អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

បោះឆ្នោតអង់គ្លេស៖​លោកស្រី Theresa May ចាប់​ដៃ​ជាមួយ​គណបក្ស​ផ្សេង​ដើម្បី​មាន​សម្លេង​ដាច់ខាត​សម្រាប់​រដ្ឋាភិបាល​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ក្នុង​ប្រទេស​អង់គ្លេស លទ្ធផល​ផ្លូវការ​នៃ​ការ​បោះឆ្នោត​សភា​មុន​កាលកំណត់​នា​ថ្ងៃ​ព្រហស្បតិ៍ ទី៨ មិថុនា​បាន​បង្ហាញ​ថា គណបក្ស​អភិរក្សនិយម​របស់​លោកស្រី​នាយករដ្ឋមន្រ្តី Theresa May ឈ្នះ​នាំ​មុខ​គេ តែ​មិន​ទទួល​បាន​សម្លេង​ភាគច្រើន​ដាច់​នៅ​ក្នុង​សភា​ដូច​ដែល​លោកស្រី​ចង់​បាន​ទេ។ គណបក្ស​ជាប់​លំដាប់ទី២ និង​មាន​សម្លេង​កើនឡើង​គួរ​ឲ្យ​ភ្ញាក់ផ្អើល គឺ​គណបក្ស​ពលករ​របស់​លោក Jeremy Corbyn។ លោក Corbyn រួម​ទាំង​ថ្នាក់ដឹកនាំ​របស់​បក្ស​លោកស្រី Theresa May ផង​បាន​ទាមទារ​ឲ្យ​លោកស្រី​ចុះចេញ​ពី​តំណែង តែ​លោកស្រី May មិន​ចុះ និង​កំពុង​រៀបចំ​បង្កើត​រដ្ឋាភិបាល​ថ្មី។

លោកស្រី Theresa May នាយករដ្ឋមន្រ្តី​អង់គ្លេស
លោកស្រី Theresa May នាយករដ្ឋមន្រ្តី​អង់គ្លេស REUTERS/Stefan Wermuth
ផ្សាយពាណិជ្ជកម្ម

គេ​អាច​និយាយ​បាន​ទេ​ថា ការ​ដែល​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី Theresa May បាត់បង់​អសនៈ​នៅ​ក្នុង​ការ​បោះឆ្នោត​នេះ ជា​រឿង​ភ្ញាក់ផ្អើល និង​ជា​អ្វី​ដែល​លោកស្រី May មិន​បាន​រង់ចាំ​ទាល់​តែ​សោះ។ តាម​ធម្មតា អង់គ្លេស​នឹង​ត្រូវ​រៀបចំ​បោះឆ្នោត​សភា​នៅ ៣ឆ្នាំ​ខាង​មុខ​ទៀត តែ​ការ​ដែល​លោកស្រី​នាយករដ្ឋមន្រ្តី Theresa May កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ពេល​នេះ​ដោយ​សង្ឃឹម​ថា គណបក្ស​អភិរក្សនិយម​របស់​លោកស្រី​នឹង​ទទួល​បាន​សម្លេង​បន្ថែម​នៅ​ក្នុង​សភា​ច្រើន​ជាង​សម្លេង​លើស​តិចតួច​ដែល​លោកស្រី​មាន​នៅ​មុន​ពេល​បោះឆ្នោត។

តែ​ផ្ទុយ​ពី​ការ​គិត​ទុក គណបក្ស​អភិរក្សនិយម​មិន​ត្រឹមតែ​មិន​ទទួល​បាន​សម្លេង​បន្ថែម​ទេ តែ​បែរ​ជា​បាត់បង់​បន្ថែម​នូវ​សម្លេង​ដែល​មាន​ស្រាប់​ទៅ​វិញ។ នេះ​ហើយ​ជា​បរាជ័យ​ដ៏​ល្វីងជូរចត់​មួយ​ដែល​លោកស្រី May មិន​បាន​រង់ចាំ និង​មិន​នឹក​ស្មាន​ទាល់​តែ​សោះ។ គួរ​រម្លឹក​ជូន​ថា គឺ​នៅ​ពាក់​កណ្តាល​ខែ​មេសា​កន្លង​ទៅ​ដែល​លោកស្រី May បាន​ប្រកាស​ឲ្យ​មាន​ការ​រៀបចំ​បោះឆ្នោត​សភា​មុន​កាល​កំណត់ និង​ដែល​នៅ​ពេល​នោះ ក្រុម​អ្នកសង្កេតការណ៍ រួម​ទាំង​លទ្ធផល​ស្ទង់មតិ​បាន​ប្រមើល​ទុក​ពី​ជោគជ័យ​ដ៏​ធំធេង​របស់​គណបក្ស​អភិរក្សនិយម តែ​លទ្ធផល​ជាក់ស្តែង គឺ​ផ្ទុយស្រឡះ។

នៅ​មុន​ការ​បោះឆ្នោត គណបក្ស​អភិរក្សនិយម​របស់​លោកស្រី May មាន ៣៣០អសនៈ​ក្នុង​ចំនួន​អសនៈ​ទាំង ៦៥០ នៅ​ក្នុង​រដ្ឋសភា តែ​ក្រោយ​ការ​បោះឆ្នោត​នា​ថ្ងៃទី៨ មិថុនា គឺ​បាន​បាត់បង់​ពី ១០ ទៅ ១៥អសនៈ។ ចំណែក​អ្នក​ដែល​ញញឹម បិទមាត់​មិន​ជិត គឺ​លោក Jeremy Corbyn ប្រធាន​គណបក្ស​ប្រឆាំង គឺ​បក្ស​ពលករ​ដែល​ទទួល​បាន​អសនៈ​បន្ថែម​ប្រមាណ​ជា ១០អសនៈ។ ជា​សរុប គណបក្ស​អភិរក្សនិយម​ឈ្នះ តែ​គ្មាន​សម្លេង​ដាច់ខាត​ដើម្បី​អាច​ដឹកនាំ​តែ​ម្នាក់​ឯង​ទេ។

រដ្ឋាភិបាល​សម្លេងភាគតិច ឬ​រដ្ឋាភិបាល​ចម្រុះ?

ព្រឹត្តិការណ៍​ដែល​បាន​និង​កំពុង​កើត​មាន​ឡើង​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ពេល​នេះ​ត្រូវ​បាន​គ្រប់​គ្នា​ចាត់​ទុក​ជា​ព្យុះ​នយោបាយ​ដែល​គ្មាន​នរណា​មួយ​បាន​ទន្ទឹង​រង់ចាំ​ទាល់​តែ​សោះ។ អ្វីៗ​ហាក់​បាន​ជាប់​គាំង​មួយ​កន្លែង និង​ដែល​លោកស្រី Theresa May កំពុង​ទទួល​គំនាប​ឲ្យ​ចុះ​ចេញ​ពី​តំណែង​ពី​លោក Jeremy Corbyn ក៏​ដូច​ពី​ថ្នាក់ដឹកនាំ​នៅ​ផ្ទៃក្នុង​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី​ដែរ។ លោក Corbyn បាន​បញ្ជាក់​ច្បាស់ៗ​ថា ការ​បាត់បង់​ចំនួន​អសនៈ​តិចតួច​របស់​គណបក្ស​អភិរក្សនិយម​ពេល​នេះ​ជា​ភស្តុតាង​គ្រប់គ្រាន់​ដើម្បី​ចុះ​ចេញ​ពី​តំណែង។ តែ​ទោះ​ជា​យ៉ាង​នេះ​ក្តី លោកស្រី Theresa May មិន​ខ្ចី​យក​ត្រចៀក​ស្តាប់ និង​បាន​សុំ​ការ​អនុញ្ញាត​ពី​ព្រះមហាក្សត្រី​ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី។

សេណារីយ៉ូ​នៃ​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​ដែល​លោកស្រី May មាន​ជម្រើស​ពីរ ទី១ បង្កើត​រដ្ឋាភិបាល​សម្លេង​ភាគតិច និង​ជម្រើស​ទី២ បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​មួយ ឬ​គណបក្ស​ច្រើន​ដែល​មាន​អសនៈ​នៅ​ក្នុង​រដ្ឋសភា។ បើ​លោកស្រី May ជ្រើស​យក​ជម្រើស​ទី១ គណបក្ស​អភិរក្សនិយម​នឹង​ដឹកនាំ​រដ្ឋាភិបាល​តែ​ម្នាក់​ឯង តែ​ត្រូវ​ហ៊ាន​ធានា​ថា ខ្លួន​អាច​នឹង​សុំ​បាន​ការ​គាំទ្រ​ពី​គណបក្ស​ផ្សេង​ក្នុង​ពេល​ត្រូវ​ការ​ឲ្យ​មាន​ការ​បោះឆ្នោត​អនុម័ត​លើ​សេចក្តីព្រាងច្បាប់​អ្វី​មួយ​នៅ​ក្នុង​សភា។ ជម្រើស​ទី១ នេះ​ជា​ជម្រើស​ផុយស្រួយ និង​ប្រកប​ដោយ​ហានិភ័យ​ខ្លាំង​ណាស់។

រដ្ឋាភិបាល​មាន​សម្លេង​ភាគតិច​ដឹកនាំ​ដោយ​គណបក្ស​តែ​មួយ​របៀប​នេះ​ធ្លាប់​បាន​កើត​មាន​ម្តង​ហើយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស​កាល​ពី​ឆ្នាំ ១៩៧៤។ តែ​ដឹកនាំ​មិន​បាន​ប៉ុន្មាន​ខែ​ផង ក៏​ស្រាប់​កោះ​ឲ្យ​មាន​ការ​បោះឆ្នោត​ជា​ថ្មី។
ដូច្នេះ លោកស្រី May អាច​ជ្រើស​យក​ជម្រើស​ទី២ គឺ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​គណបក្ស​មួយ ឬ​គណបក្ស​ច្រើន​ដើម្បី​អាច​ទទួល​បាន​សម្លេង​ដាច់​ខាត​នៅ​ក្នុង​សភា។

កិច្ចចរចា​ស្តីពី Brexit បន្ត​ដូច​ការ​គ្រោង​ទុក

នៅ​ថ្ងៃ​ទី១៩ មិថុនា​ខាង​មុខ អង់គ្លេស និង​អឺរ៉ុប​​ផ្តើម​បើក​កិច្ចចរចា​ស្តីពី Brexit ពោល​ការ​ចាកចេញ​របស់​អង់គ្លេស​ពី​អឺរ៉ុប។ តែ​ព្យុះ​នយោបាយ​នៅ​អង់គ្លេស​ពេល​នេះ​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិច្ចចរចា​ទោះ​តិច ឬ​ច្រើន។ តែ​ពេល​នេះ មាន​សំណួរ​ជា​ច្រើន​បាន​ចោទ​ឡើង ពិសេស​ថា​តើ​រដ្ឋាភិបាល​ថ្មី​របស់​អង់គ្លេស​នឹង​ចេញ​រូបរាង​នៅ​ពេល​ណា និង​ថា តើ​រដ្ឋាភិបាល​ថ្មី​ដែល​លោកស្រី May យល់​ព្រម​ចាប់ដៃ​ជាមួយ​គណបក្ស​ផ្សេង​អាច​នឹង​មាន​ដំណើរការ​បាន​ប៉ុន្មាន​ខែ ប៉ុន្មាន​ឆ្នាំ ព្រោះ​ចូរ​កុំ​ភ្លេច​ថា ការ​ចរចា​រវាង​អង់គ្លេស និង​អឺរ៉ុប​ស្តីពី Brexit ត្រូវ​ប្រើ​ពេល​យ៉ាង​តិច ២ឆ្នាំ។

អ្វី​ដែល​គ្រប់​គ្នា​បារម្ភ​ខ្លាំង គឺ​ស្ថិរភាព​នយោបាយ និង​ភាព​រឹងមាំ​របស់​រដ្ឋាភិបាល​ថ្មី​របស់​លោកស្រី May។ ចង់ ឬ​មិន​ចង់​ពេល​នេះ លោកស្រី Theresa May លែង​មាន​ឥទ្ធិពល និង​មាន​ទឹកមាត់​ប្រៃ​ដូច​មុន​ទៀត​ឡើយ ទាំង​នៅ​លើ​ឆាកអន្តរជាតិ ក៏​ដូច​ជា​នៅ​ផ្ទៃក្នុង​គណបក្ស​អភិរក្សនិយម​របស់​លោកស្រី។
ដូច្នេះ ជំហរ​របស់​លោកស្រី​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អឺរ៉ុប​ស្តីពី Brexit អាច​នឹង​មាន​ការ​ផ្លាស់ប្តូរ​ដែល​គេ​សង្ឃឹម​ថា នឹង​អាច​ទន់ភ្លន់​ជាង​មុន។ ចូរ​កុំ​ភ្លេច​ថា លោកស្រី May មាន​ជំហរ​តឹងរឹង​ជាមួយ​អឺរ៉ុប​នៅ​ក្នុង​កិច្ចចរចា​ស្តីពី​ការ​លែងលះ​អង់គ្លេស​ពី​អឺរ៉ុប។

លោកស្រី May ធ្លាប់​និយាយ​ច្រើន​ដង​ថា លោកស្រី​នឹង​ព្យាយាម​ចរចា​ដើម្បី​ទទួល​បាន​កិច្ចព្រមព្រៀង​ល្អៗ​ដែល​ហុច​ប្រយោជន៍​ច្រើន​ដល់​ប្រទេស​អង់គ្លេស។ តាម​លោកស្រី May សុខចិត្ត​មិន​ទទួល​យក​កិច្ចព្រមព្រៀង​ជាជាង​យក​កិច្ចព្រមព្រៀង​ដែល​អាក្រក់។ ខុស​ពី​លោកស្រី May លោក​ប្រធាន​គណបក្សប្រឆាំង Jeremy Corbyn តែង​មាន​ជំហរ​ទន់ភ្លន់​ជាមួយ​អឺរ៉ុប និង​ចង់​ឃើញ​អង់គ្លេស​បន្ត​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជា​មួយ​អឺរ៉ុប​នៅ​ក្រោយ​ការ​លែងលះ​គ្នា​ជា​ផ្លូវការ​នៅ​ឆ្នាំ ២០១៩។

ដូច្នេះ​គេ​អាច​និយាយ​បាន​ថា លទ្ធផល​បោះឆ្នោត​នៅ​អង់គ្លេស​ពេល​នេះ​អាច​នឹង​រុញ​ទីក្រុង​ឡុងដ៏​ឲ្យ​ប្រកាន់​ជំហរ​ទន់ភ្លន់​នៅ​ក្នុង​កិច្ចចរចា​ជាមួយ​អឺរ៉ុប​នា​ថ្ងៃ​ខាង​មុខ។ នៅ​ខាង​អឺរ៉ុប​វិញ ប្រតិកម្ម​មាន​ច្រើន និង​ខុសៗ​គ្នា​ដែល​ភាគ​ច្រើន​បារម្ភ​ដល់​ដំណើរការ​ចរចា​ស្តីពី Brexit ដែល​អាច​នឹង​អូសបន្លាយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ