ស្តាប់ ថតទុក Podcast
  • 00h00 - 01h00 GMT
    កម្មវិធីព័ត៌មាន 22/09 00h00 GMT
  • 06h00 - 07h00 GMT
    កម្មវិធីព័ត៌មាន 22/09 06h00 GMT
  • 12h00 - 13h00 GMT
    កម្មវិធីព័ត៌មាន 21/09 12h00 GMT

ម៉ាលីបើក​ជំនួប​កំពូល​បង្កើត​កម្លាំងរួម៥ប្រទេស​ប្រឆាំង​ពួក​ជីហាត​ភេរវនិយម

ម៉ាលីបើក​ជំនួប​កំពូល​បង្កើត​កម្លាំងរួម៥ប្រទេស​ប្រឆាំង​ពួក​ជីហាត​ភេរវនិយម
 
ប្រធានាធិបតី​បារាំង​និង​សមភាគី​ម៉ាលី REUTERS/Christophe Petit Tesson

នៅ​ថ្ងៃ​អាទិត្យ​ទី ២ កក្កដា​នេះ មាន​ប្រព្រឹត្ត​ទៅ​ជំនួប​កំពូល​ ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម នៅ​ក្រុង​បាម៉ាកូ ប្រទេស​ម៉ាលី ដោយ​មាន​ការ​ចូល​រួម​ពី​សំណាក់​​ក្រុម​ប្រទេស នៅ​អាហ្វ្រិកចំនួន​៥​ ឬ​ហៅ​កាត់​ថា ហ្សេ​ G៥ និង​ក្រោម​អធិបតីភាព​របស់​ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង។ ​​​ជំនួបកំពូល​នេះ ជា​ឱកាស​​ប្រកាស​បើក​ជា​ផ្លូវការ​ប្រតិបត្តិការ​រួម​ប្រឆាំង​នឹងពួក​ភេរវជន​ស្និទ្ធ​នឹង​អាល់កៃដា នៅ​អាហ្វ្រិក។ ប៉ុន្តែ​ជំនួប​មិន​ទាន់​ទាំង​បាន​បើក​ទ្វារ​ស្រួលបួល​ផង ពួក​ភេរវជន​បាន​ផ្សព្វផ្សាយ​ខ្សែ​វីដេអូ​ បង្ហាញ​ពី​ពី​សកម្មភាព​ចំណាប់​ថ្នូរ​បរទេស​ក្នុង​ដៃ​ពួកគេ​ចំនួន​៦​នាក់ ក្នុង​នោះ​ម្នាក់​ជា​ជនជាតិ​បារាំង​ដែល​គេ​បាត់​ដំណឹង​ឈឹង។

ក្រុមប្រទេស​ហ្សេ៥​នៅ​អាហ្វ្រិក​នេះ មិន​មែន​ដូច​ហ្សេ៧ ឬ​ហ្សេ២០​ដែល​ជា​តំណាង​ប្រទេស​មហាអំណាច​ ឬ​ប្រទេស​មហាឧស្សាហកម្ម​ជឿន​លឿន​ជាងគេង​នៅ​លើ​ពិភពលោក​ទេ តែ​ជា​ក្រុមប្រទស​ដែលរងគ្រោះ​ខ្លាំង​ជាងគេ ក្នុង​អំពើ​ភេរវនិយម។ ក្រុមប្រទេស​ទាំង​៥​ ដែលស្ថិត​​នៅ​ក្នុង​​ទ្វីប​​អាហ្វ្រិក​តាម​បណ្តោយ​កែម​តំបន់​វាល​ខ្សាច់​សាហារ៉ា រួម​មាន​ប្រទេស​ម៉ូរីតានី បួរគីណាហ្វាសូ នីហ្សេ និង​ឆាដ បាន​សម្រេច​ចាប់​ដៃ​គ្នា​ជា​ធ្លុង​មួយ ប្រមូល​កម្លាំង​រួម​គ្នា​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ពួក​ជីហាត​។

កម្លាំងទ័ពរួម​

គំនិត​បង្កើត​ក្រុម​ដើម្បី​មានកម្លាំង​រួម​នេះ មាន​តាំង​តែ​ពី​ឆ្នាំ​២០១៥មក ប៉ុន្តែ​ទើប​អាច​ចេញ​ជា​រូបរាង​ច្បាស់​លាស់ និង​ជា​ផ្លូវការ​នៅ​ថ្ងៃ​នេះ ក្នុង​ក្របខ័ណ្ឌ​នៃ​ជំនួប​កំពូល​វិសាមញ្ញ ដែល​ប្រមូល​ផ្តុំ​ទៅ​ដោយ​វត្តមាន​ប្រមុខ​រដ្ឋ​ប្រទេស​ទាំង​៥ បូក​និង​ប្រធានាធិបតី​​បារាំង ដើម្បី​សម្រួចសម្រេច​ផែនការ។​ ​បារាំង​មិន​បាន​ចូល​ក្នុង​ក្រុម​នេះ​ទេ ប៉ុន្តែ​ជា​អ្នក​គាំទ្រ​ដ៏​ចំបង ព្រោះ​បារាំង​ឱ្យ​អាហ្រ្វិក​អាច​ពឹង​កម្លាំង​ខ្លួន​ឯង​បាន​ទៅថ្ងៃអនាគត។

ដូច្នេះ​ជំនួប​ថ្ងៃ​នេះ ជា​​ដំណាក់កាល​ថ្មី នៃ​ការ​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​​ នូវ​អ្វី​ដែល​បាន​សម្រេច​កាលពី​ខែ​កុម្ភៈ នោះ​គឺ​ការ​បង្កើត​​​កងកម្លាំង​រួម​ ជា​ទាហាន​អាហ្វ្រិក ដើម្បី​ចេញ​ធ្វើ​ប្រតិបត្តិការ​កម្ចាត់​ពួក​ភេរវនិយម​ស្និទ្ធ​នឹង​អាល់កៃដានៅ​ក្នុង​តំបន់។ សូម​បញ្ជាក់​ថា ពួក​ជីហាត​អ៊ីស្លាម​ជ្រុលនិយម​នៅ​អាហ្វ្រិក​ស្និទ្ធនឹង​អាល់កៃដា ឬ​ហៅ​ថា​ពួក​អាមីនេះ ​មាន​កំណើត​នៅ​ក្នុង​តំបន់​នេះ​ជាង​២០​ឆ្នាំ​ហើយ​ តែ​ហាក់ដូច​ជា​គ្មាន​សហគមន៍​អន្តរជាតិ​សូវ​ចាប់​អារម្មណ៍ ទុក​ឱ្យ​​តំបន់​វាលខ្សាច់​សាហារ៉ា ដ៏​ធំ​ល្វឹង​ល្វើយ ក្លាយ​ជា​ប្រភព​នៃ​​ជំនួញ​ខុស​ច្បាប់​គ្រប់ប្រភេទ ការជួញដូរ​មនុស្ស​ ចាប់​ជំរិត ជួញដូរ​អាវុធ ជួញដូរ​គ្រឿងញៀន ...។ ​ជាក់ស្តែង​ យប់​មិញ​ពួក​បណ្តាញ​ភេរវនិយម​នេះ បាន​បង្ហោះ​រូប​ចំណាប់​ថ្នូរ​បរទេស​ទាំង​៦​រូប​របស់​ខ្លួន​ (បារាំង អូស្ត្រាលី អាហ្វ្រិក​ខាង​ត្បូង រ៉ូមានី ស្វីស កូឡុំប៊ី) ជា​ការ​ស្វាគមន៍​ជំនួប។

កង​កម្លាំង​រួម​នេះ ៥កងពល ប្រទេ​សមួយ​កង​ពលមួយ

បើ​និយាយ​ឱ្យ​ស្មោះ​ត្រង់​ទៅ​ កងកម្លាំង​ទ័ព​អាហ្វ្រិក​៥​ប្រទេស​នេះ​ មិន​អាច​សម្រេចកម្មវត្ថុប្រឆាំង​នឹង​ពួក​ភេរវនិយម​បាន​ទេ ! វា​មិន​មែន​ងាយ​ដូច​ពាក្យ​ថា​ឡើយ។ យើង​ឃើញ​ឧទាហរណ៍​ជាក់ស្តែង​ស្រាប់​ហើយ ថា​កង​កម្លាំង​សាមគ្គី​អាហ្វ្រិករវាង​ប្រទេស​កាមីរ៉ូន នីហ្សេរីយ៉ា និង​នីហ្សេ តាំង​ពី​ឆ្នាំ​២០១៥មក​មិន​អាច​បំបែក​​​ពួក​ភេរវនិយម​បូកូអារ៉ាមបាន​ទេ ពួក​និកាយ​អ៊ីស្លាម​ជ្រុលនិយមមិនងាយ​ដាក់អាវុធ​ចុះ​ចាញ់​ឡើយ។ ​គ្រាន់​តែ​ថាការរួម​ដៃ​គ្នា​បាន​ផ្តល់​បទ​ពិសោធន៍រួម​​ គ្រប់កងកម្លាំងសុទ្ធ​តែ​មាន​កំរិត​សមត្ថភាព​របស់​ខ្លួន​។

​ការ​បង្កើត​កងកម្លាំង​ទ័ព G៥ នៃ​ក្រុម៥​ប្រទេស​អាហ្វ្រិកចុង​​សាហារ៉ា​នេះ ក៏​បាន​គិត​គូរ​តាម​រយៈ​បទ​ពិសោធន៍​ខាង​លើ​ដែរ។ កង​កម្លាំង​G៥ ដែល​ប្រមូលផ្តុំ​ដោយ​ទាហាន​៥​កងពល មួយ​ប្រទេស​មួយកងពល។ ក្នុង​មួយកងពល​មាន​កម្លាំង​ទាហានបឋម​ ៧៥០​នាក់ (ឡើង​ទ្វេ​ដង​នៅ​ពេល​អនាគត)។ កង​កម្លាំង​នេះ នឹង​ត្រូវ​ដាក់​ពង្រាយ​នៅ​តាម​ព្រម​ដែន​ម៉ាលី បួគីណាហ្វាសូ និង​នីហ្សេ។ ទីបញ្ជាការដា្ឋនធំ​មាន​ទីតាំង​​នៅ​ទីក្រុង​បាម៉ាកូ និង​មាន​មេបញ្ជាការ​ជា​ឧត្តមសេនីយ​ជាតិ​ម៉ាលី។ កងកម្លាំង​នេះ​នឹង​ចេញ​ធ្វើ​ប្រតិបត្តិការ​ ​នៅ​ប៉ុន្មាន​ខែ​ទៀត​ខាង​មុខ ហើយ​អនាគត​ខាង​មុខ កងកម្លាំង​តំបន់​នេះ​ នឹង​ត្រូវ​ក្លាយ​ជា​កម្លាំង​ជំនួយ​សម្រាប់​មក​ជំនួស​​​បេសកកម្ម​មួក​ខៀវ​អង្គការ​សហប្រជាជាតិ និង​ បេសកកម្ម​របស់​បារាំង​។​

អង្គការ​សហប្រជាជាតិ​គាំទ្រ​តិច​តួច

បើ​គិត​អំពី​ចំនួន​ទាហាន​វា​អាច​សមហេតុសមផល​នឹង​ស្ថានការណ៍​ដែរ។ តែ​បើ​គិត​អំពី​សមត្ថភាព​និង​ថវិកា ដូច​ជា​យ៉ាប់​បន្តិច​ ព្រោះ​ប្រទេស​ទាំង​៥​នេះ ជា​ប្រទេស​ក្រីក្រ​ជាង​គេ​បំផុត ។ កង​កម្លាំង​រួម​ត្រូវ​ការ​ថវិកា​ប្រមាណ​៤០០​លាន​អឺរ៉ូ។ អឺរ៉ុប​សន្យា​ជួយ​៥០​លាន​អឺរ៉ូ​ ហើយ​គេ​អាច​រំពឹង​លើ​អាល្លឺម៉ង់ ហូឡង់ និង​បែលហ្សិក​ដែល​មានវត្តមាន​ក្នុង​តំបន់​នេះ​ដែរ។ ​អង្គការ​សហប្រជាជាតិផ្តល់​ជំនួយ​ចុង​ដៃ​ចុងជើង​ណាស់ មិន​ព្រម​ផ្តល់​បេសកកម្ម​ផ្លូវការ​ទេ ដោយ​មាន​អាមេរិក​ជា​អ្នក​ស្ទះ។ អ្នកដែល​សកម្ម​ខ្លាំង​គឺ​បារាំង បារាំង​ដែល​​ជាអ្នក​គាំទ្រ​ខ្លាំង​ជាង​គេ និង​ដែល​មាន​កង​ទ័ព​ឈរ​ជើង​ធ្វើ​ប្រតិបត្តិការ​ស្រាប់​នៅ​ម៉ាលី តាំង​ពី​ឆ្នាំ​២០១៤ ចំនួន​៤ពាន់​នាក់ស្រាប់ ទំនង​ជា​មិន​ដក​ទ័ព​ចេញភ្លាមៗ​ទេ តែ​អាច​ក៏​នឹង​លូក​ដៃ​ច្រើន​ក្នុង​ប្រតិបត្តិការ​នេះ ក្នុង​នាម​ជា​អ្នក​មាន​បទ​ពិសោធន៍​ច្រើនជាង។ ​

  1. 1
  2. 2
  3. 3
  4. ...
  5. បន្ទាប់ >
  6. ចុងក្រោយ >
កម្មវិធីផ្សាយផ្សេងទៀត
 
សូមអភ័យទោស យើងមិនអាច​ភ្ជាប់​ទៅ​ទំព័រ​ដែល​លោកអ្នក​ស្នើសុំ​បានទេ