ម៉ាលីបើកជំនួបកំពូលបង្កើតកម្លាំងរួម៥ប្រទេសប្រឆាំងពួកជីហាតភេរវនិយម
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៥:៣២
នៅថ្ងៃអាទិត្យទី ២ កក្កដានេះ មានប្រព្រឹត្តទៅជំនួបកំពូល ប្រយុទ្ធប្រឆាំងនឹងភេរវនិយម នៅក្រុងបាម៉ាកូ ប្រទេសម៉ាលី ដោយមានការចូលរួមពីសំណាក់ក្រុមប្រទេស នៅអាហ្វ្រិកចំនួន៥ ឬហៅកាត់ថា ហ្សេ G៥ និងក្រោមអធិបតីភាពរបស់ប្រធានាធិបតីបារាំង លោក អេម៉ាណុយអែល ម៉ាក្រុង។ ជំនួបកំពូលនេះ ជាឱកាសប្រកាសបើកជាផ្លូវការប្រតិបត្តិការរួមប្រឆាំងនឹងពួកភេរវជនស្និទ្ធនឹងអាល់កៃដា នៅអាហ្វ្រិក។ ប៉ុន្តែជំនួបមិនទាន់ទាំងបានបើកទ្វារស្រួលបួលផង ពួកភេរវជនបានផ្សព្វផ្សាយខ្សែវីដេអូ បង្ហាញពីពីសកម្មភាពចំណាប់ថ្នូរបរទេសក្នុងដៃពួកគេចំនួន៦នាក់ ក្នុងនោះម្នាក់ជាជនជាតិបារាំងដែលគេបាត់ដំណឹងឈឹង។
ក្រុមប្រទេសហ្សេ៥នៅអាហ្វ្រិកនេះ មិនមែនដូចហ្សេ៧ ឬហ្សេ២០ដែលជាតំណាងប្រទេសមហាអំណាច ឬប្រទេសមហាឧស្សាហកម្មជឿនលឿនជាងគេងនៅលើពិភពលោកទេ តែជាក្រុមប្រទសដែលរងគ្រោះខ្លាំងជាងគេ ក្នុងអំពើភេរវនិយម។ ក្រុមប្រទេសទាំង៥ ដែលស្ថិតនៅក្នុងទ្វីបអាហ្វ្រិកតាមបណ្តោយកែមតំបន់វាលខ្សាច់សាហារ៉ា រួមមានប្រទេសម៉ូរីតានី បួរគីណាហ្វាសូ នីហ្សេ និងឆាដ បានសម្រេចចាប់ដៃគ្នាជាធ្លុងមួយ ប្រមូលកម្លាំងរួមគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងពួកជីហាត។
កម្លាំងទ័ពរួម
គំនិតបង្កើតក្រុមដើម្បីមានកម្លាំងរួមនេះ មានតាំងតែពីឆ្នាំ២០១៥មក ប៉ុន្តែទើបអាចចេញជារូបរាងច្បាស់លាស់ និងជាផ្លូវការនៅថ្ងៃនេះ ក្នុងក្របខ័ណ្ឌនៃជំនួបកំពូលវិសាមញ្ញ ដែលប្រមូលផ្តុំទៅដោយវត្តមានប្រមុខរដ្ឋប្រទេសទាំង៥ បូកនិងប្រធានាធិបតីបារាំង ដើម្បីសម្រួចសម្រេចផែនការ។ បារាំងមិនបានចូលក្នុងក្រុមនេះទេ ប៉ុន្តែជាអ្នកគាំទ្រដ៏ចំបង ព្រោះបារាំងឱ្យអាហ្រ្វិកអាចពឹងកម្លាំងខ្លួនឯងបានទៅថ្ងៃអនាគត។
ដូច្នេះជំនួបថ្ងៃនេះ ជាដំណាក់កាលថ្មី នៃការចាប់ផ្តើមជាផ្លូវការ នូវអ្វីដែលបានសម្រេចកាលពីខែកុម្ភៈ នោះគឺការបង្កើតកងកម្លាំងរួម ជាទាហានអាហ្វ្រិក ដើម្បីចេញធ្វើប្រតិបត្តិការកម្ចាត់ពួកភេរវនិយមស្និទ្ធនឹងអាល់កៃដានៅក្នុងតំបន់។ សូមបញ្ជាក់ថា ពួកជីហាតអ៊ីស្លាមជ្រុលនិយមនៅអាហ្វ្រិកស្និទ្ធនឹងអាល់កៃដា ឬហៅថាពួកអាមីនេះ មានកំណើតនៅក្នុងតំបន់នេះជាង២០ឆ្នាំហើយ តែហាក់ដូចជាគ្មានសហគមន៍អន្តរជាតិសូវចាប់អារម្មណ៍ ទុកឱ្យតំបន់វាលខ្សាច់សាហារ៉ា ដ៏ធំល្វឹងល្វើយ ក្លាយជាប្រភពនៃជំនួញខុសច្បាប់គ្រប់ប្រភេទ ការជួញដូរមនុស្ស ចាប់ជំរិត ជួញដូរអាវុធ ជួញដូរគ្រឿងញៀន ...។ ជាក់ស្តែង យប់មិញពួកបណ្តាញភេរវនិយមនេះ បានបង្ហោះរូបចំណាប់ថ្នូរបរទេសទាំង៦រូបរបស់ខ្លួន (បារាំង អូស្ត្រាលី អាហ្វ្រិកខាងត្បូង រ៉ូមានី ស្វីស កូឡុំប៊ី) ជាការស្វាគមន៍ជំនួប។
កងកម្លាំងរួមនេះ ៥កងពល ប្រទេសមួយកងពលមួយ
បើនិយាយឱ្យស្មោះត្រង់ទៅ កងកម្លាំងទ័ពអាហ្វ្រិក៥ប្រទេសនេះ មិនអាចសម្រេចកម្មវត្ថុប្រឆាំងនឹងពួកភេរវនិយមបានទេ ! វាមិនមែនងាយដូចពាក្យថាឡើយ។ យើងឃើញឧទាហរណ៍ជាក់ស្តែងស្រាប់ហើយ ថាកងកម្លាំងសាមគ្គីអាហ្វ្រិករវាងប្រទេសកាមីរ៉ូន នីហ្សេរីយ៉ា និងនីហ្សេ តាំងពីឆ្នាំ២០១៥មកមិនអាចបំបែកពួកភេរវនិយមបូកូអារ៉ាមបានទេ ពួកនិកាយអ៊ីស្លាមជ្រុលនិយមមិនងាយដាក់អាវុធចុះចាញ់ឡើយ។ គ្រាន់តែថាការរួមដៃគ្នាបានផ្តល់បទពិសោធន៍រួម គ្រប់កងកម្លាំងសុទ្ធតែមានកំរិតសមត្ថភាពរបស់ខ្លួន។
ការបង្កើតកងកម្លាំងទ័ព G៥ នៃក្រុម៥ប្រទេសអាហ្វ្រិកចុងសាហារ៉ានេះ ក៏បានគិតគូរតាមរយៈបទពិសោធន៍ខាងលើដែរ។ កងកម្លាំងG៥ ដែលប្រមូលផ្តុំដោយទាហាន៥កងពល មួយប្រទេសមួយកងពល។ ក្នុងមួយកងពលមានកម្លាំងទាហានបឋម ៧៥០នាក់ (ឡើងទ្វេដងនៅពេលអនាគត)។ កងកម្លាំងនេះ នឹងត្រូវដាក់ពង្រាយនៅតាមព្រមដែនម៉ាលី បួគីណាហ្វាសូ និងនីហ្សេ។ ទីបញ្ជាការដា្ឋនធំមានទីតាំងនៅទីក្រុងបាម៉ាកូ និងមានមេបញ្ជាការជាឧត្តមសេនីយជាតិម៉ាលី។ កងកម្លាំងនេះនឹងចេញធ្វើប្រតិបត្តិការ នៅប៉ុន្មានខែទៀតខាងមុខ ហើយអនាគតខាងមុខ កងកម្លាំងតំបន់នេះ នឹងត្រូវក្លាយជាកម្លាំងជំនួយសម្រាប់មកជំនួសបេសកកម្មមួកខៀវអង្គការសហប្រជាជាតិ និង បេសកកម្មរបស់បារាំង។
អង្គការសហប្រជាជាតិគាំទ្រតិចតួច
បើគិតអំពីចំនួនទាហានវាអាចសមហេតុសមផលនឹងស្ថានការណ៍ដែរ។ តែបើគិតអំពីសមត្ថភាពនិងថវិកា ដូចជាយ៉ាប់បន្តិច ព្រោះប្រទេសទាំង៥នេះ ជាប្រទេសក្រីក្រជាងគេបំផុត ។ កងកម្លាំងរួមត្រូវការថវិកាប្រមាណ៤០០លានអឺរ៉ូ។ អឺរ៉ុបសន្យាជួយ៥០លានអឺរ៉ូ ហើយគេអាចរំពឹងលើអាល្លឺម៉ង់ ហូឡង់ និងបែលហ្សិកដែលមានវត្តមានក្នុងតំបន់នេះដែរ។ អង្គការសហប្រជាជាតិផ្តល់ជំនួយចុងដៃចុងជើងណាស់ មិនព្រមផ្តល់បេសកកម្មផ្លូវការទេ ដោយមានអាមេរិកជាអ្នកស្ទះ។ អ្នកដែលសកម្មខ្លាំងគឺបារាំង បារាំងដែលជាអ្នកគាំទ្រខ្លាំងជាងគេ និងដែលមានកងទ័ពឈរជើងធ្វើប្រតិបត្តិការស្រាប់នៅម៉ាលី តាំងពីឆ្នាំ២០១៤ ចំនួន៤ពាន់នាក់ស្រាប់ ទំនងជាមិនដកទ័ពចេញភ្លាមៗទេ តែអាចក៏នឹងលូកដៃច្រើនក្នុងប្រតិបត្តិការនេះ ក្នុងនាមជាអ្នកមានបទពិសោធន៍ច្រើនជាង។
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ