អានតួអត្ថបទ
ទស្សនៈព្រឹត្តិការណ៍ពិភពលោក

ហេតុអ្វី​មាន​ការ​រិះគន់ការថ្លែង​សុន្ទរកថា​របស់​​ប្រធានាធិបតីបារាំង ​នៅ​ចំពោះ​មុខ​សភា​ពេញ​អង្គ ?!

ចុះផ្សាយ​នៅ​ថ្ងៃ៖

ប្រធានាធិបតី​បារាំង លោក អេម៉ាណុយអែល ម៉ាក្រុង សកម្មណាស់លើ​ឆាក​អន្តរជាតិ ប៉ុន្តែ​នៅ​ក្នុង​ប្រទេស​វិញ ​គេស្ទើរ​តែ​មិន​បាន​ឮ​ប្រសាសន៍​លោក​សោះ តាំង​ពី​ឡើង​កាន់​តំណែង​មក ! ទើប​តែ​​នៅ​ថ្ងៃ​ចន្ទ​នេះទេ ដែល​​លោក​ប្រធានាធិបតី​បាន​​ថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា​ពេញ​អង្គតែ​ម្តង​ ដើម្បី​បង្ហាញ​អំពី​គោល​នយោបាយ​រួម​ ក្នុង​អាណត្តិ​៥​ឆ្នាំ​របស់​លោក។ សុន្ទរកថា​ប្រធានាធិបតីបែប​នេះ ​ពុំ​ធ្លាប់​មាន​ប្រមុខ​ដឹកនាំ​មុនៗ​រូប​ណា​ធ្លាប់​ធ្វើ​ឡើយ។ ហេតុអ្វី​បាន​ជា​ដូច្នេះ ?! លោក​ម៉ាក្រុង​ធ្វើ​ខុស​ទម្លាប់ ?​ ឬក៏​ប្រធានាធិបតី​បារាំង​មុនៗ គ្មាន​ទំនាក់ទំនង​ជាមួយ​​​សភា ឬ​​យ៉ាង​ណា ?

ពីឆ្វេង​ទៅស្តាំ ៖ លោកនាយក​រដ្ឋមន្ត្រី​ Edouard Philippe ប្រធានសភា​ជាតិលោក François de Rugy  លោក​ប្រធានាធិបតី​ម៉ាក្រុង និង​ប្រធាន​ព្រឹទ្ធ​សភា លោក Gérard Larcher នៅ​វិមានវែកសៃត៍
ពីឆ្វេង​ទៅស្តាំ ៖ លោកនាយក​រដ្ឋមន្ត្រី​ Edouard Philippe ប្រធានសភា​ជាតិលោក François de Rugy លោក​ប្រធានាធិបតី​ម៉ាក្រុង និង​ប្រធាន​ព្រឹទ្ធ​សភា លោក Gérard Larcher នៅ​វិមានវែកសៃត៍ PHILIPPE WOJAZER / POOL / AFP
ផ្សាយពាណិជ្ជកម្ម

និយាយ​កាន់​តែ​តិច​កាន់​តែ​ល្អ ! របស់​កម្រ​​​ទើប​មាន​តម្លៃ ! លោក​ប្រធានាធិបតី​បារាំង​ថ្មី លោក អេម៉ានុយអែល​ម៉ាក្រុង បាន​ប្រកាន់​យក​​ទស្សនៈ​នេះ​ និងបាន​​ធ្វើ​ឱ្យ​ខុស​ប្លែក​ពី​ប្រធានាធិបតី​បារាំង​ពីរ​រូប​មុន​ ដែល​និយាយ​ស្តី​ញឹក​ញយ​ជ្រុល។​​ តាំង​ពី​ចូល​កាន់​តំណែង​មក លោក​ ម៉ាក្រុង ទើប​បានថ្លែង​សុន្ទរកថា​នៅ​ចំពោះ​មុខ​សភា​ពេញ​អង្គ នៅ​ថ្ងៃទី ៣​កក្កដា​នេះ ជា​លើក​ទី​មួយ និង​ជា​លើក​ចុងក្រោយ ប្រសិន​បើ​គ្មាន​ព្រឹត្តិការណ៍​ធ្ងន់ធ្ងរ​អ្វី​ឡើង​​ទេ​ក្នុង​អាណត្តិ​នេះ។ លោក​ ម៉ាក្រុង ក៏​បាន​សម្រេច​ផ្តាច់​ទម្លាប់​ជា​ប្រពៃណី​ ជាង​៤០​ឆ្នាំ មិន​ផ្តល់​បទ​សម្ភាសន៍​តាមកញ្ចក់​ទូរទស្សន៍​ទៀត​ទេ ក្នុង​ថ្ងៃ​បុណ្យ​ជាតិ។

អញ្ចឹង​ហើយ​បាន​ជា​សុន្ទរកថា​ថ្ងៃ​នេះ ក្លាយ​ជា​ព្រឹត្តិការណ៍។ ម្យ៉ាងវិញ​ទៀត នេះ​ជា​លើក​ទី​បី​ប៉ុណ្ណោះ ក្នុង​របប​សាធារណរដ្ឋ​បារាំង ដែល​​​ប្រធានាធិបតីថ្លែង​​ទៅ​កាន់​សភា​ពេញ​អង្គ (សភា​និង​ព្រឹទ្ធសភា)​ យ៉ាង​ដូច្នេះ ៖ ទី​មួយ​គឺ​លោក​ប្រធានាធិបតី​នីកូឡា សាកូហ្ស៊ី នៅ​ឆ្នាំ​២០០៩ ដើម្បី​ប្រកាស​ចាត់​វិធានការ​ជាតិ​ក្រោយ​មាន​វិបត្តិ​ហិរញ្ញវត្ថុ​ និង​ទីពីរ​គឺ​ដោយ​លោក​ប្រធានាធិបតី​ហ្វ្រង់ស័រ ហូឡង់ នៅ​ថ្ងៃទី ១៦​វិច្ឆិកា ២០១៥ ដើម្បី​ប្រកាស​វិធានការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម បី​ថ្ងៃ​ក្រោយភេរវកម្ម​នៅ​ប៉ារីស។

ថ្មី​និង​រង​ការ​រិះគន់

​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ថ្លែង​សុន្ទរកថា ទៅ​កាន់​សភា​ពេញ​អង្គ​ថ្្ងៃទី ៣ កក្កដា ២០១៧
​ប្រធានាធិបតី​បារាំង លោក ម៉ាក្រុង ថ្លែង​សុន្ទរកថា ទៅ​កាន់​សភា​ពេញ​អង្គ​ថ្្ងៃទី ៣ កក្កដា ២០១៧ Reuters/Eric Feferberg/Pool

តែ​ជា​លើក​ទី​មួយ​បង្អស់ក្នុង​ប្រវត្តិ​សាស្ត្រ​បារាំង ដែល​ប្រធានាធិបតី​ទើប​ជាប់​ឆ្នោត​ថ្មី​ ថ្លែង​សុន្ទរកថា​​ទៅ​កាន់​សភា​ពេញ​អង្គ ក្នុង​ទម្រង់​ជា​សុន្ទរកថា​ទៅ​កាន់​ប្រជាជាតិ តាំង​ពី​ដើម​អាណត្តិ​តែ​ម្តង​យ៉ាង​ដូច្នេះ ! ទង្វើ​បែប​នេះ​បាន​ទទួល​ការ​រិះគន់​ច្រើន​ ពី​សំណាក់​បក្ស​ប្រឆាំង ដោយ​ពួក​គេ​យល់​ថា ប្រធានាធិបតី​ចង់​បង្ហាញ​អំណាច​ ចង់ប្រើ​ឥទ្ធិពលជា​​ប្រធានាធិបតី និង​បន្តុះ​បង្អាប់​តួនាទី​នាយក​រដ្ឋមន្ត្រី​ ដែល​លោក​ក៏​ត្រូវ​ទៅ​លម្អិត​គោលនយោបាយ​រដ្ឋាភិបាល​នៅ​ចំពោះ​មុខ​សភា​នៅ​ថ្ងៃ​អង្គារ​ ទី​៤ កក្កដា​ អម​ដោយ​ការ​តស៊ូ​មតិ​និង​ការ​បោះឆ្នោត​ផ្តល់​ទំនុក​ចិត្ត​នៅ​សភា​និង​ព្រឹទ្ធសភា។

សូម​បញ្ជាក់​ថា មុន​ការ​កែប្រែ​រដ្ឋធម្មនុញ្ញឆ្នាំ​២០០៨ដោយលោក​នីកូឡាសាកូហ្ស៊ី ប្រធានាធិបតី​បារាំង​គ្មាន​សិទ្ធិ​​​ថ្លែង​ទៅ​កាន់​សភា​ផ្ទាល់ទេ។ រដ្ឋធម្មនុញ្ញ​បារាំង បានកំរិត​អំណាច​ប្រធានាធិបតី​បែប​នេះ តាំង​ពី​ឆ្នាំ​១៨៧៣មក។ នៅ​​ឆ្នាំ​១៩៥៨ ពេល​បារាំង​បាន​ប្រកាន់​យក​របប​សាធារណរដ្ឋ​ទី​៥ រដ្ឋធម្មនុញ្ញ​នៅ​តែ​រក្សាបម្រាម​មិន​ឱ្យ​ប្រធានាធិបតីថ្លែង​ផ្ទាល់​ទៅ​កាន់​សភា​ដដែល។ ​ប្រធានាធិបតី​អាច​ទាក់ទង​ទៅ​សភា តាម​រយៈ​រដ្ឋមន្ត្រី និង​តាម​រយៈ​សារ ដែល​គ្មាន​ការ​តស៊ូមតិ​អ្វី​ទាំង​អស់។

តាំង​ពី​លោក De Gaulle មក​ដល់​លោក​ Chirac ប្រធានាធិបតី​បារាំង នៅ​ពេល​ចូល​កាន់​​តំណែង​​ភ្លាម​ បាន​ពីរ​ឬ​បី​ថ្ងៃ ឬ​យ៉ាង​យូរ​មួយ​អាទិត្យ​ សុទ្ធ​តែ​បាន​ សរសេរ​​លិខិត​បង្ហាញ​ផែនការ​ដឹកនាំ​ប្រទេស ​ផ្ញើ​ជា​​សារ​​​កាន់​​សភា​ និង​អាន​ដោយ​ឥស្សរជន​ណាម្នាក់​ជូន​អង្គសភា និង​អង្គ​ព្រឹទ្ធសភា ដែល​ត្រូវ​ងើប​ឈរ​ទាំង​អស់​គ្នា​ស្តាប់​។ បន្ទាប់មក​ នាយក​រដ្ឋមន្ត្រី​ត្រូវ​ធ្វើ​សេចក្តី​ប្រកាស​នយោបាយ​ទូទៅ​របស់​រដ្ឋាភិបាល បន្ត​ដោយ​ការ​តស៊ូ​មតិ និង​ការ​បោះឆ្នោត​អនុម័ត ក្នុង​ថ្ងៃ​តែ​មួយ ឬ​នៅ​​ថ្ងៃ​បន្ទាប់។

សារ​ប្រធានាធិបតី​

សារ​ប្រធានាធិបតី​​ជូន​ទៅ​កាន់​សភា​និ​ង​ព្រឹទ្ធសភា​បាន​ក្លាយ​​​ប្រពៃណី​នេះ ដែល​ប្រធានាធិបតី​បារាំង​គ្រប់​រូប បាន​គោរព​ ដោយ​មាន​ការ​កែសម្រួល​បន្តិច​បន្តួច។ ប៉ុន្តែ​នៅ​ឆ្នាំ​២០០៨ លោក នីកូឡា សាកូហ្ស៊ី បាន​ផ្តាច់​ទម្លាប់​នេះ​មុន​គេ ដោយមិន​​សរសេរ​សារទៅ​សភា នៅ​ពេល​ជាប់​ឆ្នោត​ភ្លាម​ទេ។ លោក​ ហ្វ្រង់ស័រ ហូឡង់ ​ដែល​តាំង​ខ្លួន​ជា​​​ប្រធានាធិបតីធម្មតា ក៏​លែង​ធ្វើ​សារនោះ​ដែរ។ ដូច្នេះ តាម​ពិត​ទៅ​គឺ​លោក អេម៉ាណុយអែល ម៉ាក្រុង ជា​អ្នក​​វិល​មក​ប្រកាន់​ទម្លាប់​ជា​ប្រពៃណី​នៃ​របប​សាធារណរដ្ឋ​។

របប​សាធារណរដ្ឋ​ ​ដែល​ចង់​បាន​ដោយ​ថ្នាក់​ដឹកនាំមុនៗ តម្រូវ​ឱ្យ​ប្រមុខ​រដ្ឋថ្លែង​ជាមុន​ទៅ​កាន់តំណាង​រាស្រ្ត​នូវ​ ​បន្ទាត់ និង​ទិសដៅ​​នយោបាយ​ ដែល​ប្រធានាធិបតី​ចង់​បាន និង​ចង់​ឱ្យ​រដ្ឋាភិបាល​ប្រតិបត្តិ។ បន្ទាប់​មក​ទើប​នាយក​រដ្ឋមន្ត្រី​ ឡើង​លម្អិត​សេចក្តី​ថ្លែងការណ៍​នយោបាយ​ទូទៅ​ ដែល​រដ្ឋាភិបាល​យល់​និង​ត្រូវ​អនុវត្ត។ នេះ​បើ​តាម​មាត្រ​២០​នៃ​ច្បាប់​ធម្មនុញ្ញ​បារាំង។ គ្រាន់​តែ​ថា ទម្រង់​នៃ​ថ្លែងរបស់​លោក​​ប្រធានាធិបតី​ម៉ាក្រុង មាន​លក្ខណៈ​ឧឡាឫកខ្លាំង​ ជា​សភា​ពេញ​អង្គ (សភា​និងព្រឹទ្ធសភា) នៅ​ក្នុង​រាជរាំង​វែកសៃត៍​ដែល​ជា​ចំណាយធំ៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

មើលវគ្គផ្សេងទៀត
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ