អានតួអត្ថបទ
អាមេរិក-អាល្លឺម៉ង់

អាមេរិក-អាល្លឺម៉ង់៖​លោក​ដូណាល់ ត្រាំ និង​លោកស្រី​អង់ហ្កឺឡា មែរកិល​ដំឡើង​សម្លេង​ដាក់​គ្នា​កាន់​តែ​ខ្លាំង

លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ និង​លោកស្រី​នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់​បាន​ដំឡើង​សម្លេង​ដាក់​គ្នា​មួយ​កម្រិត​ទៀត​នា​ថ្ងៃ​អង្គារ ទី៣០ ឧសភា។ អ្នក​ដែល​បាន​ចាប់​ផ្តើម​បន្ថែម​សាំង​ប្រឆាំង​លោកស្រី​មែរកិល​មុន​គេ គឺ​លោក​ដូណាល់ ត្រាំ។ ភាព​តានតឹង​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​អាមេរិក អាល្លឺម៉ង់​ពេល​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា បាន​ឡើង​ដល់​កម្រិត​មួយ​យ៉ាង​ខ្ពស់​ដែល​មិន​ធ្លាប់​មាន​ទេ​ក្នុង​រយៈពេល​ចុង​ក្រោយ​នេះ។

អាមេរិក-អាល្លឺម៉ង់៖​លោក​ដូណាល់ ត្រាំ និង​លោកស្រី​អង់ហ្កឺឡា មែរកិល​ដំឡើង​សម្លេង​ដាក់​គ្នា​កាន់​តែ​ខ្លាំង
អាមេរិក-អាល្លឺម៉ង់៖​លោក​ដូណាល់ ត្រាំ និង​លោកស្រី​អង់ហ្កឺឡា មែរកិល​ដំឡើង​សម្លេង​ដាក់​គ្នា​កាន់​តែ​ខ្លាំង © SAUL LOEB, CLEMENS BILAN / AFP
ផ្សាយពាណិជ្ជកម្ម

ក៏​ដូច​ជា​សព្វ​មួយ​ដង លោក​ដូណាល់ ត្រាំ​បាន​ប្រើ​បណ្តាញ​សង្គម Twitter របស់​លោក​ដើម្បី​បញ្ចេញ​ប្រតិកម្ម​ជា​ផ្លូវការ។ លោក​បាន​សរសេរ​វាយប្រហារ​អាល្លឺម៉ង់​នៅ​ព្រលឹម​ស្រាងៗ​នា​ថ្ងៃ​អង្គារ ទី៣០ ឧសភា​ថា អាមេរិក​មាន​ឱនភាព​ពាណិជ្ជកម្ម​សម្បើម​ណាស់​ជាមួយ​អាល្លឺម៉ង់ និង​ថា អាល្លឺម៉ង់​បាន​បង់​វិភាគទាន​តិចតួច​មែនទែន​ឲ្យ​អង្គការ​អូតង់។ សម្រាប់​លោក​ត្រាំ អាល្លឺម៉ង់​ជា​ប្រទេស​អាក្រក់​ខ្លាំង​ណាស់​របស់​អាមេរិក រួច​ថា លោក​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​អាល្លឺម៉ង់​បន្ត​ធ្វើ​របៀប​នេះ​ត​ទៅ​មុខ​ទៀត​ឡើយ។

សារ​វ៉ៃប្រហារ​អាល្លឺម៉ង់​តាម Twitter របស់​លោក​ត្រាំ​ជា​ការ​ឆ្លើយ​តប​នឹង​ប្រតិកម្ម​របស់​លោកស្រី​មែរកិល​ដែល​ថា វា​ជា​រឿង​សំខាន់​ខ្លាំង​ណាស់​ដែល​អឺរ៉ុប​ក្លាយ​ខ្លួន​ជា​តួឯក​នៅ​លើ​ឆាក​អន្តរជាតិ​ក្នុង​ពេល​ដែល​នយោបាយ​អាមេរិកាំង​មាន​ការ​ផ្លាស់ប្តូរ។ តាម​លោកស្រី​មែរកិល អឺរ៉ុប​ត្រូវ​តែ​ផ្តើម​គិតគូរ​ពី​អនាគត​របស់​ខ្លួន​ដោយ​ខ្លួន​ឯង។ ចំណែក​រដ្ឋមន្រ្តី​ការបរទេស​អាល្លឺម៉ង់​វិញ​បាន​និយាយ​ដោយ​មិន​បញ្ឆិតបញ្ឆៀង​ថា សកម្មភាព​របស់​លោក​ដូណាល់ ត្រាំ​បាន​ធ្វើ​ឲ្យ​បស្ចិមលោក​ចុះ​ខ្សោយ និង​ចង្អុល​មុខ​លោក​ត្រាំ​ពី​បាន​អនុវត្តន៍​នយោបាយ​ផ្ទុយ​ពី​ផលប្រយោជន៍​សហភាព​អឺរ៉ុប។

គួរ​ជម្រាប​ជូន​ថា ការ​ដំឡើង​សរសៃ ក ដាក់​គ្នា​រវាង​លោក​ត្រាំ និង​លោកស្រី​មែរកិល​ពេល​នេះ​មិនមែន​ជា​ថ្មី​ទេ។ នៅ​ក្នុង​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក លោកស្រី​មែរកិល​ធ្លាប់​បាន​ប្រដៅ​លោក​ត្រាំ​ឲ្យ​គោរព​តម្លៃ​ប្រជាធិបតេយ្យ​បស្ចិមលោក ក្រោយ​ពី​លោក​ត្រាំ​បាន​ធ្វើ​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ពោរពេញ​ដោយ​រឿងអាស្រូវ​ជា​ច្រើន។ ចំណែក​លោក​ត្រាំ​វិញ​ក៏​មិន​បាន​ទុក​ឲ្យ​សម្តី​វ៉ែប្រហារ​របស់​លោកស្រី​មែរកិល​កន្លង​ផុត​ដែរ។ តែ​អ្វី​ដែល​គ្រប់​គ្នា​កំពុង​រង់ចាំ​ពេល​នេះ​គឺ​ថា តើ​សង្រ្គាម​ពាក្យ​សម្តី​រវាង​ប្រទេស​មហាអំណាច​ទាំង​ពីរ​បន្ត​មាន​ដល់​ពេល​ណា និង​បង្ក​ចេញ​នូវ​ផលវិបាក​អ្វី​ខ្លះ។ តាម​គម្រោង លោក​ត្រាំ និង​លោកស្រី​មែរកិល​ត្រូវ​ជួប​មុខ​គ្នា​ជា​ថ្មី​នា​ជំនួបកំពូល G២០ ក្នុង​ប្រទេស​អាល្លឺម៉ង់​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ