អានតួអត្ថបទ
បារាំង-អ៊ុយក្រែន-រុស្ស៊ី

​ម៉ាក្រុង៖​"បារាំង​​​នៅតែ​ប្រកាន់​ជំហរ​ថា​ដែនដីគ្រីមេ​ គឺ​ជា​ដែនដី​របស់​អ៊ុយក្រែន​​​​"

នៅ​​​​ឱកាស​​​សន្និសីទ​​​សាព័ត៌មាន​​​មួយ​​​ជាមួយ​​​លោក ​Porochenko ​​ប្រធានាធិបតី​​​អ៊ុយក្រែន​​​នៅ​​​ទីក្រុង​​​ប៉ារីស​​ លោក​​​ប្រធានាធិបតី​​​បារាំង​​ Emmanuel Macron ​​បាន​​​ថ្លែង​​​បញ្ជាក់​​​យ៉ាង​​​ម៉ឹង​ម៉ាត់​​​​នៅ​​​​ថ្ងៃ​​​​ចន្ទ​​​​ម្សិលមិញ​​​​​ថា​​”ប្រទេស​​​​បារាំង​​​​នឹង​​​​មិន​​​​ទទួល​​ស្គាល់​​​​ជាដាច់ខាត​​ចំពោះ​​ការ​​​​​ដែល​​​​​រុស្ស៊ី​​​​​​កាត់​​​​​​ទឹកដី​​​​គ្រីមេ​​​​នៅ​​​​ភាគ​​​​ខាង​​​​កើត​​​​​អ៊ុយក្រែន​​​​ ​មក​​​​ធ្វើ​​​​ជា​​​កម្មសិទ្ធិ​​​របស់​​​ខ្លួ​ន"។​​

ប្រធានធិបតី​​បារាំង​​​ម៉ាក្រុង​​​ជួប​ប្រាស្រ័យ​​​ជាមួួយ​​​ប្រធានាធិបតី​អ៊ុយក្រែន​​នៅ​វិមាន​​ប្រធានាធិបតី​​បារាំង​​​នៅ​ប៉ារីស​​ថ្ងៃ​ទី​២៦​​មិថុនា​​២០១៧​​​​ទ
ប្រធានធិបតី​​បារាំង​​​ម៉ាក្រុង​​​ជួប​ប្រាស្រ័យ​​​ជាមួួយ​​​ប្រធានាធិបតី​អ៊ុយក្រែន​​នៅ​វិមាន​​ប្រធានាធិបតី​​បារាំង​​​នៅ​ប៉ារីស​​ថ្ងៃ​ទី​២៦​​មិថុនា​​២០១៧​​​​ទ . REUTERS/Philippe Wojazer
ផ្សាយពាណិជ្ជកម្ម

« ប្រទេស​បារាំង ចង់​បាន​ឲ្យ​ប្រទេស​អ៊ុយក្រែន​មាន​អធិបតេយ្យភាព​ពេញលេញ​នៅ​ទូទាំង​ប្រទេស"-នេះ​ជាការ​ថ្លែង​បញ្ជាក់​​របស់​ប្រមុខរដ្ឋ​បារាំង​ក្រោយ​បន្ទាប់​ពី​ជំនួប​ប្រាស្រ័យ​​មួយ​​ក្នុង​រយៈ​ពេល​មួយ​ម៉ោង​ជាមួយ​ប្រមុខរដ្ឋ​អ៊ុយក្រែនលោក​ Porochenko ។​

លោក​ម៉ាក្រុង បាន​ថ្លែង​ប្រាប់​លោក​ Porochenko ជា​ថ្មី​ទៀត អំពី​ឆន្ទះ​របស់​លោក​នៅ​ក្នុង​ការ​​បន្ត​ដំណើរ​ស្វែង​រក​សន្តិភាព​នៅ​​តំបន់​ខាងកើត​អ៊ុយក្រែន និង​ចង់​បាន​ការ​ជួប​ពិភាក្សា​គ្នា​មួយ​ជា​ចតុភាគី​​​រវាង​​បារាំង អាល្លឺម៉ង់ អ៊ុយក្រែន​និង​រុស្ស៊ី ឲ្យ​បាន​នៅ​មុន​ពេល​ជំនួប​កំពូល​​G20។ ប្រធានាធិបតី​បារាំង បាន​ថ្លែង​បញ្ជាក់​ផង​ដែរ​​​ពី​ជំហរ​អន្ទះសារ​របស់​លោក​នៅ​​ក្នុង​ការ​ចង់​បាន​ដំណឹង​ល្អ​មួយ​ដើម្បី​ស្វែង​រក​ដំណោះស្រាយ​មួយ​ឲ្យ​បាន​​ច្បាស់​លាស់​និង​ចេញ​​ផុត​ពី​វិបត្តិ​ខាង​លើ​។

ម្យ៉ាងទៀត​នៅ​ឱកាស​ជំនួប​ពិភាក្សា​រវាង​ចតុភាគី​ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ចុង​ខែ​មិថុនា​ឬ​ក៏​នៅ​ដើម​ខែ​កក្កដា​ខាង​មុខ លោក ម៉ាក្រុង ក៏​ប្រាថ្នា​ចង់​​ឲ្យ​មាន​ការ​គិតគូ​ដោះស្រាយ​នៅ​លើ​​បញ្ហា​មួយ​ចំនួន​​​ជា​មុន​សិន ដើម្បី​​ឲ្យដំណើរ​ស្វែង​រក​សន្តិភាពនោះ​ មាន​ការ​វិវឌ្យន៍​ទៅ​មុខ។ បញ្ហា​ទាំង​អស់​នោះ មាន​ដូច​ជា​​ការ​ដក​រាល់​កម្លាំង​ទ័ព​នៅ​ជិត​ព្រំដែន ក្រោម​ការត្រួតពិនិត្យ​​របស់​​អង្គការ OSCE​​ ឬ​ក៏​កង​សមត្ថកិច្ច​របស់​អង្គការ​អន្តរជាតិ​​ ឬ​ក៏​នៅ​លើ​បញ្ហា​រាំង​ខ្ទប់​ខាង​សេដ្ឋកិច្ច ​ក៏ព្រមទាំង​នៅ​លើ​​បញ្ហា​អ្នកទោស​ផង​ដែរ។ ហើយ​អ្វី​ដែល​សំខាន់​មុន​គេ គឺ​​ជំនួយ​ឧបត្ថម្ភ​ពី​អង្គការ​ OSCE​ ​ពាក់ព័ន្ធនឹង​ព័ត៌មាន​ជាក់​ស្តែង​​នៅ​តាម​តំបន់​ព្រំដែន។​

គួររំលឹក​ថា អ៊ុយក្រែន​និង​សហគមន៍​អន្តរជាតិ​ មិន​ទទួល​ស្គាល់​ឡើយ​ ការ​ដែល​រុស្ស៊ី​កាត់​យក​ទឹកដី​គ្រីមេ​របស់​អ៊ុយក្រែន​មក​ធ្វើ​ជា​កម្មសិទ្ធ​របស់​រុស្ស៊ី​​តាំង​ពី​ឆ្នាំ​២០១៤​។​

ចាប់តាំងពីនោះមក អ៊ុយក្រែន បាន​ផុង​ខ្លួន​ជ្រៅ​ទៅ​ក្នុង​សង្គ្រាម​រវាង​កងទ័ព​អ៊ុយក្រែន​នឹង​​ពួក​ទាមទារ​​ផ្តាច់​ទឹកដី​និយម​​ដែល​មាន​និន្នាការ​ខាង​រុស្ស៊ី​នៅ​ភាគ​ខាង​កើត​ប្រទេស ជា​ហេតុ​​បណ្តាល​ឲ្យ​មាន​មនុស្ស​ស្លាប់​ជាង​១​ម៉ឺន​នាក់៕​​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ