អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ចំណាប់អារម្មណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងលោក មកលើចម្លើយលោកពូទីន តបនឹងសំនួរប្រជាជនរុស្ស៊ី

ចុះផ្សាយ​នៅ​ថ្ងៃ៖

មួយសប្តាហ៍​មុន នៅរុស្ស៊ី មានប្រព្រឹត្តទៅ “ស្ពានទូរទស្សន៍” លើកទី១៥ ដែល​ភ្ជាប់​លោក ប្រមុខរដ្ឋ វ៉្លាឌីមៀរ ពូទីន ដោយ​ត្រង់ផ្ទាល់ ទៅនឹង​ប្រជាពលរដ្ឋ​នៅ​តាម​ច្រក​ល្ហក​ប្លែកៗ​នៃ​ប្រទេស​រុស្ស៊ី សែន​ល្វឹងល្វើយ។ “ស្ពាន”​នេះ បាន​ពន្យារ​ទៅ ៣ ម៉ោង ៥៦ នាទី ដោយ​លោក​ពូទីន បាន​ឆ្លើយ​តប​នឹង​សំនួរ សរុប​ទៅ​ចំនួន ៧៣ ដែល​ប៉ះ​លើ​ជីវភាព​សង្គម-នយោបាយ-សេដ្ឋកិច្ច នៃ​ប្រទេស​ព្រមទាំង​ស្ថានការណ៍​អន្តរជាតិ​ខ្លះ​ដែរ។ ព្រឹត្តិការណ៍នេះ បានញ៉ាំងឲ្យ​មាន​សូរ​ខ្ទរ នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​លោក ចងក្រង​ដោយ​ទីភ្នាកងារ​ព័ត៌មាន​រដ្ឋ​រុស្ស៊ី ITAR-TASS ។

lលោក ពូទីន ក្នុង​កម្មវិធី​សួរ​ឆ្លើយផ្ទាល់​មាត់​ប្រចាំ​ឆ្នាំ​ជាមួយពលរដ្ឋ​រុស្ស៊ី
lលោក ពូទីន ក្នុង​កម្មវិធី​សួរ​ឆ្លើយផ្ទាល់​មាត់​ប្រចាំ​ឆ្នាំ​ជាមួយពលរដ្ឋ​រុស្ស៊ី REUTERS/Sergei Karpukhin
ផ្សាយពាណិជ្ជកម្ម

កាសែតចិន Hanqiu Shibao សរសេរថា ៖ លោក​ពូទីន គូស​បញ្ជាក់​ពី​ការយកចិត្ត​ទុក​ដាក់​របស់​រុស្សី ដើម្បី​បង្វែរ​ទំនាក់ទំនង​ជាមួយ​សរអា​ឲ្យ​វិល​ត្រឡប់​មក​ស្ថានភាព​ប្រក្រតី​ធម្មតា​វិញ។ តាមយោបល់ លោក​ពូទីន បរិយាកាស​ងំ​ទៅ​ដោយ​ការស្អប់​និង​ខ្លាច​រុស្ស៊ី គឺ​ជា​លទ្ធផល​នៃ​ការតស៊ូ​នយោបាយ​ផ្ទៃក្នុងសរអា​ទេតើ។ មេដឹកនាំ​រុស្ស៊ី បាន​ថ្លែង​ថា​ គាត់​មិន​ចាត់ទុក​អាមេរិក ជាសត្រូវ​ឡើយ។

-កាណាល់​ទូរទស្សន៍​ជប៉ុន NHK ផ្សាយ​ថា ៖ ដោយ​និយាយ​អំពី​អំបូរ​កោះគួរីល​ខាង​ត្បូង ដែល​ជប៉ុន​ចាត់ទុក ជា​ដែនដី​ខាងជើង​របស់​ខ្លួន លោក​ពូទីន ចង្អុល​ឲ្យ​ឃើញ​ថា កិច្ចចរចា​រវាង​ម៉ូស្គូ និង តូក្យ៉ូ មិនរំកិល​ទៅមុខ​ទេ បើ​ភាគី​ជប៉ុន​ចេះ​តែ​គេច ពី​ការពិភាក្សា​អំពី​សន្ធិសញ្ញា​ខ្លួន​ជាមួយ​អាមេរិក ស្តី​អំពី​សន្តិសុខ។ លោកពូទីន ធ្លាប់​បាន​សំដែង​ក្តី​ព្រួយបារម្ភ​ថា ក្នុង​ករណី​បើរុស្ស៊ី ប្រគល់​អំបូរកោះ​នោះ​ទៅ​ជប៉ុន ​នោះ​អាមេរិក​ច្បាស់​ជា​នឹង​ពង្រាយ​ទ័ព​ខ្លួន​ឲ្យ​ប្រចាំការ​នៅ​ទីនោះ។

-កាសែត​ជប៉ុន Mainichi Shimbun កត់សម្គាល់ថា លោកពូទីន រំលែក​ពេល​យ៉ាង​ច្រើន​ទៅ​លើ​សេដ្ឋកិច្ច​ រុស្ស៊ី​ដែល​តាម​មតិ​គាត់ គឺចេះ​ជំនះ​បាន​ដូច​ចិត្ត​មែន លើ​វិបត្តិ ហើយ​ចាប់​ងើប​ឡើង​វិញ​ទៅ​ហើយ។ ព្រមជាមួយ​នេះ គាត់​សង្កេត​ឃើញ​ថា ប្រាក់​ចំណូល​ពិតប្រាកដ​របស់​បណ្តាជន ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ បាន​ស្រុត​ចុះ រី​ឯ​ចំនួន​អ្នកក្រ បែរ​ទៅ​ជា​កើន​ឡើង ដែល​គាត់​ចាត់​ទុក ជា​បញ្ហា​មិន​អាច​រំលង​បាន។

-កាសែតឥណ្ឌា Times of India សរសេរ ៖ លោកពូទីន​បាន​ថ្លែង​ថា ប្រទេស​រុស្ស៊ី បាន​ដក​ខ្លួន​ចេញ​ផុត​ពី​ដំណើរ​ដើរ​ថយក្រោយ ទោះបី​ស្ថិត​ក្រោម​ទណ្ឌកម្ម​បស្ចិមលោក​ក្តី ដោយ​គាត់​បន្ថែម​ថា ទណ្ឌកម្ម​ទាំងនោះ បាន​ដាស់​សតិ​រុស្ស៊ី​ឲ្យ​ប្រើ “កម្លាំង​ខួរក្បាល” ដើម្បី​បន្ថយ​ភាពអាស្រ័យ​របស់​ខ្លួន​ទៅ​នឹង​ការនាំចេញ តែ​វត្ថុ​ធាតុដើម ជា​ថាមពល។

-កាសែតកូរ៉េខាងត្បូង Chosun ilbo កត់សម្គាល់ថា លោក​ប្រធានាធិបតី​រុស្ស៊ី ពូទីន បាន​ជះ​ការទិតៀន ទៅ​លើ​ព្រឹទ្ធសភា​អាមេរិក ដែល​អនុម័ត​ទណ្ឌកម្ម​ថ្មីៗ ប្រឆាំង​រុស្ស៊ី។ គាត់ថ្លែង​ដោយ​មានះ​ថា ជំហាន​នេះ បង្ក​ឡើង គឺ​ដោយ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អាមេរិកាំង ដែល​ផ្លុំ​បញ្ឆេះ​រឿង​អាស្រូវ ជុំវិញ​ការទាក់ទង​ស្អី​ណា រវាង​ក្រុម​អ្នក​ជំនិត​របស់​លោកត្រាំ និង ពួកមន្ត្រី​រុស្ស៊ី។ តាមប្រសាសន៍​លោក​ពូទីន រុស្ស៊ី និង សរអា ត្រូវតែ​ឈាន​ជំហាន​ដូចគ្នា ឆ្ពោះ​ទៅ​កែ​ឲ្យ​ល្អ​ឡើង​ទំនាក់ទំនង​ទ្វេ​ភាគី។

 

ពីទ្វីបអឺរ៉ុប

ទីភ្នាក់ងារពត៏មានបារាំង AFP ៖ លោកពូទីន ក្នុង​រយៈពេល​ជិត​៤​ម៉ោង បាន​ឆ្លើយតប​នឹង​សំនួរ អ្នក​ស្រុក ពោរពេញ​ទៅ​ដោយ​ពាក្យ​ត្អូញត្អែរ អំពី​ជីវភាព​រស់​នៅ​របស់​គេ ដែល​គាត់​កត់ត្រា​ទុក ហើយ​សន្យា ដោះស្រាយ។ ព្រមជាមួយនេះ គាត់នៅតែ​មិន​ព្រម​បង្ហើប​ឲ្យដឹង តើ​គាត់​នឹង​បញ្ឈរ​ឈ្មោះ ជា​បេក្ខជន​ឬ​ទេ ក្នុង​ការបោះឆ្នោត​ប្រធានាធិបតី នៅ​ខែ​មីនា​ឆ្នាំក្រោយ។ ប៉ុន្តែ គាត់​បាន​ទម្លាយ​ឲ្យ​ដឹង​ពី​ជីវិត​ផ្ទាល់​ខ្លួន​ផង​ដែរ ដោយ​ឥឡូវ​គាត់​ក្លាយ​ជា​ជីតា​នៃ​ចៅ​ពីរ​នាក់​ទៅ​ហើយ។ តប​នឹង​សំនួរ​ស្តី​អំពី បាតុកម្ម​ចាត់ចែង​ដោយ មេ​ប្រឆាំង​នឹង​អំពើ​ពុក​រលួយ​នៅរុស្ស៊ី ឈ្មោះ Alexei Navalny លោក​ពូទីន​ថ្លែង​ថា គាត់​ត្រៀម​និយាយ ជាមួយ​គ្រប់​តែ​អ្នកណា ដែល​តាំងចិត្ត​មែន​ពិត សំដៅ​កែ​ឲ្យ​ប្រសើរ​ឡើង ជីវភាព​អ្នកស្រុក និង​ដោះស្រាយ​បញ្ហា ដែល​ចោទ​នៅ​ពី​មុខ​ប្រទេស មិនមែន ប្រើការលំបាក​ដែល​មាន​សម្រាប់​ជា​ការឃោសនា​នយោបាយ​របស់​ខ្លួន​ឡើយ។

-កាសែតបារាំង Le Figaro ៖ លោកពូទីន សោមនស្ស​នឹង​ប្រតិបត្តិការ​បំពេញ​ដោយ​អង្គភាព​ទ័ព​រុស្ស៊ី នៅ​ស៊ីរី។ តាមយោបល់​គាត់ ប្រតិបត្តិការ​នេះ នាំ​មក​នូវ​បទពិសោធន៍​ដ៏​មាន​តម្លៃ សម្រាប់​កងទ័ព​រុស្ស៊ី។ អំពី​ចំហៀង​មួយ​ផ្នែក​នយោបាយ​ក្រៅប្រទេស លោក​ពូទីន បាន​សន្យា​ផ្តល់​ជម្រក​នយោបាយ​ដល់​អតីតមេ ស្ថាប័ន​ស៊ើប​អង្កេត​អាមេរិកាំង FBI លោក James Comey ក្នុងករណី បើ​រូប​គាត់ ស្រាប់តែ​តាមដាន ធ្វើ​ទុក្ខ​បុក​ម្នេញ ដោយ​អាជ្ញាធរ​សរអា។

កាសែតអាល្លឺម៉ង់ Die Welt ៖ តាមលោក​ពូទីន ចាប់ពី​ឆ្នាំ​២០១៤​មក ប្រទេស​រុស្ស៊ី ដែល​សម្បូណ៍ ដោយ​ធនធាន​ធម្មជាតិ ប៉ះទង្គិច​នឹង​បញ្ហា មកពី​តម្លៃ​ប្រេង​ដែល​ខ្លួន​លក់​លើ​ទីផ្សារ​ពិភពលោក​ចេះ​តែ​ធ្លាក់ចុះ។ ហើយ​ស្ថានការណ៍​រឹតតែ​ធ្ងន់ធ្ងរ មកពី​បស្ចិមលោក​ដាក់​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី ក្រោម​លេស​វិបត្តិ​នៅ​អ៊ុយក្រែន។ ទាក់ទងនឹង​រឿង​នេះ លោកពូទីន ចង្អុល​ឲ្យ​ឃើញ​ថា មូលហេតុ​ពិត​នៃ​ទណ្ឌកម្ម មកពី​រុស្ស៊ី​មិន​ព្រម​ចុះ​ញ៉ម។

-កាសែតអង់គ្លេស The Financial Times ៖ លោកពូទីន សើចចំអក ចំពោះ​បរិយាកាស​ឆោឡោ​នៅ​ក្រុងវ៉ាស៊ីនតោន ដែលថា​បណ្តាល​មកពី​ការលូក​ដៃ​ជ្រៀតជ្រែក​ស្អីណា ពី​ខាង​រុស្ស៊ី ទៅ​ក្នុង​ការបោះឆ្នោត ឆ្នាំ​ទៅមិញ​នៅសរអា។

ពីទ្វីបអាមេរិក

កាសែត USA Today ៖ លោកពូទីនថ្លែងថា រុស្ស៊ី មិនចាត់ទុក សរអា ជាខ្មាំងឡើយ ចំណែកទណ្ឌកម្ម ដាក់ ដោយ​រដ្ឋាភិបាល​អាមេរិក​ប្រឆាំង​រុស្ស៊ី គឺវានាំ​ឲ្យ​ខូច​ប្រយោជន៍​ទាំង​សង​ខាងសោះ ​ហើយ​បែរ​ទៅ​ជាពង្រឹង​ប្រទេស​គាត់​កាន់​តែ​មាំ​ទៅវិញ។

-ទីភ្នាក់ងារពត៏មាន AP កត់សម្គាល់ ៖ ដោយ​បដិសេធ​ថា ម៉ូស្គូ ឥតជ្រៀតជ្រែក​អ្វី​ណា​ចូល​ក្នុង​ការបោះឆ្នោត​នៅ​សរអា ទេ លោក​ពូទីន ពី​ចំណែក​គាត់ ចោទ​ក្រុង​វ៉ាស៊ីនតោន ថា​ចេះ​តែ​ប៉ុនប៉ង​ជះ​ឥទ្ធិពល មកលើ ការបោះឆ្នោត​នៅ​រុស្ស៊ី តាម​ផ្លូវ​ផ្តល់​ហិញ្ញប្បទាន​ដល់​បណ្តា​អង្គការ​ក្រៅ​រដ្ឋាភិបាល ONG នៅ​រុស្ស៊ី ពីព្រោះ​អាមេរិក​មិន​បោះបង់ទេ មហិច្ឆតា អាង​យ៉ាង​លើ​ពិភពលោក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ