ភេរវកម្មមិនសម្រេចនៅប៉ារីស ៖ ហេតុអ្វីជនជាប់ក្នុងបញ្ជីខ្មៅអាចប្រើអាវុធដោយស្របច្បាប់បាន ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៧:១១
នៅ ថ្ងៃចន្ទទី ១៩មករា ម្សិលមិញ វេលាម៉ោងប្រហែល៤រសៀល ម៉ោងនៅប្រទេសបារាំង (៩យប់នៅកម្ពុជា) មានបុរសម្នាក់បានបើកឡានតំរង់ទិសទៅបុកឡាននគរបាលបារាំង ដែលកំពុងល្បាតនៅតាមដងវិថីស្ហង់អេលីហ្សេ តែសំណាងល្អគ្មានរងរបួស និងស្លាប់ ក្នុងហេតុការណ៍នោះឡើយ។ អាជ្ញាធរបានបើកការអង្កេតភ្លាម ហើយបើតាមរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នេះជាការប៉ុនប៉ងធ្វើភេរវកម្ម។
នៅពេលរសៀលម៉ោងប្រហែល៤ ម្សិលមិញនេះ បុរសម្នាក់ បានបើកឡានបុកដោយចេតនាឡានប៉ូលិសធំមួយ ដែលមានប៉ូលិស៨នាក់ជិះ និងកំពុងបរ តាមដងវិថីស្ហង់អេលីហ្សេ។ ក្រោយពីបានប៉ះឡានប៉ូលិសហើយ ឡានរបស់ជនល្មើសក៏រេទៅឈប់ឡើងចិញ្ចើមថ្នល់។ ឡាននោះក៏ឆេះ ផ្សែងសខ្មួលខ្មាញ់ បានហុយទ្រលោមចេញពីឡានជនល្មើស។ ប៉ូលិសបាននាំគ្នាចុះទៅអូសទាញបុរសអ្នកបើកចេញពីឡានរួច ប៉ុន្តែជនល្មើសបានស្លាប់ភ្លាមប៉ុន្មាននាទីក្រោយ មិនដឹងថាភ្លើងឆេះខ្លាំងជ្រុល ឬដោយទង្កិចពេលបុកគ្នា។
អ្វីជាការកត់សម្គាល់ ប្រសិនបើភ្នាក់ងារមានសមត្ថកិច្ចមិនអាចពន្លត់ភ្លើងឡានទាន់ទេ វាអាចនឹងមានករណីផ្ទុះខ្លាំង ព្រោះថាឡានដែលជនល្មើសបើកនោះមានផ្ទុកពេញទៅដោយអាវុធយ៉ាងសន្ធឹកសន្ធាប់ ដូចទៅធ្វើសង្គ្រាម ៖ ជា កាំភ្លើងដៃ កាំភ្លើងវែងកាលីព 7.62 ពីរបីដើម ដាក់គ្រាប់រួចជាស្រេច និងបង់គ្រាប់បំរុងច្រើនផ្សេងទៀត ព្រមទាំងធុងហ្កាសបិទជិតឈឹងពីរទៀត និងកាំភ្លើងខ្លីមួយទៀតសៀតនឹងចង្កេះ។ ជនល្មើសទំនងជាប៉ុនប៉ងបំផ្ទុះរថយន្តនេះ ប៉ុន្តែមិនបានសម្រេច។ កុំព្យូទ័រ និងទូរស័ព្ទដៃពីរគ្រឿងទៀត ក៏ត្រូវបានប៉ូលិសរកឃើញនៅឡាននោះដែរ។
នេះជាការប៉ុនប៉ងធ្វើភេរវកម្ម យ៉ាងប្រាកដ។ ប៉ុន្តែពិតជាសំណាងល្អ ! ឧប្បត្តិវហេតុនេះ មិនបានបង្កឱ្យអ្នកដំណើរតាមដងផ្លូវ ឬក្រុមប៉ូលិសក្នុងឡានក្រៅឡានណាម្នាក់ រងគ្រោះ សូម្បីតែរងរបួសបន្តិចក៏គ្មានដែរ។ អ្នកដែលស្លាប់គឺជាជនល្មើសផ្ទាល់តែម្នាក់ឯងនោះប៉ុណ្ណោះ។
ជនដៃដល់ជាប់ក្នុងបញ្ជីសន្តិសុខជាតិ
ក្រុមប៉ូលិសអង្កេតបានរកឃើញអត្តសញ្ញាណបណ្ណរបស់ជនល្មើលនៅឡាន។ ជននោះមានឈ្មោះថា អាដាម កើតនៅឆ្នាំ១៩៨៥ និងមានសញ្ជាតិបារាំង។ ជាជនគ្មានទោស មានប្រវត្តិស្អាតស្អំ ពុំដែលប្រទាំងប្រទើសជាមួយអាជ្ញាធរ ឬប៉ូលិស អាដាម រស់នៅជាយក្រុងប៉ារីស ជាម្ចាស់ហាងលក់មាសតូចមួយ ដោយចុះឡើងទៅមកតួកគី ជាញឹកញយ ដើម្បីជាផ្លូវការ ទៅទិញមាស។ ប៉ុន្តែគឺដោយសារដំណើរចុះឡើងញយ និងជាពិសេស នៅឆ្នាំ ២០១៥ បន្ទាប់ពីបានធ្វើដំណើរទៅកាន់ប្រទេសតួកគីនេះ ជាមួយប្រពន្ធកូន ទើបជនល្មើសអាដាម បានក្លាយជាជនជាប់សង្ស័យថាមានទាក់ទងនឹងចលនាអ៊ីស្លាមជ្រុលនិយម។ នេះបើតាមប្រភពស្និទ្ធនឹងក្រុមអ្នកអង្កេត។ គឺតាំងពីពេលនោះមកដែល អាដាម ត្រូវជាប់ឈ្មោះក្នុងបញ្ជីជនត្រូវតាមដាន fichier S ប៉ុន្តែគ្មានដានណាមួយបញ្ជាក់ថា អាដាម ធ្វើដំណើរទៅកាន់តំបន់ជម្លោះនៅអ៊ីរ៉ាក់ ឬស៊ីរីទេ។
ពេលនេះក្រុមអ្នកអង្កេត បានចុះទៅឆែកឆេរផ្ទះ អាដាម និងក្រុមគ្រួសារ ដោយបានឃាត់ខ្លួនមនុស្សបួននាក់ គឺឪពុក បងប្រុសនិងបងថ្លៃស្រី និងអតីតប្រពន្ធរបស់អាដាម។ ការឆែកឆេរ បានពញ្ញាក់អារម្មណ៍មតិសាធារណៈកាន់តែខ្លាំងទៀត ព្រោះគេបានរកឃើញឃ្លាំងស្តុកអាវុធជាច្រើន នៅក្នុងផ្ទះ ព្រោះអាដាម មានបណ្ណប្រើអាវុធ នៅកន្លែងហាត់ តែគ្មានកាន់អាវុធដើរជាមួយទេ។
ជនជាប់ឈ្មោះក្នុងបញ្ជីសន្តិសុខជាតិហើយ នៅតែអាចមានសិទ្ធិប្រើអាវុធបានទៀត ?
ពលរដ្ឋបារាំង អាចសុំសិទ្ធកាន់អាវុធបាន ដោយមូលហេតុពីរ ៖ សុវត្ថិភាពការពារខ្លួនទាក់ទងនឹងរបររកស៊ី (អាដាមជាអ្នកលក់មាស ជាកីឡាករបាញ់កាំភ្លើង) ឬជាកីឡាករជំនាញបាញ់កាំភ្លើង។ នៅពេលសុំសិទ្ធិប្រើប្រាស់/កាន់អាវុធ អ្នកសុំត្រូវបំពេញលក្ខខណ្ឌតម្រូវដោយច្បាប់បាន គឺ ត្រូវជាបុគ្គលដែលពុំធ្លាប់ឆ្លងកាត់ទោស និងពុំធ្លាប់ឆ្លងកាត់ការព្យាបាលនៅមន្ទីរពេទ្យ (មានសុខភាពល្អ)។
អាដាមបំពេញបានយ៉ាងត្រឹមត្រូវនូវលក្ខខណ្ឌពីរនេះ ទើបអាជ្ញាធរចេញបណ្ណឱ្យជាលើកដំបូង នៅឆ្នាំ២០១២។ ប៉ុន្តែបញ្ហានៅត្រង់ថា បណ្ណនេះត្រូវបន្តថ្មីឡើងវិញជារៀងរាល់ឆ្នាំ។ ដូច្នេះសោភ័ណឆ្ងល់មិនខុសទេ ! អាដាម ទើបទៅបន្តបណ្ណប្រើអាវុធ នៅខែកុម្ភៈឆ្នាំ២០១៧នេះ ទាំងខ្លួនជាប់ក្នុងបញ្ជីS ទៅហើយ !
បើតាមភាសាប៉ូលិស អាដាម មាន “សញ្ញាខ្សោយ” គ្មានកំហុសគ្រប់គ្រាន់ដែលអាចដាក់បន្ទុក មិនអាចប្តឹងផ្តល់អ្វីដល់តុលាការ មិនអាចឃាត់ខ្លួនឱ្យនៅតែគេហដ្ឋាន បានទេ។ អាដាម ជាប់ក្នុងបញ្ជីសន្តិសុខជាតិ បញ្ជីS ត្រឹមកំរិតតាមដានដោយលាក់ៗ និងមិនដល់ថ្នាក់ហាមមិនឱ្យកីឡាករបាញ់កាំភ្លើង មានកាតកាន់អាវុធទេ។ នេះបើតាមការបង្ហើបរបស់សារព័ត៌មានបារាំងLe Point។ បើតាមប្រភពប៉ូលិស ការព្រមបន្តសិទ្ធកាន់អាវុធ ឱ្យអាដាម ក៏ព្រោះតែគេមិនចង់គោះទឹកបង្អើល។
តែបើនិយាយបែបតាមបច្ចេកទេស សារព័ត៌មានខ្លះ បានលើកឡើងថា ភ្នាក់ងារគ្រប់គ្រងការធ្វើបណ្ណកាន់អាវុធ គ្មានសិទ្ធចូលក្នុងមើលឯកសារសំងាត់សន្តិសុខជាតិនេះទេ។ ម្យ៉ាងវិញទៀត បារាំងនៅប្រើបច្ចេកទេសតាមដានបែបបុរាណ ដើម្បីងាយតាមដានជនជាប់សង្ស័យនិងក្រុមគ្រួសារ។ ការតានដានធ្វើដោយមនុស្ស ដូច្នេះតែមានកំហុស ! ចំនួនអ្នកជាប់បញ្ជីS មានច្រើន ច្រើនជាងប៉ូលិសអ្នកតាមដាន តែចង់មិនចង់ក្រុមអ្នកតាមដានអាដាម ត្រូវយ៉ាប់បន្តិចហើយនៅពេលនេះ។
ក្រសួងមហាផ្ទៃ បានទទួលស្គាល់ថា វិធានការគ្រប់គ្រងការផ្តល់អាវុធនៅស្ទើរ ពិបាកនឹងទទួលត្រូវតាមបែបនយោបាយបន្តិចក្នុងបរិបទបច្ចុប្បន្ននេះ។ ប៉ុន្តែក្រសួងមហាផ្ទៃកំពុងប្រឹងបង្ហើយចេញជាក្រិត្យអនុញ្ញាតឱ្យភ្នាក់ងារប៉ូលិសតាមខេត្តខ្លះអាចមិនសិទ្ធទៅផ្ទៀងផ្ទាត់ព័ត៌មានរបស់បុគ្គលណាម្នាក់ជាមួយភ្នាក់ងារចារកិច្ច៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ