អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

តើ​បារាំង​ចង់ធ្វើ​កំណែទម្រង់​សីលធម៌នយោបាយ​យ៉ាង​ដូចម្តេច​ខ្លះ ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

​ពហុភាព​អាណត្តិមាន​កំណត់ លុប​ស្ថាប័ន​តុលាការ​យុត្តិធម៌​សាធារណរដ្ឋ​​ លុប​កញ្ចប់​ថវិកា​ ​របស់​តំណាងរាស្ត្រ ... រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌បារាំង លោក ហ្វ្រង់ស័រ បាយរ៉ូ François Bayrou បាន​ប្រកាស​អំពី​ឆន្ទៈ​ចង់​ស្តារ​ទំនុក​ចិត្ត​​របស់​ពលរដ្ឋ​​ក្នុង​សកម្មភាព​សាធារណៈ​របស់​អ្នក​នយោបាយ តាម​រយៈ​គម្រោង​កំណែទម្រង់​ច្បាប់​ពីរ និង​គម្រោង​សើរើ​​​រដ្ឋធម្មនុញ្ញ​ខ្លះ។ នៅ​ថ្ងៃ​ពុធ​ទី ១៤​មិថុនានេះ គម្រោង​ច្បាប់​​ស្តីពី​សីលធម៌​​នយោបាយ​ ត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ក្រុមប្រឹក្សា​រដ្ឋមន្ត្រី​ដើម្បី​ពិនិត្យ​សម្រេច។ អ្វី​ទៅ​ជា​សីលធម៌​នយោបាយ​ដែល​បារាំង​ត្រូវ​ធ្វើ​កំណែទម្រង់ ?

លោក François Bayrou រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌បារាំង
លោក François Bayrou រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌បារាំង RFI/ Pierre René-Worms
ផ្សាយពាណិជ្ជកម្ម

គម្រោង​ធ្វើ​កំណែទម្រង់​សីលធម៌​នយោបាយ មាន​លាក់​ក្នុង​ផ្នត់​គំនិត​​លោក​ហ្វ្រង់ស័រ បាយរ៉ូ តាំង​ពី​ដំបូង​មក។ ​ច្បាប់​សីលធម៌​នេះ ក៏​ត្រូវ​បាន​លោក​បាយរ៉ូ យក​មក​ធ្វើ​ជា​លក្ខខណ្ឌ​​​នៃ​ការ​ចង​សម្ព័ន្ធ​មេត្រី​ភាព​គ្នា​រវាង​បក្ស​កណ្តាល​និយម​របស់​លោក បាយរ៉ូ និង​ចលនា​En Marche​របស់​លោក ម៉ាក្រុង តាំងពី​ក្នុង​អំឡុងពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតីមក​ រហូត​បាន​ជោគជ័យ។

ពេល​នេះ​លោក ហ្វ្រង់ស័រ​ បាយរ៉ូ បានក្លាយ​ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌ គម្រោង​ច្បាប់​សីលធម៌​ក៏​បាន​ក្លាយ​​ការដ្ឋាន​កំណែទម្រង់ច្បាប់​​ដ៏​ធំ​និ​ងសំខាន់​ដំបូង របស់​ប្រធានាធិបតី ម៉ាក្រុង។ កម្មវត្ថុ​នៃ​កំណែទម្រង់ គឺ​ស្តារ​ទំនុក​ចិត្ត​ឱ្យ​ពលរដ្ឋ​ជឿជាក់​ឡើង​វិញ លើ​សកម្មភាព​សាធារណៈ​របស់​ថ្នាក់​ដឹកនាំ​នយោបាយ។ គម្រោង​កំណែទម្រង់​របស់​លោក​បាយរ៉ូ មាន​កម្មវិធីបី​ ៖ កំណែទម្រង់​​ច្បាប់ កំណែទម្រង់​រចនា​សម្ព័ន្ធ​អំណាច​សាធារណៈ ដែល​លោក​រដ្ឋមន្ត្រី​ត្រូវ​បង្ហាញ ​​នៅ​ថ្ងៃ​ពុធ​ទី ១៤មិថុនា​​នេះ ទៅ​​កាន់​ក្រុម​ប្រឹក្សា​រដ្ឋមន្ត្រី បន្ទាប់​មក​នឹង​បញ្ជូន​ទៅ​សភា និង​ចុងក្រោយ នៅ​ពេល​បើកបវេសនកាល​មក​វិញ នឹង​មាន​សំណើ​កំណែទម្រង់ច្បាប់​​រដ្ឋធម្មនុញ្ញ។

ការ​ប្តូរទម្លាប់​អាក្រក់​របស់​តំណាងរាស្ត្រ

រដ្ឋាភិបាលបារាំង​ចាស់​របស់លោក ហ្វ្រង់ស័រ ហូឡង់ ​​​បានចាត់វិធានការ​​សំខាន់​ខ្លះ​​ហើយ​ដើម្បី​តម្លាភាព​ ប៉ុន្តែ​រដ្ឋាភិបាល​បារាំង​ទើបជាប់​ឆ្នោត​ថ្មី​របស់​លោក អេម៉ានុយអែល​ ម៉ាក្រុង ចង់​ធ្វើ​ឱ្យ​បាន​កាន់​ស៊ីជម្រៅ​ និង​ប្រសើរ​ថែម​ទៀត ព្រោះ​ថាក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត​ប្រធានាធិបតី​បារាំង គេ​ឮ​រឿង​អាស្រូវ​អ្នក​នយោបាយ​មិន​ស្អាត​ស្អំ ពុក​រលួយ លួច​គេង​បន្លំ​លុយ​រដ្ឋ​ ... បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ ហ្វ្រង់ស័រ ហ្វីយ៉ុង ដែល​ត្រូវ​ជាអ្នក​​ឈ្នះ​ឆ្នោត​ បែរ​ជា​ធ្លាក់​បាក់​មុខ​ចាញ់​តាំង​ពី​​ជុំ​ទី​មួយ ព្រោះ​តែ​មាន​ជាប់​សង្ស័យ​បង្កើត​ការងារខ្មោច​បើក​ប្រាក់​ខែ​ឱ្យ​ប្រពន្ធ។

អំណាច​ប្រតិបត្តិ​បាន​សន្យា​​ថា​នឹង​ធ្វើ​​​កំណែទម្រង់ស៊ី​ជម្រៅ​​ដ៏​ធំ​មិន​ធ្លាប់​មាន ដោយ​គ្រោងនឹង​ហាម​ឃាត់​មិន​ឱ្យ​សមាជិក​សភា​ ព្រមទាំង​រដ្ឋមន្ត្រី ជ្រើសរើស​សមាជិក​គ្រួសារ​មក​ធ្វើ​ជា​បុគ្គលិក​បំរើ​ការ​ក្រោម​បង្គ្រាប់ទេ។

ហាម​មិន​ឱ្យ​តំណាង​រាស្ត្រ សមាជិក​​សភា ​ព្រឹទ្ធសភា ឬ​តំណាង​អំណាច​ប្រតិបត្តិ​ថ្នាក់​តំបន់ ថ្នាក់​ខេត្ត មូលដ្ឋានធំៗ ​បន្ត​តំណែង​​លើស​ពី​បី​អាណត្តិ​។

សមាជិក​សភា លែង​មាន​កញ្ចប់​ថវិកាបំរុង​សម្រាប់​ចាយ​ដូចមុន​ទៀត។ កញ្ចប់​ថវិកានេះ ត្រូវ​ចែក​ចាយ​​​ជា​​​មូលនិធិ​សកម្ម​ដើម្បី​ដែនដី និង​គម្រោងបំរើ​ផលប្រយោជន៍សាធារណៈ​ទូទៅ​វិញ។ រដ្ឋាភិបាល​ចង់​រឹត​បន្តឹង​ខ្លាំង​បំផុត​សកម្មភាព​របស់ទី​ប្រឹក្សា​សភា និង​ព្រឹទ្ធសភា។ ក្នុង​ករណី​​ល្មើលកេងគេច​លុយ​រដ្ឋ និង​ប្រព្រឹត្ត​អំពើពុក​រលួយ មន្ត្រី​នោះ​អាច​នឹង​ត្រូវ​កាត់​ទោស​លែង​ឱ្យ​ឈរ​ឈ្មោះ​​បោះឆ្នោត​រហូត​ដល់​១០​ឆ្នាំ​​។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​បាន​សន្យា​​ផ្តល់​ទម្រង់​ថ្មី​ដល់​ហិរញ្ញវត្ថុ​សាធារណៈ​​នយោបាយ តាម​រយៈ​ការ​​បង្កើត​ “ធនាគារ​ប្រជាធិបតេយ្យ” សម្រាប់​ឱ្យគណបក្ស​នីមួយៗ​ខ្ចី​លុយ​យក​ទៅ​ ​ឃោសនា​បោះឆ្នោត។ ជំនួយ​​ហិរញ្ញវត្ថុពី​​បរទេស ដល់​គណបក្ស​នយោបាយ ត្រូវហាមឃាត់។​ បុគ្គល​ឯកជន​របស់​បក្ស​អាច​ខ្ចី​លុយ​ធនាគារ​ពិសេស​នេះ​បាន តែ​ស្ថិត​ក្រោម​ការ​ពិនិត្យ​ពិច័យ​ច្បាស់​លាស់ ដើម្បី​កុំ​ឱ្យ​អ្នក​នយោបាយ​នេះ​បង្វៀង​យក​ទៅ​ប្រើ​ជា​ប្រយោជន៍​បក្ស។

ប្រធានាធិបតី​ផ្ទាល់​ ក៏​ត្រូវ​គោរព​ច្បាប់​សីលធម៌​​នយោបាយដែរ។ នៅ​ពេល​បញ្ចប់​អាណត្តិ​ ប្រធានាធិបតី​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​ទ្រព្យ​សម្បត្តិ ទៅ​អាជ្ញាធរ​ជាន់​ខ្ពស់ ដើម្បី​តម្លាភាព​ក្នុង​ជីវិត​សាធារណៈ។ ប្រធានាធិបតី​ផុត​អាណត្តិ​ មិន​ប្រាកដ​ថា​ត្រូវ​មាន​អាសនៈ​នៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ជា​ស្វ័យ​ប្រវត្តិ​ទៀត​ទេ។

កំណែទម្រង់​រដ្ឋធម្មនុញ្ញ

​​លើ​ផ្នែក​រដ្ឋធម្មនុញ្ញ រដ្ឋាភិបាល​នឹង​លុប​ចោល​ស្ថាប័ន​តុលាការ​សាធារណរដ្ឋ (​ស្ថាប័នតែ​មួយ​គត់​ ដែល​សព្វថ្ងៃ​នេះ មាន​អំណាច​កាត់​ទោស​រដ្ឋមន្ត្រី​ ​ក្នុង​ថានៈ​ជា​យុត្តាធិការពិសេស)។ តែ​តាម​រយៈ​កំណែទម្រង់​ រដ្ឋមន្ត្រី​ សមាជិក​សភា ព្រឹទ្ធ​សភា មាន​ជាប់​សង្ស័យ​នឹង​ត្រូវ​កាត់ទោស​ដោយ​ចៅក្រម ដូច​ពលរដ្ឋ​ដទៃធម្មតា។ លោក ហ្វ្រង់ស័រ បាយរ៉ូ បាន​ប្រកាស​ថា​នឹង​មាន​ដំណើរការ​ចម្រោះ​ ទទួល​ខុស​ត្រូវ​ដោយ​សមាជិក​តុលាការគណនី ក្រុមប្រឹក្សា​រដ្ឋ​ និង​តុលាការ​កំពូល​។ ការ​ធ្វើ​បែប​នេះ គឺ​ដើម្បី​បញ្ចៀស​កុំ​ឱ្យ​មាន​ចោទ​ប្រកាន់​យក​ចំណេញ​ និង​ធ្វើ​ឱ្យមាន​​អស្ថិរភាព​នយោបាយ​។

ប៉ុន្តែ​កំណែទម្រង់​រដ្ឋធម្មនុញ្ញ​នេះអាច​ពិបាក​សម្រេច​ដោយ​ត្រូវ​អនុម័ត​ក្នុងសំឡេង​ភាគ​ច្រើន​ដាច់​ខាត ពីរ​ភាគ​បី​នៃសភា​និង​ព្រឹទ្ធ​សភា ឬ​ដោយ​ឆ្លងកាត់​ប្រជាមតិ​ នេះ​បើ​តាម​កន្ទុយ​ពាក្យ​របស់​លោក​រដ្ឋមន្ត្រី៕

 

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ