អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

គោលជំហរ​ម៉ូស្គូ​ លាតត្រដាង​ដោយ​លោក​ពូទីន​ផ្ទាល់​ក្នុង​បទសម្ភាសន៍​ដ៏​ធំ​មិន​ធ្លាប់​មាន​ដូច​

ចុះផ្សាយ​នៅ​ថ្ងៃ៖

តាំងពី​ថ្ងៃ​អង្គារ​១៣​មិថុនា​មក​ កាណាល់​ទូរទស្សន៍​អាមេរិកាំង​ Showtime​ បញ្ចាំង​ក្នុង​១​ថ្ងៃៗ​  គឺ​ មួយ​ភាគ​នៃ​ភាពយន្ត​ឯកសារ​ចែក​ជា​៤​ ភាគសរុប​ទៅមាន​រយៈពេល​៤​ម៉ោង-ការបញ្ចាំង​ដែល​ត្រូវ​ចប់ ​នៅ ​ថ្ងៃ១៦មិថុនានេះ។​ ភាពយន្តនេះ​ ចងក្រងខ្លឹមសារ​នៃបទ​សម្ភាសន៍​ ដែល​លោក​ប្រធានាធិបតីរុស្ស៊ី វ៉្លាឌីមៀរ ពូទីន​ បាន​សប្បុរស​ឲ្យ​ទៅ​ សមិទ្ធិករ​ភាពយន្ត​អាមេរិកាំង​ដ៏​ល្បីល្បាញ​ ជា​ជ័យលាភី​រង្វាន់ Oscar ​ដល់​ទៅ ​៣​លើក​ គឺ​ លោក ​Oliver Stone​ ដែលក្នុង​២​ឆ្នាំ​ចុង​​ក្រោយ បានជួបនឹងប្រមុខរដ្ឋរុស្ស៊ី ដល់ទៅ ១៥ ដង ហើយយកសម្ភាសន៍​ពី​គាត់​ បាន​ប្រវែង​ដល់​ទៅ ​២៧ ​ម៉ោង ​ឯណោះ ​ដែល​រំលេច​ឲ្យ​ឃើញ ​នយោបាយ​ រុស្ស៊ី ​ចំពោះ​ សរអា​ បក្ស​អូតង់ អ៊ុយក្រែន​ រហូត​ដល់​ជីវិត​គាត់​ទៅ​ផង​ ដែល​គាត់កម្រ​បង្ហើប​ឲ្យ​នរណា​ដឹង។​

ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Poutine
ប្រធានាធិបតីរុស្ស៊ី លោក​ Vladimir Poutine REUTERS/Dmitri Lovetsky/Pool
ផ្សាយពាណិជ្ជកម្ម

អំពីទំនាក់ទំនងជាមួយសរអា ៖  លោក​ពូទីន ចាត់ទុកជាកំហុស​ក្រុង​វ៉ាស៊ីនតោន​ ដែលចេះ​តែ​បន្ត​ ផ្លុំបញ្ឆេះ វោហាប្រឆាំងរុស្ស៊ី ថា ​ហាក់បី​រុស្ស៊ី​ បានលូកដៃស្អីណាចូល​ក្នុងការ​បោះឆ្នោត​នៅសរអា ក្នុងឆ្នាំ ទៅមិញ។ គាត់​ថា អាមេរិក​ប្រែទៅ​ជា​ម៉ូដ”​ ការប្រឌិតចេញ​មក ​និង​ ប្រើដោយ​រំលោភ​ជ្រុល សាច់រឿងស្តី អំពីការលូក​ដៃនោះ​ពី​ខាង​រុស្ស៊ី។ ម៉្លោះ​ហើយ​ បានជាខ្ញុំ​យល់​ថាជា​ កំហុស​ដ៏ធំតែ​ម្តង​ ដែល​ក្រុង​វ៉ាស៊ីនតោន​ ច្រានទំនាក់​ទំនង​អាមេរិក​-រុស្ស៊ី​ ធ្លាក់ទៅ​ ក្នុងភ្លើងដុតចោល ​ដំណើរ​ការនយោបាយ​សោះ។

 
តាម​សំដី​លោក​ ពូទីន​ ម៉ូស្គូមិនសាទរសោះឡើយ ចំពោះសេចក្តីថ្លែងការណ៍ធ្វើដោយ​ចៅ​ហ្វាយ​​​មន្ទីរបញ្ចកោណ ដែល​ថា សហព័ន្ធរុស្ស៊ី ជា ការគម្រាម​ធំ​បំផុត​ សម្រាប់​សរអា។ ផ្ទុយ​ទៅ​វិញ ​រុស្ស៊ីតែងត្រៀមសន្ទនា ជាមួយអាមេរិក នៅតាមមុខព្រួញណាក៏​ដោយ​នៃ​សហប្រតិបត្តិការ។​
 
តាមយោបល់លោកពូទីន  សរអា គប្បីតែកសាងទំនាក់ទំនងស្មើសិទ្ធិ ស្មើភាព ជាមួយរុស្ស៊ី គឺប្រសើរ​ជាង ចំណាយលុយច្រើនហួសហេតុ សម្រាប់ការការពារខ្លួន។ គាត់លើក​យក​តួលេខ​មក​បង្ហាញ ៖ ក្នុងឆ្នាំ ២០១៥  គិតជាដុល្លារ រុស្ស៊ីបានចំណាយ​សម្រាប់​តម្រូវការ​ផ្នែក​ការពារ​ គឺ​ តែ​ ៤០.០០០ លានដុល្លារ។ ចំណែក​សរអា គឺ​ដល់​ទៅជាង​ ៤៦០.០០០​ លាន​ដុល្លារ។​ បានន័យថា ១១ដងកន្លះ ច្រើនជាងរុស្ស៊ី។ ក្នុង ឆ្នាំ២០១៦ ខ្ទង់ចំណាយ​នេះ​របស់​សរអា ​ឡើង​ដ​ល់ជាង ៦០០.០០០ លានដុល្លារ គឺច្រើនហួសហេតុ ដ្បិត វា លើស​ពី​ខ្ទ​​ង់​ចំណាយ​បែប​នេះ របស់គ្រប់ប្រទេសទាំងអស់ក្នុងលោក។ គាត់គូសបញ្ជាក់ថា ខ្មាំងរបស់ ​ប្រទេស​រុស្ស៊ី មិនត្រូវភ័យខ្លាចនឹង ​ឃ្លាំងអាវុធ​នុយក្លេអ៊ែរ​ឡើយ ៖ “ អ្វីដែលធំ​បំផុត​ ដែល​ប្រទេស​រុស្ស៊ីមាន គឺ ​ប្រជាជនប្រកប​ដោយ​សម្បជញ្ញៈម្ចាស់ការណ៍​ខ្លួន​ឯង-ប្រជាជន​ដែល​មិន​អាច​រស់នៅដោយគ្មានអធិបតេយ្យ របស់ជាតិខ្លួនឡើយ រួចមិនមែនការ​គម្រាម​វាយប្រហារ​បកវិញ នៃ​អាវុធនុយក្លេអ៊ែរឡើយ ដែល​ត្រូវដា​ស់សតិ ពួក​ប្រទេស​ដៃ​គូ​យើង​នៅ​បស្ចិម​លោក ​ឲ្យរៀបរយ​ទំនាក់​ទំនង​ស្មើភាព​យូរ​អង្វែង​ទៅមុខ ជាមួយ​រុស្ស៊ី។​

ខណៈនោះ ពួកគេ មិនចាំ​បាច់ចំណាយ​ធនធាន​ច្រើន​ម៉្លឹងៗ​ សម្រាប់ផ្នែកការពារ​ប្រទេស​ឡើយ។ ​

 
លោកពូទីន​ កត់សម្គាល់​ថា នៅសរអា មាន​អ្នកខ្លះស្រមៃ​ទាំង​យប់​ទាំង​ថ្ងៃ​ ចង់​ឃើញ​រុស្ស៊ី​ ជា​ប្រទេស​ ចុះញ៉ម។​ គាត់ថែមទាំង​ប្រើពាក្យ​អង់គ្លេស​ទៅផងថា​ Putin’sRussiadown។​ ចំពោះរឿងនេះ ប្រមុខ រដ្ឋរុស្ស៊ី ​ពន្យល់​បំភ្លឺថា​ មានមនុស្ស​ដែល​សម្លឹង​មើល​ទៅ​មុខ​ ២៥,​ ៣០, ៥០ ឆ្នាំ ហើយ​គិត​ អំពី​បញ្ហា​ អំពី​ ការ​គម្រាម​ មនុស្ស​បែប​នេះ​ ប្រកាន់​ឥរិយាបថ​ផ្សេង​សោះ​ ចំពោះប្រទេសរុស្ស៊ី ។ ចំណែកអ្នកណាដែល រស់  តែ ពីការបោះឆ្នោត​មួយលើក​ទៅ​មួយ​លើក ​គឺគិត​តែ ​អំពីផលប្រយោជន៍​នយោបាយ​ផ្ទាល់​ខ្លួន​ ប៉ុណ្ណោះ។​
 ​
ស្តីអំពី​បក្ស​សម្ព័ន្ធអូតង់ ៖ លោក​ពូទីន បានរិះគន់​អតីត​ប្រធានាធិបតី​សហភាព​សូវៀត​ លោក​ Gorbatchev​ ដែល​ពេល ​អង្គការ​កតិកាសញ្ញា​វ៉ារសូវី​ រលាយ​ទៅ​ មិន​បាន​ទទួល​ជា​លាយល័ក្ខ​អក្សរ ពាក្យ​សន្យា​របស់​ ថ្នាក់ដឹកនាំ​បក្ស​នេះ ​ថា​អូតង់​នឹង​ពុំ​វាតទី​តទៅទៀត​ឡើយ។ តាមលោកពូទីន​ អូតង់​ស៊ីខូង​លើរុស្ស៊ី​ ពីព្រោះ​ បក្សសម្ព័ន្ធ​នេះ​ ដែលត្រូវ​បាន​បង្កើត​ឡើង ក្រោមលេស​សម្រាប់​ទប់ទល់​នឹង​សហភាព​សូវៀត ​និង​ អង្គការ​ កតិកា​សញ្ញា​វ៉ារសូវិ​  នៅតែបន្ត​រីកធំឡើង​ទៅទៀត​ ទោះបី​បច្ចុប្បន្ន​ លែង​មាន​សហភាព​សូវៀត​ និង​ អង្គការ​កតិកាសញ្ញា​នេះ​ទៅ​ហើយ​ក្តី។​​
 
តាមជំនឿជឿជាក់​របស់​ប្រធានាធិបតី​រុស្ស៊ី​ ក្នុង​បក្ស​អូតង់​នេះ ​ដែល​នាំមុខ​ដោយ​សរអា​ គ្មាន​ទេ​ប្រទេសដែល ថាជា សម្ព័ន្ធមិត្ត តាមហេតុការណ៍​ជាក់ស្តែង​ គឺ​មាន​តែ ​ប្រទេស​ចំណុះ​អាមេរិក​ ប៉ុណ្ណោះ។ ​គាត់​ចង្អុល​ឲ្យ​ ឃើញ​ថា​ រុស្ស៊ីនឹងផ្តល់​ជាចម្លើយ​ឲ្យបាន​ស្មើ​ទល់​នឹ​ង​ការប៉ុនប៉ងរបស់បក្សនេះនាំមុខដោយសរអាឡោមព័ទ្ធ ប្រទេសរុស្ស៊ី ទៅដោយ​ការ​ដំឡើង​ ប្រព័ន្ធខែលមីស៊ីល​ប្រឆាំងមីស៊ីល​ដែល​គាត់​ចាត់​ទុក​ជា​កំហុស​យុទ្ធសាស្ត្រ​ដ៏​ធំ​និង​ដ៏​កម្រោលប្រព្រឹត្តដោយពួកដៃគូរុស្ស៊ីនោះដ្បិតចម្លើយសមស្របបកវិញពីខាងរុស្ស៊ី នឹង តម្រូវ​ឲ្យរុស្ស៊ីចំណាយតិចជាងសរអាឆ្ងាយ ចំណែក​ប្រសិទ្ធិភាព​វា​គឺ​ថែម​ទាំង​ខ្ពស់​ជាង​ទៅ​ផង។​
 
អំពីអ៊ុយក្រែន ៖ លោកពូទីន សរសើរបស្ចិមលោក ដែលចេះបំពេញការងារ ល្អឥតខ្ចោះ បង្កើត​ជាជម្លោះ រវាង រុស្ស៊ី​ និង អ៊ុយក្រែន នេះហើយជា គោលដៅ ចោទជាអាទ៏ ដោយពួក​ដៃ​គូ​យើ​ង​ នៅសរអា និង សហភាពអឺរ៉ុប។ ហើយ​ការ​គាំទ្រ​ ដល់​ ពួក​ជ្រុល​និយម​ និង​ ពួក​ជាតិ​និយម នៅ​អ៊ុយក្រែន​ គឺ​ពិត​ជា សន្លឹកបៀ​មិន​ចេះ​ចាញ់​ឡើយ​ នៅ​ក្នុង​ដៃ ​សរអា ​និង​ សហភាពអឺរ៉ុប។​
 
ដោយនិយាយអំពី គ្រីមេ លោកពូទីន ថ្លែងថា មិនមែនរុស្ស៊ីទេ ដែលបានភ្ជាប់យកទឹកដីនេះ តែ​គឺបណ្តាជន នៃទៀបកោះនេះ យោងទៅលើលទ្ធផលប្រជាមតិ​ បាន​សុំ​ភា្ជប់​ទឹកដី​ខ្លួន​មក​នឹង​រុស្ស៊ី ​ដោយ​គេ​មិន​អាច ​រស់​នៅ​ទៅ​កើត​ ក្រោម​របប​ក្រុង​គៀវ​ ដែល​បាន​ប្លន់​យក​អំណាច​តាម​ផ្លូវ​រដ្ឋ​ប្រហារ​ ហើយ​ជា​របប​ ​ប្រកាន់​ ពូជសាសន៍ ​ចំពោះ​ជាតិ​រុស្ស៊ី​ភាគ​ច្រើន​លើស​លុប​ រស់​នៅគ្​រីមេ។​
 
អំពី វាសនាគាតផ្ទាល់
តបនឹង​សំនួរ​ លោក Oliver Stone ជា សមិទ្ធិករភាពយន្តអាមេរិកាំង ៖ តើហេតុ​ដូច​ម្តេច​បាន​ជា លោក ប្រធានាធិបតីរុស្ស៊ីទី១ Boris Yeltsin ពេលចុះពីតំណែងមុនចប់អាណត្តិ បាន​ជ្រើសរើសអ្នកនយោបាយ នៅក្មេងខ្ចីសោះ មកពីក្រុង Saint-Petersbourg ដែល​គ្មាន​ខ្សែ​រយៈគាំទ្រ​ ក្នុង​ថ្នាក់ដឹកនាំ​កំពូល​ឲ្យ​ស្នង​ អំណាច​ពី​គាត់? លោកពូទីន ឆ្លើយថា គាត់​មិន​ដឹង​តើ​មកពី​មូលហេតុ​អ្វី​ទេ​ ប៉ុន្តែ​ ខ្ញុំ​បាន​ប្រកែក​ ពីព្រោះ​ ខ្ញុំ​យ​ល់​ថា ​តំណែង​នេះ ​ពោរ​ពេញទៅ​​​ដោយ​នាទី​ទទួលខុសត្រូវ​ខ្ពស់​ ហើយ​រំខាន​ដល់​ជីវភាព​ខ្ញុំ​ផ្ទាល់​ ទាំង​ មិន​ជឿ​ថា​ ខ្ញុំ​អាច​បំពេញ​មុខងារ​នេះ​ឡើយ។ ​ប៉ុន្តែសម្រេចសម្រួច​ទៅ​ ខ្ញុំគិ​តថា​ បើ​ក្រយៅ​ជីវិត​ ចារ​មក​ដូច្នេះ​ ខ្ញុំ​ត្រូវតែ​ទទួល​យក​ លុះ​រហូត​ដល់​ទីអវសាន៕​

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ