ហេតុអ្វីលោកត្រាំ ជ្រើសរើសចូលប៉ូឡូញ មុនទៅជំនួបកំពូលហ្សេ២០ ?
ចុះផ្សាយនៅថ្ងៃ៖
ស្តាប់ - ០៦:១៥
លោក ដូណាល់ ត្រាំ កំពុងបំពេញទស្សនកិច្ចជាផ្លូវការនៅប្រទេសប៉ូឡូញនៅថ្ងៃព្រហស្បតិ៍ទី ៦កក្កដានេះ។ នៅទីនេះ លោកបានជួបប្រាស្រ័យជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្តាប្រទេសនៅអឺរ៉ុបខាងកើតនិងកណ្តាលប្រមាណជាង១០ប្រទេស។ ហើយគឺពីទីក្រុងវ៉ាសូវី ប្រទេសប៉ូឡូញដដែលនេះ ដែលលោក ដូណាល់ ត្រាំ បានប្រកាសចាត់ទុកលោកពូទីន ជាមនុស្សមានចរិកបង្កអស្ថិរភាព បើទោះបីជាស្អែកលោកត្រូវជួបពិភាក្សាមួយទល់នឹងមួយក៏ដោយ។ បើតាមកាលវិភាគ លោកដូណាស់ ឆ្លៀតចូលតែប្រទេសប៉ូឡូញមួយគត់ មុននឹងបន្តដំណើរទៅចូលរួមក្នុងជំនួបកំពូល នៃក្រុមប្រទេសមហាឧស្សាហកម្មទាំង២០ដំបូងលើពិភពលោក ឬហៅកាត់ថា ហ្សេ២០ ថ្ងៃសុក្រនិងសៅរ៍ នៅប្រទេសអាល្លឺម៉ង់។
ហេតុអ្វី នៅប៉ូឡូញ ? គ្រាន់តែបានឮសេចក្តីប្រកាសរបស់សេតវិមាន កាលពីថ្ងៃទី ៦មិថុនាភ្លាមថា ក្នុងដំណើរផ្លូវទៅចូលរួមប្រជុំG២០ វ៉ាសូវី ជារដ្ឋធានីអឺរ៉ុបតែមួយគត់ដែលលោកប្រធានាធិបតីអាមេរិកឆ្លៀតចូលបំពេញទស្សនកិច្ចជាផ្លូវការ គ្រប់គ្នាបានលាន់មាត់ថាហេតុអ្វីប៉ូឡូញ ?!
តាមការពិត លោក ដូណាល់ ត្រាំ មិនដែលចាប់អារម្មណ៍នឹងការអញ្ជើញរបស់ប៉ូឡូញឡើយ ពីមុនមកទេ ! គ្រាន់តែជាប់ឆ្នោតភ្លាម ប៉ូឡូញបានធ្វើលិខិតអញ្ជើញលោកដូណាល់ ត្រាំភ្លាម តាំងតែពីខែវិច្ឆិកា ២០១៦ម្ល៉េះ។ លោកត្រាំទើបមើលឃើញប្រយោជន៍របស់ប៉ូឡូញ ក្រោយដំណើរទស្សនកិច្ចលើកដំបូងនៅអឺរ៉ុប កាលពីចុងខែឧសភា ក្នុងឱកាសជំនួបកំពូលអូតង់ និងហ្សេ៧ ដែលកាលណោះលោកហាក់ឡេះឡះនិងឯកា។
អញ្ចឹងហើយបានជាលោកត្រូវការរកប្រទេសណាមួយដែលគាំទ្រនិងស្វាគមន៍លោកខ្លាំង។ លោកធ្លាប់គិតចង់អញ្ជើញទៅអង់គ្លេសដែរ តែមួយរយៈក្រោយនេះឡុងដ៍ក៏ខឹងខ្លាំងនឹងលោកត្រាំដែរ។ ដូច្នេះ គឺមានតែ ប៉ូឡូញ ! វ៉ាស៊ីនតោន និងវ៉ាសូវី មានចំណុចដូចគ្នាច្រើន ! មេដឹកនាំប្រទេសទាំងពីរ សុទ្ធតែជាអ្នកនយោបាយប្រជាភិថុតដូចគ្នា នយោបាយប្រឆាំងនឹងអន្តោប្រវេសន៍ខ្លាំងដូចគ្នា ចូលចិត្តធ្វើសេចក្តីថ្លែងការណ៍ប្រឆាំងនឹងពលរដ្ឋអ៊ីស្លាមដូចគ្នា មានគំនិតប្រឆាំងអឺរ៉ុបដូចគ្នា ការពារអធិបតេយ្យភាពនយោបាយ និងជាតិនិយមខ្លាំងដូចគ្នា ! ទាំងពីរប្រទេសនេះ កំពុងស្ថិតក្នុងស្ថានភាពឯកាដូចគ្នា !
ប៉ូឡូញក៏ដូចជាបណ្តាពលរដ្ឋនៃប្រទេសជាអតីតប្លុកសហភាពសូវៀតជាច្រើនទៀតដែរ បានរក្សាទុកនូវការដឹកគុណមួយចំពោះភាពមុះមុតរបស់អាមេរិកក្នុងអំឡុងពេលសង្គ្រាមត្រជាក់។
ជំនួបកំពួលក្រុមប្រទេសបីសមុទ្ទ
ទស្សនកិច្ចថ្ងៃនេះ ជាឱកាសមួយដែលអាមេរិកត្រូវលើកសរសើរ បញ្ជោប៉ូឡូញ អំពីសម្ព័ន្ធភាពតាំងពីយូរលង់រវាងប្រទេសទាំងពីរ។
ក្រៅអំពីជំនួបពិភាក្សាមួយទល់នឹងមួយជាមួយប្រធានាធិបតីប៉ូឡូញ និងផ្តល់សន្និសីទកាសែតខ្លីមួយហើយ បុរសរដ្ឋទាំងពីរត្រូវទៅចូលរួមក្នុងជំនួបកំពូលបីសមុទ្ទ (សមុទ្ទបាល់ទិក សមុទ្ទខ្មៅ និងសមុទ្ទអាទ្រីយ៉ាទិក ដែលជាបណ្តុំប្រទេសអឺរ៉ុបកណ្តាលនិងខាងកើត ចំនួន១២ ៖ ប៉ូឡូញ លីទុយអានី លេតូនី ហុងគ្រី អេស្តូនី អូទ្រីស ស្លូវេនី ក្រូអាស៊ី សាធារណរដ្ឋឆែក ស្លូវាគី រ៉ូម៉ានី ប៊ុលហ្ការី។ គម្រោងបង្កើតហេដ្ឋារចនាសម្ព័ន្ធក្រុមប្រទេសបីសមុទ្ទនេះ ជាគំនិតផ្តួចផ្តើមរបស់ប៉ូឡូញនិងក្រូអាស៊ី តាំងពីឆ្នាំ២០១៦មក ហើយត្រូវបើកជំនួបកំពូលជាលើកទីមួយរបស់ខ្លួន ក្រោមវត្តមានរបស់ប្រធានាធិបតីអាមេរិកទៀត។ ប៉ូឡូញចង់តាំងខ្លួនធ្វើជាមេ ប្រចាំតំបន់ អឺរ៉ុបកណ្តាល និងខាងកើត ដោយមានអាមេរិកជាជន្ទល់។
ទស្សនកិច្ចនេះ ក៏ជាឱកាសជជែកអំពីបញ្ហាសន្តិសុខនិងថាមពលដែរ។ បណ្តាក្រុមប្រទេស១២នេះ រង់ចាំការគាំទ្រជាថ្មីពីអាមេរិក។ ប៉ូឡូញចង់ប្រទេសខ្លួននិងអឺរ៉ុបខាងកើត ឈប់រំពឹងតែលើ ថាមពលឧស្ម័នរុស្ស៊ី ដោយងាកទៅទិញពីហ្កាសអាមេរិកវិញ។ អាចចាត់ទុកថាជាការប្រកួតប្រជែងមួយ ព្រោះអាល្លឺម៉ង់ ក៏មានគម្រោង ភ្ជាប់បំពង់ឧស្ម័នពីរុស្ស៊ីមកអឺរ៉ុប។ ហើយចំណុចចុងក្រោយមួយទៀត ដែលអាចទាញជាប្រយោជន៍បានក្នុងដំណើរទស្សនកិច្ចរបស់លោកត្រាំនៅប៉ូឡូញពេលនេះ គឺកិច្ចសន្យាទិញអាវុធ ៖ ប៉ូឡូញដែលនៅតែព្រួយបារម្ភជានិច្ចនឹងរុស្ស៊ី កំពុងចង់ធ្វើទំនើបកម្មគ្រឿងសព្វាវុធរបស់ខ្លួនផង។
ប៉ុន្តែកម្មវត្ថុដ៏សំខាន់បំផុត សម្រាប់លោកត្រាំ ក៏ដូចជាប៉ូឡូញ នាឱកាសនេះ គឺសុន្ទរកថារបស់លោកប្រធានាធិបតីអាមេរិក នៅកណ្តាលក្រុងវ៉ាសូវី នៅចំពោះមុខពលរដ្ឋប៉ូឡូញ ជាច្រើនពាន់នាក់។ ជាសុន្ទរកថាស្តីអំពីនយោបាយអន្តរជាតិ ដែលសំខាន់បំផុត នេះបើតាមទីប្រឹក្សាសន្តិសុខរបស់លោកត្រាំ។ ជាសុន្ទរកថាលើកដំបូងរបស់លោកត្រាំ ទៅកាន់សាធារណជន មិនមែនសម្រាប់តែប៉ូឡូញទេ តែជាថ្នាក់អឺរ៉ុបតែម្តង។ ហើយលោកត្រាំជ្រើសរើសធ្វើនៅប៉ូឡូញ។ ប៉ូឡូញ ដែលជាសិស្សមិនល្អរបស់អឺរ៉ុប។ ខិតកាន់តែឆ្ងាយឯកាទៅៗពីម្តាយដើម ដោយសុខចិត្តរំពឹងលើអាមេរិក។ វត្តមានរបស់លោកត្រាំថ្ងៃនេះបានពង្រឹងប៉ូឡូញឱ្យកាន់តែខ្លាំង។
អឺរ៉ុបនៅតែរួមគ្នាជាធ្លុងមួយពេលប្រជុំG២០
សហភាពអឺរ៉ុប ហាក់ដូចជាកំពុងនឿយហត់ខ្លាំងណាស់ នឹងភាពច្រលើសបើស និងជំហរប្រឆាំងអឺរ៉ុបរបស់ប៉ូឡូញ ដែលខ្លួនជាសមាជិកសោះ។ អឺរ៉ុបបានដឹងក្លិនជាមុននិងកាន់ច្បាស់ថា ទស្សនកិច្ចរបស់លោកត្រាំ នេះ បានផ្តល់កម្លាំងឱ្យប៉ូឡូញកាន់តែមានសក្តានុពលចង់បង្កើតក្រុមមួយដែរ (រួមមានប៉ូឡូញ ហុងគ្រី ឆែក និងស្លូវាគី) ដើម្បីទប់ទល់នឹងចរន្តដឹកនាំបារាំង-អាល្លឺម៉ង់ ជាក្បាលម៉ាស៊ីនប្រពៃណីរបស់អឺរ៉ុប។
ប៉ុន្តែ ទាំងព្រុចសែល ប៊ែរឡាំង ឬប៉ារីស សុទ្ធតែនាំគ្នាសម្រួលចិត្តថាមិនថ្វីទេ យ៉ាងណាប៉ូឡូញក៏ជាសមាជិកអឺរ៉ុបមួយដែរ ! និងប្រឹងលួចលួងចិត្តគ្នា ថាសហភាពអឺរ៉ុបត្រូវតែរួមគ្នាជាធ្លុងមួយ នៅក្នុងជំនួបកំពូលហ្សេ ២០ ថ្ងៃសុក្រនិងសៅរ៍ខាងមុខនេះ ជាពិសេសលើប្រធានបទអាកាសធាតុ។ ម្យ៉ាងទៀត លោកត្រាំក៏នឹងត្រលប់មកបំពេញទស្សនកិច្ចនៅក្រុងប៉ារីស ក្នុងថ្ងៃបុណ្យជាតិ១៤ កក្កដា។
សម្រាប់អឺរ៉ុប គេយល់ថា ធាតុពិតនៃជម្រើសធ្វើទស្សនកិច្ចនៅប៉ូឡូញរបស់លោកត្រាំ ទំនងជាគ្មានបង្កប់នូវអត្ថន័យយុទ្ធសាស្ត្រពិសេសណាមួយទេ។ ជួនកាលលោកដូណាល់ ត្រាំ គ្រាន់តែចង់បង្ហាញម្ចាស់ឆ្នោតអាមេរិកថា លោកបានការទទួលស្វាគមន៍អបអរខ្លាំងនៅពីអឺរ៉ុប មិនមែនមានតែបាតុកម្មប្រឆាំងឡើយ៕
ព្រឹត្តិបត្រព័ត៌មានព្រឹត្តិបត្រព័ត៌មានប្រចាំថ្ងៃនឹងអាចឲ្យលោកអ្នកទទួលបាននូវព័ត៌មានសំខាន់ៗប្រចាំថ្ងៃក្នុងអ៊ីមែលរបស់លោកអ្នកផ្ទាល់៖
ចុះឈ្មោះ