អានតួអត្ថបទ
អាល្លឺម៉ង់-G២០

G២០ ចង់​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​អាហ្រ្វិក​ក្នុង​បំណង​ទប់ស្កាត់​លំហូរ​ជនអន្តោប្រវេសន៍​នៅ​អឺរ៉ុប

នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់ លោកស្រី​នាយករដ្ឋមន្រ្តី​អង់ហ្កឺឡា មែរកិល​រៀបចំ​ទទួល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​អាហ្រ្វិក​មួយ​ចំនួន​នា​ថ្ងៃ​ចន្ទ ទី១២ និង​ថ្ងៃ​អង្គារ ទី១៣ មិថុនា។ ជំនួប​រវាង​លោកស្រី​មែរកិល និង​ថ្នាក់ដឹកនាំ​អាហ្រ្វិក​មួយ​ចំនួន​ពេល​នេះ​ធ្វើ​ឡើង​នៅ​ក្នុង​ក្របខ័ណ្ឌ​អាល្លឺម៉ង់​ជា​ប្រធាន​ផ្លាស់វេន G២០ គឺ​ក្រុម​ប្រទេស​មហាអំណាច​ឧស្សាហកម្ម​បូក​នឹង​ក្រុមប្រទេស​ដែល​កំពុង​មាន​សេដ្ឋកិច្ច​រីកលូតលាស់។ កម្មវត្ថុ គឺ​ជួយ​ផ្តល់​សន្ទុះ​សេដ្ឋកិច្ច​ក្នុង​ទ្វីបអាហ្រ្វិក​ដែល​ជា​ជំហាន​ចាំ​បាច់​ក្នុង​ការ​កាត់​បន្ថយ​លំហូរ​ជនអន្តោប្រវេសន៍​នៅ​អឺរ៉ុប។

លោកស្រី​អង់ហ្កឺឡា មែរកិល នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ជា​ប្រធាន​ផ្លាស់វេន G២០ សម្រាប់​ឆ្នាំ ២០១៧
លោកស្រី​អង់ហ្កឺឡា មែរកិល នាយករដ្ឋមន្រ្តី​អាល្លឺម៉ង់ និង​ជា​ប្រធាន​ផ្លាស់វេន G២០ សម្រាប់​ឆ្នាំ ២០១៧ REUTERS/Wolfgang Rattay
ផ្សាយពាណិជ្ជកម្ម

ការ​ទទួល​ជួប​ជាមួយ​ថ្នាក់ដឹកនាំ​អាហ្រ្វិក​រយៈពេល ២ថ្ងៃ​ក្នុង​ទីក្រុង​ប៊ែរឡាំង​ពី​សំណាក់​លោកស្រី​ប្រមុខ​រដ្ឋាភិបាល​អាល្លឺម៉ង់​អង់ហ្កឺឡា មែរកិល​ពេល​នេះ​បាន​ធ្វើ​ឡើង ជិត ១ខែ​មុន​នឹង G២០ រៀបចំ​ជំនួបកំពូល​នៅ​ក្នុង​ទីក្រុង​ហំប៊ួរ។ កម្មវត្ថុ​របស់​លោកស្រី​មែរកិល​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន G២០ គឺ​ដើម្បី​ពង្រឹង​កិច្ចសហប្រតិការ​ក្នុង​ការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​យូរ​អង្វែង​ជាមួយ​ក្រុមប្រទេស​អាហ្រ្វិក។ គួរ​រម្លឹក​ជូន​ថា នៅ​ក្នុង​ជំនួបកំពូល​ថ្នាក់​រដ្ឋមន្រ្តី​ក្រសួង​ហិរញ្ញវត្ថុ​របស់ G២០ កាល​ពី​ខែ​មីនា​កន្លង​ទៅ G២០ បាន​អញ្ជើញ​ប្រទេស​កូដឌីវ័រ ម៉ារ៉ុក រវ៉ាន់ដា និង​ទុយនីស៊ី​ឲ្យ​ចូលរួម​ជាមួយ G២០ ដើម្បី​បង្កើត​ដែគូ​មួយ​មាន​ឈ្មោះ​ថា « Compact with Africa »។

តែ​គោលបំណង​របស់​លោកស្រី​មែរកិល គឺ​ចង់​ឲ្យ G២០ បើក​ទ្វារ​ទទួល​ប្រទេស​អាហ្រ្វិក​ទាំង​អស់។ អ៊ីចឹង​ហើយ​បាន​ជា​នៅ​ក្នុង​កិច្ចប្រជុំ​រយៈពេល ២ថ្ងៃ​នេះ គេ​សង្កេត​ឃើញ​មាន​វត្តមាន​ថ្នាក់ដឹកនាំ​ប្រទេស​ហ្កាណា អេត្យូពី នីហ្សេ អេហ្ស៊ីប ឬ​មួយ​ក៏​ប្រទេស​ម៉ាលី​ជា​ដើម រួម​ទាំង​ស្ថាប័ន​ហិរញ្ញវត្ថុ​អន្តរជាតិ​មួយ​ចំនួន​ដើម្បី​ជួយ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ និង​បច្ចេកទេស​លើ​គម្រោង​កំណែទម្រង់​របស់​បណ្តា​រដ្ឋអាហ្រ្វិក​ទាំង​នោះ។ សូម​ជម្រាប​ជូន​ថា​នៅ​ក្នុង​ចំណោម​ប្រទេស​អាហ្វ្រិក​ទាំង​អស់ មាន​តែ​ប្រទេស​អាហ្រ្វិកខាងត្បូង​មួយ​គត់​ជា​សមាជិក​របស់ G២០ ហើយ​រហូត​មក​ដល់​ពេល​នេះ G២០ មិន​ដែល​បាន​គិតគូរ​ជួយ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ឡើយ។

លោកស្រី​មែរកិល​ក្នុង​នាម​ជា​ប្រធាន​ផ្លាស់វេន G២០ ចង់​ផ្តល់​អាទិភាព​លើ​ទ្វីប​អាហ្រ្វិក​តាម​រយៈ​ផែនការ​ជួយ​ជំរុញ​ឲ្យ​មាន​វិនិយោគបរទេស​នៅ​ក្នុង​តំបន់ ពោល​មិនមែន​តាម​រយៈ​ការ​ផ្តល់​ជំនួយ​ជា​លុយកាក់​ទេ។ តាម​លោកស្រី​មែរកិល ទ្វីប​អាហ្រ្វិក​ដែល​មាន​សក្តានុពល​ធម្មជាតិ​ធំធេង​កំពុង​ត្រូវ​ការ​វិនិយោគបរទេស និង​ថា វិធានការ​របៀប​នេះ​នឹង​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​អាហ្រ្វិក ពិសេស​ផ្តល់​ការងារ​ឲ្យ​យុវជន​អាហ្រ្វិក។ តួលេខ​ផ្តល់​ដោយ​អង្គការ​ក្រៅរដ្ឋាភិបាល​ឈ្មោះ One ឲ្យ​ដឹង​ថា​នៅ ២០ឆ្នាំ​ខាង​មុខ នឹង​មាន​យុវជន​អាហ្រ្វិក​ដល់​ទៅ ៤៥០លាននាក់​ចូល​ក្នុង​ទីផ្សារ​ការងារ ហើយ​នៅ ៥០ឆ្នាំ​ខាង​មុខ ទ្វីបអាហ្វ្រិក​នឹង​មាន​ចំនួន យុវជន​ច្រើន​ជាង​ចំនួន​យុវជន​សរុប​របស់​ក្រុមប្រទេស​សមាជិក G២០ ទៅ​ទៀត។

ក្រៅ​ពី​ចូលរួម​ជួយ​លើក​ស្ទួយ​សេដ្ឋកិច្ច​អាហ្រ្វិក ការ​ជួយ​ជំរុញ​ឲ្យ​មាន​ការ​វិនិយោគបរទេស​ពី​សំណាក់ G២០ នៅ​ក្នុង​ទ្វីបអាហ្រ្វិក​ក៏​ជា​ជំហាន​ចាំ​បាច់ និង​សំខាន់​សម្រាប់​កាត់​បន្ថយ​លំហូរ​ជនអន្តោប្រវេសន៍​នៅ​អឺរ៉ុប​ដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ