អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ភេរវកម្ម​មិន​សម្រេច​នៅ​ប៉ារីស ៖ ហេតុអ្វី​ជន​ជាប់​ក្នុង​បញ្ជីខ្មៅ​​អាច​ប្រើ​អាវុធ​ដោយ​ស្រប​ច្បាប់​បាន ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ ​ថ្ងៃ​ចន្ទ​ទី ១៩មករា ម្សិលមិញ វេលា​ម៉ោងប្រហែល​៤​រសៀល ម៉ោង​នៅ​ប្រទេស​បារាំង (៩យប់​នៅ​កម្ពុជា) មាន​​បុរស​ម្នាក់​បាន​បើក​ឡាន​តំរង់​ទិស​ទៅ​បុក​ឡាន​នគរ​បាល​បារាំង​ ដែល​កំពុង​ល្បាត​នៅ​តាម​ដង​វិថី​ស្ហង់អេលីហ្សេ តែ​សំណាង​ល្អ​គ្មាន​រង​របួស និង​ស្លាប់ ក្នុង​ហេតុការណ៍​នោះ​ឡើយ។ អាជ្ញាធរ​បាន​បើក​ការ​អង្កេត​ភ្លាម ហើយ​បើ​តាម​រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ នេះ​ជាការ​​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម។

មានការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​មិន​សម្រេច​នៅ​លើ​រុក្ខវិថី​Champs Elysée ក្រុង​ប៉ារីស ថ្ងៃទី​១៩មិថុនា ២០១៧
មានការ​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​មិន​សម្រេច​នៅ​លើ​រុក្ខវិថី​Champs Elysée ក្រុង​ប៉ារីស ថ្ងៃទី​១៩មិថុនា ២០១៧ REUTERS/Gonzalo Fuentes
ផ្សាយពាណិជ្ជកម្ម

នៅ​ពេល​រសៀល​​ម៉ោង​ប្រហែល​៤ ម្សិលមិញ​នេះ បុរស​ម្នាក់ បានបើក​ឡានបុក​ដោយ​ចេតនា​​ឡាន​ប៉ូលិសធំ​មួយ ដែល​មាន​ប៉ូលិស​៨​នាក់​ជិះ និង​កំពុង​បរ​ ​​តាម​ដង​វិថី​ស្ហង់អេលីហ្សេ​។ ក្រោយ​ពី​បាន​​ប៉ះ​ឡាន​ប៉ូលិស​ហើយ ឡាន​របស់​ជន​ល្មើស​ក៏​​​រេ​ទៅឈប់​​ឡើង​ចិញ្ចើមថ្នល់។ ឡាន​នោះ​ក៏​ឆេះ​ ផ្សែង​​ស​ខ្មួលខ្មាញ់ បាន​ហុយ​ទ្រលោម​ចេញ​ពី​ឡាន​ជន​ល្មើស។ ប៉ូលិស​បាន​នាំ​គ្នា​ចុះ​ទៅ​អូស​ទាញ​បុរស​អ្នក​បើក​ចេញ​ពី​ឡានរួច ប៉ុន្តែ​ជន​ល្មើស​បាន​ស្លាប់​ភ្លាម​ប៉ុន្មាន​នាទី​ក្រោយ មិន​ដឹង​ថា​​​ភ្លើង​ឆេះ​​​ខ្លាំង​ជ្រុល​ ឬ​ដោយ​ទង្កិច​ពេល​បុក​គ្នា។

អ្វី​ជា​ការ​កត់​សម្គាល់ ប្រសិន​បើ​ភ្នាក់ងារ​មាន​សមត្ថកិច្ច​មិន​អាច​ពន្លត់​ភ្លើង​ឡាន​ទាន់​ទេ វា​អាច​នឹង​មាន​ករណី​ផ្ទុះខ្លាំង ព្រោះ​ថា​ឡាន​ដែល​ជន​ល្មើស​បើក​នោះ​​​មានផ្ទុក​​​​ពេញទៅ​ដោយ​​អាវុធ​យ៉ាង​សន្ធឹកសន្ធាប់​ ដូច​ទៅ​ធ្វើ​សង្គ្រាម​ ៖ ​ ជា​ កាំភ្លើងដៃ កាំភ្លើងវែង​កាលីព 7.62 ពីរ​បី​ដើម ដាក់​គ្រាប់​រួច​ជា​ស្រេច និង​បង់​គ្រាប់​​បំរុង​ច្រើន​ផ្សេង​​ទៀត ព្រម​ទាំង​ធុង​ហ្កាស​បិទ​ជិត​ឈឹង​ពីរ​ទៀត និង​កាំភ្លើង​ខ្លីមួយ​ទៀត​​សៀតនឹង​​ចង្កេះ។ ជន​ល្មើស​ទំនង​ជា​ប៉ុន​ប៉ង​បំផ្ទុះ​រថយន្តនេះ ប៉ុន្តែ​មិន​បាន​សម្រេច។ កុំព្យូទ័រ​ និង​ទូរស័ព្ទ​ដៃ​ពីរ​គ្រឿង​ទៀត ក៏​ត្រូវ​បាន​ប៉ូលិស​រក​ឃើញ​នៅ​ឡាន​នោះ​ដែរ។

នេះ​ជា​ការ​​​ប៉ុនប៉ង​ធ្វើ​ភេរវកម្ម​ យ៉ាង​ប្រាកដ។ ប៉ុន្តែ​​ពិត​ជា​សំណាង​ល្អ​ ! ឧប្បត្តិវហេតុ​នេះ មិន​បាន​បង្ក​ឱ្យ​អ្នក​ដំណើរ​តាម​ដង​ផ្លូវ ឬ​ក្រុម​ប៉ូលិស​​ក្នុង​ឡាន​ក្រៅ​ឡានណា​ម្នាក់ រងគ្រោះ សូម្បី​តែ​រង​របួសបន្តិច​​​ក៏គ្មានដែរ។ អ្នក​ដែល​ស្លាប់​គឺ​ជា​ជន​ល្មើស​ផ្ទាល់​តែ​ម្នាក់​ឯង​នោះ​ប៉ុណ្ណោះ។

ជន​ដៃ​ដល់ជា​ប់​ក្នុង​បញ្ជី​សន្តិសុខជាតិ  

ក្រុម​ប៉ូលិស​អង្កេត​​បាន​រក​ឃើញ​អត្តសញ្ញាណបណ្ណ​របស់​ជន​ល្មើល​នៅឡាន។ ជន​នោះ​មាន​ឈ្មោះ​ថា អាដាម  កើត​នៅឆ្នាំ​១៩៨៥ និង​មាន​សញ្ជាតិ​បារាំង។ ជា​ជន​គ្មា​ន​ទោស មាន​ប្រវត្តិ​ស្អាត​ស្អំ ពុំ​ដែល​ប្រទាំង​ប្រទើស​ជាមួយ​អាជ្ញាធរ ឬ​ប៉ូលិស អាដាម រស់​នៅ​ជាយ​ក្រុង​ប៉ារីស ជា​ម្ចាស់​ហាង​លក់​មាស​​តូច​មួយ ដោយ​​​ចុះ​ឡើង​ទៅមក​​​តួកគី ជា​ញឹកញយ​ ដើ​ម្បីជា​ផ្លូវការ​ ទៅ​​ទិញ​មាស។ ប៉ុន្តែ​គឺ​ដោយសារ​ដំណើរ​ចុះ​ឡើង​ញយ និង​ជាពិសេស នៅ​ឆ្នាំ ២០១៥ បន្ទាប់​ពី​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​តួកគី​នេះ ជាមួយ​ប្រពន្ធ​កូន ទើប​ជន​ល្មើស​អាដាម បាន​ក្លាយ​ជា​ជន​ជាប់​សង្ស័យថា​មាន​ទាក់ទង​នឹង​ចលនា​អ៊ីស្លាម​ជ្រុលនិយម​។ នេះ​បើ​តាម​ប្រភព​ស្និទ្ធ​នឹង​ក្រុម​អ្នក​អង្កេត។​ គឺ​តាំង​ពី​ពេល​នោះ​មក​ដែល​ អាដាម ត្រូវ​ជាប់​ឈ្មោះ​ក្នុង​បញ្ជី​ជន​ត្រូវ​​តាមដាន​ fichier S ប៉ុន្តែ​គ្មាន​ដាន​ណា​មួយ​បញ្ជាក់​ថា​ អាដាម ធ្វើ​ដំណើរ​ទៅ​កាន់​តំបន់ជម្លោះ​នៅ​​អ៊ីរ៉ាក់​ ឬ​ស៊ីរី​ទេ។

ពេល​នេះ​ក្រុម​អ្នក​អង្កេត​ បាន​ចុះ​ទៅ​ឆែក​ឆេរ​ផ្ទះ អាដាម និង​ក្រុម​គ្រួសារ ដោយ​បាន​ឃាត់​ខ្លួន​មនុស្ស​បួន​នាក់ គឺ​ឪពុក បង​ប្រុស​និង​បង​ថ្លៃ​ស្រី​ និង​អតីត​ប្រពន្ធ​របស់​អាដាម។ ការ​ឆែកឆេរ​ បាន​ពញ្ញាក់​អារម្មណ៍​មតិ​សាធារណៈ​កាន់​តែ​ខ្លាំង​ទៀត ព្រោះ​គេ​បាន​រកឃើញ​ឃ្លាំង​ស្តុក​អាវុធ​ជា​ច្រើន​ នៅ​ក្នុង​ផ្ទះ ព្រោះ​អាដាម មាន​បណ្ណ​ប្រើ​អាវុធ នៅ​កន្លែង​ហាត់​ តែ​គ្មាន​កាន់​អាវុធ​ដើរ​ជាមួយ​ទេ។

ឡាន​ជន​ល្មើស​ឆេះ​ហុយ​ផ្សែង​ទ្រលោម​ក្រោយ​ពី​ប៉ះ​ឡាន​ប៉ូលិស
ឡាន​ជន​ល្មើស​ឆេះ​ហុយ​ផ្សែង​ទ្រលោម​ក្រោយ​ពី​ប៉ះ​ឡាន​ប៉ូលិស Eugenio Morcillo via Reuters

ជន​ជាប់ឈ្មោះ​​ក្នុង​បញ្ជីសន្តិសុខ​ជាតិ​​ហើយ នៅ​តែ​អាចមាន​សិទ្ធិប្រើអាវុធ​បាន​ទៀត ? ​

​​​ពលរដ្ឋ​បារាំង​ អាច​សុំ​សិទ្ធ​កាន់​អាវុធ​បាន​ ដោយមូលហេតុ​ពីរ ៖ ​សុវត្ថិភាព​ការពារខ្លួន​ទាក់ទង​នឹង​របរ​រក​ស៊ី (អាដាម​ជា​អ្នក​លក់​មាស ជា​កីឡាករ​បាញ់​កាំភ្លើង) ឬ​ជា​កីឡាករ​​ជំនាញ​​បាញ់​កាំភ្លើង។​ នៅ​ពេល​​​សុំ​​​សិទ្ធិប្រើប្រាស់/កាន់​​អាវុធ​ អ្នក​សុំ​ត្រូវ​​បំពេញ​លក្ខខណ្ឌ​តម្រូវ​ដោយ​ច្បាប់​បាន គឺ ត្រូវ​ជា​បុគ្គល​ដែល​ពុំ​ធ្លាប់​ឆ្លង​កាត់​ទោស និង​ពុំ​ធ្លាប់​ឆ្លង​កាត់​ការព្យាបាល​នៅ​មន្ទីរ​ពេទ្យ (​មាន​សុខភាព​ល្អ)។

អាដាម​បំពេញ​បាន​យ៉ាង​ត្រឹម​ត្រូវ​នូវ​លក្ខខណ្ឌ​ពីរ​នេះ ទើប​អាជ្ញាធរ​ចេញ​​បណ្ណឱ្យជា​លើក​ដំបូង នៅ​ឆ្នាំ​២០១២។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា បណ្ណ​នេះ​ត្រូវបន្ត​​ថ្មីឡើង​វិញ​ជា​រៀង​រាល់​ឆ្នាំ។ ដូច្នេះ​សោភ័ណ​ឆ្ងល់​​មិនខុស​ទេ ! អាដាម​ ទើប​ទៅ​បន្ត​បណ្ណ​ប្រើ​អាវុធ នៅ​ខែ​កុម្ភៈ​ឆ្នាំ​២០១៧​នេះ​ ​ទាំង​ខ្លួន​ជាប់​ក្នុង​បញ្ជី​S ទៅ​ហើយ !

បើ​តាម​ភាសា​ប៉ូលិស អាដាម មាន “​សញ្ញា​ខ្សោយ” គ្មាន​កំហុស​​គ្រប់គ្រាន់​ដែល​អាច​ដាក់​បន្ទុក មិន​អាច​ប្តឹង​ផ្តល់​អ្វី​ដល់​តុលាការ មិនអាច​ឃាត់ខ្លួន​ឱ្យ​នៅ​តែ​គេហដ្ឋាន បាន​ទេ។ អាដាម ជាប់​ក្នុង​បញ្ជី​សន្តិសុខ​ជាតិ បញ្ជីS  ត្រឹម​កំរិត​តាមដាន​ដោយ​លាក់ៗ និង​មិន​ដល់​ថ្នាក់​ហាម​មិន​ឱ្យ​កីឡាករ​បាញ់​កាំភ្លើង​ មាន​កាត​កាន់​អាវុធ​ទេ។ នេះ​បើ​តាម​ការ​បង្ហើប​របស់​សារព័ត៌មាន​បារាំង​Le Point។ បើ​តាម​ប្រភព​ប៉ូលិស​ ការ​ព្រមបន្ត​​សិទ្ធ​​កាន់​អាវុធ ឱ្យ​អាដាម ក៏​ព្រោះ​តែ​គេ​មិន​ចង់​គោះ​ទឹក​បង្អើល​។

តែ​បើ​និយាយ​បែប​តាម​បច្ចេកទេស​ សារព័ត៌មាន​ខ្លះ បាន​លើក​ឡើង​ថា ភ្នាក់ងារ​គ្រប់គ្រង​ការ​ធ្វើ​បណ្ណ​កាន់​អាវុធ គ្មាន​សិទ្ធ​ចូល​ក្នុង​​មើល​ឯកសារ​សំងាត់​សន្តិសុខជាតិ​នេះ​ទេ។ ម្យ៉ាង​វិញ​ទៀត បារាំង​នៅប្រើ​បច្ចេកទេស​តាម​ដាន​​បែប​បុរាណ ដើម្បី​ងាយ​តាមដាន​ជន​ជាប់​សង្ស័យនិង​ក្រុមគ្រួសារ។ ការ​តាន​ដាន​ធ្វើ​ដោយ​មនុស្ស ដូច្នេះ​តែ​មាន​កំហុស ! ចំនួន​អ្នក​ជាប់​បញ្ជី​S​ មាន​​ច្រើន ច្រើន​​ជាង​ប៉ូលិស​អ្នក​តាម​ដាន​ តែ​ចង់​មិន​ចង់​ក្រុម​អ្នក​តាមដាន​អាដាម ត្រូវ​យ៉ាប់​បន្តិច​ហើយ​នៅពេល​នេះ។

ក្រសួង​មហាផ្ទៃ បាន​ទទួល​ស្គាល់​ថា វិធានការ​គ្រប់គ្រង​ការ​ផ្តល់​អាវុធ​នៅស្ទើរ​ ពិបាក​នឹង​ទទួលត្រូវ​តាម​បែប​នយោបាយ​បន្តិច​ក្នុង​បរិបទ​បច្ចុប្បន្ននេះ។ ប៉ុន្តែ​ក្រសួង​មហាផ្ទៃ​កំពុង​ប្រឹង​​បង្ហើយ​ចេញ​ជា​ក្រិត្យ​អនុញ្ញាត​ឱ្យ​ភ្នាក់ងារ​ប៉ូលិស​តាម​ខេត្ត​ខ្លះ​អាច​មិន​សិទ្ធទៅ​ផ្ទៀង​ផ្ទាត់​ព័ត៌មាន​របស់​បុគ្គល​ណា​ម្នាក់​ជា​មួយ​ភ្នាក់ងារ​ចារកិច្ច៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ