អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ព្រឹទ្ធសភា​បារាំង ស្នើ​​ឱ្យ​ប៉ារីស​បំពាក់​អាវុធ​ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន

ចុះផ្សាយ​នៅ​ថ្ងៃ៖

ក្នុង​ប្រតិបត្តិការ​ក្រៅ​ប្រទេស ក្រសួងការពារ​ជាតិ​បារាំង ប្រើប្រាស់​យន្តហោះ​គ្មាន​មនុស្ស​បើក ដ្រូន ដើម្បី​​ចុះ​ត្រួត​ពិនិត្យ និង​យកការណ៍​តែ​ប៉ុណ្ណោះ។ ប៉ុន្តែ កាលពី​ថ្ងៃ​ចន្ទ ព្រឹទ្ធ​សភា​បារាំង បាន​ចេញ​របាយការណ៍​មួយ​ចង់​បំពាក់​មីស៊ីល​ឱ្យ​ដ្រូន។ ការប្រើប្រាស់​យន្តហោះ​យោធា​គ្មាន​មនុស្ស​បើក​ដែល​ជា​ជម្រើស​ចំបង​របស់​យោធា​អាមេរិក​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ ធ្លាប់​ត្រូវ​បាន​បារាំង​ប្រឆាំង​ខ្លាំងណាស់ ព្រោះ​ថាសម្រាប់​បារាំង សង្គ្រាម​ពី​ចម្ងាយ​មាន​បញ្ហា​ច្រើន និង​ព្រោះ​សង្គ្រាម​បែប​នេះ ច្រើន​តែ​ជ្រុលជ្រួស ​​បើ​គិត​តាម​ក្របខ័ណ្ឌ​នៃ​ច្បាប់​មនុស្សធម៌​អន្តរជាតិ។

ដ្រូន​ប្រមាញ់​របស់​យោធា​អាមេរិក
ដ្រូន​ប្រមាញ់​របស់​យោធា​អាមេរិក US Army
ផ្សាយពាណិជ្ជកម្ម

ដល់​ពេល​ដែល​បារាំង​​ត្រូវ​ហ៊ាន​ជំនះ​ហើយ​ ! មាន​ប្រទេស​ជា​ង​១០​ហើយ ដែល​បំពាក់​អាវុធ​ឱ្យ​យន្តហោះ​គ្មាន​មនុស្ស​បើក​ដ្រូន។ សហរដ្ឋ​អាមេរិក អង់គ្លេស និង​អ៊ីស្រាអែល ជា​ក្រុម​ប្រទេស​ដំបូង​​គេ​ដែល​នឹង​ឃើញ​ប្រើមធ្យោបាយ​នេះ​និង​ផលិត​វា​ឡើង។ ក្នុង​រយៈ​ពេល​ ២​ឆ្នាំ​ចុងក្រោយ​នេះ ប្រទេស​ជា​ច្រើន​ទៀត ដែល​មាន​ការ​ប្រយុទ្ធ​គ្នា​ ក៏​ប្រើ​ដ្រូន​យោធា​កាន់​តែ​ច្រើន​ឡើង​ដែរ ដូច​ជា អាប៊ីសាអូឌីត អេមៀរ៉ា​អារ៉ាប​រួម អ៊ីរ៉ាក់ អ៊ីរ៉ង់ នីហ្សេរីយ៉ា ប៉ាគីស្ថាន តួកគី។ ប្រទេស​ផ្សេង​ទៀត​ក៏​កំពុង​រៀប​ចំ​ប្រើ​វា មាន​អាទិ៍​អ៊ីតាលី។ អ៊ីតាលី​ទើប​បាន​ទទួល​ការ​អនុញ្ញាត​ពី​រដ្ឋាបាល​អាមេរិក​​កាលពី​ឆ្នាំ​២០១៥ ក្នុង​បំពាក់មីស៊ីល​ឱ្យ​ដ្រូន​Reaper។

ចុះ​បារាំង ? បារាំង ​បាន​អភិវឌ្ឍន៍​បច្ចេកវិទ្យា​ដ្រូន តាំង​ពី​ជាង​២០​ឆ្នាំ ក្នុង​បេសកកម្ម​តាមដាន និងឆ្លបការណ៍ តែ​​គួរ​ឱ្យ​សោកស្តាយ បារាំង​បែរ​ជាប់ឈ្មោះ​ថា​មាន​ការ​យឺត​យ៉ាវ​ខ្លាំង​ណាស់​ក្នុង​វិស័យ​នេះ​ទៅ​វិញ។ ជា​មួយ​នឹង​ការ​បដិសេធ​​មិន​បំពាក់​អាវុធ​ឱ្យ​ដ្រូន បារាំង​បាន​បាត់​បង់​ចំណែក​មួយ​ដ៏​ធំ ! បារាំង​ស្ថិត​ក្នុង​ស្ថានភាព​ មិន​ទាន់​បញ្ចប់​សន្ទុះ​មហិទ្ធិរិទ្ធិ​របស់​ខ្លួន ! ដូច្នេះ​ដល់​វេលា​ដែលត្រូវ​​ពិចារណា​គ្នា​ ! នេះ​បើ​តាម​របាយការណ៍​​របស់​ព្រឹទ្ធិសភា ដែល​មាន​ចំណង​ជើង​ថា ដ្រូនសង្កេត​និង​ដ្រូនយោធា ៖ បដិវត្តយោធា។

បារាំង​មាន​ដ្រូន Reaper Male  (ហោះ​ក្នុង​រយៈ​កម្ពស់​មធ្យម​ តែ​បាន​យូរ) តែ​ប៉ុ​ន្មាន​គ្រឿង​ប៉ុណ្ណោះ ផលិត​ដោយ​អាមេរិក និង​ដែល​បារាំង​ទទួល​បាន​ យ៉ាង​បន្ទាន់​កាលពី​ឆ្នាំ​២០១៣ ពេល​ចេញ​ធ្វើ​ប្រតិបត្តិការ​នៅ​ម៉ាលី។ ៥​គ្រឿង​កំពុង​បំពេញ​បេសកកម្ម​នៅ​នីហ្សេ។ បារាំង​ប្រើ​ដ្រូន​ទាំង​នោះ​ក្នុង​​កិច្ច​តាមដាន​និ​ងស៊ើបការណ៍​តែ​ប៉ុណ្ណោះ។ វត្តមាន​​របស់​ដ្រូន​នេះ ផ្តល់​ប្រយោជន៍​ខ្លាំង​ណាស់ និង​ចាំ​បាច់​បំផុត​ក្នុង​ការ​សម្រេច​ចិត្ត​​​ចូល​ធ្វើ​ប្រតិបត្តិការអ្វី​មួយ ជាពិសេស​ប្រតិបត្តិការ​ពិសេស និង​កាន់​មិន​អាច​ខ្វះ​ទៀត ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។ នេះ​បើ​បាន​របាយការណ៍​ដដែល ដែល​បាន​ព្រមាន​ខ្លះ​ដែរ​អំពី​ការ​បាត់​បង់​ស្វ័យភាព​​យុទ្ធសាស្ត្រ។ ហេតុអ្វី ?

ព្រោះ​ម្ចាស់​របាយការណ៍​មិន​ចង់​ឱ្យ​បារាំង​រំពឹង​បច្ចេកវិទ្យា​អាមេរិក​ខ្លាំង​ពេក​ទេ នាំ​គេ​អាចយក​​អធិបតេយ្យភាពទៅ​ល​លេង​បាន។ ជា​ឧទាហរណ៍​ជាក់​ស្តែង កាល​ដែល​បារាំង​ត្រូវ​ការ​ទិញ​ដ្រូន​ជា​បន្ទាន់​ កាលពី​ឆ្នាំ​២០១៣ បាន​បន្សល់​ទុក​នូវ​ផលវិបាក​ជា​ច្រើន​ដូច​ជា​ គ្មាន​ការ​ជួលជុល គ្មាន​រចនាបទ​ប្រព័ន្ធ​ គ្មាន​ការ​បំពាក់បំប៉ន និង​គ្មាន​ផ្តល់​ការងារ​​ក្នុងវិស័យ​ដ្រូន​ទេ ហើយ​បើ​សុំ​ការ​អនុញ្ញាត​ពី​អាមេរិក​ទៀត នៅ​ពេល​ត្រូវ​ប្តូរ ឬ​លាត​សន្ធឹង​ផ្ទៃ​ហោះហើរ​ដ្រូន។ ក្នុង​ស្ថានភាព​បច្ចុប្បន្ន និង​អនាគត​មធ្យម​ យើង​អាច​ប្រមើលភាព​រំពឹង​លើ​អាមេរិក ប៉ុន្តែសួរ​តើ​ការ​ត្រូវ​រ៉ូវ​នេះ​អាច​អូស​ពេល​យូរ​ជា​និរន្ត​ឬ ? ចម្លើយ​គឺ​ទេ !

ដូច្នេះ​ដំណោះស្រាយ​ល្អ គឺ​មាន​តែ​​​ ​ការ​កាត់​បន្ថយ​ភាព​រំពឹង​លើ​អាមេរិក​ទេ ! នេះ​បើ​តាម​ក្រុម​អ្នក​សរសេរ​របាយការណ៍។ បារាំង​និង​អឺរ៉ុប​ត្រូវ​សម្រេច​អភិវឌ្ឍន៍​ប្រព័ន្ធ​ដ្រូន​MALE ឱ្យ​បាន​ដោយ​ខ្លួន​ឯង។ ​បារាំង អាល្លឺម៉ង់ អ៊ីតាលី​ និង​អេស្ប៉ាញ មាន​គម្រោង​ពីរ មួយ​អភិវឌ្ឍ​ដ្រូន ម៉ាល មួយ​ទៀតធ្វើ​ដ្រូន​ប្រយុទ្ធ​ជំនាន់​ថ្មី។ គម្រោង​នេះ​មិន​អាច​ចេញ​រួច​មុន​ឆ្នាំ​២០២៥​ទេ។ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ពេល​នេះ ក្រុម​ការងារ​នៅ​ព្រឹទ្ធ​សភាស្នើ​ឱ្យ​បំពាក់​អាវុធ​លើ​ដ្រូន​Reaper សិន ក្នុង​ពេល​រង់​ចាំ​ដ្រូន​អឺរ៉ុប។ ហើយ​បារាំង​គួរ​តែ​លើក​ប្រធានបទ​នេះ មក​ជជែក​គ្នា​ឱ្យ​ដាច់​ស្រេច​នៅ​សភា...

ត្រូវ​ជជែក​នៅសភា ព្រោះ​បារាំង ក៏​ដូច​ជា​បណ្តា​ប្រទេស​មួយ​ចំនួន​នៅអឺរ៉ុប មិន​ចង់​ការ​ប្រើ​ប្រាស់​ដ្រូន​យោធា​ លើ​សមរភូមិ​ជម្លោះ​ទេ។ អឺរ៉ុប​មាន​ច្បាប់​ប្រើ​ប្រាស់​ដ្រូន​តឹង​តែង​ណាស់ ក្នុង​ក្របខ័ណ្ឌ​ច្បាប់​មនុស្សធម៌។ បារាំង​ជា​ប្រទេស​មួយ​គោរព​ច្បាប់​អន្តរជាតិ​ខ្លាំង​ណាស់​ក្នុង​វិស័យ​នេះ។ ​ដូច្នេះ​ការ​​មាន​ដ្រូនប្រមាណ​តែ​១២​គ្រឿង ​បំពាក់​អាវុធមីស៊ីល​​ ពិត​ជា​មិន​មែន​ទង្វើ​បំប៉ោង​យោធា​ឡើយ រហូត​​លែង​ប្រើ​កម្លាំង​មនុស្ស​ឡើយ។ ដ្រូន​យោធា​បារាំង​បញ្ជា​ដោយ​មនុស្ស ហើយ​ជម្រើស​ទិស​ដៅ​បាញ់ ត្រូវ​ធ្វើ​ឡើង​ប្រតិបត្តិការ​មនុស្ស​ ដែល​មាន​ការ​សម្រេច​ពី​មនុស្ស​ច្រើន​នាក់។ ថ្វី​បើ​ដ្រូន​​​មាន​ឈ្មោះមិន​ល្អ​ទេ ធ្លាប់​ត្រូវ​បាន​អង្គការ​ការ​ពារ​សិទ្ធិមនុស្ស ចាត់​ទុក​ជា​ឧបករណ៍​សម្លាប់​មនុស្ស ដូច​ដែល​គេ​ធ្លាប់​ឃើញ​អាមេរិក​ប្រើ​នៅយេមែន ឬ​ប៉ាគីស្ថាន តែ​សម្រាប់បារាំង បើ​តាម​សំណើ​របស់​ម្ចាស់​របាយការណ៍​​​ បើបារាំង​​បំពាក់​អាវុធ​​ឱ្យ​ដ្រូន បារាំង​ត្រូវ​តែ​ចេញ​​​វិធានការ​​ប្រកប​ដោយ​តម្លាភាព។ ម្យ៉ាង​វិញ​ទៀត ដ្រូន MALE ដែល​បារាំង​ប្រើ​សព្វ​ថ្ងៃ​នេះ មាន​បំពាក់​ប្រព័ន្ធ​ចង្អុល​ទិស បាញ់​មីស៊ីលពី​ឧទ្ធម្ភាចក្រ​រួច​ស្រេច​ទៅ​ហើយ។ បូក​ផ្សំ​នឹង​សមត្ថភាព​ហោះ​ហើរ​បាន​យូរ គេ​អាច​មាន​ពេល​​ការ​ជ្រើសរើសចាញ់​​ស៊ីប​​បាន​ត្រឹមត្រូវ ដើម្បី​កាត់​បន្ថយ​ការ​ខូច​ខាត។ ដូច្នេះបើ​គេ​ធ្វើ​បាន​តាម​របាយការណ៍ ​ដ្រូន​យោធា​បារាំង​ ​អាច​នឹង​គោរព​បាន​ពាក្យ​សន្យា​ និង​ច្បាប់​មនុស្សធម៌​អន្តរជាតិ​យ៉ាង​ពេញ​លេញ​។

អង្គការ​ក្រៅ​រដ្ឋាភិបាល​ ព្រួយ​បារម្ភ​នៅ​ពេល​បាន​ឮ​ដំណឹង​បារាំង​ចង់​បំពាក់​អាវុធ​ឱ្យ​ដ្រូន ប៉ុន្តែ​ពួក​បាន​ទទួល​ស្គាល់​ថា​សំណើ​របស់​បារាំង​ឆ្លង​កាត់​ការ​ជជែក​ពិភាក្សា​គ្នាផង និង​មាន​ដាក់​កំហិត​ឱ្យ​មាន​តម្លាភាព​លើ​កងពល​បញ្ជា​ដ្រូន។
 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ