អានតួអត្ថបទ

អឺរ៉ុប​ព្រមានពិន័យ​Google ២៤២០​លាន​អឺរ៉ូ

គណៈកម្មការអឺរ៉ុប ​បាន​ប្រកាស​នៅ​ថ្ងៃអង្គារ​ទី ២៧ មិថុនានេះ​ដាក់​ពិន័យ​Google សាខា​របស់​ក្រុមហ៊ុន​Alphabet​ ក្នុង​ទឹក​ប្រាក់​ដ៏​ខ្ពស់​បំផុត​មិន​ធ្លាប់​មាន ចំនួន ២៤២០​លាន​អឺរ៉ូ។ សម្រាប់​អឺរ៉ុប ​Google អាង​តែ​ខ្លួន​ខ្លាំង ហ៊ាន​បំពាន​គូប្រជែង​ ជាពិសេស​នៅ​ក្នុង​កម្មវិធី​ប្រៀប​ធៀប​តម្លៃ​ទំនិញ។

គណៈកម្មការអឺរ៉ុប​ពិន័យ​Google ២៤២០លាន​អឺរ៉ូ
គណៈកម្មការអឺរ៉ុប​ពិន័យ​Google ២៤២០លាន​អឺរ៉ូ REUTERS/Dado Ruvic/File Photo
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការ​អឺរ៉ុប បាន​ទុក​ពេល​​ឱ្យ​Google ចំនួន៩០ថ្ងៃ ក្នុង​ការ​បិទ​បញ្ចប់​សកម្មភាព​ប្រើ​ល្មោភ​អំណាច​របស់​ខ្លួន បើ​ពុំ​នោះ​ទេ ក្រុមហ៊ុន​នឹង​ត្រូវ​ទទួល​ពិន័យ​រហូត​ដល់​ទៅ​៥%​នៃ​ប្រាក់​​ចំណូល​​ប្រចាំ​ថ្ងៃ​របស់​ក្រុមហ៊ុន​តែ​ម្តង។ ជា​តម្លៃ​ពិន័យ​ខ្ពស់​បំផុត​ក្នុង​ប្រវត្តិ​ពាណិជ្ជកម្ម​សម័យ​ព័ត៌មាន​វិទ្យា ប៉ុន្តែ​វា​តំណាង​ឱ្យ​តែ​១៣,៩%​នៃ​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន និង​តែ​០,៤%​នៃ​ប្រាក់​ធន​ក្នុង​ទីផ្សារ​មូលប័ត្រ​ប៉ុណ្ណោះ។ ក្នុង​មួយ​ថ្ងៃៗ Alphabet រក​ប្រាក់​ចំណូល​បាន​ដល់​ទៅ ២៤៦,៦​លាន។

ការ​ដាក់ពិន័យលើ​​ក្រុមហ៊ុន​យក្ស​អាមេរិក បាន​សម្រេច​​ឡើង​បន្ទាប់​ពី​គណៈកម្មការ​អឺរ៉ុប​បាន​ធ្វើ​អង្កេត​អស់​រយៈ​ពេល​៧​ឆ្នាំ និង​បាន​រក​ឃើញ​ថា ​អ្នក​ប្រើ​ប្រាស់អ៊ីនធ័រនែត​តែង​ចង់​ឱ្យ​Googleនាំទៅ​មើល​ផលិតផល​ដែល​ពួក​គេ​ចង់​ទិញ ច្រើន​ជាង​ទៅ​វិបសៃត៍​មួយ​ទៀត ហើយចុច​​ស្វែងរក​វត្ថុ​នោះ​ជា​ថ្មី​ដដែល​ឡើង​វិញ​។ សម្រាប់​អឺរ៉ុប Google បាន​ប្រើ​អំណាច​ដ៏ខ្លាំង និង​ភាព​ល្បី​​​ខាង “​ស្វែង​រក” តម្រង់​នាំ​អ្នក​ប្រើ​ប្រាស់​អ៊ីនធ័រនែត​ដែល​ចង់​ប្រៀបធៀប​តម្លៃ​ទំនិញ​អ្វី​មួយ ទៅ​វិបសៃត៍​Google Sphopping របស់​ខ្លួន​ទាំង​អស់ ដោយ​ស្វ័យប្រវត្តិ។ ការ​ធ្វើ​បែប​នេះ គឺ​ដូច​ជា​ហាមឃាត់អតិថិជន​អឺរ៉ុប​មិន​ឱ្យចូល​​វិបសៃត៍​ផ្សេង​ទៀតដែល​ពួក​គេ​ចង់។ ទង្វើ​នេះ ​ជា​ការ​ប្រកួត​ប្រជែងដោយ​ខុស​ច្បាប់។

ប៉ុន្តែ​Google មិន​ព្រម​ទទួលយក​ពាក្យ​បន្ទោសរបស់​គណៈកម្មការ​អឺរ៉ុប​ទេ ហើយ​​​សន្យាថា​នឹង​ធ្វើ​បណ្តឹង​ឧទ្ធរណ៍។

សូម​បញ្ជាក់​ថា គណៈកម្មការ​អឺរ៉ុប​ក៏​កំពុង​បើក​អង្កេត​ពីរ​ទៀត​ប្រឆាំង​នឹង​Google ៖ មួយ​ចំពោះ​ទង្វើ​ប្រើ​ប្រព័ន្ធ​អ៊ីដ្រូអ៊ីត​ដើម្បី​យក​ឈ្នះ​គូ​ប្រជែង។ ទីពីរ គឺការ​ប្រើ​កម្មវិធី​ពាណិជ្ជកម្ម​ដើម្បី​ធ្វើ​ជា​រនាំង​រារាំង​គូប្រជែង។ ប្រសិន​បើ​គណៈកម្មការ​ចាប់​កំហុស​ពីរនេះ​បាន Google ត្រូវ​រង​ពិន័យ​កាន់​តែ​ធ្ងន់ធ្ងរ​មែនទែន។​ Google ក៏​កំពុងជាប់​អង្កេត​នៅ​ក្នុង​ប្រទេស​ខ្លួន​ឯង​ដែរ ជុំ​វិញ​កិច្ច​សន្យា​ជាមួយ​អាជ្ញាធរ​អាមេរិកនៅឆ្នាំ​២០១៣ ​ឱ្យ​​​Google ​ឈប់​ លុប​បទអត្ថាធិប្បាយ​នានា និង​ទិន្នន័យ​ផ្តល់​ដោយ​វិបសៃត៍​ជា​គូប្រជែង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ