អានតួអត្ថបទ
កាតា

ប្រទេស​កាតា​ស្វែង​រក​ការ​គាំទ្រ​ពី​​អន្តរជាតិ​ដើម្បី​គេច​ពី​ភាព​ឯកោ​របស់​អារ៉ាប៊ីសាអូឌីត

នៅ​ថ្ងៃ​សុក្រ ទី៩ មិថុនា ប្រទេស​កាតា​បាន​ស្វែង​រក​ការ​គាំទ្រ​នៅ​បរទេស​ដើម្បី​ងើប​ពី​ភាព​ឯកោ​ដាក់​ដោយ​ប្រទេស​អារ៉ាប៊ីសាអូឌីត និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​របស់​អារ៉ាប៊ីសាអូឌីត។ បេសកកម្ម​ស្វែង​រក​ការ​គាំទ្រ​នៅ​បរទេស​របស់​ដូហា​ពេល​នេះ​ដឹក​នាំ​ដោយ​លោក​ប្រមុខការទូត​អាល់ថានី។ គួរ​រម្លឹក​ជូន​ថា កាតា​ត្រូវ​បាន​អារ៉ាប៊ីសាអូឌីត និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​ផ្តាច់​ទំនាក់ទំនង​ការទូត​កាល​ពី​ថ្ងៃទី៥ មិថុនា​ដោយ​លើក​យក​មូលហេតុ​ទៅ​ពន្យល់​ថា ទីក្រុង​ដូហា​បាន​គាំទ្រ​ក្រុម​អង្គការ​ភេរវនិយម ដូច​យ៉ាង​អង្គការ​រដ្ឋអ៊ីស្លាម និង​អង្គការ​អាល់កៃដា។

លោក​ប្រមុខ​ការទូត​កាតា​អាល់ថានី
លោក​ប្រមុខ​ការទូត​កាតា​អាល់ថានី Reuters
ផ្សាយពាណិជ្ជកម្ម

អាល្លឺម៉ង់​ជា​ប្រទេស​អឺរ៉ុប​ទី១ ដែល​លោក​ប្រមុខ​ការទូត​កាតា​អាល់ថានី​បាន​ទៅ​ទស្សនកិច្ច​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នៅ​ថ្ងៃ​សុក្រ ទី៩ មិថុនា មុន​នឹង​បន្ត​ដំណើរ​ទៅ​កាន់​ទីក្រុង​មូស្កូ ប្រទេស​រុស្ស៊ី​នៅ​ថ្ងៃ​សៅរ៍ ទី១០ មិថុនា។ នៅ​ក្នុង​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ លោក​អាល់ថានី​បាន​ជួប​សន្ទនា​ជាមួយ​សមភាគី​អាល្លឺម៉ង់​លោក Sigmar Gabriel និង​បាន​ធ្វើ​សន្និសីទកាសែត​រួម​គ្នា។ ដោយ​មិន​បាន​និយាយ​លំអិត​អ្វី​ច្រើន លោក​អាល់ថានី​បាន​ថ្លែង​ថា​ខណៈ​នេះ មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​ពី​ក្រុម​ប្រទេស​មិត្ត​ជា​ច្រើន​ដើម្បី​កាត់​បន្ថយ​វិបត្តិ លើក​ចេញ​វិញ​នូវ​វិធានការ​រាំងខ្ទប់​លើ​កាតា​ដោយ​អយុត្តិធម៌ និង​ផ្តើម​កិច្ចចរចា។

ចំណែក​សមភាគី​អាល្លឺម៉ង់​លោក Gabriel បាន​បញ្ជាក់​ថា ពិត​ជា​មាន​ការ​ជជែក​គ្នា​ជាមួយ​ក្រុមប្រទេស​ក្នុង​តំបន់ រួម​ទាំង​ភាគី​អាមេរិក​ផង​ដែរ​ដើម្បី​ដោះស្រាយ​បញ្ហា។ លោក Gabriel បាន​បន្ថែម​ថា អាល្លឺម៉ង់​នឹង​ធ្វើ​អ្វីៗ​គ្រប់​យ៉ាង​ជាមួយ​សហគមន៍​អន្តរជាតិ និង​សហភាព​អឺរ៉ុប​ដើម្បី​កុំ​ឲ្យ​ជម្លោះ​មួយ​នេះ​ធ្លាក់​កាន់​តែ​ដុនដាប។ ប្រមុខ​ការទូត​អាល្លឺម៉ង់​រូប​នេះ​ដដែល​បាន​ទទួល​ស្គាល់​ថា វិធានការ​បិទខ្ទប់​កាតា​ដោយ​អារ៉ាប៊ីសាអូឌីត និង​ក្រុមសម្ព័ន្ធមិត្ត​ពិត​ជា​ផ្តល់​ផលវិបាក​ធ្ងន់ធ្ងរ​ដល់​ប្រជាជន​កាតា និង​សេដ្ឋកិច្ច​អាល្លឺម៉ង់។

គួរ​រម្លឹក​ជូន​ថា រ៉ាប៊ីសាអូឌីត និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​ផ្តាច់​ទំនាក់ទំនង​ការទូត​ជាមួយ​កាតា​កាល​ពី​ថ្ងៃទី៥ មិថុនា​ដោយ​ចោទ​ទីក្រុង​ដូហា​ពី​បទ​គាំទ្រ​ក្រុម​អង្គការ​ភេរវនិយម ដូច​យ៉ាង​អង្គការ​រដ្ឋអ៊ីស្លាម និង​អង្គការ​អាល់កៃដា។ បន្ទាប់​មក​នៅ​យប់​ថ្ងៃ​ព្រហស្បតិ៍​ឆ្លង​ចូល​ថ្ងៃ​សុក្រ ទី៨ មិថុនា អារ៉ាប៊ីសាអូឌីត និង​ក្រុម​សមម្ព័ន្ធមិត្ត​បាន​បន្ថែម​ទ័ណ្ឌកម្ម​ដោយ​ផ្សព្វផ្សាយ​បញ្ជី​ឈ្មោះ​មនុស្ស​ចំនួន ៥៩នាក់ និង​១២អង្គការ​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​អង្គការ​ភេរវនិយម​គាំទ្រ​ដោយ​កាតា។ លោក​ប្រមុខ​ការទូត​កាតា​អាល់ថានី​បាន​បញ្ចេញ​ប្រតិកម្ម​បរិហារ​លើ​បញ្ជី​នោះ និង​ថា មនុស្ស​ដែល​ស្ថិត​ក្នុង​បញ្ជី​នោះ​មិន​បាន​រស់ក្នុង​ទឹកដី​កាតា មិន​ធ្លាប់​ដាក់​ជើង​ជាន់​ទឹកដី​កាតា ចំណែក​ឈ្មោះ​អង្គការ​ទាំង​នោះ​ក៏​មិន​ដែល​មាន​ទំនាក់ទំនង​រកស៊ី​ជាមួយ​កាតា​ដែរ។

យ៉ាង​ណា​ក៏​ដោយ លោក​អាល់ថានី​បាន​បញ្ជាក់​ថា​នៅ​ពេល​នេះ កាតា​នឹង​មិន​ចាត់​វិធានការ​អ្វី​តប​នឹង​ការ​ចោទ​ប្រកាន់​របស់​អារ៉ាប៊ីសាអូឌីត និង​ក្រុមប្រទេស​សម្ព័ន្ធមិត្ត​ទេ។ គួរ​ជម្រាប​ជូន​ថា វិបត្តិ​មួយ​នេះ​បាន​និង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​ទើសទាល់​ចិត្ត​យ៉ាង​ខ្លាំង ពិសេស​អាមេរិក​ដែល​មាន​មូលដ្ឋាន​យោធា​ក្នុង​ទឹកដី​កាតា។ តែ​ឥឡូវ​នេះ និង​បន្ទាប់​ពី​បាន​គាំទ្រ​គំនិត​ផ្តួចផ្តើម​របស់​អារ៉ាប៊ីសាអូឌីត​មក លោក​ប្រធានាធិបតី​អាមេរិក​ដូណាល់ ត្រាំ​សុខចិត្ត​ចូលខ្លួន​ជួយ​ដោះស្រាយ និង​ព្រម​ទទួល​ជួប​ភាគី​ជម្លោះ​នីមួយៗ​នៅ​សេតវិមាន បើ​ចាំ​បាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ