អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​ក្រុង​ឡុងដ៏៖​ប៉ូលិស​បង្ហាញ​អត្តសញ្ញាណ​ភេរវជន​ទាំង ៣នាក់ ហើយ​ការ​ស៊ើបអង្កេត​កំពុង​ចម្រើន​ទៅ​មុខ

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អង់គ្លេស ៣ថ្ងៃ​ក្រោយ​អំពើ​ភេរវកម្ម​សម្លាប់​មនុស្ស ៧នាក់ និង​របួស ៤៨នាក់​ក្នុង​ទីក្រុង​ឡុងដ៏​កាល​ពី​យប់​ថ្ងៃ​សៅរ៍ ទី៣ មិថុនា​មក ប៉ូលិស​បាន​បង្ហាញ​ឲ្យ​ដឹង​នូវ​អត្តសញ្ញាណ​ភេរវជន​ស្លាប់​ទាំង ៣នាក់។ ២នាក់​បង្ហាញ​កាល​ពី​យប់​ថ្ងៃ​ចន្ទ និង​អ្នក​ទី៣ ក្នុង​ថ្ងៃ​នេះ។ ចំណែក​ដំណើរ​ការ​ស៊ើបអង្កេត​ក៏​កំពុង​បន្ត​យ៉ាង​សកម្ម ហើយ​ប៉ូលិស​បាន​សម្រេច​ដោះលែង​មនុស្ស​សង្ស័យ​ចំនួន ១០នាក់​ក្នុង​ចំណោម​អ្នក​ចាប់​ខ្លួន​ទាំង ១២នាក់។ ដោយឡែក​នៅ​ម៉ោង ១១ ថ្ងៃ​អង្គារ ទី៦ មិថុនា​នេះ ពិធី​ស្មឹងស្មាធិ៍​រយៈពេល ១នាទី​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​អង់គ្លេស។

ថ្ងៃ​អង្គារ ទី៦ មិថុនា អង់គ្លេស​ធ្វើ​ពិធី​ស្មឹងស្មាធិ៍​រយៈពេល ១នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​​ក្នុង​​អំពើ​ភេរវកម្ម​ថ្ងៃទី៣ មិថុនា ២០១៧
ថ្ងៃ​អង្គារ ទី៦ មិថុនា អង់គ្លេស​ធ្វើ​ពិធី​ស្មឹងស្មាធិ៍​រយៈពេល ១នាទី​ដើម្បី​គោរព​វិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ​​ក្នុង​​អំពើ​ភេរវកម្ម​ថ្ងៃទី៣ មិថុនា ២០១៧ REUTERS/Toby MelvilleMelville
ផ្សាយពាណិជ្ជកម្ម

ប៉ូលិស​អង់គ្លេស​បាន​បង្ហាញ​អត្តសញ្ញាណ​ភេរវជន​ទាំង ៣នាក់​ដែល​ទី១ មាន​ឈ្មោះ Khuram Shazad Butt ទី២ មាន​ឈ្មោះ Rachid Redouane និង​ទី៣ មាន​ឈ្មោះ Youssef Zaghba។ Khuram Rachid និង Youssef បាន​រស់​ក្នុង​សង្កាត់​តែ​មួយ​ដូច​គ្នា គឺ​សង្កាត់ Barking ដែល​ជា​ទីប្រជុំជន​ចម្រុះ​ជាតិ​សាសន៍​ស្ថិត​ប៉ែក​ខាង​កើត​ទីក្រុង​ឡុងដ៏។ Khuram មាន​អាយុ ២៧ឆ្នាំ ជា​ជនជាតិ​អង់គ្លេស តែ​កើត​នៅ​ក្នុង​ប្រទេស​ប៉ាគីស្ថាន ហើយ​ធ្លាប់​មាន​ឈ្មោះ​អាក្រក់​ក្នុង​បញ្ជី​ប៉ូលិស​អង់គ្លេស។

លោក Mark Rowley មេបញ្ជាការ​កងឯកភាព​ប្រយុទ្ធប្រឆាំង​ភេរវនិយម​បាន​ថ្លែង​ថា ជន Khuram ធ្លាប់​ស្ថិត​ក្រោម​ការ​ស៊ើបអង្កត​របស់​ប៉ូលិស ហើយ​ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អង់គ្លេស​ក៏​ធ្លាប់​ទទួល​ព័ត៌មាន​ពី​ការ​បម្លែង​ខ្លួន​ចូល​ជីហាត​របស់ Khuram។ តែ​គ្មាន​ភស្តុតាង ឬ​តម្រុយ​ណា​មួយ​ដែល​បញ្ជាក់​ពី​ការ​រៀបចំ​ភេរវកម្ម​របស់ Khuram ឡើយ។ បើ​ផ្អែក​តាម​បណ្តាញ​សារព័ត៌មាន​អង់គ្លេស គេ​ធ្លាប់​បាន​ឃើញ​រូប Khuram នៅ​ក្នុង​វីដេអូឯកសារ​មួយ​ចាក់​ផ្សាយ​ដោយ​កាណាល់ ទី៤ កាល​ពី​ឆ្នាំ ២០១៦។ នៅ​ក្នុង​វីដេអូឯកសារ​នោះ Khuram បាន​ឈរ​ក្បែរ​អ្នក​កាន់សាសនា​អ៊ីស្លាមជ្រុលនិយម​ម្នាក់​ដោយ​មាន​ទាំង​ការ​ត្រដាង​ទង់​អង្គការ​រដ្ឋអ៊ីស្លាម​ផង។

ចំណែក​ភេរវជន​ទី២ ឈ្មោះ Rachid Redouane មាន​អាយុ ៣០ឆ្នាំ និង​អាច​មាន​សញ្ជាតិ​ម៉ារ៉ុក ឬ​លីប៊ី។ តែ​ខុស​ពី Khuram Rachid មិន​ធ្លាប់​ជាប់​ឈ្មោះ​អាក្រក់​ក្នុង​បញ្ជី​ប៉ូលិស​ទេ។ បើ​តាម​ព័ត៌មាន​ផ្សាយ​ដោយ​ទូរទស្សន៍ជាតិ RTE ពី​ប្រទេស​អៀរឡង់ Rachid ជា​ជនជាតិ​ម៉ារ៉ុក ធ្លាប់​បាន​ស្នាក់នៅ​ក្នុង​ទឹកដី​អៀរឡង់ និង​បាន​រៀបការ​ជាមួយ​ស្រ្តី​ជាតិ Scotland។ ការ​ហ៊ាន​អះអាង​ដូច​នេះ​ក៏​ដោយសារ​តែ​គេ​បាន​រក​ឃើញ​លើ​ខ្លួន​សព Rachid នូវ​ក្រដាសស្នាម​ដែល​រដ្ឋអំណាច​អៀរឡង់​បាន​អនុញ្ញាត​ឲ្យ Rachid ស្នាក់នៅ​ជាង ៣ខែ។

អ្វី​ដែល​ក្រុម​អ្នក​ស៊ើបអង្កេត​អង់គ្លេស​ចង់​ដឹង​នោះ​គឺ​ថា ហេតុអ្វី​បាន​ជា Rachid ដែល​មិនមែន​ជា​ពលរដ្ឋ​ក្នុង​សហភាពអឺរ៉ុប​បែរ​ជា​ទទួល​បាន​សិទ្ធិរស់នៅ​ក្នុង​ទឹកដី​អៀរឡង់​ដល់​ទៅ​ជាង ៣ខែ?។ រីឯ​ភេរវជន​ទី៣ ឈ្មោះ Youssef Zaghba ជា​ជនជាតិ​អ៊ីតាលី​ដើម​កំណើត​ម៉ារ៉ុក និង​មាន​អាយុ ២២ឆ្នាំ។ ក៏​ដូច​ជា Rachid ដែរ Youssef មិន​ធ្លាប់​មាន​ឈ្មោះ​អាក្រក់ ឬ​ក៏​ស្ថិត​ក្រោម​ការ​តាមដាន​របស់​ប៉ូលិស។

សង្គ្រាម​ពាក្យសម្តី​រវាង​លោកស្រី Theresa May និង​លោក Jeremy Corbyn

នៅ​វេលា​ម៉ោង ១១ ថ្ងៃ​ចន្ទ ទី៦ មិថុនា​នេះ ម៉ោង​ក្នុង​ប្រទេស​អង់គ្លេស ពិធី​ស្មឹងស្មាធិ៍​រយៈពេល ១នាទី​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទូទាំង​ប្រទេស​អង់គ្លេស​ដើម្បី​គោរពវិញ្ញាណក្ខន្ធ​ដល់​ជនរងគ្រោះ។ តែ​ទន្ទឹម​គ្នា​នេះ សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​លោកស្រី​នាយករដ្ឋមន្រ្តី Theresa May និង​ប្រធាន​គណបក្សប្រឆាំង​លោក Jeremy Corbyn។ សង្រ្គាម​ពាក្យ​សម្តី​នេះ​បាន​កើត​មាន​ឡើង ចំ​ពេល​ដែល​អង់គ្លេស​នឹង​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មិថុនា និង​ដែល​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​កំពុង​បន្ត​មាន​ទន្ទឹម​គ្នា​នឹង​ដំណើរការ​ស៊ើបអង្កេត។

នៅ​ថ្ងៃ​ចន្ទ ទី៥ មិថុនា លោក Corbyn ថែម​ទាំង​ថ្លែង​ធ្វើ​ឲ្យ​គ្រប់​គ្នា​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដោយ​បាន​ទាមទារ​ឲ្យ​លោកស្រី Theresa May ចុះ​ចេញ​ពី​តំណែង។ អ្វី​ដែល​លោក Corbyn រករឿង ស្តីបន្ទោស​លោកស្រី May មិនមែន​ការងារ​របស់​លោកស្រី​ក្នុង​នាម​ជា​ប្រមុខរដ្ឋាភិបាល​សព្វថ្ងៃ​ទេ តែ​ក្នុង​ពេល​ដែល​លោកស្រី​កាន់​តំណែង​ជា​រដ្ឋមន្រ្តី​ក្រសួង​មហាផ្ទៃ​ចន្លោះ​ឆ្នាំ ២០១០ និង​២០១៦។ នៅ​ពេល​នោះ លោកស្រី​បាន​ធ្វើ​កំណែទម្រង់​ស្ថាប័ន​ប៉ូលិស​ដោយ​លុបចោល​ការងារ​ប៉ូលិស​ប្រមាណ​ជា ២០ ០០០ការងារ។

លោក Corbyn បាន​ចោទ​លោកស្រី May ចំៗ​ពី​បទ​មិន​បាន​គិតគូរ​ពី​សន្តិសុខ និង​សុវត្ថិភាព​របស់​ប្រជាជន​អង់គ្លេស។ ទន្ទឹម​គ្នា​នេះ លោក Corbyn អាច​បន្ថែម​ដោយ​សំអាង​ថា ការ​ដែល​ភេរវជន​ម្នាក់​ឈ្មោះ Khuram ធ្លាប់​មាន​ឈ្មោះ​ក្នុង​បញ្ជី​ប៉ូលិស និង​ធ្លាប់​មាន​ទំនាក់ទំនង​ជាមួយ​អង្គការ​រដ្ឋអ៊ីស្លាម តែ​បែរ​ជា​ទុក​ឲ្យ Khuram មាន​សេរីភាព​រហូត​ដល់​ធ្វើ​ភេរវកម្ម​បាន​សម្រេច ក៏​ដោយសារ​តែ​ខ្វះ​មន្រ្តី​ប៉ូលិស​ដែរ។

ជា​ការ​ឆ្លើយ​តប​វ៉ៃប្រហារ​លោក Corbyn វិញ លោកស្រី Theresa May បាន​លើក​យក​ហេតុផល​ចំនួន​ពីរ ទី១ លោកស្រី​ចោទ​លោក Corbyn ពី​បទ​កង្វះ​ភាព​រឹងប៉ឹង និង​តែងតែ​បោះឆ្នោត​ប្រឆាំង​គ្រប់​ច្បាប់​ទាំង​អស់​ដែល​សំដៅ​ពង្រឹង​យុទ្ធនាការ​ប្រឆាំង​នឹង​ភេរវនិយម​នា​ពេល​កន្លង​មក និង​ទី២ លោកស្រី​និយាយ​ពី​ប្រសិទ្ធិភាព និង​ភាព​រហ័សរហួន​របស់​កម្លាំង​ប៉ូលិស​ក្នុង​ពេល​ចុះ​អន្តរាគមន៍​នៅ​យប់​ថ្ងៃ​សៅរ៍ ទី៣ មិថុនា។ តាម​លោកស្រី May កម្លាំង​ប៉ូលិស​បាន​ទៅ​កន្លែង​កើត​ហេតុ​ភ្លាមៗ ហើយ​សម្លាប់​បាន​ភេរវជន​ទាំង ៣នាក់​តែ​ក្នុង​រយៈពេល ៨នាទី។

សន្តិសុខ ជា​ប្រធានបទ​អាទិភាព​សម្រាប់​នាយករដ្ឋមន្រ្តី​ថ្មី

តាម​ការ​ស្ទង់​មតិ​កន្លង​មក លោកស្រី Theresa May មក​ពី​គណបក្ស​អភិរក្សនិយម​ទទួល​បាន​សម្លេង​គាំទ្រ​ដាច់​ឆ្ងាយ​ពី​លោក Jeremy Corbyn មក​ពី​គណបក្ស​ពលករ។ តែ​តាំង​ពី​អង់គ្លេស​បាន​ទទួល​រង​ការ​វាយប្រហារ​ភេរវកម្ម​ជា​បន្តបន្ទាប់ ពិសេស ៣ដង​ក្នុង​រយៈពេល​មិន​ដល់ ៣ខែ​ចុង​ក្រោយ​នេះ​មក សម្លេង​គាំទ្រ​លោក Corbyn ហាក់​កើន​ឡើង​ក្រឺតៗ​ដែល​ពី​មុន​ចាញ់​លោកស្រី May ដល់​ទៅ ២០ពិន្ទុ តែ​ឥឡូវ​ចាញ់​តែ​ពី ៤ ទៅ ១០ពិន្ទុ​ប៉ុណ្ណោះ។ នេះ​ស បញ្ជាក់​ឲ្យ​ឃើញ​ថា ពលរដ្ឋ​អង់គ្លេស​ពិត​ជា​បារម្ភ​ខ្លាំង​ណាស់​ពី​សន្តិសុខ និង​សុវត្ថិភាព​នៃ​ជីវិត​រស់នៅ​ប្រចាំ​របស់​ខ្លួន។

ក៏​ប៉ុន្តែ សង្រ្គាម​ពាក្យសម្តី​រវាង​លោកស្រី Theresa May និង Jeremy Corbyn ពេល​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​អង់គ្លេស​ភាគច្រើន រួម​ទាំង​អ្នក​នយោបាយ​គ្រប់ជាន់​មាន​ការ​សោកស្តាយ និង​មិន​សូវ​សប្បាយចិត្ត។ សោកស្តាយ មិន​សប្បាយចិត្ត​ដោយ​សារ​ពួក​គេ​យល់​ថា ពេល​វេលា​នេះ​ជា​ពេល​វេលា​ចូលរួម​គោរពវិញ្ញាណក្ខន្ធ​ចំពោះ​ជនរងគ្រោះ ពោល​មិនមែន​ជា​ពេល​វេលា​ដែល​អ្នក​នយោបាយ​ឆ្លៀត​យក​ទុក្ខសោក និង​ភាព​តក់ស្លុត​របស់​ពលរដ្ឋ​ដើម្បី​ដណ្តើម​គ្នា​កេញ​ចំណេញ​នយោបាយ​ទេ នោះ​បើ​ទោះ​បី​ជា​ឧប្បត្តិហេតុ​ដ៏​អាក្រក់​មួយ​នេះ​បាន​កើត​ឡើង​ក្នុង​ពេល​យុទ្ធនាការ​បោះឆ្នោត​ក៏​ដោយ។

តើ​អំពើ​ភេរវកម្ម​បន្តបន្ទាប់​គ្នា​ថ្មីៗ​កន្លង​ទៅ​អាច​នឹង​ជះ​ឥទ្ធិពល​ដល់​លទ្ធផល​នៃ​ការ​បោះឆ្នោតសភា​នៅ​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មិថុនា​ឬ​ទេ?។ ពិត​ជា​គ្មាន​នរណា​ម្នាក់​ហ៊ាន​ទាយទុក​បាន​ឡើយ តែ​អ្វី​ដែល​គេ​អាច​និយាយ​បាន​ពេល​នេះ​គឺ​ថា អនាគត​នាយករដ្ឋន្រ្តី​ថ្មី​នឹង​មាន​ការងារ​ជា​ច្រើន​ដែល​ត្រូវ​ធ្វើ ពិសេស និង​អាទិភាព គឺ​ការពារ​ពលរដ្ឋ​អង់គ្លេស​ពី​ការ​គំរាមកំហែង​ភេរវកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ