អានតួអត្ថបទ
អាមេរិក-អង់គ្លេស

អាមេរិក-អង់គ្លេស៖​​សង្រ្គាម​ពាក្យសម្តី​បន្ត​មាន​ខ្ចរខ្ចាយ​រវាង​ចៅហ្វាយ​ក្រុងឡុងដ៏ និង​ប្រធានាធិបតី​អាមេរិក

សង្រ្គាម​ពាក្យសម្តី​កំពុង​បន្ត​មាន​យ៉ាង​ផុសផុល​រវាង​ចៅហ្វាយ​ក្រុង​ឡុងដ៍​លោក​សាឌី កាន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ។ នៅ​ថ្ងៃ​អង្គារ ទី៦ មិថុនា លោក​សាឌី កាន​បន្ត​វ៉ៃប្រហារ​លោក​ដូណាល់ ត្រាំ​ដោយ​យល់​ឃើញ​ថា ប្រទេស​អង់គ្លេស​មិន​គួរ​ផ្តល់​កិត្តិយស​អញ្ជើញ​លោក​ដូណាល់ ត្រាំ​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ទឹកដី​អង់គ្លេស​នា​ឆ្នាំ ២០១៧ នេះ​ទេ។ ប្រតិកម្ម​របស់​លោក​សាឌី កាន​ពេល​នេះ​បាន​ធ្វើ​ឡើង បន្ទាប់​ពី​លោក​ត្រាំ​បាន​រិះគន់​លោក​កាន​ពី​បទ​មើល​ស្រាល​លើ​ភេរវកម្ម​ក្នុង​ទីក្រុង​ឡុងដ៏​ដែល​បាន​សម្លាប់​មនុស្ស ៧នាក់ និង​របួស ៤៨នាក់​កាល​ពី​ថ្ងៃទី៣ មិថុនា។

ចៅហ្វាយ​ក្រុងឡុងដ៍​លោកសាឌី កាន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ
ចៅហ្វាយ​ក្រុងឡុងដ៍​លោកសាឌី កាន និង​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ AFP
ផ្សាយពាណិជ្ជកម្ម

លោក​ចៅហ្វាយ​ក្រុង​ឡុងដ៏​សាឌី កាន​នៅ​មិន​ទាន់​បាត់​ខឹង និង​មិន​ទាន់​អស់​ចិត្ត​ចំពោះ​សម្តី​រិះគន់ ទិតៀន​របស់​លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​ទេ។ « ខ្ញុំ​និយាយ​តាំង​ពី​យូរ​ហើយ​ថា ការ​ដែល​លោកស្រី​នាយករដ្ឋមន្រ្តី​អង់គ្លេស Theresa May បាន​សម្រចចិត្ត​អញ្ជើញ​លោក​ដូណាល់ ត្រាំ​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ប្រទេស​អង់គ្លេស គឺ​ជា​ការ​សម្រេចចិត្ត​រហ័ស​ពេក » នេះ​ជា​ការ​ថ្លែង​របស់​លោក​សាឌី កាន​ប្រាប់ AFP-TV នា​ថ្ងៃ​អង្គារ ទី៦ មិថុនា។ តាម​លោក​សាឌី កាន ក្នុង​ពេល​ដែល​មាន​ពលរដ្ឋ​អង់គ្លេស​ភាគច្រើន​មិន​យល់​ស្រប​តាម​នយោបាយ​របស់​លោក​ដូណាល់ ត្រាំ អង់គ្លេស​មិន​គួរ​ហៅ​លោក​ត្រាំ​ឲ្យ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ឡើយ។

កាល​ពី​ថ្ងៃ​ចន្ទ ទី៥ មិថុនា ចៅហ្វាយ​ក្រុង​ឡុងដ៏​រូប​នេះ​ដដែល​ក៏​បាន​វ៉ែប្រហារ​លោក​ត្រាំ​ម្តង​ហើយ​នៅ​ក្នុង​ឱកាស​ពិធី​គោរព​វិញ្ញាណក្ខន្ធ​មួយ​រៀបចំ​ក្នុង​ទីក្រុង​ឡុងដ៏។ ដោយ​តាំង​ខ្លួន​ជា​ជនជាតិ​អង់គ្លេស​អ្នកកាន់​សាសនា​អ៊ីស្លាម​គំរូ​ម្នាក់​រស់ក្នុង​សង្គម​ចម្រុះជាតិ​សាសន៍ និង​វប្បធម៌ លោក​សាឌី កាន​បាន​បរិហារ​ចាស់ដៃ​លើ​ទង្វើជ្រុលនិយម​របស់​ពួក​ភេរវជន និង​បន្ថែម​ថា អង់គ្លេស​នឹង​មិន​ទុក​បណ្តោយ​ឲ្យ​នរណា​ម្នាក់ រួម​ទាំង​លោក​ដូណាល់ ត្រាំ​ផង​ចូល​បំបែកបំបាក់​សហគមន៍​អ៊ីស្លាម​របស់​អង់គ្លេស​បាន​ជា​ដាច់​ខាត។

គួរ​រម្លឹក​ជូន​ថា អ្វីៗ​បាន​ចាប់​ផ្តើម​ពី​លោក​ដូណាល់ ត្រាំ​ដែល​កាល​ពី​ថ្ងៃទី៤ មិថុនា ពោល ១ថ្ងៃ​ក្រោយ​ភេរវកម្ម​ក្នុង​ទីក្រុង​ឡុងដ៏​នា​យប់​ថ្ងៃទី៣ មិថុនា លោក​ត្រាំ​បាន​បញ្ចេញ​ប្រតិកម្ម​រិះគន់ ទិតៀន​លើ​សម្តី​របស់​លោក​សាឌី កាន​ដែល​ថ្លែង​ទៅ​កាន់​ពលរដ្ឋ​អង់គ្លេស​កុំ​ឲ្យ​បារម្ភ​ចំពោះ​វត្តមាន​កម្លាំង​ប៉ូលិស​ដ៏​ច្រើន​សម្បើម​នៅ​ក្នុង​ទីក្រុង។ លោក​ត្រាំ​បាន​សរសេរ​តាម​បែប​ចំអក​ឡកឡឺយ​ដាក់​លោក​សាឌី កាន​នៅ​ក្នុង​បណ្តាញ​សង្គម Twitter ថា « ស្លាប់​យ៉ាង​តិច ៧នាក់ និង​របួស ៤៨នាក់​ហើយ បែរ​ជា​ចៅហ្វាយ​ក្រុង​ឡុងដ៏​និយាយ​ថា គ្មាន​ហេតុផល​អ្វី​ដែល​ត្រូវ​បារម្ភ​ទៀត »។

យ៉ាង​ណា​ក៏​ដោយ លោក​ត្រាំ​មិន​ទាន់​បាន​តប​នឹង​លោក​សាឌី កាន​ដែល​មិន​ចង់​ឲ្យ​លោក​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវរដ្ឋ​ក្នុង​ប្រទេស​អង់គ្លេស​ទេ។ តែ​លោក​រដ្ឋមន្រ្តី​ការបរទេស​អង់គ្លេស​បូរីស ចនសុន​ដែល​ជា​អតីត​ចៅហ្វាយ​ក្រុង​ឡុងដ៏ និង​បាន​គាំទ្រ​លោក​សាឌី កាន​បាន​យល់​ឃើញ​ថា គេ​គួរ​តែ​បន្ត​រក្សា​ទុក​គម្រោង​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ដូណាល់ ត្រាំ។ ដោយឡែក មាន​ញត្តិ​តាម​អ៊ីនធឺណែត​កែន​ប្រមូល​មនុស្ស​បាន​ជិត ១លាន ៨សែន​នាក់​បាន​ទាមទារ​ឲ្យ​ប្តូរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់​លោក​ត្រាំ​ទៅ​ជា​ទស្សនកិច្ច​ធម្មតា​វិញ។ ធ្វើ​ដូច​នេះ គឺ​ដើម្បី​ចៀសវាង​ការ​រៀបចំ​ស្វាគមន៍​​ទទួល​លោក​ត្រាំ​ដែល​នាំ​រំខាន​ដល់​ព្រះមហាក្សត្រី​អង់គ្លេស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ