អឺរ៉ុបព្រមានពិន័យGoogle ២៤២០លានអឺរ៉ូ
គណៈកម្មការអឺរ៉ុប បានប្រកាសនៅថ្ងៃអង្គារទី ២៧ មិថុនានេះដាក់ពិន័យGoogle សាខារបស់ក្រុមហ៊ុនAlphabet ក្នុងទឹកប្រាក់ដ៏ខ្ពស់បំផុតមិនធ្លាប់មាន ចំនួន ២៤២០លានអឺរ៉ូ។ សម្រាប់អឺរ៉ុប Google អាងតែខ្លួនខ្លាំង ហ៊ានបំពានគូប្រជែង ជាពិសេសនៅក្នុងកម្មវិធីប្រៀបធៀបតម្លៃទំនិញ។
ចុះផ្សាយនៅថ្ងៃ៖ កែប្រែថ្ងៃទី៖
ស្តាប់ - ០២:០២
គណៈកម្មការអឺរ៉ុប បានទុកពេលឱ្យGoogle ចំនួន៩០ថ្ងៃ ក្នុងការបិទបញ្ចប់សកម្មភាពប្រើល្មោភអំណាចរបស់ខ្លួន បើពុំនោះទេ ក្រុមហ៊ុននឹងត្រូវទទួលពិន័យរហូតដល់ទៅ៥%នៃប្រាក់ចំណូលប្រចាំថ្ងៃរបស់ក្រុមហ៊ុនតែម្តង។ ជាតម្លៃពិន័យខ្ពស់បំផុតក្នុងប្រវត្តិពាណិជ្ជកម្មសម័យព័ត៌មានវិទ្យា ប៉ុន្តែវាតំណាងឱ្យតែ១៣,៩%នៃប្រាក់ចំណេញរបស់ក្រុមហ៊ុន និងតែ០,៤%នៃប្រាក់ធនក្នុងទីផ្សារមូលប័ត្រប៉ុណ្ណោះ។ ក្នុងមួយថ្ងៃៗ Alphabet រកប្រាក់ចំណូលបានដល់ទៅ ២៤៦,៦លាន។
ការដាក់ពិន័យលើក្រុមហ៊ុនយក្សអាមេរិក បានសម្រេចឡើងបន្ទាប់ពីគណៈកម្មការអឺរ៉ុបបានធ្វើអង្កេតអស់រយៈពេល៧ឆ្នាំ និងបានរកឃើញថា អ្នកប្រើប្រាស់អ៊ីនធ័រនែតតែងចង់ឱ្យGoogleនាំទៅមើលផលិតផលដែលពួកគេចង់ទិញ ច្រើនជាងទៅវិបសៃត៍មួយទៀត ហើយចុចស្វែងរកវត្ថុនោះជាថ្មីដដែលឡើងវិញ។ សម្រាប់អឺរ៉ុប Google បានប្រើអំណាចដ៏ខ្លាំង និងភាពល្បីខាង “ស្វែងរក” តម្រង់នាំអ្នកប្រើប្រាស់អ៊ីនធ័រនែតដែលចង់ប្រៀបធៀបតម្លៃទំនិញអ្វីមួយ ទៅវិបសៃត៍Google Sphopping របស់ខ្លួនទាំងអស់ ដោយស្វ័យប្រវត្តិ។ ការធ្វើបែបនេះ គឺដូចជាហាមឃាត់អតិថិជនអឺរ៉ុបមិនឱ្យចូលវិបសៃត៍ផ្សេងទៀតដែលពួកគេចង់។ ទង្វើនេះ ជាការប្រកួតប្រជែងដោយខុសច្បាប់។
ប៉ុន្តែGoogle មិនព្រមទទួលយកពាក្យបន្ទោសរបស់គណៈកម្មការអឺរ៉ុបទេ ហើយសន្យាថានឹងធ្វើបណ្តឹងឧទ្ធរណ៍។
សូមបញ្ជាក់ថា គណៈកម្មការអឺរ៉ុបក៏កំពុងបើកអង្កេតពីរទៀតប្រឆាំងនឹងGoogle ៖ មួយចំពោះទង្វើប្រើប្រព័ន្ធអ៊ីដ្រូអ៊ីតដើម្បីយកឈ្នះគូប្រជែង។ ទីពីរ គឺការប្រើកម្មវិធីពាណិជ្ជកម្មដើម្បីធ្វើជារនាំងរារាំងគូប្រជែង។ ប្រសិនបើគណៈកម្មការចាប់កំហុសពីរនេះបាន Google ត្រូវរងពិន័យកាន់តែធ្ងន់ធ្ងរមែនទែន។ Google ក៏កំពុងជាប់អង្កេតនៅក្នុងប្រទេសខ្លួនឯងដែរ ជុំវិញកិច្ចសន្យាជាមួយអាជ្ញាធរអាមេរិកនៅឆ្នាំ២០១៣ ឱ្យGoogle ឈប់ លុបបទអត្ថាធិប្បាយនានា និងទិន្នន័យផ្តល់ដោយវិបសៃត៍ជាគូប្រជែង៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ