អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

​បោះឆ្នោត​សភា​បារាំងឆ្នាំ​២០១៧ ៖ ដំណើរ​ឆ្ពោះ​ទៅ​រកការ​ប្តូរ​ផ្លាស់​មុខមាត់​ថ្មី

ចុះផ្សាយ​នៅ​ថ្ងៃ៖

ថ្ងៃ​នេះ​ ជា​ថ្ងៃ​បោះឆ្នោត​សភា​បារាំង ជុំ​ទី​មួយ។ ការិយាល័យ​បោះឆ្នោត​បាន​បើក​ទ្វារ​តាំង​ពី ម៉ោង​៨​ព្រឹក​ដល់​ម៉ោង ៦​ល្ងាច ឬ​៨​ល្ងាច នៅ​តាម​ក្រុង​ធំៗ។​ បើ​ទោះ​មិន​ទាន់​ដឹង​លទ្ធផល​​ក៏​ ​ ក៏​សភា​​​ថ្មីនេះ​​នឹង​មាន​ប្តូរ​ផ្លាស់​​ច្រើន ៖ ​ប្តូរទាំង​មុខ​ ប្តូរ​ទាំង​បក្ស។​ គណបក្ស​នយោបាយ​ធំៗ​ជា​ប្រពៃណី​ ចុះ​ទន់​ខ្សោយ​ខ្លាំង គណបក្ស​ថ្មី​​En Marche របស់​លោក​ម៉ាក្រុង ​មាន​ប្រជាប្រិយភាព​ខ្ពស់​ក្នុង​ការស្ទង់​មតិ មុន​ថ្ងៃ​បោះឆ្នោត។

បារាំង​បោះឆ្នោត​សភា​ជុំ​ទីមួយ ថ្ងៃទី ១១​មិថុនា ២០១៧
បារាំង​បោះឆ្នោត​សភា​ជុំ​ទីមួយ ថ្ងៃទី ១១​មិថុនា ២០១៧ AFP/Pascal Guyot
ផ្សាយពាណិជ្ជកម្ម

ដំណើរការ​បោះឆ្នោត

ថ្ងៃ​នេះ បារាំង​រៀប​ចំ​បោះឆ្នោត ​ជ្រើសរើស​តំណាង​រាស្ត្រចំនួន​ ៥៧៧ រូបមក​អង្គុយ​ក្នុង​​​អាសនៈសភា ក្នុង​នោះ​១១​នាក់​ជា​តំណាង​ប្រជាជន​បារាំង​នៅ​បរទេស។ ក្នុង​មួយ​អាសនៈៗ មាន​បេក្ខជន ​ មក​ពី​គណបក្ស​​តូច​ធំ​ឬ​ឯករាជ្យ​​ចំនួន​ប្រមាណ​១៤​នាក់។
នៅ​ប្រទេស​បារាំង ការ​បោះឆ្នោត​សភា ក៏​ដូច​បោះឆ្នោត​ប្រធានាធិបតី​ ប្រព្រឹត្ត​ទៅ​ពីរ​ជុំ។ បេក្ខជន​​ណា​ដែល​អាច​ប្រមូល​សំឡេង​បាន​លើស​ពី​៥០% នៅ​ជុំ​ទី​មួយ​ នឹង​ជាប់​ជា​តំណាង​រាស្ត្រ​របស់​បក្ស​ភ្លាម​នៅ​ថ្ងៃ​នេះ។ តែ​បើ​គ្មាន​នរណា​បាន​លើស​ពី​៥០%​ទេ​ នោះ​បេក្ខជន​នាំ​មុខ​គេ​ដំបូង​ពីរ​នាក់​នឹង​ត្រូវ​ឡើង​ទៅ​ប្រកួត​នៅ​ជុំ​ទីពីរ​ទៀត។ ប៉ុន្តែខុស​ពី​ការ​បោះឆ្នោត​ប្រធានាធិបតី​បន្តិច ដោយ​នៅ​​ក្នុង​ជុំ​ទីពីរ​នេះ​ បេក្ខជន​ណា​ប្រមូល​បាន​សំឡេង​លើស​ពី​១២,៥%​សុទ្ធ​តែ​បាន​ឡើង​ទៅ​ជុំ​ពីរ​ទាំង​អស់ មិន​ថា​ត្រូវ​ប្រកួត​បី ឬ​បួន​នាក់​ឡើយ។ នៅជុំទីពីរ​ បេក្ខជន​បាន​សំឡេង​ច្រើនជាង​គេ​អ្នក​ឈ្នះ។ ការ​បោះឆ្នោត​សភា ល្បី​ខាង​មាន​អត្រា​អ្នក​អវត្តមាន​ច្រើន​បំផុត។

​រដ្ឋាភិបាល​ម៉ាក្រុង​ឆ្ពោះ​ទៅ​ដណ្តើម​បាន​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​ក្នុង​សភា

ការ​បោះឆ្នោត​សភា​នេះ​ជា​វិញ្ញាសា​សំខាន់​ណាស់​សម្រាប់​លោក​ប្រធានាធិបតី​ អេម៉ានុយអែល ម៉ាក្រុង ដែល​ទើប​ជាប់​ឆ្នោត​ថ្មី។ គណបក្ស​របស់​លោក ត្រូវ​ការ​ឈ្នះ​​ក្នុង​ការ​សម័យ​បោះឆ្នោត​នេះ ត្រូវ​ការ​ប្រមូល​​​អាសនៈ​នៅ​ក្នុង​សភា​បាន​ភាគ​ច្រើន​ដាច់​ខាត ដើម្បី​អាច​សម្រេច​​ដឹកនាំ​ធ្វើ​កំណែទម្រង់​ផ្សេងបាន។ ហេតុដូច្នេះ​ហើយ​បាន​នៅ​ក្នុង​ពេល​ឃោសនា​ គណបក្ស​នេះ បាន​លើក​ហេតុផល​តែ​មួយ មក​បញ្ចុះ​បញ្ចូល​ប្រជាពលរដ្ឋ ថាបើ​អ្នក​គាំទ្រ​លោក​ ម៉ាក្រុង ជា​ប្រធានាធិបតី​ហើយ ​ត្រូវ​តែ​បោះឆ្នោត​ឱ្យ​តំណាង​រាស្ត្រ​គណបក្ស​សាធារណរដ្ឋ​En Marcheនេះ​ទៀត ទើប​កម្មវិធី​នយោបាយរបស់​​លោក​ម៉ាក្រុង អាច​សម្រេច​បាន។ ប្រសិន​បើ​ គណបក្ស​នេះ​មិន​អាច​ប្រមូល​​សំឡេង​ភាគ​ច្រើន​ដាច់​ខាត​នៅក្នុង​សភា​បាន​ទេ នោះ​លោកប្រធានាធិបតី​ម៉ាក្រុង ត្រូវ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​ជាមួយ​បក្ស​ជាប់​ឆ្នោត​ផ្សេង​ទៀត​ ឬ​ក៏​ត្រូវ​ប្រើ​វិធី​ទាក់​ទាញ​សំឡេង​ពី​តំណាង​រាស្ត្រ​បក្ស​ផ្សេងៗ ដើម្បី​មាន​សំឡេង​គ្រប់គ្រាន់​​ដាច់​ខាត​ យ៉ាង​ហោច ២៨៩​ សំឡេង ក្នុង​ការ​អនុម័ត​ច្បាប់​អ្វីមួយ​បាន។
​​
សភា​ប្តូរ​ផ្លាស់មុខមាត់​​ថ្មី​

ការ​ប្តូរផ្លាស់​​មានយ៉ាង​ជាក់​ស្តែង​​ស្រេច​តាំង​ពី​មុន​បោះឆ្នោតតែ​ម្តង។ មួយ​ភាគបី​នៃ​តំណាងរាស្ត្រ​ចាស់ មិនអាច​ឈរ​ឈ្មោះ​បាន​ទៀតទេ។ តាំង​ពី​ឆ្នាំ​២០១៤​មក បារាំង​បាន​អនុម័ត​ច្បាប់​មួយ​មិន​អនុញ្ញាត​ឱ្យ​ សមាជិកសភា/ព្រឹទ្ធសភា មាន​តំណែង​ពីរបី​ផ្ទូន​គ្នា ជា​មេឃុំ​ចៅ​សង្កាត់​ផង ឬចៅហ្វាយក្រុង​ផង ឬ​ជា​ប្រធាន​តំបន់​ ប្រធានខេត្ត ក្នុង​ពេល​តែ​មួយ​ទេ។ ​

ច្បាប់​នេះ​ បាន​ចូល​ជា​ធរមាន​តាំង​ពី​ថ្ងៃ​ទី ៣១មីនា ២០១៧​មក។ ហេតុដូច្នេះ​ហើយ​ ជា​តំណាង​តំណាង​រាស្ត្រ​ផុត​អាណត្តិចំនួន​​២០០​នាក់នេះ ដែល​ខ្លះ​ជា​តំណាង​បក្ស​សង្គម​និយម​ ខ្លះ​ជា​បក្ស​សាធារណរដ្ឋ​ស្តាំ​និយម បាន​​សុខ​ចិត្ត​រក្សា​តួនាទី​ជា​មេឃុំ​ ចៅ​ហ្វាយ​ក្រុង ជា​ជាង​មក​ប្រកួត​ប្រជែង​យក​អាសនៈ​នៅសភា។ តំណាង​រាស្ត្រ​ចាស់ៗជិត​ពាក់​កណ្តាល​សុខ​ចិត្ត​បញ្ឈប់​អាណត្តិ​​ដើម្បី​ទុក​ឱកាស​ក្មេង​ជំនាន់​ក្រោយ​ម្តង។

តំណាង​រាស្ត្រ​វ័យ​ក្មេង​ខ្លះ​ទៀត បាន​ជ្រើសរើស​​ដក​ខ្លួន​មិនមក​ឈរ​ឈ្មោះបន្ត​អាណត្តិ​ជា​លើក​ទីពីរ ព្រោះ​ធុន​ទ្រាញ់​ខក​ចិត្ត​នឹង​តួនាទី​ជា​សមាជិក​​សភា ដែល​​​ស្ពឹក​ស្រពន់​​ ហើយមិនចាញ់​ឆ្នោតនាំ​តែ​ខ្លាច​​បាក់​មុខ​។

ម្យ៉ាង​វិញទៀត គេ​សង្កេត​ឃើញ​ថា​បក្ស​En Marche​របស់​លោក ម៉ាក្រុង ដែល​នាំ​មុខ មាន​បេក្ខជន​តំណាង​រាស្ត្រ​ច្រើន ដល់​៥៣០​នាក់ ក្នុង​ចំណោម​អាសនៈ​ទាំងអស់​៥៧៧​។ ជា​បក្ស​ថ្មី បេក្ខជន​តំណាង​រាស្ត្រ​ក៏​​សុទ្ធ​សឹង​ជា​មនុស្ស​ថ្មី ប្រសូត​ចេញ​មក​ពី​សង្គម​ស៊ីវិល វ័យ​ក្មេង​ ​​និង​មាន​បេក្ខជន​ជា​ភេទ​ស្រី ដល់​ទៅ​ជាង​៤២%។ រដ្ឋមន្ត្រី​៦​នាក់​របស់​រដ្ឋាភិបាល​លោក​ម៉ាក្រុង ក៏​បាន​ឈរ​ឈ្មោះ​ជា​តំណាង​រាស្ត្រ​ដែរ តែ​ពួកគេ​នឹង​ត្រូវ​លាលែង​ចេញពី​តំណែង​ភ្លាម​ប្រសិន​បើ​ចាញ់​ឆ្នោត។

សភាមាន​មុខ​មាត់ថ្មី សមាជិក​​ថ្មីច្រើន ​ពុំ​សូវ​មាន​បទ​ពិសោធន៍​ ប៉ុន្តែអាច​ជា​សភា​ដែល​មានតំណាង​រាស្ត្រ​​ស្ត្រី​ច្រើន​ជាង​សភាមុនៗ។

​គណបក្ស​ធំៗប្រឹង​ក្លាយ​ជា​បក្ស​ប្រឆាំង

គណបក្ស​សាធារណរដ្ឋ​ស្តាំ​និយម ដែល​បេក្ខជន​ហ្វីយ៉ុង​បាន​ចាញ់​យ៉ាង​អាម៉ាស​​តាំ​ងពីជុំ​ទីមួយនៃការ​បោះឆ្នោត​ប្រធានាធិបតី​​ កំពុង​បំប៉ោង​មហិច្ឆតា​ខ្លាំងណាស់ ដោយ​សង្ឃឹម​លើ​ការ​បោះឆ្នោត​សភា​នេះ​ឯង ថា​នឹង​អាច​ប្រមូល​សំឡេង​គាំទ្រ​បាន​ច្រើន​ដាច់​ខាត ដើម្បី​ចាប់​បង្ខំ​រដ្ឋាភិបាល​លោក​ម៉ាក្រុង​ឱ្យ​បង្កើត​រដ្ឋាភិបាល​ចម្រុះ​​ជាមួយ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​បក្ស​នេះ​ជា​ច្រើន​បាន​ងាក​មក​ភ្ជាប់​ខ្លួន​ជាមួយ​លោកម៉ាក្រុង​។ យុទ្ធសាស្ត្រ​របស់​ប្រធានាធិបតី​ម៉ាក្រុង​តែង​តាំង​នាយក​រដ្ឋមន្ត្រី​មក​ពី​បក្ស​សាធារណរដ្ឋ បាន​បង្កើត​ភាព​សង្ស័យ​​និង​ប្រេះ​ឆា​ក្នុងរង្វង់​បក្ស​។

ចំណែក​បក្ស​សង្គមនិយម​ដែល​កាន់​អំណាច​សភា​ក្នុង​សម័យ​ប្រធានាធិបតី​ហូឡង់​វិញ កំពុងតែ​ត្រដរ​រស់​។ អ្នក​គាំទ្រ​បក្ស​នេះ​ភាគ​ច្រើន​ងាក​ទៅ​រក​ម៉ាក្រុង​អស់​ហើយ​ ហើយ​អ្នក​នៅ​សេសសល់​គឺ​ងាក​ទៅ​រក​បក្ស​កុម្មុយនិស្ត អ្នក​ឆ្វេង​និយម​ជ្រុល​របស់​ មេឡង់ស្ហុងតែ​ម្តង។ បក្ស​ La France Insoumise របស់​លោក​មេឡង់ស្ហុង ដែល​ឡើង​សំឡេង​ខ្លាំង​ក្នុង​សម័យ​បោះឆ្នោត​ប្រធានាធិបតី ក៏​ដូច​ជា​បក្ស​រណសិរ្ស​​ជាតិ​របស់​លោកស្រី​ម៉ារីន ឡឺប៉ែន កំពុ​ងតាំ​ងខ្លួនប្រមូល​សំឡេង​ដើម្បី​បាន​ក្លាយ​ជា​ចលនា​-​ជា​បក្ស​ប្រឆាំង​​ទី​មួយ​របស់​លោក​ម៉ាក្រុង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ