អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អង់គ្លេស៖​ការ​វាយប្រហារ​ចំ​កណ្តាល​ទីក្រុង​ឡុងដ៏​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៧នាក់ និង​របួស ៤៨នាក់

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អង់គ្លេស មាន​មនុស្ស​ស្លាប់​យ៉ាង​តិច ៧នាក់ និង​របួស​ធ្ងន់ ស្រាល ៤៨នាក់​នៅ​ក្នុង​អំពើ​វាយប្រហារ​ចំ​កណ្តាល​ទីក្រុង​ឡុងដ៏​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី៣ មិថុនា។ តាម​ប៉ូលិស​អង់គ្លេស ការ​វាយប្រហារ​នេះ​បាន​រៀបចំ​ដោយ​ជនខ្មាន់កំាបិត​ចំនួន ៣នាក់​ដែល​ត្រូវ​បាន​កម្លាំង​ប៉ូលិស​បាញ់​សម្លាប់​ភ្លាមៗ​នៅ​ពេល​ចុះ​អន្តរាគមន៍។ ខណៈ​នេះ នៅ​មិន​មាន​ជន ឬ​ចលនា​ណា​មួយ​ចេញ​មុខ​ប្រកាស​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​បញ្ចេញ​ប្រតិកម្ម​ដោយ​ចាត់​ទុក​ជា​ទង្វើ​ភេរវកម្ម។ ចំណែក​ប្រតិកម្ម​អន្តរជាតិ​ថ្កោលទោស រួម​សាមគ្គី​ជាមួយ​ពលរដ្ឋ​អង់គ្លេស និង​ចូលរួម​រំលែកទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ​បាន​ធ្លាក់​មក​ជា​បន្តបន្ទាប់។

អង់គ្លេស៖​ការ​វាយប្រហារ​ចំ​កណ្តាល​ទីក្រុង​ឡុងដ៏​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៧នាក់ និង​របួស ៤៨នាក់
អង់គ្លេស៖​ការ​វាយប្រហារ​ចំ​កណ្តាល​ទីក្រុង​ឡុងដ៏​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ៧នាក់ និង​របួស ៤៨នាក់ Daniel SORABJI / AFP
ផ្សាយពាណិជ្ជកម្ម

អ្វីៗ​បាន​ចាប់​ផ្តើម​នៅ​វេលា​ម៉ោង ១០យប់​ថ្ងៃ​សៅរ៍ ទី៣ មិថុនា​ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស​ដែល​ត្រូវ​ជា​ម៉ោង ៤ ទៀប​ភ្លឺ​ម៉ោង​ក្នុង​ប្រទេស​កម្ពុជា​នា​ថ្ងៃ​អាទិត្យ ទី៤ មិថុនា។ នៅ​ពេល​នោះ មាន​ជន​ខ្មាន់​កំាំបិត​ចំនួន ៣នាក់​បាន​បរ​ឡានកាំមីញ៉ុង​មួយ​គ្រឿង​សំដៅ​លើ​ហ្វូង​មនុស្ស​ដែល​កំពុង​ដើរ​កំសាន្ត​នៅ​លើ​ស្ពាន London Bridge។ ឡានកំាមីញ៉ុង​នោះ​បាន​បរ​ក្នុង​ល្បឿន​ប្រមាណ​ជា ៨០គីឡូម៉ែត្រ​ក្នុង​១ម៉ោង និង​បាន​បើក​វេរ​ពេញ​ផ្លូវ​ក្នុង​ចេតនា​សំដៅ​កិន​មនុស្ស​ពី ៥ ទៅ ៦នាក់​នៅ​លើ​ស្ពាន London Bridge។ បន្ទាប់​មក ជន​ខ្មាន់​កំាំបិត​ទាំង ៣នាក់​ក៏​បាន​បរ​ឡានកាំមីញ៉ុង​បន្ត​ដំណើរ​ឆ្ពោះ​ទៅ​កាន់​សង្កាត់​ក្បែរខាង គឺ​សង្កាត់ Borough ដែល​ស្ថិត​ចម្ងាយ​ប្រមាណ ១០០ម៉ែត្រ​ពី​ស្ពាន London Bridge។

នៅ​ពេល​ទៅ​ដល់​សង្កាត់ Borough ជនខ្មាន់កាំបិត​ទាំង ៣នាក់​បាន​ទុក​ឡាន​កាំមីញ៉ុង​ចោល រួច​ដក​កាំបិត​ចាក់​សម្លាប់​អ្នក​ដំណើរ​ដោយ​មិន​រើស​មុខ​នៅ​ក្បែរ​ភោជនីយដ្ឋាន​មួយ​នៅ​ទីផ្សារ​ប្រជុំជន Borough។ កម្លាំង​ប៉ូលិស​បាន​ប្រាប់​ឲ្យ​ដឹង​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម ពួក​គេ​ក៏​បាន​ចេញ​អន្តរាគមន៍​ភ្លាម​ភ្លែត​ដោយ​ជំហាន​ដំបូង​នៅ​លើ​ស្ពាន London Bridge និង​បន្ទាប់​មក​នៅ​ទីផ្សារ Borough ពិសេស​ចូល​ឆែកឆេរ​នៅ​ក្នុង​ភោជនីយដ្ឋាន។ នៅ​ប៉ុន្មាន​នាទី​ក្រោយ​មក កម្លាំង​ប៉ូលិស​ក៏​បាន​ឃើញ​មុខ​ជនខ្មាន់កាំបិត​ទាំង ៣នាក់ រួច​បាញ់​សម្លាប់​នៅ​ហ្នឹង​កន្លែង​ភ្លាមៗ​តែ​ម្តង។ តាម​ប៉ូលិស ជនដៃដល់​មាន​តែ ៣នាក់​ហ្នឹង​គត់ ហើយ​ក្នុង​ចំណោម​នោះ មាន​ម្នាក់​ពាក់​ខ្សែក្រវ៉ាត់​ផ្ទុក​ដោយ​ជាតិ​ផ្ទុះ​ក្លែងក្លាយ។

សំណាង​ល្អ​ដែល​ជា​ជាតិ​ផ្ទុះ​ក្លែងក្លាយ បើ​មិន​ដូច្នោះ​ទេ ម្ល៉េះ​ចំនួន​មនុស្ស​ស្លាប់​មិន​ដឹង​ជា​មាន​ប៉ុន្មាន​នាក់។ តុល្យការ​បណ្តោះអាសន្ន​ចុង​ក្រោយ គឺ​ស្លាប់​មនុស្ស ៧នាក់ និង​របួស​ជាង ៤៨នាក់​ផ្សេង​ទៀត​ដែល​ត្រូវ​បាន​គេ​ដឹក​ទៅ​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ចំនួន ៦ ផ្សេង​គ្នា។ គេ​នៅ​មិន​ទាន់​ដឹង​ពី​អត្តសញ្ញាណ​អ្នកស្លាប់ ឬ​រងរបួស​ទេ តែ​រដ្ឋាភិបាល​បារាំង​ទើប​បញ្ជាក់​ថា ក្នុង​ចំណោម​អ្នក​របួស​មាន​ជនជាតិ​បារាំង ៤នាក់។

ជនដៃដល់​បាន​ស្រែក​ថា « ដើម្បី​ព្រះ​ជា​ម្ចាស់ »

ខណៈ​នេះ នៅ​មិន​ទាន់​មាន​ជន ឬ​ចលនា​ណា​មួយ​ចេញ​មុខ​ប្រកាស​ជា​ស្នាដៃ​របស់​ខ្លួន​នៅ​ឡើយ​ទេ។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី រដ្ឋអំណាច​អង់គ្លេស​មិន​ញញើត​នឹង​ចាត់​ទុក​ជា​ទង្វើ​ភេរវកម្ម​ឡើយ ព្រោះ​ថា ទង្វើ​ស្រដៀង​គ្នា​នេះ​ធ្លាប់​បាន​កើត​មាន​ម្តង​ហើយ​កាល​ពី​ថ្ងៃទី២២ មីនា​នៅ​សង្កាត់ Westminster ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ចំនួន ៥នាក់។ កាល​ណោះ បុរស​ឈ្មោះ Khalid Masood ដែល​ជា​ជនជាតិ​អង់គ្លេស​អាយុ ៥២ឆ្នាំ​បម្លែង​ខ្លួន​ទៅ​កាន់​សាសនា​អ៊ីស្លាម​បាន​បរ​ឡាន​សំដៅ​សម្លាប់​មនុស្ស​នៅ​លើ​ស្ពាន Westminster  មុន​នឹង​ដក​កំបិត​ចាក់​សម្លាប់​ប៉ូលិស​គ្មាន​អាវុធ​ម្នាក់​នៅ​ពី​មុខ​រដ្ឋសភា។

ម្យ៉ាង​ទៀត សាក្សី​មួយ​ចំនួន​ដែល​បាន​ឃើញ​ហេតុការណ៍​ផ្ទាល់​ភ្នែក​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី៣ មិថុនា​នៅ​ស្ពាន London Bridge និង​នៅ​សង្កាត់ Borough ឲ្យ​ដឹង​ថា ជនខ្មាន់កាំបិត​ទាំង ៣នាក់​បាន​ស្រែក​ថា « គឺ​ដើម្បី​ព្រះ​ជា​ម្ចាស់ » នៅ​ពេល​ដែល​ពួក​គេ​បាន​លោត​ចុះ​ពី​ឡានកាំមីញ៉ុង រួច​ដក​កាំបិត​ចាក់​សម្លាប់​មនុស្ស​ដោយ​មិន​រើសមុខ​នៅ​សង្កាត់ Borough។ គួរ​រម្លឹក​ជូន​ថា ការ​វាយប្រហារ​នៅ​ស្ពាន London Bridge និង​សង្កាត់ Borough គឺ​ជា​ទង្វើ​ភេរវកម្ម​លើកទី៣ ក្នុង​រយៈពេល​មិន​ដល់ ៣ខែ​ផង។ ភេរវកម្ម​លើក​ទី១ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២២ មីនា​នៅ​សង្កាត់ Westminster ដែល​មាន​មនុស្ស​ស្លាប់ ៥នាក់ និង​លើកទី២ បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី២២ ឧសភា​នៅ​ក្រុង Manchester ដែល​បណ្តាល​ឲ្យ​ស្លាប់​មនុស្ស ២២នាក់ និង​របួស ១១៦នាក់។

រដ្ឋាភិបាល​អង់គ្លេស​ចេញ​យុទ្ធសាស្រ្ត​ថ្មី​ដើម្បី​ប្រឆាំង​ភេរវកម្ម

ថ្លែង​នៅ​ក្រោយ​កោះប្រជុំ​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​ក្នុង​ថ្ងៃ​អាទិត្យ ទី៤ មិថុនា លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​បញ្ជាក់​ថា លោកស្រី​នឹង​សើរើ​ពិនិត្យ​មើល​ឡើង​វិញ​នូវ​យុទ្ធសាស្រ្ត​ក្នុង​ការ​ប្រយុទ្ធប្រឆាំង​អំពើ​ភេរវកម្ម។ ការ​អះអាង​យ៉ាង​ដូច​នេះ​មក​ពី​លោកស្រី​យល់​ឃើញ​ថា អង់គ្លេស​បាន​និង​កំពុង​ជួប​ប្រទះ​នឹង​ការ​គំរាមកំហែង​បែប​ថ្មី​ដែល​ពួក​ភេរវជន​បាន​ចម្លង​យក​គំរូ​ពី​ពួក​ភេរវជន​ផ្សេង​ទៀត​នៅ​ក្នុង​ប្រទេស​ផ្សេង​ដោយ​ប្រើ​វិធីសាស្រ្ត​ស្រដៀង​គ្នា។ យុទ្ធសាស្រ្ត​ថ្មី​ក្នុង​ការ​ទប់​ស្កាត់​ការ​វាយប្រហារ​បែប​ថ្មី​របស់​លោកស្រី Theresa May មាន ៤ ចំណុច ទី១ ប្រឆាំង​នឹង​មនោគមន៍វិជ្ជា​នៃ​​សភាវៈអាក្រក់ ទី២ ចាត់​វិធានការ​ទប់​ស្កាត់​ការ​ផ្សព្វផ្សាយ​គំនិត​ជ្រុលនិយម​តាម​ប្រព័ន្ធ​អ៊ីនធឺណែត ទី៣ ពង្រឹង​ការ​ស្វែង​រក​អត្តសញ្ញាណ និង​កម្ទេច​ពួក​ជ្រុលនិយម​នៅ​ក្នុង​សង្គម​អង់គ្លេស និង​ទី៤ ពិនិត្យ​មើល​ឡើង​វិញ​លើ​កម្រិត​នៃ​ការ​គំរាមកំហែង។

ទាក់ទង​នឹង​គម្រោង​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​នៅ ៥ថ្ងៃ​ទៀត ត្រូវ​បាន​លោកស្រី Theresa May រក្សា​ទុក​ដដែល​ដោយ​លោកស្រី​យល់​ថា ការ​លើក​ពេល​បោះឆ្នោត​មាន​ន័យ​ស្មើ​នឹង​ការ​ចុះ​ញ៉ម​ពី​ការ​គំរាមកំហែង​របស់​ពួក​ភេរវជន។ តាម​លោកស្រី Theresa គេ​មិន​ត្រូវ​ទុក​បណ្តោយ​ឲ្យ​អំពើ​ហិង្សា​ចូល​រំខាន​ដល់​ដំណើរការ​បោះឆ្នោត​តាម​បែប​ប្រជាធិបតេយ្យ​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ