លោកស្រីអង់ហ្កឺឡា មែរកិល៖អឺរ៉ុបត្រូវតែគិតគូរដោះស្រាយស្វែងរកអនាគតរបស់ខ្លួនដោយខ្លួនឯង
នៅក្នុងប្រទេសអាល្លឺម៉ង់ លោកស្រីនាយករដ្ឋមន្រ្តីអង់ហ្កឺឡា មែរកិលបានថ្លែងថា ចាប់ពីពេលនេះតទៅ អឺរ៉ុបត្រូវតែចាប់ដៃគ្នាដើម្បីគិតគូរស្វែងរកជោគវាសនាអនាគតដោយខ្លួនឯង។ ការថ្លែងរបស់លោកស្រីមែរកិលដូចនេះបានធ្វើឡើង បន្ទាប់ពីលោកស្រីទើបត្រឡប់ពីចូលរួមជំនួបកំពូលអូតង់នៅក្នុងទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក និងជំនួបកំពូល G៧ នៅក្នុងប្រទេសអ៊ីតាលី។ ហេតុអ្វីបានជាប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បានបញ្ចេញប្រតិកម្មយ៉ាងដូច្នេះ?
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០១:៤៦
« ខ្លួនទីពឹងខ្លួន » នេះហើយជាសុភាសិតដែលលោកស្រីនាយករដ្ឋមន្រ្តីអាល្លឺម៉ង់អង់ហ្កឺឡា មែរកិលបានប្រើដើម្បីដាស់តឿនអឺរ៉ុបឲ្យផ្តើមគិតគូរពីជោគវាសនាអនាគតរបស់ខ្លួនដោយខ្លួនឯង ពោលមិនចាំចាប់ពឹងលើដង្ហើមរបស់អ្នកដទៃទៀតឡើយ។ លោកស្រីមែរកិលបានបញ្ជាក់ច្បាស់ៗថា សម័យកាលដែលយើងអាចពឹងពាក់គ្នាទៅវិញ ទៅមកមានការផ្លាស់ប្តូរ ឬគេអាចនិយាយបែបម្យ៉ាងទៀតថា សម័យកាលនេះជាសម័យកាលដែលយើងត្រូវពឹងលើកម្លាំងខ្លួនឯងដើម្បីកំណត់ពីវាសនារបស់ខ្លួន។
ប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់រូបនេះបានថ្លែងនៅក្នុងអង្គមេទ្ទេញឃោសនាបោះឆ្នោតមួយនៅទីក្រុង Munich នាថ្ងៃអាទិត្យ ទី២៨ ឧសភា បន្ទាប់ពីលោកស្រីបានត្រឡប់ពីការចូលរួមនៅក្នុងជំនួបកំពូលអង្គការអូតង់ក្នុងប្រទេសបែលហ្ស៊ិក និងជំនួបកំពូលនៃក្រុមប្រទេសមហាអំណាចឧស្សាហកម្មក្នុងលោកហៅកាត់ថា G៧ ក្នុងប្រទេសអ៊ីតាលី។ គឺនៅក្នុងជំនួបកំពូលទាំងពីរនេះហើយដែលលោកស្រីមែរកិលបានភ្ញាក់ខ្លួនថា ចប់ហើយសម័យកាលដែលអឺរ៉ុបអាចពឹងពាក់លើសម្ព័ន្ធមិត្តរបស់ខ្លួនដូចពេលមុននោះ។
នៅត្រង់ចំណុចនេះ លោកស្រីមែរកិលចង់និយាយសំដៅលើទំនាក់ទំនងរវាងអាមេរិករបស់លោកដូណាល់ ត្រាំជាមួយអឺរ៉ុប និងជាមួយអង្គការអូតង់។ លោកស្រីប្រមុខរដ្ឋាភិបាលអាល្លឺម៉ង់បាននិយាយត្រង់ៗដោយមិនលាក់លៀមថា លោកស្រីមានការខកចិត្តខ្លាំងណាស់ចំពោះឥរិយាបទរិះគន់ ទិតៀនមិនសំចៃមាត់របស់លោកដូណាល់ ត្រាំលើសម្ព័ន្ធមិត្តនៅក្នុងអង្គការអូតង់ និងជំហររបស់លោកដូណាល់ ត្រាំលើកិច្ចព្រមព្រៀងអន្តរជាតិមួយចំនួន ពិសេសកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីបញ្ហាអាកាសធាតុដែលលោកត្រាំព្រមានដកខ្លួនចេញ។
ដោយបន្តរក្សាទុកចំណងមិត្តភាពជាមួយអាមេរិក និងប្រទេសអង់គ្លេស លោកស្រីមែរកិលបានយល់ឃើញថាចាប់ពីពេលនេះតទៅ អឺរ៉ុបត្រូវតែតស៊ូប្រយុទ្ធដើម្បីអនាគត និងវាសនារបស់ខ្លួន៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ