អានតួអត្ថបទ
ព្រឹត្តិការណ៍អន្តរជាតិប្រចាំថ្ងៃ

ការ​វាយប្រហារ​​តាម​​អ៊ីនធ័រនែត​​ទ្រង់ទ្រាយ​​ធំ​​ទូទាំង​ពិភពលោក​ ដោយ​មេរោគថ្មី​ឈ្មោះ​​ Petrwrap

ចុះផ្សាយ​នៅ​ថ្ងៃ៖

ការ​វាយប្រហារ​តាមអ៊ីនធ័រនែត​​ ជាទ្រង់ទ្រាយ​ធំ ទូទាំងពិភពលោក ដោ​យប្រើ​កម្មវិធី​ចាប់ជំរិត​ ​បាន​​កើត​មាន​ជាថ្មី​ទៀត​ហើយ គឺតាំង​ពី​ថ្ងៃ​អង្គារ​២៧ឧសភាម្សិលមិញនេះ ដោយ​ប៉ះពាល់​មុនគេ​ទៅលើ​ប្រទេស​​អ៊ុយក្រែន​និង​រុស្ស៊ី រួច​បន្ត​រាលដាល​មកតាម​ប្រទេស​អឺរ៉ុប​ផ្សេងទៀតដូចជា​បារាំង ដាណឺម៉ាក រឺ​ក៏​អាល្លឺម៉ង់ ហើយ​ក៏មាន​នៅ​អាមេរិក​ដែរ។ វីរុស​ថ្មីនេះ ​​ទាមទារ​អោយ​គេបង់ប្រាក់​៣០០ដុល្លារ បាន​វាយ ប្រហារ​​​កុំព្យូរទ័រ​រាប់ពាន់គ្រឿង តាម​សហគ្រាស​​​ជាច្រើន ប៉ះពាល់​ដល់​ទាំង​កន្លែង​​ធ្វើការ​​រដ្ឋាភិបា​ល អ៊ុយក្រែន​។ ​

បារាំង​លើកឡើង​ថា ​បញ្ហា​វីរុស​ចាប់ជំរិត​ប្រាក់​តាមអ៊ីនធ័រនែត​ចាប់ផ្តើម​ក្លាយជាបញ្ហា​ធម្មតា​ហើយ​ ​
បារាំង​លើកឡើង​ថា ​បញ្ហា​វីរុស​ចាប់ជំរិត​ប្រាក់​តាមអ៊ីនធ័រនែត​ចាប់ផ្តើម​ក្លាយជាបញ្ហា​ធម្មតា​ហើយ​ ​
ផ្សាយពាណិជ្ជកម្ម

នេះ​ជា​លើកទី២​ហើយ គិត​តែ​ក្នុង​រវាង​២ខែ​ប៉ុណ្ណោះ ​​ដែលពិភពលោក​រង​ការ​វាយប្រហារ ទ្រង់ទ្រាយ​ធំ​​​តាម​អ៊ីនធ័រនែត​ ដោយ​កម្មវិធី​ចាប់ជំរិត​ប្រាក់។ ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​លើកទី១ បង្កឡើង​ដោយ​វីរុស​Wannacry ​នៅថ្ងៃ​១២ឧសភា​ខែមុននេះ ដែល​បា​នប៉ះពាល់​ជាង​១០០ប្រទេស។

ការ​​វាយប្រហារ​របស់​វីរុស​កម្មវិធី​ចាប់ជំរិត​ប្រាក់​ Petwrap តាមអ៊ីនធ័រនែត

យោងតាម​Microsoft វីរុស​កម្មវិធី​ចាប់ជំរិត​ប្រាក់៣០០ដុល្លារ​ ​​តាមអ៊ីនធ័រនែតលើកនេះ ធ្វើការ​រាលដាល​ ដោយ​​ប្រើ​បច្ចេកទេស​ច្រើន។ បែបយ៉ាង​វីរុស​នេះ​បាន​ចាប់​​ចំណុចខ្សោយ​របស់​​Windows ដើម្បី​​វាយប្រហារ​។ Windows បានចាត់វិធានការ​​​កែប្រែ​ប្រព័ន្ធ​ខ្លួន​រួចហើយ​​។ ដំបូង​ អ្នកជំនាញ​ខ្លះ​អោយ​​​ឈ្មោះ​វីរុស​នេះថា Petya ជាវីរុស​ដែល​​ធ្លាប់​វាយប្រហារនៅ​​ឆ្នាំមុន​នេះ​។ ប៉ុន្តែ វីរុស​ចាប់ជំរិត​លើកនេះ​​មិនមែន​ឈ្មោះ Petya ទេ វា​ជាវីរុសអ៊ីនធ័រនែត​​ថ្មីមួយទៀត ដែល​ឥឡូវ អ្នកជំនាញ​មួយចំនួន​​អោយ​ឈ្មោះថា NotPetya រឺក៏​ឈ្មោះថា Pertwrapវិញ។

​អ៊ុយក្រែន ​និង​រុស្ស៊ី ​រង​ការប៉ះពាល់​មុនគេ​ តាំងពី​ម្សិលមិញ​មក។ ​វីរុស​ចាប់ជំរិត​ថ្មីនេះ បាន​បង្អាក់​កុំព្យូរទ័រ នៅ​តាមធនាគារ ផ្សារទំនិញ ​​និង​កន្លែង​ធ្វើការ​រដ្ឋាភិបាល។ អញ្ចឹងទៅ អតិថិជន​មិនអាច​បង់ប្រាក់​តាម​កាត​ធនាគារ​ទេ។ វីរុស​នេះ​វាយប្រហារ​រហូតដល់​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ Tchernobyl ដែល​យើងចាំ​ថា មជ្ឈមណ្ឌល​នេះ​​ធ្លាប់​រង​មហន្តរាយ​នុយក្លេអ៊ែរ​ កាលពី​ឆ្នាំ​១៩៨៦នោះឯង។ ពេលនេះ បុគ្គលិក​នៅ​មជ្ឈមណ្ឌល​នេះ​លែង​អាច​​​វាស់​ធាតុ​វិទ្យុសកម្ម​តាម​កុំព្យូទ័រ​ទៀតហើយ ត្រូវប្រើ​ខួរក្បាល ប្រើដៃ​ជើង​ធ្វើការ​​វិញម្តង។ ​​

នៅ​អឺរ៉ុប ​វីរុសNotPetya ថ្មី​នេះ​បាន​បង្ក​បញ្ហា​តា​មប្រទេស​ដូចជា​បារាំង ដាណឺម៉ាក អង់គ្លេស ​អាល្លឺម៉ង់ ដោយ​បាន​វាយប្រហារផ្សារទំនិញ ​​ ​​ក្រុមហ៊ុនដឺកជញ្ជុន ​ក្រុមហ៊ុន​​ផ្សាយពាណិជ្ជកម្ម​ ក្រុមហ៊ុន​ផលិត​គ្រឿងសម្អាងនីវេអា Nivea ជាដើម។ វីរុស​នេះ​ក៏បាន​ប៉ះពាល់​​វិទ្យាស្ថានឱសថសាស្ត្រនៅ​សហរដ្ឋ​អាមេរិក​ដែរ។ ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​តាមអ៊ីនធ័រនែតទូទាំងពិភពលោកលើកនេះ ​​​ទំនង​ ​​មិនធ្ងន់ធ្ងរ ដូច​ការវាយប្រហារ​របស់​​​វីរុស​ Wannacry កាលពី​ខែឧសភា​ទេ។ ទោះយ៉ាងនេះ​ក្តី យើង​មិនទាន់​អាច​ដឺង​ទំហំ​នៃ​ការវាយប្រហារ​លើកនេះទេ ត្រូវរង់ចាំ​ការស៊ើបអង្កេត​សិន។ បារាំង​បាន​បើក​ការស៊ើបអង្កេត​ហើយ។ ​ ​​

អ៊ុយក្រែន​​​ចោទថា រុស្ស៊ីនៅពីក្រោយ​ការវាយប្រហារ​អ៊ីនធ័រនែត​នេះ

អ៊ុយក្រែន​ចោទរុស្ស៊ី ជារឿងធម្មតា ព្រោះ​អ៊ុយក្រែន​​និង​រុស្ស៊ី​មិនត្រូវគ្នា​ទេ ដោយសារ​តែ​រុស្ស៊ី​បាន​ភ្ជាប់តំបន់​គ្រីមេ​អ៊ុយក្រែន ចូល​ជា​ទឹកដី​រុស្ស៊ីនោះឯង។ តាំងពី​រុស្ស៊ី​យក​គ្រីមេ​ធ្វើជា​ទឹកដី​រុស្ស៊ីមក​ អោយ​តែ​មា​នបញ្ហា​វាយប្រហារ​វីរុស​តាម​អ៊ីនធ័រនែត នៅ​តាម​ស្ថាប័ន រឺ​ធនាគារ​ផ្សេងៗ​ ទាំងអ៊ុយក្រែន ទាំង​រុស្ស៊ី គឺ​តែង​ទំលាក់​កំហុស​​​គ្នា​ទៅវិញ​ទៅមក​ជានិច្ច។

មើលជាក់ស្តែង ​ការវាយប្រហារ​ដោយ​កម្មវិធី​វីរុស​ជំរិត​ប្រាក់ ឈ្មោះ NotPetya លើកនេះ ​គឺប៉ះផ្ទាល់​ទៅលើរុស្ស៊ី​ដែរ។ ​ប៉ះ​ក្រុមហ៊ុន​ប្រេងRosneft ប៉ុន្តែ​ក្រុមហ៊ុនប្រេង​នេះ​អាច​បន្ត​ផលិត​ប្រេង​បាន ដោយសារ​​ចេះ​មា​នServeur បម្រុងទុក ដើម្បី​ចៀស​បញ្ហា​មេរោគ​តាមកុំព្យូរទ័រ។ តែ​ក្រៅពី​ក្រុមហ៊ុនប្រេង​នេះ ​សហគ្រាស​​ផ្សេងៗ​របស់​រុស្ស៊ី​បាន​រងការប៉ះពាល់ដូចគេឯងដែរ។ អញ្ចឹងត្រូវរង់ចាំ​ការ​ស៊ើបអង្កេត​សិន ទើបអាច​ដឹងថា វីរុស​នេះ​ចេញ​ពី​ប្រភពណា។ យើងចាំ​ថា កាលពី​មាន​ការវាយប្រហារ​ទ្រង់ទ្រាយ​ធំ​ ​ដោយ​វីរុស Wannacry ​តាមអ៊ីនធ័រនែត ខែមុននេះ ​ក្រុម​ស្រាវជ្រាវ​សន្តិសុខ​អ៊ីនធ័រនែត​រកឃើញ​ភស្តុតាង​ជាច្រើន​បង្ហាញ​ថា Wannacry បង្កឡើង​ដោយ​ក្រុមចោរព័ត៌មាន​វិទ្យា​ដែល​ជាប់ពាក់ព័ន្ធ​នឹង​កូរ៉េខាងជើង។ ​ ​

ដំបូន្មាន​អ្នកជំនាញ​ដើម្បី​​ចៀស​កុំអោយ​​​កុំព្យូទ័រ​​​​រងការ​វាយប្រហារ​ដោយ​កម្មវិធី​ចាប់ជំរិត​​​តាម​អ៊ីនធ័រនែត​​

វីរុស​ចាប់ជំរិត​ប្រាក់​ ធ្វើការ​លាក់ខ្លួន​ក្នុង​ឯកសារ​ដែល​ភ្ជាប់ជាមួយ​សារអ៊ីមែល។ ក្រុម​​ជំនាញ​ផ្តល់ដំបូន្មាន​ថា បើ​យើងទទួល​សារ​អ៊ីមែល​​ពី​ជន​មិនស្គាល់​ឈ្មោះ ចៀសវាង​កុំបើក​ឯកសារ​ដែលភ្ជាប់​ជាមួយ​​អ៊ីមែល​នោះ។ យើងត្រូវ​មាន​​កម្មវិធី​សុវត្ថិភាព​កុំព្យូទ័រ​ អោយ​ទៀងពេលវេលា។ ប៉ុន្តែ ​បើ​​កុំព្យូទ័រ​រង​ការប៉ះពាល់​ដោយ​វីរុស​ចាប់ជំរិត​ប្រាក់​នេះហើយ ដាច់ខាត​កុំចុះចាញ់​ព្រមបង់​ប្រាក់ជំរិត​អោយសោះ។ យើងត្រូវ​បិទ​សេវា​ភ្ជាប់​អ៊ីនធ័រនែតចោលភ្លាម​។ ​ត្រូវដាក់​ប្រព័ន្ធ​​​ស្អាតស្អំ​ ក្នុង​កុំព្យូរទ័រ​ឡើងវិញ រួច​ហើយ​ដាក់ពាក្យ​ប្តឹងទៅ។ ​

ដោយឡែក បារាំង​ប្រាប់ថា​ ម៉ូត​កម្មវិធី​វីរុស​ចាប់ជំរិត​ប្រាក់​នេះ បាន​ចាប់ផ្តើម​ក្លាយជារឿង​ទូទៅ​ជា​បញ្ហា​ធម្មតា​​ហើយពេលនេះ ហើយ​អាច​កើតឡើង​រាលដាលជាថ្មី​ទៀត ក្នុង​ពេល​ខាងមុខ។ ​ដូច្នេះ​ត្រូវ​ប្រយ័ត្ន​សុវត្ថិភាព​កុំព្យូទ័រ​យើងជានិច្ច។

សម័យនេះ ជា​សម័យ​ទំនើប​ផ្នែក​ឧស្សាហកម្ម ព័ត៌មានវិទ្យា ធ្វើអោយ មនុស្សលែង ឯករាជ្យ លែង​ចេះប្រើ​ខួរក្បាលគិត លែងចេញ​ប្រើ​​ដៃជើងធ្វើការដូច​ចាស់ៗ​ជំនាន់​មុនទៀតហើយ។ ​ថ្ងៃណាមួយ បើ​ប្រព័ន្ធទំនើ់ប​នេះ​​ជួប​​បញ្ហា​ធ្ងន់ រឺក៏​ត្រូវ​​រលត់រលាយ​ទៅ យើង​ច្បាស់ជា​យំ​លែងចេញ​ហើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ