អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ជំនួយ​វេជ្ជសាស្ត្រ​ដើម្បី​មាន​កូន និង​ស៊ីឈ្នួល​ពរពោះ​ខុស​គ្នា​យ៉ាង​ដូច​ម្តេច ?

ចុះផ្សាយ​នៅ​ថ្ងៃ៖

នៅ​ថ្ងៃអង្គារ​ទី ២៨​​មិថុនានេះ គណៈកម្មការ​ពិគ្រោះ​ជាតិ​ពន្ធុ​បារាំង​​បានត្រួសត្រាយ​ផ្លូវ​​ឱ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​រដ្ឋ​ធម្មនុញ្ញ ស្តី​ពី​បង្ក​កំណើត​ដោយ​ជំនួយ​វេជ្ជសាស្ត្រ។ គណៈកម្មការ​បាន​ប្រកាស​​ព្រមព្រៀង​ឱ្យ​ស្ត្រី គ្រប់រូប មិន​ថា​ស្ត្រី​មាន​​គូស្វាមី​ភរិយា ​ស្ត្រី​ស្រលាញ់​ភេទ​ដូច​គ្នា និង​ស្ត្រីនៅ​លីវទេ សុទ្ធ​តែ​អាច​មាន​សិទ្ធិ​សុំ​ជំនួយ​វេជ្ជសាស្ត្រ​ស្មើៗ​គ្នា ប្រសិន​បើ​មាន​ឆន្ទៈ​​ចង់​បាន​កូនពិតៗ។ ប៉ុន្តែ​ស្ត្រី​នោះ​មិន​អាច​​ពរពោះឱ្យ​អ្នក​ដទៃ​បាន​ទេ។ ការ​ស៊ីឈ្នួល​ពរពោះ ត្រូវ​បាន​ហាម​ឃាត់​ដដែល​នៅ​ប្រទេស​បារាំង។

គណៈកម្មការ​បារាំង​បាន​បើក​ផ្លូវ​ឱ្យ​ពិភាក្សា​ច្បាប់​អនុញ្ញាតិ​ឱ្យ​ស្រ្តីបារាំង​ទាំងអស់​មានសិទ្ធ​រក​ជំនួយ​បង្ក​កំណើត
គណៈកម្មការ​បារាំង​បាន​បើក​ផ្លូវ​ឱ្យ​ពិភាក្សា​ច្បាប់​អនុញ្ញាតិ​ឱ្យ​ស្រ្តីបារាំង​ទាំងអស់​មានសិទ្ធ​រក​ជំនួយ​បង្ក​កំណើត DR
ផ្សាយពាណិជ្ជកម្ម

គណៈកម្មការនេះត្រូវ​ធ្វើ​សេចក្តី​សម្រេច តាំង​ពី​ឆ្នាំ​២០១៣​ ឆ្នាំ​ដែល​រដ្ឋាភិបាល​ធ្វើ​កំណែទម្រង់​ច្បាប់​អាពាហ៍ពិពាហ៍​អ្នក​ស្រលាញ់​ភេទ​ដូច​គ្នា​ម្ល៉េះ។ តែ​កាលណោះ ចលនា​បាតុកម្ម​ប្រឆាំង​នឹង​កំណែទម្រង់​ច្បាប់ មាន​ស្ទើរ​ទូទាំង​ប្រទេស ក៏​ព្រោះ​តែ​ពួក​គេ​ខ្លាច​មាន​ការ​បង្ក​កំណើត​ដោយ​អត់​ឪពុក​នេះ​ឯង។ នៅ​ថ្ងៃ​នេះ​គណៈ​កម្មការ​បាន​ផ្តល់​ចម្លើយ ដែល​មាន​តម្លៃ​ជា​ការ​ពិគ្រោះ តែ​ប្រធានាធិបតី​បារាំង​ថ្មី លោក ម៉ាក្រុង ធ្លាប់​បាន​ព្រលយ​ពាក្យ​យល់​ព្រម​ឱ្យ​ស្ត្រី​ស្រលាញ់​ភេទ​ដូច​គ្នា​ពរ​ពោះ​បាន​ ដោយ​ជំនួយ​វេជ្ជសាស្ត្រ។

វេជ្ជសាស្ត្របារាំង​ជឿន​លឿន​ណាស់ អាច​ជួយ​បង្កកំណើត​​កូន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ប៉ុន្តែ មកទល់​នឹង​ពេល​នេះ​ម៉ោង​នេះ នៅ​ប្រទេស​បារាំង ជំនួយ​វេជ្ជសាស្ត្រ​ក្នុង​ការ​បង្ក​កំណើត​កូន អាច​អនុវត្ត​បាន​ចំពោះ​គូស្វាមី​ភរិយា​ និង​គូជីវិតដែល​មាន​ភេទ​ផ្ទុយ​គ្នា​តាម​បែប​ធម្មជាតិ​ និង​គ្មាន​សមត្ថភាព​បង្ក​កំណើត​កូន​ដោយ​ធម្មជាតិ​តែ​ប៉ុណ្ណោះ។ បើ​តាម​ជំរឿន នៅ​ឆ្នាំ​២០១៤ មាន​គូស្វាមី​ភរិយា​ប្រមាណ​ ១៥​ម៉ឺន​នាក់ បាន​ប្រើ​វិធីជំនួយ​វេជ្ជសាស្ត្រ​នេះ ក្នុង​នោះ ៩៥%​ប្រើ​មេជីវិត​ផ្ទាល់​របស់​ពួក​គេ។ ចំណែក​ស្ត្រី​នៅ​លីវ (ទោល) ឬ​ស្ត្រី​ស្រលាញ់​ភេទ​ដូច​គ្នា​ទៅ​ ត្រូវ​រត់​ទៅ​រក​ជំនួយ​នៅ​អង់គ្លេស អេស្ប៉ាញ ឬ​បែលហ្សិក បើ​ចង់​មាន​កូន​ខ្លួន​ឯង ព្រោះ​ប្រទេស​នេះ​មាន​ច្បាប់​អនុញ្ញាត។

នៅ​ថ្ងៃ​នេះ​គណៈកម្មការ​បានផ្តល់​យោបល់​វិជ្ជមានចំពោះ​ស្ត្រី​ ដោយ​ឈរ​លើ​គោលការណ៍​សេរីភាព និង​សមភាព ក្នុង​ការ​ទទួល​បាន​បច្ចេកវិទ្យា​ “បង្ក​កំណើត​ដោយ​ជំនួយ” បើ​ទោះ​បី​ជា​ស្ត្រី​ទាំង​នោះ​ គ្មាន​ដៃ​គូបុរស​ សម្រាប់​ផ្តល់​មេជីវិត​ដើម្បី​បង្ក​កំណើត​តាម​បែប​ធម្មជាតិក៏​ដោយ។

​ការ​បង្កកំណើត​ដោយ​ជំនួយ​វេជ្ជសាស្ត្រ​ ឬ​ ជំនួយ​វេជ្ជសាស្ត្រ​នៃ​ការ​បង្ក​កំណើត គឺ​ជា​បច្ចេកទេស នៃ​ការ​ជួយ​ចាប់​ភ្ជុល​មេជីវិតឈ្មោល Spermatozoïdes និង​មេជីវិត​ញី Ovules ឱ្យ​បាន​ជួប​គ្នា​ដើម្បីអាចជួយ​ស្វាមីភរិយា​អារ ឱ្យ​មាន​កូន​បាន។ ដោយ​មិន​ឆ្លង​កាត់ការ​រួម​រក្ស គ្រូពេទ្យ​ត្រូវ​បាញ់​បញ្ជូល​មេជីវិត​ឈ្មោល ស្ពែម៉ាតូហ្សូអ៊ីត របស់​បុរស​ជា​ស្វាមី ឬ​ជា​អំណោយ​ ទៅ​ក្នុង​មាត់​ស្បូន​ ឬ​ ក្នុងស្បូន​​របស់​ស្ត្រី​ ឱ្យ​ទៅ​ជួប​​អូវ៉ុល​ដើម្បី​បង្ក​កំណើត។ ជួនកាល គ្រូពេទ្យ​អាច​យក​មេជីវិត​ឈ្មោល និង​មេជីវិត​ញី​ របស់​គូស្វាមី​ភរិយា ដាក់​ភ្ជុល​ឱ្យ​មាន​ការ​បង្ក​កំណើត​នៅ​ខាង​ក្រៅ តាម​បែប​សម្បនិម្មិត្ត​សិន ដល់​ក្លាយ​ជា​អំប្រ៊ីយ៉ុង ទើប​ចាក់​បញ្ជូល​អំប្រ៊ីយ៉ុង​កូន​នោះ ចូល​ទៅក្នុង​ស្បូន​ស្ត្រី ឱ្យ​ចាប់​បន្ត​កំណើត​ក្នុង​ផ្ទៃ​ដូចកា​រពរពោះ​ធម្មជាតិ។ ​ ជំនួយ​វេជ្ជសាស្ត្រ​នៃការ​បង្ក​កំណើត បាន​សម្រួល​ជីវិត​​គូស្វាមី​ភរិយា​ធម្មតា ស្រី និង​ប្រុស ! ច្រើន​ណាស់ ព្រោះ​ពាក្យ​ថា​ជីវិត​គូប្តីប្រពន្ធ ជា​ទូទៅ​កាន់​តែ​មាន​ន័យ​នៅ​ពេល​កូន​ពូន​ជា​ចៅ។

ចំពោះ​ស្ត្រី​រស់​នៅ​តែ​ម្នាក់ឯង និង​ស្ត្រី​ស្រលាញ់​ភេទ​ដូច​គ្នា​រស់​នៅ​គូ​ស្រីៗ ជំនួយ​វេជ្ជសាស្ត្រ​នៃ​ការ​បង្ក​កំណើត​ប្រព្រឹត្ត​ដោយ​ពិធីពីរ​យ៉ាង​ដូចរៀប​រាប់​ខាង​លើ គ្រាន់​តែ​ថាស្ត្រី​នោះ​ត្រូវ​ការ​រក​មេជីវិត​ឈ្មោល​ ស្ពែម៉ាតូហ្សូអ៊ីត ពី​សប្បុរសជនណាស់​ម្នាក់ សម្រាប់​មក​ចាក់​បញ្ចូល​ឱ្យ​ជួប​នឹង​មេជីវិត​ញីអូវ៉ុល របស់​ស្ត្រី​ដែល​ចង់​បាន​កូន។ នៅ​ប្រទេស​បារាំង គណៈកម្មការ​ជាតិ​បាន​កំណត់​យ៉ាង​ច្បាស់​លាស់រក្សា​និង​ពង្រឹង​វិធានការ​ដដែល គឺ​អំណោយមេជីវិត ​ស្ពែម៉ាតូហ្ស៊ូអ៊ីត ត្រូវ​តែ​ធ្វើ​ឡើង​ឥត​គិត​ថ្លៃ និងដោយ​គ្មាន​អត្តសញ្ញាណ។

ហើយ​អ្វី​ដែល​កាន់​តែ​ច្បាស់​លាស់ និង​តឹង​តែង​ក្នុង​ច្បាប់​បារាំង ​ស្ត្រី​ម្នាក់​មិន​អាច​ទទួល​អំណោយ​មេជីវិត​ពីរ​ផ្ទួន​គ្នា (ពីសប្បុរសជន​អ្នក​ផ្តល់​អំណោយ​មិន​បញ្ចេញ​អត្តសញ្ញាណ​បាន​ឡើយ) ទោះក្នុង​វិធីសាស្ត្រ​បង្ក​កំណើត​ដោយ​ជំនួយ​វេជ្ជសាស្ត្រ​ណា​ក៏​ដោយ។ ហេតុអ្វី ? ព្រោះ​នៅពេល​និយាយ​អំពី​ការ​បង្កកំណើត​ដោយ​ជំនួយ​វេជ្ជសាស្ត្រ គេ​ចៀស​មិន​ផុត​ត្រូវ​គិត​ដល់​ស៊ីឈ្នួល​ពរ​ពោះ​បានឡើយ។ ជំនួយ​វេជ្ជសាស្ត្រ​នៃ​ការ​បង្ក​កំណើត​ ជា​វិធី​សាស្ត្រ​ជួយ​គូស្វាមី និង​ស្ត្រី​ ដែលមាន​បំណង​ក្លាយ​ជា​ម្តាយ ឱ្យ​មាន​កូន ដោយ​ពរ​ពោះ​ដោយ​ខ្លួនឯង។ ពឹង​អ្នក​ដទៃ​ឱ្យ​ពរពោះ​ជំនួស ជា​ការ​​​ស៊ីឈ្នួល​ពរ​ពោះ​ ​ជា​ជំនួញ ជា​អំពើ​ហិង្សា​ច្បាប់ និង​សេដ្ឋកិច្ច ! នៅ​ប្រទេស​បារាំង ការពរពោះ​ឱ្យ​អ្នក​ដទៃ​ ត្រូវ​បា​នហាម​ឃាត់​ទាំង​ស្រុង ហើយ​គណៈកម្មការ​ពិគ្រោះជាតិពន្ធុ​បារាំង ប្រឆាំង​ដាច់​ខាត​នឹង​ការ​បង្ក​កំណើត​ដោយ​ជំនួយ​លើ​ពោះ​អ្នក​ទីបី។ ហេតុដូច្នេះ​ហើយ​បាន​ជា​បារាំង​រក្សា​ជំហរជាក់លាក់ ដាក់បម្រាម​មិន​ឱ្យ​ស្ត្រី​ទទួល​អំណោយ​មេជីវិត​ពីរ ក្នុង​ពេល​តែ​មួយ ព្រោះ​វា​អាច​ធ្វើ​ឱ្យ​ស្ត្រី​ក្លាយ​ទៅ​ជា​ឧបករណ៍​ផលិត​កូន ក្រោម​លេស​ប្រើ​ជំនួយ​វេជ្ជសាស្ត្រ​ដើម្បី​បង្ក​កំណើត៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ