អានតួអត្ថបទ

ប្រមុខការទូត​ប្រទេស​បស្ចឹម​លោក​បន្ត​គ្នា​ទៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស

ប្រមុខ​ការទូត​អាល្លឺម៉ង់ និង​អង់គ្លេស បាន​ចុះ​ទៅ​​តំបន់​ឈូង​សមុទ្ទនេះ កាលពី​ពីរ​សប្តាហ៍​មុន។ ចំណែក​ប្រមុខ​ការ​ទូត​អាមេរិក​វិញ ​កំពុង​ស្ថិត​នៅក្នុង​ប្រទេស​កាតាតែ​ម្តង​ តាំង​ពី​ថ្ងៃ​អង្គារ​មក។ ហើយ​បន្ទាប់​ពី​អាមេរិក ប្រមុខ​ការ​ទូត​បារាំងក៏​នឹង​អញ្ជើញ​ទៅ​បំពេញ​ទស្សនកិច្ច​មួយ​ជុំ​ដែរ នៅ​តំបន់​ឈូង​សមុទ្ទ​ពែក្ស។ កម្មវត្ថុ​មាន​តែ​មួយ​ដូច​គ្នា គឺ​ស្វែង​​រក​មធ្យោបាយ​បន្ធូរ​បន្ថយ​សម្ពាធ​តាន​តឹង​​ឱ្យ​បាន​កាន់​ឆាប់​រវាង​កាតា និង​អារ៉ាប៊ីសាអូឌីត ព្រមទាំង​សម្ព័ន្ធ​ជិត​ខាង​ផ្សេងទៀត។

លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេស​បារាំង
លោក Jean-Yves Le Drian រដ្ឋមន្ត្រីការបរទេស​បារាំង © Reuters
ផ្សាយពាណិជ្ជកម្ម

ចាប់ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​អាទិត្យ​ខាង​មុខ ដល់​វេន​ប្រមុខ​ការទូត​បារាំង​ម្តង​ដែល​ត្រូវ​អញ្ជើញ​ទៅ​កាតា អារ៉ាប៊ីសាអូឌីត ព្រមទាំង​​កូវ៉ែត​ជា​អន្តរការី។ នេះ​បើ​តាម​ការ​ជូន​ដំណឹង​របស់​អ្នក​នាំពាក្យ​ក្រសួងការបរទេស​បារាំង ដោយ​បាន​គូស​បញ្ជាក់​ថា បារាំង​ព្រួយ​បារម្ភ​ខ្លាំងណាស់​នឹង​វិបត្តិ​តាន​តឹង​នៅ​តំបន់ ព្រោះ​សុទ្ធ​តែ​ជា​ប្រទេស​ដែល​មាន​ទំនាក់ទំនង​សកម្មនិងមេត្រីភាព​ជាមួយ​ប៉ារីស។ ដូច្នេះ​ការ​បន្ធូរ​បន្ថយ​សម្ពាធ​ជា​ប្រយោជន៍​សម្រាប់​គ្រប់គ្នា។

សូម​បញ្ជាក់​ថា បារាំង​មាន​ទំនាក់ទំនង​ពាណិជ្ជកម្ម​ធំ​សំខាន់​ណាស់ ជាមួយ​អារ៉ាប៊ីសាអូឌីត និង​កាតា ដែលកំពុង​បញ្ចេញ​ធ្មុង​ដាក់គ្នា។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​ចុង​ក្រោយ​ គឺ​ការ​ចុះ​កិច្ចព្រមព្រៀង​​ជា​ផ្លូវការ​រវាង​ក្រុមហ៊ុន​ប្រេង​រដ្ឋ​កាតា និងក្រុមហ៊ុន​តូតាល់​បារាំង​ ធ្វើ​ជា​ដៃគូ​គ្នា​រយៈ​ពេល​២៥​ឆ្នាំ​​ ក្នុង​ការ​អភិវឌ្ឍន៍​អណ្តូង​ប្រេង​Offshore នៅ Al –Chahine។

នៅ​ក្នុង​ដំណើរ​​ទស្សនកិច្ច​របស់​លោក Jean Yves La Drian ពីរ​ថ្ងៃ​ទៀត​នេះ លោក​ប្រមុខ​ការទូត​បារាំង នឹង​ទៅ​ដាស់​តឿន​រំលឹក​សមភាគី​អំពី​ផលវិបាក​អវិជ្ជមាន​នៃ​វិបត្តិ​ ចំពោះ​វិស័យ​ការទូត នយោបាយ និង​សន្តិសុខ។ ហើយ​ក៏​ជា​ឱកាស​ដែល​បារាំង​ត្រូវ​បញ្ជាក់​​ជា​ថ្មី​អំពី​ការ​ពង្រឹង​អាទិភាព​របស់​បារាំង​ក្នុង​កា​រប្រយុទ្ធ​ប្រឆាំង​នឹង​ភេរវនិយម។

វិបត្តិ​រវាង​កាតា​និង​អារ៉ាប៊ីសាអូឌីត ជាមួយអេមីរ៉ាតអារ៉ាប់ ​បារ៉ែន និង​អេហ្ស៊ីប បាន​ផ្ទុះឡើង​កាលពី​ដើម​ខែ​មិថុនា​ ដល់​ថ្នាក់​ផ្តាច់​ទូត​និង​បិទ​ព្រំដែន​ ដាក់​ឱ្យ​ដូហា​នៅឯកា ក៏​ព្រោះ​សម្ព័ន្ធមិត្ត​ទាំង​បួន​យល់​ថា​ កាតា​គាំទ្រ​ពួកភេរវនិយម​និង​មាន​ទំនាក់ទំនង​ស្អិត​ជ្រុល​ជាមួយ​អ៊ីរ៉ង់​។ កាលពី​ថ្ងៃ​អង្គារ​ ប្រមុខ​ការទូត​អាមេរិក​បាន​ទទួល​ការ​ព្រមព្រៀង​ពី​កាតា​​លើ​កម្មវិធី​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ផ្តល់​ហិរញ្ញវត្ថុ​ដល់​ពួក​ភេរវនិយម។ ប៉ុន្តែ​ក្រុមសម្ព័ន្ធមិត្ត​អារ៉ាប៊ីសាអូឌីត យល់​ថា​មិន​គ្រប់គ្រាន់ទេ ! ពួក​គេ​ត្រូវ​ការ​ឱ្យកាតា​គោរព​តាម​សំណើ​១៣​ចំណុច​របស់​គេ រាប់​ទាំង​ការ​បិទ​ទូរទស្សន៍Al-Jazeera​ផង​និង​មូលដ្ឋាន​ទ័ព​តួកគី​នៅ​កាតា​ផង៕​

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ