឯ​ភាសា​អ៊ុយក្រែន​គឺ​គេ​និយម​ប្រើនៅ​ប៉ែក​ខាង​លិច​ប្រទេស។

សមាជិក​សភា​ឌូម៉ា​ជាសភា​ជាន់ក្រោម​នៃ​រដ្ឋសភា​រុស្ស៊ី លោក Rousslan Balbekដែល​តំណាង​ឲ្យ​ខេត្ត​ថ្មី​ចំណុះ​សហព័ន្ធ​រុស្ស៊ី​គឺ​ខេត្ត​គ្រីមេ-ទឹកដីផ្តាច់​ចេញ​ពីអ៊ុយក្រែន​ហើយ​ភ្ជាប់មក​នឹង​រុស្ស៊ី កាលពី​៣​ឆ្នាំ​មុន បាន បរិហារ​របស់​ដែល​ហៅ​ថា “បូជនីយកិច្ច” ប្រឆាំង​ភាសា​រុស្ស៊ី។ តាមសំដី​គាត់ ៖ ម៉ាស៊ីន​អំណាច​អ៊ុយក្រែន​ដែល​មិនអាច​កំទេច​តំបន់​បះបោរ​ដុនបាស់់ នៅប៉ែក​ខាង​កើត ជា​តំបន់​រុស្ស៊ី​និយម​និង​មិនអាច​ខ្ទប់ដង្ហើម​ទៀបកោះគ្រីមេ បាន​ដូច​ចិត្ត ទើប​រកឃើញ​ខ្មាំង​ថ្មី​សម្រាប់​ខ្លួន- ខ្មាំង​នេះ គឺ​បណ្តាជន​ដែល​និយមប្រើ​ភាសា​រុស្ស៊ី៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ