អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

កិច្ចប្រជុំ​ក្រុង​ព្រុចសែល៖​មេដឹកនាំ​អឺរ៉ុប​មាន​ទំនុកចិត្ត​ខ្ពស់​ឡើងវិញ​ ប្រឈម​​អង់គ្លេស​ ​

ចុះផ្សាយ​នៅ​ថ្ងៃ៖

កិច្ចប្រជុំ​ក្រុមប្រឹក្សា​អឺរ៉ុប​ បើកធ្វើ​នៅ​ទីក្រុង​ព្រុចសែល​ ថ្ងៃព្រហស្បតិ៍​នេះ ​និង​ថ្ងៃសុក្រ​ស្អែក ដោយ​មានវត្តមាន​ប្រមុខ​រដ្ឋាភិបាល​ប្រទេសសមាជិក​​សហភាព​អឺរ៉ុប។ ​​ប្រធានាធិបតី​​​​បារាំង អេម៉ានុអែល ម៉ាក្រុង ចូលរួម​ជាលើក​ទី១ ក្នុង​កិច្ចប្រជុំនេះ។ តាំងពីថ្ងៃចន្ទ ​អង់គ្លេស​និង​អឺរ៉ុប​ចាប់ផ្តើមដំណើរការ​​ចរចា​​ប្រិចស៊ីត។ ជាមួយ​នឹង​ជំហរ​ចុះខ្សោយ​របស់​នាយករដ្ឋមន្ត្រី​អង់គ្លេស តេរេសា មៃ មេដឺកនាំ​អឺរ៉ុប​បាន​បង្ហាញ​ទំនុកចិត្ត​ខ្ពស់ឡើងវិញ។ ប្រធានក្រុមប្រឹក្សា​អឺរ៉ុប ដូណាល់ ថាស្ក បានលើកឡើង​ពី​ការថយចុះ​នៃចលនា​ប្រឆាំង​នយោបាយ​អឺរ៉ុប ដែល​នេះ​សបង្ហាញ​ពី​សាមគ្គីភាព​ប្រទេស​សមាជិក ដែល​នៅតែ​បន្ត​ស្ថិត​ក្នុង​សហភាព​អឺរ៉ុប។ ​ ​

ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk និងប្រធានាធិបតី​អ៊ុយក្រែន លោក​Poroshenko (ឆ្វេង) នៅក្រុងព្រុចសែល​ថ្ងៃព្រហស្បតិ៍ ២២មិថុនា​នេះ
ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​លោក Donald Tusk និងប្រធានាធិបតី​អ៊ុយក្រែន លោក​Poroshenko (ឆ្វេង) នៅក្រុងព្រុចសែល​ថ្ងៃព្រហស្បតិ៍ ២២មិថុនា​នេះ Reuters
ផ្សាយពាណិជ្ជកម្ម

ប្រធានបទសំខាន់ៗ​​នៃ​កិច្ចប្រជុំ

ប្រធានបទ​សំខាន់​ជាងគេ ក្នុង​ការ​ពិភាក្សា​ថ្ងៃនេះ​ គឺ​​ការការពារ​សន្តិសុខអឺរ៉ុប​ ប្រឈម​ភេរវកម្ម។ ដូចយើង​ឃើញ​ស្រាប់ហើយ មួយរយៈ​ចុងក្រោយម​កនេះ បារាំង អង់គ្លេស ​ប្រឈម​នឹង​ការវាយប្រហារ ការគំរាម​ភេរវកម្ម​ខ្ពស់។ ស្ថានីយរថភ្លើង​មួយ​នៅ​ក្រុងព្រុចសែល​ ប្រទេស​បែលហ្ស៊ិក​ទើប​នឹង​រង​ភេរវកម្ម​បំផ្ទុះ​គ្រាប់បែក កាលពី​យប់ថ្ងៃអង្គារ​កន្លងទៅប៉ុណ្ណោះ។

ក្រៅពីនេះ ប្រធានបទ​ចំបង​ផ្សេងទៀត ដែល​មេដឺកនាំ​អឺរ៉ុប​លើក​យកមកពិភាក្សា​ដែរ គឺមាន​ដូចជា​​​​ បញ្ហា​អន្តោប្រវេសន៍ ​ការប្រកួតប្រជែង​ពាណិជ្ជកម្ម ការ​ការពារ​ការវិនិយោគ​​​ ​ប្រឈម​​ការ​លក់​បង្ខូច​ថ្លៃ​ទំនិញ រឺ​ក៏​បញ្ហា​​​អាកាសធាតុ ពិសេស​ពេលនេះ ​អាមេរិក​ដកខ្លួន​ពីកិច្ចព្រមព្រៀង​​អាកាសធាតុ​ក្រុងប៉ារីស​ផងនោះ។ ​

ក្នុង​ជំនួប​នៅ​ក្រុងព្រុចសែល​ថ្ងៃនេះ យើងឃើញ​ថា លោក​អេម៉ានុយអែល ម៉ាក្រុង ដែល​ជា​ប្រធានាធិបតី​ថ្មី​​របស់​បារាំង ក៏​មាន​វត្តមាន​ជាលើក​ដំបូង​ដែរ។ លោក​ម៉ាក្រុង​ និង​ប្រមុខដឹកនាំ​អាល្លឺម៉ង់ អាន់ហ្កឺឡា មែរគែល នឹង​ជជែក​គ្នា​ពី​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ទីក្រុង​មីនស្ក៍ ឆ្នាំ២០១៥។ កិច្ចព្រមព្រៀង​នេះ មានទិសដៅ​នាំ​​សន្តិភាព​អោយ​ភាគខាងកើត​អ៊ុយក្រែន​វិញ។ កិច្ចព្រមព្រៀង​នេះ នៅ​មិនទាន់​​ទទួលជោគជ័យ​នៅឡើយទេ។ បើគ្មានអី​ទៅមុខ​ទេ ​តាមមើល បារាំង​និង​អាល្លឺម៉ង់​ប្រហែល​ជាស្នើ​អោយ​មាន​ទណ្ឌកម្ម​ប្រឆាំងរុស្ស៊ី​៦ខែ​ថែមទៀត​ផង​មិនដឺង។ ​ ​ ​​

មេដឹកនាំ​អឺរ៉ុប​មានទំនុកចិត្ត​ខ្ពស់ឡើងវិញ និង​​បង្ហាញ​ភាព​​សាមគ្គីគ្នា​កាន់តែខ្លាំង ប្រឈម​​នឹង​អង់គ្លេស

ក្នុង​កិច្ចប្រជុំល្ងាចថ្ងៃព្រហស្បតិ៍​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស តេរេសា មៃ ​​ប្រហែល​​ពិបាក​​មើល​មុខ ​​មេដឺកនាំ​អឺរ៉ុប​ផ្សេងៗទៀត អោ​​យ​ចំមុខ អោយចំ​ក្រសែភ្នែក​ហើយ ព្រោះ​មេដឹកនាំ​ប្រទេស​សមាជិកអឺរ៉ុប​​កាន់តែ​បង្ហាញ​ទំនុកចិត្តខ្ពស់ឡើងវិញ បង្ហាញ​​សាមគ្គីភាព​គ្នាកាន់តែ​ទូលំទូលាយ។​​

ក្នុងពេល​អង់គ្លេស​កំពុង​ចរចា​ដើរចេញ​ពីអឺរ៉ុប ​លោកស្រី​នាយករដ្ឋមន្ត្រី​អង់គ្លេស​ តេរេសា មៃ កំពុង​ស្ថិត​ក្នុង​ស្ថានភាព​លំបាក ដោយសារ​តែ​ត្រូវប្រឈម​វិបត្តិ​​ក្នុងស្រុក ​បែបយ៉ាង ​រដ្ឋាភិបាល​លោកស្រី​រងការរិះគន់​ទាក់ទង​ចំណាត់ការ​មិនល្អ ចំពោះ​​គ្រោះអគ្គិភ័យ​ក្រុងឡុងដ៍ នេះ​នៅមិននិយាយ​ពី​ការវាយប្រហារ​ភេរវកម្ម​ផង។ អ្នកនយោបាយ​បក្ស​លោកស្រី​ទៀតសោត ក៏​លែងពេញចិត្ត​លោកស្រី​ដូចមុន ហើយ​អ្នកនយោបាយ​ខ្លះ​ចង់ទំលាក់​លោកស្រី​ពី​តំណែង​ទៀតផង។ ​អញ្ចឹង បើ​ប្រទេស​សមាជិកអឺរ៉ុប​​២៧ទៀត ​​បង្ហាញ​ជំហរ​សាមគ្គីគ្នា បន្ត​ស្ថិត​ក្នុង​អឺរ៉ុប នោះ​វាជា​ការ​ព្រមានដ៏ល្អមួយ ​​ដល់​អង់គ្លេស ដែល​ចង់ចាកចេញ​ពីអឺរ៉ុប ពិសេស​ពេល​អង់គ្លេស​កំពុង​រងការគំរាម​ភេរវកម្ម អង់គ្លេស​ប្រហែល​អាច​ស្តាយក្រោយ​ដែរ ព្រោះ​អឺរ៉ុប​កំពុង​សាមគ្គីគ្នា​ក្នុង​ការ​​ប្រឆាំង​ភេរវកម្ម ការពារ​ពលរដ្ឋ​អឺរ៉ុប ការពារ​ប្រទេស​សមាជិក។ ប្រឈមអង់គ្លេស ប្រឈម​​នឹងអាមេរិ​ករបស់​​លោកដូណាល់ ​ត្រាំដែល​ហាក់​លែងចង់ជួយ​សមាជិក​អូតង់ ប្រទេស​អឺរ៉ុបមិនអាច​អោបដៃ​ទេ ត្រូវតែ​រួបរួមគ្នា ការពារ​គ្នា​​អញ្ចឹងហើយ។

លោក​អេម៉ានុយអែល ម៉ាក្រុង ​ជា​ប្រធានាធិបតី​បារាំង​ថ្មី ជាអ្នក​ការពារ​នយោបាយ​អឺរ៉ុប​ពេញទី ជាមដឺកនាំវ័យក្មេង​ដែល​មាន​ការតាំងចិត្ត​ខ្ពស់​ដូចជា​អតីតប្រធានាធិបតី​បារាំង​សាកូហ្ស៊ី​។ លោកម៉ាក្រុង​ក៏ជា​អ្នកមានចិត្ត​ធម៌ ចង់ជួយ​ជនភៀសខ្លួន​ដូច​អតីត​ប្រធានាធិបតី​ហូឡង់​ដែរ។ ចំណុច​ទាំងអស់​នេះហើយ ដែល​ធ្វើអោយមេដឺកនាំ​​អឺរ៉ុបពេញចិត្តលោក។ ក្នុង​ជំនួប​ក្រុងព្រុចសែល​ទាំង២​ថ្ងៃនេះ លោក​ម៉ាក្រុងច្បាស់ជា​ចេញមុខ​ការពារ​នយោបាយ​អឺរ៉ុប​មិនណយ​ដែរទេ ដើម្បី​បង្ហាញ​ថា អឺរ៉ុប​រួបរួមគ្នា ទោះជាថ្ងៃក្រោយ​គ្មាន​អង់គ្លេស​ក្តី។ នេះ​ជាការ​លើកទឹកចិត្ត​​មួយ ដល់​អឺរ៉ុបប្រឈម​អង់គ្លេស។

សាមគ្គីភាព​នៅ​អឺរ៉ុប​នេះ ត្រូវបាន​បង្ហាញ​កាន់តែច្រើន ខុសពី​ប៉ុន្មានខែ​មុននេះ។ នេះ​បើយោងតាម​លោកដូណាល់ ថាស្ក ជា​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប។ លោក​ថាស្ក ប្រាប់ថា បក្ស​នយោបាយ​តាម​ប្រទេស​អឺរ៉ុប​ដែល​ធ្លាប់​ស្អប់​នយោបាយ​សហភាព​អឺរ៉ុបពេលនេះ លែង​រិះគន់​នយោបាយ​អឺរ៉ុប​ខ្លាំងក្លា​ដូច​ពេលមុន​​ទៀតហើយ។ ​អង់គ្លេស ប្រហែល​គិតថា អឺរ៉ុប​ជា​បញ្ហាហើយ បានជា​បោះឆ្នោត​ដើរចេញ​ពី​អឺរ៉ុប តែ​សម្រាប់​​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុបវិញ អឺរ៉ុបគឺ​ជា​ដំណោះស្រាយ អឺរ៉ុប​មិនមែន​ជា​បញ្ហា​ទេ។ ​ ​

ទាក់ទង​ប្រិចស៊ីត​នេះ នាយករដ្ឋមន្ត្រី​អង់គ្លេស​ត្រៀម​អោយ​អង់គ្លេស​ចរចា​ស្វិតស្វាញ​ជាមួយ​អឺរ៉ុប​ ចៀសវាង​សម្រេច​កិច្ចព្រមព្រៀង​ដែល​មិនល្អ នាំតែវីវរ​ដល់​អង់គ្លេស​វិញ។ ក្នុង​ពេល​ឆាប់ៗ​ខាងមុខ​នេះ លោកស្រី​តេរេសា មៃ​នឹង​បង្ហាញ​​គោលការណ៍ដែល​អ្នកចរចា​ប្រិចស៊ីត​ត្រូវ​អនុវត្ត ក្នុង​ការ​ចរចា​ជាមួយ​អឺរ៉ុប។ សូមបញ្ជាក់ដែរថា ទាក់ទង​​ប្រិចស៊ីត​នេះ​ ​ស្ថាប័ន​អឺរ៉ុប​ចំនួន២​នឹង​ចាកចេញ​ពីក្រុង​ឡុងដ៍។ ២ថ្ងៃនេះ ​ប្រទេស​អឺរ៉ុប​ទាំង២៧ នឹង​ជជែកគ្នាដែរ​​ថា តើត្រូវជ្រើសរើស​ប្រទេស​ណា សម្រាប់​ជា​ទីតាំងថ្មី​របស់​​ស្ថាប័ន​​ទាំង២នេះ។ ​​

គោលការណ៍​​ការពារ​ប្រយោជន៍​​​អឺរ៉ុប​មិនអាច​ផុងជ្រៅ រហូត​ភ្លេចគិត​ទំនាក់ទំនង​ជាមួយ​​ប្រទេស​មិនមែនអឺរ៉ុប

ប្រទេស​អឺរ៉ុប​មួយចំនួន ដូចជា​អាល្លឺម៉ង់ មិនចង់​អោយ​នយោបាយការពារ​ផលប្រយោជន៍​អឺរ៉ុប​នេះ ផុងជ្រៅងុបងុល​តែ​នឹង​អឺរ៉ុបពេកដែរ មិនដូច្នេះទេ វា​អាច​ធ្វើអោយ​គេមើលឃើញថា អឺរ៉ុប​គិតតែ​ប្រយោជន៍​ជាតិ​អឺរ៉ុប​ជ្រុលហួស​បាន ដែលនេះ​អាច​បង្ក​ផលវិបាក​ដល់ទំនាក់ទំនង​រវាង​អឺរ៉ុប និង​ប្រទេស​​​មិនមែន​សមាជិក​អឺរ៉ុប រឺ​ក៏បណ្តា​ប្រទេស​ដែលនៅ​ក្រៅដែនដី​អឺរ៉ុប​ជាដើម។

អាល្លឺម៉ង់​ និង​​ប្រទេស​អឺរ៉ុប​ខ្លះ មាន​សហគ្រាស ​ក្រុមហ៊ុន​រកស៊ី​នៅក្រៅស្រុក ក្រៅដែនដី​អឺរ៉ុប។ អាល្លឺម៉ង់​មានក្រុមហ៊ុន​រកស៊ី​នៅចិន ដូច្នេះ មិនអាច​​យក​ប្រយោជន៍​អឺរ៉ុប​ជាធំ ភ្លេចគិត​ប្រយោជន៍​ស្រុកចិនទេ។ មេដឹកនាំ​អឺរ៉ុបច្បាស់ជា​​​គិត​បញ្ហា​នេះជាធំ​ហើយ​ ព្រោះ​ពេលនេះ ​អឺរ៉ុបកំពុង​ប្រជែង​ជាមួយ​សហរដ្ឋ អាមេរិក ដើម្បី​ដណ្តើម​យក​ឈ្មោះ​ជា​អ្នកដឹកនាំ​ការផ្តោះប្តូរ​សេរី​នៅស្រុកចិន​ផង៕ ​ ​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ