អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

អគ្គិភ័យ​​ត្របាក់​​អគារ​​២៤ជាន់​នៅ​ទីក្រុង​​ឡុងដ៍​​ ធ្វើអោយ​​​ស្លាប់​និង​​របួស​​ច្រើននាក់​

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅទីក្រុង​ឡុងដ៍​ ប្រទេស​អង់គ្លេស អគារ​កំពស់​២៤ជាន់​មួយ បាន​រងអគ្គិភ័យ​ នៅយប់​ថ្ងៃអង្គារ​ ឈានចូលព្រឹក​ថ្ងៃពុធ​ ១៤មិថុនា​នេះ។ អគ្គិភ័យ​ធ្វើអោយ​មាន​មនុស្ស​ស្លាប់​និង​របួស​ច្រើននាក់ យ៉ាងហោច​​មា​នអ្នក​របួស​​៥០នាក់។ តាមព័ត៌មាន​ចុងក្រោយ ផ្តល់ដោយ​​​ប៉ូលិស​​ ​មានមនុស្សស្លាប់​​​​៦នាក់ តែ​តួលេខ​អាច​កើន​ជាងនេះ។ ក្រុមរថយន្ត​ពន្លត់អគ្គិភ័យ​រាប់រយ​នាក់​បាន​ខិតខំ​បង្ក្រាប​អគ្គិភ័យ​​​ តាំងពី​យប់​ថ្ងៃ​អង្គារ​មក។ គេ​​មិនទាន់​ដឺង​មូលហេតុ​ដែល​បង្ក​អោយ​មានភ្លើងឆាបឆេះ​នេះ​នៅឡើយ​ទេ។ “អគ្គិភ័យ​នេះគឺ​​ជា​គ្រោះ​ដ៏ធំ” ​នេះ​ជា​ការ​លើកឡើង​របស់​លោក​សាឌីក ខាន់ Sadiq Khan ជា​អភិបាល​ក្រុង​ឡុងដ៍។ 

Reuters
ផ្សាយពាណិជ្ជកម្ម

ស្ថានភាពអគ្គិភ័យ​ នៅ​អគារ Grenfell Tower  ​​​

រហូតដល់​ព្រឹកថ្ងៃពុធ​នេះ ក្រុមពន្លត់អគ្គិភ័យ​​​ នៅ​មិនទាន់​អាច​បង្ក្រាប​ភ្លើង​បាន។ ភ្លើង​បាន​ឆាបឆេះ​ពីជាន់ក្រោម​ទៅលើសន្ធោរសន្ធៅ។ តាម​រូបភាព​វីដេអូ និងរូបភាព​ពីខាងក្រៅ ​​ឃើញថា អគារ​កម្ពស់​២៤ជាន់​​នេះ​ ​ស្ទើរតែ​ឆេះខ្លោច​អស់​ទៅហើយ ធ្វើអោយ​គេបារម្ភ​ថា អគារ​នេះ​អាច​នឹង​ស្រុតធ្លាក់ចុះ​ទៀតផង។ អាជ្ញាធរ​បានជម្លៀស​ប្រជាជន​ដែ​លនៅផ្ទះ​ក្បែរៗអគារ​នោះដែរ។ ​ដោយថា ​មានមនុស្ស​ច្រើននាក់ នៅ​​ជាប់​ខ្លួន ​ក្នុងអគារ​ Grenfell Tower ដូច្នេះ អាច​នឹង​មានអ្នករងរបួស រឺ​ស្លាប់​​ថែមលើ​តួលេខ​ដែល​អាជ្ញាធរក្រុងឡុងដ៍​ផ្តល់​ចុងក្រោយនេះ​។ ​ ​

សូមបញ្ជាក់​ថា អគារ​២៤ជាន់ Grenfell Tower ​នេះ ​មាន​ផ្ទះល្វែង១២០​​ខ្នង​ ជាផ្ទះ​​​​​ជួល​អោយ​ប្រជាជន​ក្នុង​តម្លៃ​ថោកសមរម្យ។ អគារ​នេះ​ស្ថិតនៅសង្កាត់ North Kensington ​ខាងលិច​ក្រុងឡុងដ៍ ​សង់ឡើង​ ក្នុង​ឆ្នាំ​១៩៧៤ ហើយធ្លាប់​រង​ការ​ជួសជុល​ច្រើនដង​ហើយ។

​​​អគារ​​មាន​​កម្ពស់​ច្រើនជាន់ មានផ្ទះល្វែង​​ច្រើន​ខ្នង ធ្វើអោយ​គេពិបាក​ដឹងតួលេខ​ជនរងគ្រោះ​ពិតប្រាកដ។ ក្រុមពន្លត់​អគ្គិភ័យ​បានទទួល​ទូរសព្ទជាច្រើន ​ពី​គ្រោះអាសន្ន​នេះ នៅប្រហែល​ម៉ោង​១ភ្លឺ រំលង​អាធ្រាត្រ​ ចូល​ព្រឹក​ថ្ងៃពុធ​នេះ។ ក្រុមសង្គ្រោះ​បាន​បញ្ជូន​អ្នករបួស​រាប់សិប​នាក់ ទៅ​មន្ទីរពេទ្យចំនួន​៥កន្លែង​នៅទី​ក្រុងឡុងដ៍។ អ្នកដែល​រួចពីគ្រោះភ្លើង​ពីយប់​មក បានទូរសព្ទ​ទាក់ទង​បងប្អូន​អ្នកជិតខាង​ដែល​នៅ​ជាប់​ក្នុ​ងអគារ ដែល​អ្នកខ្លះ​លែង​ផ្តល់ដំណឹង​ឈឹង​តែម្តង។

អ្នកខ្លះ​មិនហ៊ានចេញ​ពី​អគារ ដោយសារ​​មានផ្សែង​ច្រើនក្រាសឃ្មឹកពេក។ អ្នករួចពី​គ្រោះភ្លើង​ ​ខ្លះ​ប្រាប់ថា បានលឺ​សម្លេងក្មេងៗ​​​ស្រែកហៅ​អោយជួយ​ ឃើញ​ស្ត្រី​​ពរកូន​ក្បែរបង្អួច ​​​​មាន​​ទាំង​​មនុស្ស​​​លោត​ពី​អគារទៀតផង។ ​​ ​ស្តាប់ទៅព្រឺព្រួចណាស់ ពិតជា​ពិបាក​ទទួលបាន​ ស្ថានភាព​នេះនៅ​នឹងភ្នែក​ណាស់។  ​​

គេមិនដឺង​មូលហេតុអគ្គិភ័យ​អោយច្បាស់​ទេ តែ​បើ​តាម​អ្នករស់នៅ​អគារ​មួយចំនួន អាច​បណ្តាល​មកពី​ការផ្ទុះ​ទូទឹកកក រឺ​ក៏អាច​​មកពីបញ្ហា​​សម្ភារ​ដែល​ដាក់​នៅ​មុខអគារ​ក្នុង​ពេល​មានការ​ជួសជុល នៅ​​ឆ្នាំមុននេះ។

អ្នករស់នៅ​អគារGrenfell Tower ធ្លាប់​តវ៉ា​ច្រើនដង​ពី​ស្ថានភាព​អគារ

រហូត​​ព្រឹក​ថ្ងៃពុធ​នេះ​ហើយ ក៏​ក្រុមឡានទឹក៤០គ្រឿង ​​​មានគ្នា​ដល់ទៅ​រាប់រយ​នាក់ ​​នៅតែ​មិនអាច​បង្ក្រាប​​​អគ្គិភ័យ​នៅ​ Grenfell Tower បាន។  នេះសបង្ហាញ​ពី​បញ្ហា​ស្ថានភាព​អគារ ដែលធ្លាប់​រងការជួសជុល​កែលម្អ ​ច្រើនដង​។ យោងតាម​ឯកសារ​​​ចុះផ្សាយ​តា​ម​វេបសាយ ប្រមាណ​ជា​១ឆ្នាំមុន​​នេះ​ អ្នករស់នៅ​ក្នុងអគារ​ច្រើននាក់ណាស់​​​​បាន​នាំគ្នា​​តវ៉ា​ច្រើនដង​មកហើយ តវ៉ា​ថា ​អគារ​នេះ​អាច​នឹង​រងគ្រោះ​អគ្គិភ័យធ្ងន់ធ្ងរ​​ បើគ្មាន​ការ​ដោះស្រាយ​ណាមួយទេ ពោលគឺជាគ្រោះភ្លើង​ដែល​មិនអាច​ចៀសបាន។ អ្នករួចជី​វិត​ពី​អគ្គិភ័យ​​​ម្នាក់ លើកឡើង​ថា​​ ឆ្នាំ​២០១៣ ធ្លា​ប់​មាន​បញ្ហា​ប្រព័ន្ធ​អគ្គិសនី​​​​គួរកត់សម្គាល់​ម្តង​​ហើយ។ ​ដូច្នេះ ​អគារ Grenfell Tower ​ពិតជា​មាន​បញ្ហាមែន​​​​ហើយ។ ​

អគារ​​ ធ្លាប់រង​ការ​ជួសជុល​កែលម្អ​ច្រើនលើកហើយ។ ​​​អ្នករស់នៅទីនោះ​​​​រិះគន់​ថា ​ក្រោយ​ជួសជុលកែលម្អ​​អគារ​ម្តងៗ​​ ​គឺ​តែង​​​មាន​សល់​កំទេចកំទី​ជានិច្ច។ ​អ្នករួចជីវិត​ពី​អគ្គិភ័យ​ម្នាក់​បាន​សំដែង​ការ​បារម្ភ​ប្រាប់​អ្នកសារព័ត៌មាន​ អគារ Grenfell Tower នេះ​ទើប​​ជួសជុល​មួយឆ្នាំ​មុន​នេះ​ ជួលជុល​កែលម្អ​បង្អួច​នឹង​ប្រព័ន្ធ​កំដៅ។ ​ដូច្នេះ សម្ភារ​ដែល​ប្រើប្រាស់​ទាំងនេះ អាច​នឹង​បន្ថែម​បញ្ហា​ដល់​អគារ​ថែមទៀត។​

បញ្ហា​ធ្ងន់​បំផុតដែល​គេរិះគន់​​ គឺថា ពេលជួសជុល​ម្តងៗ អគារ​មានច្រកចេញចូល​តែមួយទេ។ ​បើមានអគ្គិភ័យ​នៅច្រក​ផ្លូវចេញចូលនេះ ប្រាកដ​ជាគ្មា​នអ្នកណា​ម្នាក់​​អាច​រត់ចេញ​ពី​អគារ​​ទេ។ អគ្គិភ័យ​យប់មិញ​នេះ​មិនពិបាក​​​​ឆ្ងល់​ទេ សម្រាប់​អ្នករស់​នៅ​អគារ​​​នេះ។ ប្រជាជន​នៅ​អគារ​នេះ​ត្រូវតែ​​ខឹង​សម្បារ​ហើយ​ ព្រោះ​​​បណ្តា​​អ្នកដែល​ផ្តល់ជំនួយ និង​​ទទួលខុសត្រូវ​អគារ មិនព្រម​​រក​ដំណោះស្រាយ​ បញ្ហា​អគារ កន្លងមក។ អ្នករួចជីវិត​ពី​គ្រោះភ្លើងឆេះ​ខ្លះ​លើកឡើង​ថា ទាល់តែ​ត្រូវមាន​អគ្គិភ័យ ត្រូវមាន​មនុស្សស្លាប់​ទើប​គេ​វែក​​​រក​មុខ​អ្នក​ទទួលខុសត្រូវ។

អ្នករស់​នៅ​អគារ​នេះ​ខឹងសម្បារ​គឺមិនខុស​ទេ ព្រោះ​តាមរយៈ​គ្រោះភ្លើង​​នេះ ពួកគេ​ច្បាស់​ជា​​យល់ថា ​ជីវិត​ពួកគេ​ដូចជា​គ្មាន​តម្លៃ​អ្វីទេ បានជា​​អ្នកដែល​ទទួល​ខុសត្រូវ​​ មិនព្រម​ដោះស្រាយបញ្ហា​អគារ​ កន្លងមក ចាំទាល់តែ​មាន​មនុសស្លាប់​និង​របួស។ ត្បិតថា ផ្ទះល្វែង​ជួលអោយ​ពួកគេ​ក្នុង​តម្លៃ​ថោក តែ​​​​ជីវិត​មនុស្ស​មិនមែន​ជា​ទំនិញ​ ​មិនមែន​​ជា​រឿង​លេងសើចទេ។​ គេ​​មិនអាច​បន្ថោក​ជីវិត​មនុស្ស​ ​​តាម​ថ្លៃ​ឈ្នួល​​ផ្ទះ​អញ្ចឹង​​​ទេ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ