អានតួអត្ថបទ
អាល្លឺម៉ង់-អឺរ៉ុប

លោកស្រីអង់ហ្កឺឡា មែរកិល៖​អឺរ៉ុប​ត្រូវ​តែ​គិត​គូរ​ដោះស្រាយ​ស្វែង​រក​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​បាន​ថ្លែង​ថា ចាប់​ពី​ពេល​នេះ​ត​ទៅ អឺរ៉ុប​ត្រូវ​តែ​ចាប់​ដៃ​គ្នា​ដើម្បី​គិតគូរ​ស្វែង​រក​ជោគវាសនា​អនាគត​ដោយ​ខ្លួន​ឯង។ ការ​ថ្លែង​របស់​លោកស្រី​មែរកិល​ដូច​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោកស្រី​ទើប​ត្រឡប់​ពី​ចូលរួម​ជំនួបកំពូល​អូតង់​នៅ​ក្នុង​ទីក្រុង​ព្រុចសែល ប្រទេស​បែលហ្ស៊ិក និង​ជំនួបកំពូល G៧ នៅ​ក្នុង​ប្រទេស​អ៊ីតាលី។ ហេតុអ្វី​បាន​ជា​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ចេញ​ប្រតិកម្ម​យ៉ាង​ដូច្នេះ?

លោកស្រីអង់ហ្កឺឡា មែរកិល៖​អឺរ៉ុប​ត្រូវ​តែ​គិត​គូរ​ដោះស្រាយ​ស្វែង​រក​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង
លោកស្រីអង់ហ្កឺឡា មែរកិល៖​អឺរ៉ុប​ត្រូវ​តែ​គិត​គូរ​ដោះស្រាយ​ស្វែង​រក​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង REUTERS/Michaela Rehle
ផ្សាយពាណិជ្ជកម្ម

« ខ្លួន​ទីពឹង​ខ្លួន » នេះ​ហើយ​ជា​សុភាសិត​ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​បាន​ប្រើ​ដើម្បី​ដាស់​តឿន​អឺរ៉ុប​ឲ្យ​​ផ្តើម​គិតគូរ​ពី​ជោគវាសនា​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង ពោល​មិន​ចាំ​ចាប់​ពឹង​លើ​ដង្ហើម​របស់​អ្នកដទៃ​ទៀត​ឡើយ។ លោកស្រី​មែរកិល​បាន​បញ្ជាក់​ច្បាស់ៗ​ថា សម័យកាល​ដែល​យើង​អាច​ពឹងពាក់​គ្នា​ទៅ​វិញ ទៅ​មក​មាន​ការ​ផ្លាស់ប្តូរ ឬ​គេ​អាច​និយាយ​បែប​ម្យ៉ាង​ទៀត​ថា សម័យកាល​នេះ​ជា​សម័យកាល​ដែល​យើង​ត្រូវ​ពឹង​លើ​កម្លាំង​ខ្លួន​ឯង​ដើម្បី​កំណត់​ពី​វាសនា​របស់​ខ្លួន។

ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​រូប​នេះ​បាន​ថ្លែង​នៅ​ក្នុង​អង្គមេទ្ទេញ​ឃោសនា​បោះឆ្នោត​មួយ​នៅ​ទីក្រុង Munich នា​ថ្ងៃ​អាទិត្យ ទី២៨ ឧសភា បន្ទាប់​ពី​លោកស្រី​បាន​ត្រឡប់​ពី​ការ​ចូលរួម​នៅ​ក្នុង​ជំនួបកំពូល​អង្គការ​អូតង់​ក្នុង​ប្រទេស​បែលហ្ស៊ិក និង​ជំនួបកំពូល​នៃ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​ក្នុង​លោក​ហៅកាត់​ថា G៧ ក្នុង​ប្រទេស​អ៊ីតាលី។ គឺ​នៅ​ក្នុង​ជំនួបកំពូល​ទាំង​ពីរ​នេះ​ហើយ​ដែល​លោកស្រី​មែរកិល​បាន​ភ្ញាក់ខ្លួន​ថា ចប់​ហើយ​សម័យកាល​ដែល​អឺរ៉ុប​អាច​​ពឹងពាក់​លើ​សម្ព័ន្ធមិត្ត​របស់​ខ្លួន​ដូច​ពេល​មុន​នោះ។

នៅ​ត្រង់​ចំណុច​នេះ លោកស្រី​មែរកិល​ចង់​និយាយ​សំដៅ​លើ​ទំនាក់ទំនង​រវាង​អាមេរិក​របស់​លោក​ដូណាល់ ត្រាំ​ជាមួយ​អឺរ៉ុប និង​ជាមួយ​អង្គការ​អូតង់។ លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​និយាយ​ត្រង់ៗ​ដោយ​មិន​លាក់លៀម​ថា លោកស្រី​មាន​ការ​ខក​ចិត្ត​ខ្លាំង​ណាស់​ចំពោះ​ឥរិយាបទ​រិះគន់ ទិតៀន​មិន​សំចៃមាត់​របស់​លោក​ដូណាល់ ត្រាំ​លើ​សម្ព័ន្ធមិត្ត​នៅ​ក្នុង​អង្គការ​អូតង់ និង​ជំហរ​របស់​លោក​ដូណាល់ ត្រាំ​លើ​កិច្ចព្រមព្រៀង​អន្តរជាតិ​មួយ​ចំនួន ពិសេស​កិច្ចព្រមព្រៀង​ក្រុង​ប៉ារីស​ស្តីពី​បញ្ហា​អាកាសធាតុ​ដែល​លោក​ត្រាំ​ព្រមាន​ដក​ខ្លួន​ចេញ។

ដោយ​បន្ត​រក្សា​ទុក​ចំណង​មិត្តភាព​ជាមួយ​អាមេរិក និង​ប្រទេស​អង់គ្លេស លោកស្រី​មែរកិល​បាន​យល់​ឃើញ​ថា​ចាប់​ពី​ពេល​នេះ​ត​ទៅ អឺរ៉ុប​ត្រូវ​តែ​តស៊ូ​ប្រយុទ្ធ​ដើម្បី​អនាគត និង​វាសនា​របស់​ខ្លួន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ